យថាទស្សន៍ស្ដារឡើងវិញនៃសេដ្ឋកិច្ចវៀតណាម ក្រោយ​ជំងឺ​រាតត្បាតសកល COVID - 19

(VOVWORLD) - ខឿនសេដ្ឋកិច្ចវៀតណាមកំពុងជួបប្រទះនឹងការលំបាកជាច្រើន ដោយសារជំងឺរាតត្បាត COVID – 19។ ការផ្ទុះឡើងនៃជំងឺនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដៃគូពាណិជ្ជកម្ម និងវិនិយោគិនសំខាន់ៗរបស់វៀតណាម។ 
យថាទស្សន៍ស្ដារឡើងវិញនៃសេដ្ឋកិច្ចវៀតណាម ក្រោយ​ជំងឺ​រាតត្បាតសកល COVID - 19 - ảnh 1(រូបថត៖ VOV) 

ទោះយ៉ាងណាក៏ដោយ ស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ ភ្នាក់ងាររៀបចំណាត់ថ្នាក់ទំនុកទុកចិត្ត សេដ្ឋកិច្ចវិទូជាច្រើន នៅតែមានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម ហើយវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានភាពអំណោយផលក្នុងរយៈពេលមធ្យម ហើយអាចវិលត្រឡប់មកគន្លងកំណើនយ៉ាងឆាប់ៗវិញផងដែរ។

ការព្យាករណ៍សុទិដ្ឋិនិយម

របាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី (ADO ២០២០) ដែលត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រកាសនាដើមខែមេសា បានអះអាងថា ខឿនសេដ្ឋកិច្ចវៀតណាមកំពុងជួបប្រទះនឹងការលំបាកជាច្រើន ដោយសារជំងឺរាតត្បាត។ ទោះយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងស្ថានភាពរួម មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចវៀតណាមនៅតែត្រូវបានវាយតម្លៃយ៉ាងខ្លាំងមាំមួន។ ADB បានចាត់ទុកថា ប្រសិនបើជំងឺរាតត្បាតសកលត្រូវបានគ្រប់គ្រងនាឆមាសទីមួយឆ្នាំ ២០២០ នោះ កំណើនសេដ្ឋកិច្ចនឹងទទួលបាន ៦,៨ ភាគរយនៅឆ្នាំ ២០២១ ដែលស្មើនឹងការព្យាករណ៍របស់ ADB មុនពេលជំងឺរាតត្បាត COVID – 19 បានផ្ទុះឡើង។ ក្នុងរយៈពេលមធ្យម និងរយៈពេលវែង សេដ្ឋកិច្ចវៀតណាមនឹងបន្តទទួលបានកំណើនយ៉ាងខ្លាំង។ នាយកជាតិ ADB ប្រចាំនៅវៀតណាម លោក Eric Sidgwick បានអះអាងថា៖ ទោះជាសកម្មភាពសេដ្ឋកិច្ចបានធ្លាក់ចុះ ហើយហានិភ័យដោយសារជំងឺរាតត្បាតនៅតែកើតមានឡើងក៏ដោយ ប៉ុន្តែវៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានល្បឿនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទន្ទឹមនឹងនេះ នាសប្តាហ៍កន្លងទៅ ភ្នាក់ងាររៀបចំណាត់ថ្នាក់ទំនុកទុកចិត្តFitch Ratings ក៏មានក្រីសង្ឃឹមថា កំណើន GDP វៀតណាមនាឆ្នាំ ២០២១ នឹងទទួលបានជាង ៧ ភាគរយ ខណៈដែលតម្រូវការក្នុង និងក្រៅប្រទេសបានងើបឡើងវិញជាបណ្ដើរៗ ការនាំចេញ ទេសចរណ៍ និងការវិនិយោគផ្ទាល់ពី បរទេសបានកើនឡើងវិញ។ Fitch ក៏បានរក្សាចំណាត់ថ្នាក់ទំនុកទុកចិត្តជាតិរបស់វៀតណាមនៅកម្រិត BB ដដែល។ លោក Nguyen Minh Phong សេដ្ឋកិច្ចវិទូមួយរូបបានចាត់ទុកថា៖

“លទ្ធផលនៃការរៀបចំណាត់ថ្នាក់ទំនុកទុកចិត្តរបស់ Fitch បានសរឲ្យឃើញថា វៀតណាមនៅតែរក្សាបានកិត្យានុភាពក្នុងសហគមន៍អន្តរជាតិ។ ប្រការនេះបានផ្អែកលើមូលដ្ឋានថា វៀតណាមទទួលបានដំណើរការអភិវឌ្ឍន៍យ៉ាងល្អគួរសមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ជាពិសេស មានការកែលម្អគួរឲ្យកត់សម្គាល់អំពីតុល្យភាពថវិកា បណ្ដាសកម្មភាពរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារឡើងវិញ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេស។ ក្រៅពីនេះ វៀតណាមមានយថាទស្សន៍អំពីការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេស និងសេដ្ឋកិច្ចឯកជន។ សង្ឃឹមថា ក្រោយពេលជំងឺរាតត្បាត COVID – 19 ត្រូវបានកំចាត់ រាល់ការខិតខំប្រឹងប្រែង និងសន្ទះនៃខឿនសេដ្ឋកិច្ចនឹងទទួលបានកំណើនខ្ពស់ជាង ៧% ដូចទៅនឹងការព្យាករណ៍របស់ Fitch ផងដែរ“។

 កត្តានានាដើម្បីទទួលបានសន្ទុះកំណើនឡើងវិញ

លោក Jacques Morisset ប្រធានសេដ្ឋវិទូនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមបានវាយតម្លៃថា គោលនយោបាយរបស់វៀតណាមគឺសមស្រប ហើយមានទិសដៅដ៏ត្រឹមត្រូវក្នុងកិច្ចការពារពលរដ្ឋ ពីវិបត្តិសុខាភិបាល ការជួយឧបត្ថម្ភសហគ្រាសក្នុងតំបន់ផ្លូវការ និងគ្រប់គ្រងថវិកាយ៉ាងល្អ។

ចំណែកសេដ្ឋកិច្ចវិទូវៀតណាមបានអះអាងថា រាល់ដំណោះស្រាយទាន់ពេលវេលារបស់រដ្ឋាភិបាល និងការខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ខេត្តក្រុង និងសហគ្រាសនានាកំពុងនាំមកនូវប្រសិទ្ធភាពក្នុងបរិបទបច្ចុប្បន្ន។ ពិតណាស់ថា ផ្នែក មុខរបរ វិស័យដែលមានប្រៀបខ្លាំងរបស់វៀតណាមកំពុងមានឱកាសជាច្រើន។ បណ្ដា “ សេណារីយ៉ូ” នៃការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយពេលកំចាត់ជំងឺរាតត្បាត COVID-19 កំពុងបានរៀបចំឡើងក្នុងសប្ដាហ៍នេះ នឹងកំណត់នូវដំណោះស្រាយ ដើម្បីសេដ្ឋកិច្ចវៀតណាមអាចជំនះលើដំណាក់កាលដ៏លំបាកនេះយ៉ាងឆាប់រហ័ស។ លោក Mac Quoc Anh អនុប្រធាន និងជាអគ្គលេខាធិការសមាគមសហគ្រាសធុនតូចនិងមធ្យមទីក្រុងហាណូយបានអោយដឹងថា៖

“សហគមន៍ធុរកិច្ចរបស់ទីក្រុង និងទូទាំងប្រទេសកំពុងទាញយកគោលនយោបាយនានា ជាពិសេសគឺសារចរលេខ ១១ របស់នាយករដ្ឋមន្រ្តី។ ក្រៅពីការធ្វើអាជីវកម្មប្រកបដោយសុវត្ថិភាពនោះ សហគ្រាសនានាកំពុងផ្ទេរប្ដូររូបសណ្ឋានធ្វើអាជីវកម្មប្រពៃណីទៅជារូបសណ្ឋានធ្វើអាជីវកម្មផ្អែកលើឌីជីថល។ នាបច្ចុប្បន្ននេះ សម្រាប់សហគមន៍ធុរកិច្ចកំពុងទាញយកផលប្រយោជន៍ពីប្រភពមូលនិធិ ដំណោះស្រាយហិរញ្ញវត្ថុ ការលើកលែងពន្ធ

ថ្លៃឈ្នួល ហើយបានវិនិយោគទៅក្នុងវិស័យមុខព្រួញតាមការតម្រង់ទិសដៅ ក៏ដូចជាប្រៀបខ្លាំង ផ្នែករបរដ៏សំខាន់ៗ ដែលសហគ្រាសកំពុងធ្វើអាជីវកម្មក្នុងរយៈពេលកន្លងទៅផងដែរ“។

នៅក្នុងសន្និសីទតាមរយៈអនឡាញទូទាំងប្រទេសរបស់រដ្ឋាភិបាលនាថ្ងៃទី ១០ ខែមេសា កន្លងទៅ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាក្នុងប្រវត្តិសាស្ត្រ វៀតណាមមិនដែលរាថយចំពោះការលំបាក ហើយជានិច្ចកាលជំនះពុះពារលើរាល់ការសាកល្បង ដោយផ្អែកលើឬទ្ធានុភាពជាតិ ការប្ដាជ្ញាចិត្ត ការស្រុះចិត្តគំនិតគ្នា។ សាធារណជនជឿជាក់ថាវៀតណាមក៏នឹងជំនះពុះពារលើរាល់ការលំបាក ដែលជំងឺរាតត្បាតសកល COVID – 19 បានបណ្ដាលឡើង ដើម្បីខឿនសេដ្ឋកិច្ចទទួលបានសន្ទុះកំណើឡើងវិញយ៉ាងឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ