លទ្ធផលគួរឱ្យកត់សម្គាល់នៃ​ដំណើរទស្សនកិច្ចនៅ​អាស៊ីរបស់ប្រធានាធិបតីអាមេរិក

(VOVWORLD) - ក្នុងរយៈពេល ៥ ថ្ងៃ (២៦-៣០ខែតុលា) ដំណើរទស្សនកិច្ចនៅអាស៊ី របស់ប្រធានាធិបតីអាមេរិកលោក Donald Trump សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដោយបង្ហាញពីអាទិភាពក្នុងគោលនយោបាយការបរទេសថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិកនាពេលខាងមុខ។

ដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក Donald Trump បានចាប់ផ្តើមជាមួយនឹងសកម្មភាពជាបន្តបន្ទាប់នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលលើកទី ៤៧ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបានបញ្ចប់ដោយជំនួបជាមួយប្រធានរដ្ឋចិនលោក Xi Jinping នៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ៣០ ខែតុលា។

លទ្ធផលគួរឱ្យកត់សម្គាល់នៃ​ដំណើរទស្សនកិច្ចនៅ​អាស៊ីរបស់ប្រធានាធិបតីអាមេរិក - ảnh 1ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donlad Trump បានបំពេញទស្សនកិច្ចទៅតំបន់អាស៊ី ជាលើកដំបូងក្នុងអាណត្តិទីពីររបស់ខ្លួន។ រូបថត៖ REUTERS/Evelyn Hockstein

ទិសដៅថ្មីសម្រាប់ទំនាក់ទំនងអាមេរិក-ចិន

ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនៅអាស៊ី របស់ប្រធានាធិបតីអាមេរិក គឺជំនួបដោយផ្ទាល់រវាងលោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping នៅទីក្រុង Busan (កូរ៉េខាងត្បូង) ដែលនាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ បន្ទាប់ពីកិច្ចពិភាក្សារយៈពេលជិត ២ម៉ោង មេដឹកនាំអាមេរិកនិងចិនបានឯកភាពលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីមុននៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី)។ តាមនោះ សហរដ្ឋអាមេរិកនឹងលុបចោលពន្ធ ១០% លើ "fentanyl" ដែលអនុវត្តចំពោះទំនិញរបស់ចិន (រួមទាំងទំនិញពីហុងកុង និងម៉ាកាវ) ហើយអត្រាពន្ធបដិការ ២៤% លើទំនិញចិន (រួមទាំងទំនិញពីហុងកុង និងម៉ាកាវ) នឹងបន្តពន្យារពេលមួយឆ្នាំទៀត។ ភាគីទាំងពីរបានឯកភាពពង្រីកការលើកលែងពន្ធមួយចំនួនផងដែរ។ ទីពីរ សហរដ្ឋអាមេរិកនឹងផ្អាកបទប្បញ្ញត្តិលើកូតានាំចេញ ៥០% ដែលបានប្រកាសនៅថ្ងៃទី ២៩ កញ្ញា រយៈពេលមួយឆ្នាំ។ ប្រទេសចិននឹងផ្អាកវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រ ដែលបានប្រកាសនៅថ្ងៃទី ៩ តុលា រយៈពេលមួយឆ្នាំ ហើយនឹងធ្វើការស្រាវជ្រាវនិងកែលម្អផែនការជាក់លាក់។

លើសពីនេះ ភាគីទាំងពីរបានឈានដល់ការឯកភាពលើបញ្ហាដូចជា កិច្ចសហប្រតិបត្តិការគ្រប់គ្រង fentanyl និងការពង្រីកពាណិជ្ជកម្មកសិកម្ម។ ចិននឹងសម្របសម្រួលជាមួយអាមេរិក ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹង TikTok ឱ្យបានត្រឹមត្រូវ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា៖ «ខ្ញុំគិតថា នាពេលឆាប់ៗខាងមុខ យើងនឹងលែងមានឧបសគ្គធំៗទៀតហើយ។ យើងសម្រេចបានកិច្ចព្រមព្រៀងមួយ។ ជារៀងរាល់ឆ្នាំ យើងនឹងធ្វើការចរចាឡើងវិញលើកិច្ចព្រមព្រៀង ប៉ុន្តែខ្ញុំគិតថា កិច្ចព្រមព្រៀងនេះនឹងអូសបន្លាយយូរជាង។ បញ្ហាទាំងអស់ដែលទាក់ទងនឹងរ៉ែកម្រ សុទ្ធតែត្រូវបានដោះស្រាយរួចរាល់ ហើយប្រការនេះមានអត្ថន័យវិជ្ជមានសម្រាប់ពិភពលោកទាំងមូល ពីព្រោះនេះមិនគ្រាន់តែជាបញ្ហាប្រឈមសម្រាប់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលទៀតផង»។

គួរឲ្យកត់សម្គាល់ថា យោងតាមលោក Trump សហរដ្ឋអាមេរិក និងចិនក៏បានឯកភាពសម្របសម្រួលគ្នាដើម្បីដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ទោះបីមិនមែនជាកិច្ចព្រមព្រៀងដ៏ទូលំទូលាយក៏ដោយ ក៏ជំនួបកំពូលអាមេរិក-ចិនបានបង្ហាញសញ្ញាវិជ្ជមានជាច្រើន ដែលបញ្ជាក់ថា ខឿនសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកមានបំណងចង់ស្ថេរភាពទំនាក់ទំនង ជាជាងការប្រឈមមុខដាក់គ្នា។ លោក Chong Ja Ian សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរី បានធ្វើអត្ថាធិប្បាយថា៖ «ខ្ញុំគិតថា នេះមិនមែនជាការផ្អាកយុទ្ធសាស្ត្រទេ។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានឡើងចុះចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០១០មក ប៉ុន្តែអ្វីៗគ្រប់យ៉ាងហាក់ដូចជាកំពុងដំណើរការតាមទិសដៅវិជ្ជមាន។ មិនទាន់ដឹងច្បាស់ថា តើវានឹងផ្លាស់ប្តូរនាពេលអនាគតដ៏ខ្លីខាងមុខឬអត់ ប៉ុន្តែនេះគឺជាទិសដៅនៃទំនាក់ទំនងរវាងអាមេរិក និងចិន»
លទ្ធផលគួរឱ្យកត់សម្គាល់នៃ​ដំណើរទស្សនកិច្ចនៅ​អាស៊ីរបស់ប្រធានាធិបតីអាមេរិក - ảnh 2ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping ជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Evelyn Hockstein

ពង្រឹងសម្ព័ន្ធភាពសន្តិសុខ

ក្រៅពីកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយចិនលើវិស័យពាណិជ្ជកម្ម ដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក Donald Trump ក៏សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនទៀត ក្នុងវិស័យការទូតនិងសន្តិសុខផងដែរ។ នៅប្រទេសម៉ាឡេស៊ី ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានធ្វើជាសហអធិបតីនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងថៃ និងកម្ពុជា។ ព្រឹត្តិការណ៍នេះបានជួយលោក Donald Trump ពង្រឹងរូបភាពជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាពក្នុងជម្លោះអន្តរជាតិ បន្ទាប់ពីការជំរុញកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាកាលពីដើមខែនេះ។

បន្ទាប់មក ដំណើរទស្សនកិច្ចនៅជប៉ុន (ថ្ងៃទី ២៨ តុលា) និងការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោកស្រី Sanae Takaichi ក៏ជួយឲ្យរដ្ឋបាលរបស់លោក Donald Trump ពង្រឹងតួនាទីនាំមុខនៅក្នុងសម្ព័ន្ធភាពអាមេរិក-ជប៉ុន នៅពេលដែលភាគីទាំងពីរបានប្រកាសបើកចេញ "យុគសម័យមាស" នៃទំនាក់ទំនងទ្វេភាគី តាមរយៈការសន្យាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិងសេដ្ឋកិច្ច។ លោក Stephen Nagy សាស្ត្រាចារ្យផ្នែកនយោបាយនិងការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យគ្រិស្តសាសនាអន្តរជាតិ(ជប៉ុន) បានធ្វើអត្ថាធិប្បាយថា៖ «ខ្ញុំគិតថា សហរដ្ឋអាមេរិក និងជប៉ុន មានការតភ្ជាប់ខាងសន្តិសុខសេដ្ឋកិច្ច ពោលគឺការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ការឆ្លើយតបទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់ Semiconductor ជំនួស ការពង្រឹងសន្តិសុខស្បៀងអាហារ និងជាទូទៅ គឺកាត់បន្ថយហានិភ័យទាក់ទងនឹងការធ្វើជាផ្នែកមួយនៃបណ្តាញផលិតកម្មរបស់ចិន»

ទាក់ទងនឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏សំខាន់មួយទៀតរបស់អាមេរិកនៅអាស៊ីបូព៌ា គឺកូរ៉េខាងត្បូង ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក៏បានសុក្រឹត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមផងដែរ។ តាមនោះ សហរដ្ឋអាមេរិករក្សាអត្រាពន្ធបដិការចំពោះកូរ៉េខាងត្បូងនៅកម្រិត ១៥% និងកាត់បន្ថយពន្ធលើរថយន្តនិងគ្រឿងបន្លាស់រថយន្តពី ២៥% មកត្រឹម ១៥%។ ជាថ្នូរមកវិញ កូរ៉េខាងត្បូងបានសន្យាថា នឹងវិនិយោគទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ដែលក្នុងនោះ ២០០ពាន់លានដុល្លារនឹងត្រូវបង់ជាសាច់ប្រាក់ និង ១៥០ ពាន់លានដុល្លារនឹងត្រូវបានបែងចែកសម្រាប់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មសាងសង់កប៉ាល់។ នេះត្រូវបានចាត់ទុកជា «ជ័យជម្នះ» សម្រាប់រដ្ឋបាលសហរដ្ឋអាមេរិក ព្រោះកាលពីមុននោះ កូរ៉េខាងត្បូងបានព្រមានម្តងហើយម្តងទៀតថា ខ្លួនមិនអាចបំពេញតាមការសន្យាវិនិយោគទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារចូលសហរដ្ឋអាមេរិកបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ