លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីទួរគីនិងការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ

(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែឧសភា ប្រធានក្រុមប្រឹក្សាបោះឆ្នោតកំពូលទួរគីបានគួសបញ្ជាក់ថា ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Recep Tayyip Erdogan បានឈ្នះក្នុងជុំទី ២ នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភា តាមនោះបន្តដឹកនាំប្រទេសជាតិសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ ភ្លាមមួយរំពិច ថ្នាក់ដឹកនាំពិភពលោកជាច្រើន រួមទាំងប្រទេសមហាអំណាចនានា បានផ្ញើសារអបអរសាទរដល់លោក Erdogan ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពិសេសរបស់សហគមន៍អន្តរជាតិចំពោះស្ថានភាពនយោបាយនៃប្រទេសទួរគី ជាប្រទេសដែលមានឋានៈនិងតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ និងលើពិភពលោក។

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីទួរគីនិងការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ - ảnh 1ប្រធានាធិបតីទួរគី លោក Erdogan ជាប់ឆ្នោតសម្រាប់អាណត្តិទីបី។ (រូបថត៖ Reuters)

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាបោះឆ្នោតកំពូលទួរគី ជាមួយនឹង ចំនួនសន្លឹកឆ្នោតជាង៩៩%ដែលត្រូវបានរាប់នោះ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Erdogan ទទួលបានសម្លេងគាំទ្រជាង ៥២% ខណៈដែលគូប្រជែង លោក Kemal Kilicdaroglu មេដឹកនាំគណ
បក្សសាធារណៈរដ្ឋ ប្រជាមានិត (CHP) ប្រឆាំង ទទួលបានសម្លេងគាំទ្រតែ៤៧,៦៨%ប៉ុណ្ណោះ។ បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាស លោកប្រធានាធិបតី Erdogan បានប្រកាសជ័យជម្នះ ខណៈដែលបេក្ខជន Kilicdaroglu បានទទួលស្គាល់បរាជ័យ និងលទ្ធផលនៃការបោះឆ្នោត។

ជ័យជំនះរបស់លោកប្រធានាធិបតី Erdogan

យោងតាមអ្នកវិភាគតំបន់ និងអន្តរជាតិជាច្រើន លោក Erdogan បន្តទទួលបានការគាំទ្រពីអ្នកបោះឆ្នោតទួរគី អាស្រ័យដោយការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយប្រជានិយម និងគោលនយោបាយកិច្ចការបរទេសឯករាជ្យ។ ក្នុងនោះ មេដឹកនាំដែលបានកាន់អំណាច២០ឆ្នាំរូបនេះ (តាំងពីឆ្នាំ២០០៣ ក្នុងនាមជានាយករដ្ឋមន្ត្រី និងប្រធានាធិបតី) បានអនុវត្តន៍គោលនយោបាយកិច្ចការបរទេសដោយមានភាពបត់បែនផងនិងតឹងរ៉ឹងផង ដែលជួយលើកកំពស់ឥទ្ធិពលរបស់ទួរគីនៅក្នុងតំបន់ ជាពិសេសក្នុងបរិបទដែលជម្លោះដណ្ដើមអំណាចរវាងរុស្ស៊ីនិងលោកខាងលិចកាន់តែកើនឡើង។ ជាពិសេស ក្នុងឆ្នាំកន្លងទៅ លោកប្រធានាធិបតី Erdogan បានពង្រឹងរូបភាពផ្ទាល់ខ្លួន ជាមេដឹកនាំពិភពលោកដ៏សំខាន់មួយ ដោយធ្វើជាស្ពានសម្រាប់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងនោះបានសម្របសម្រួលដោយជោគជ័យសម្រាប់គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ អ្នកបោះឆ្នោតទួរគីជាច្រើនជឿថា លោកប្រធានាធិបតី Erdogan បានជួយឲ្យទួរគីមានសម្លេងកាន់តែសំខាន់នៅក្នុងតំបន់ និងលើពិភពលោក។

ហើយតាមពិតទៅ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីជុំទីពីរត្រូវបានប្រកាសជាមួយនឹងជ័យជម្នះមកលើលោក Erdogan នោះ មេដឹកនាំពិភពលោកជាច្រើន រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានាធិបតីអេហ្ស៊ីប ប្រធានាធិបតីអ៊ីរ៉ង់... បានឡើងសម្លេងអបអរសាទរនិងបង្ហាញពីបំណងចង់សហការជាមួយមេដឹកនាំទួរគី។ ប្រការនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពិសេសរបស់សហគមន៍អន្តរជាតិចំពោះស្ថានភាពនយោបាយនៃទួរគី ក៏ដូចជាឋានៈផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Erdogan ផងដែរ។

បញ្ហាប្រឈមនិងការរំពឹងទុក

ទោះជាយ៉ាងណាក៏ដោយ បើតាមអ្នកវិភាគ រួមជាមួយនឹងការរំពឹងទុករបស់អ្នកបោះឆ្នោត និងសហគមន៍អន្តរជាតិ លោកប្រធានាធិបតី Erdogan ក៏ត្រូវទទួលរងសម្ពាធដ៏ធ្ងន់ធ្ងរក្នុងបេសកកម្ម ដឹកនាំប្រទេសទួរគី ជំនះលើការលំបាក និងបញ្ហាប្រឈមធំៗជាច្រើននាបច្ចុប្បន្ន ដែលដំបូងបង្អស់គឺភារកិច្ចស្តារសេដ្ឋកិច្ចឡើងវិញ ដែលកំពុងឃ្លេងឃ្លោងដោយសារអត្រាអតិផរណាខ្ពស់ ហើយទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដីគួរឱ្យភ័យខ្លាចកាលពីខែកុម្ភៈកន្លងទៅ។ ទាក់ទងនឹងកិច្ចការបរទេស បញ្ហាប្រឈមជួរមុខគឺបន្តធានាតុល្យភាពទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ដើម្បីការពារផលប្រយោជន៍ស្នូលជាយុទ្ធសាស្ត្ររបស់ទីក្រុងអង់ការ៉ា។ លើសពីនេះ គឺជាភារកិច្ចបង្កើនឥទ្ធិពល និងផលប្រយោជន៍របស់ប្រទេសទួរគីនៅមជ្ឈិមបូព៌ា ក៏ដូចជាក្នុងការសម្របសម្រួលទំនាក់ទំនងជាមួយប្រទេសមហាអំណាច និងអង្គការសំខាន់ៗផ្សេងទៀត ដូចជាប្រទេសចិន និងសហភាពអឺរ៉ុប (EU)។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានចាត់ទុកថា លោកប្រធានាធិបតី Erdogan កំពុងតែមានគុណសម្បត្តិដ៏ធំធេងនៅក្នុងអាណត្តិដឹកនាំប្រទេសទួរគីក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ក្នុងនោះ ការបន្តទទួលបានទំនុកចិត្តពីអ្នកបោះឆ្នោត បានជួយលោក Erdogan មានកម្លាំងចលករនិងទំនុកចិត្តបន្ថែមទៀត ដើម្បីបន្តអនុវត្តន៍គោលនយោបាយកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសប្រកបដោយមហិច្ឆតាដែលកំពុងដំណើរការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ