វៀតណាម - គោលដៅរយៈពេលវែងសម្រាប់វិនិយោគិនបរទេស

(VOVWORLD) - នៅក្នុងវេទិកាវិនិយោគទីក្រុង Da Nang ឆ្នាំ ២០២២ ដែលបានប្រព្រឹត្តទៅនាពេល ថ្មីៗនេះ ក្រោមការធ្វើសាក្សីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh គម្រោងរាប់សិបត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគ និងអនុម័តលើគោលការណ៍វិនិយោគដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក។ 
វៀតណាម - គោលដៅរយៈពេលវែងសម្រាប់វិនិយោគិនបរទេស - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA)

វិនិយោគិនជាច្រើនក៏បានប្តេជ្ញាវិនិយោគរាប់សិបពាន់លានដុល្លារអាមេរិកនៅវៀតណាមផងដែរ។ ប្រការនេះបានបញ្ជាក់ពី ទំនុកទុកចិត្តរបស់វិនិយោគិនបរទេសចំពោះវៀតណាមបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីនិន្នាការទូទៅនៃការស្ដារឡើងវិញ និងកំណើនសេដ្ឋកិច្ចវៀតណាម។

ទាក់ទាញប្រភពទុនយ៉ាងច្រើនទៅក្នុងគ្រប់វិស័យ

ទីក្រុង Da Nang មានទីតាំងស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ហើយមានលក្ខខ័ណ្ឌអំណោយផលជាច្រើនអំពីបច្ចេកវិទ្យាព័ត៌មាន និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ កម្លាំងពលករវ័យក្មេងមានសមត្ថភាព និងសម្បូរហូរហៀរ ហើយមានទីតាំងអំណោយផល និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងព្រមៗគ្នា។ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ទីក្រុង Da Nang បានឈ្នះពានរង្វាន់ទីក្រុងឆ្លាតវៃជាប់ៗគ្នា។ បច្ចុប្បន្ន ទីក្រុង មានបុគ្គលិកផ្នែកព័ត៌មានវិទ្យាចំនួន ៤៤ ០០០ នាក់ ហើយជិតពាក់កណ្តាលជាអ្នកសរសេរកម្មវិធីនៃសហគ្រាសឌីជីថលចំនួន ២៤ ០០០ អង្គភាព។ យោងតាមប្រធានសម្ព័ន្ធក្រុមហ៊ុន FPT Technology លោក Truong Gia Binh បានឲ្យដឹងថា ទីក្រុង Da Nang កាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបច្ចេកវិទ្យាពិភពលោក ហើយមុខព្រួញជាយុទ្ធសាស្ត្រមួយគឺ Da Nang ត្រូវតែក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្ម មជ្ឈមណ្ឌលសាកពិសោធន៍បច្ចេកវិទ្យាថ្មីៗ និងជា មជ្ឈមណ្ឌលអភិវឌ្ឍន៍ហ្គេមដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ លោកបានឲ្យដឹងថា៖ "ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង Da Nang ក៏បានផ្លាស់ប្តូរជាច្រើនផងដែរ។ អ្នកជំនាញអន្តរជាតិមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមកទីក្រុង Da Nang ។ ការនាំចេញកម្មវិធីផ្នែកទន់របស់ Da Nang សម្រេចបាន ១០០ លានដុល្លារអាមេរិក ហើយកើនឡើងជាបន្តបន្ទាប់ជាមួយនឹងតួលេខពីរខ្ទង់។ សហគ្រាសបច្ចេកវិទ្យាព័ត៌មានរបស់ទីក្រុង Da Nang បានស្រូបយក ៨,២% នៃ GRDP ផងដែរ"។

បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនមានវត្តមាននៅទីក្រុង Da Nang ដូចជា Sumitomo Corporation របស់ជប៉ុន សម្ព័ន្ធក្រុមហ៊ុន Adani Ports & SEV របស់ឥណ្ឌា។ នៅក្នុងវេទិកាវិនិយោគទីក្រុង Da nang នាពេលថ្មីៗនេះ ប្រធាន សម្ព័ន្ធក្រុមហ៊ុន Adani Ports & SEV លោក Sandeep Mehta បាននិយាយថា លោកគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លាអាមេរិកនៅវៀតណាមលើវិស័យកំពង់ផែសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងពេលនោះ លំហូរទុន FDI ក៏បានហូរចូលយ៉ាងគំហុកទៅកាន់ខេត្តភាគខាងត្បូងនាប៉ុន្មានខែដើមឆ្នាំ ២០២២ ដែលស្រូបយក ៨៨% នៃដើមទុនចុះបញ្ជីសរុប។ លើសពីនេះ ទៅទៀត តំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងក៏នាំមុខក្នុងប្រទេសអំពីដើមទុនចុះបញ្ជីថ្មីនៃគម្រោងរោងចក្រកែច្នៃ និងផលិតកម្មផងដែរ។ ជាក់ស្ដែង ទីក្រុង Tay Ninh បានផ្តល់វិញ្ញាបនបត្រវិនិយោគដល់ក្រុមហ៊ុន Libra International Investment (មានទីស្នាក់ការនៅសិង្ហបុរី) ជាមួយនឹងគម្រោងផលិតក្រណាត់លំដាប់ខ្ពស់នៅក្នុងមណ្ឌលឧស្សាហកម្ម Thanh Cong ដែលមានតម្លៃ ២១០ លានដុល្លារអាមេរិកជាដើម។

ក្នុងពេលនោះ បើទោះបីជាមិនសូវមានគម្រោងចុះបញ្ជីថ្មីក្នុងរយៈពេល ៣ ខែដើមឆ្នាំក៏ដោយប៉ុន្តែ តំបន់សេដ្ឋកិច្ចពិសេសភាគខាងជើងបានបំពេញបន្ថែមដើមទុនកែសម្រួលមួយចំនួនធំពីគម្រោងដែលកំពុងដំណើរការនៅលើទីផ្សារ។ តួរយ៉ាងគឺ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនគរ និងសេវាកម្ម VSIP ដែលត្រូវបានសិង្ហបុរី កែសម្រួលទុនវិនិយោគជិត ៩៤១ លានដុល្លារអាមេរិក។ លើសពីនេះទៅទៀត ហុងកុង (ចិន) បានកែសម្រួលបង្កើនទុនវិនិយោគជិត ៣០៦ លានដុល្លារអាមេរិកនៅរោងចក្រ Goertek Vina ដើម្បីជំរុញការផលិតឧបករណ៍អេឡិចត្រូនិកជាដើម។

ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាម

វៀតណាម - គោលដៅរយៈពេលវែងសម្រាប់វិនិយោគិនបរទេស - ảnh 2ក្នុងវេទិកាវិនិយោគទីក្រុង Da Nang ឆ្នាំ ២០២២ ក្រោមការធ្វើសាក្សីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh គម្រោងរាប់សិបត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគ (រូបថត៖ VNA)

នាពេលថ្មីៗនេះ វៀតណាមត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកជំនាញវាយតម្លៃខ្ពស់ជាបន្តបន្ទាប់អំពីកម្រិតកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ស្ថិរភាពនយោបាយ និងការស្ដារឡើងវិញយ៉ាងខ្លាំងក្លា និងរឹងមាំរបស់ខឿនសេដ្ឋកិច្ច។ យោងតាមសន្ទស្សន៍រដ្ឋាភិបាលល្អដែលចេញផ្សាយដោយវិទ្យាស្ថានអភិបាលកិច្ច Chandler (សិង្ហបុរី) នាពេលថ្មីៗនេះបានឲ្យដឹងថា ការទាក់ទាញទុនវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៣៩ ក្នុងចំណោមប្រទេសទាំង ១០៤ ដែលត្រូវបានរៀបចំណាត់ថ្នាក់ កើនឡើង ១៨ កាំ បើប្រៀបធៀបនឹងឆ្នាំ ២០២១។

ក្រៅពីកត្តាភូមិសាស្ត្រនយោបាយ ទីតាំងភូមិសាស្រ្ត ភាពរស់រវើកនៃខឿនសេដ្ឋកិច្ចនោះ ការប្តេជ្ញាចិត្តឥតងាករេ និងសារច្បាស់លាស់របស់រដ្ឋាភិបាលវៀតណាមសម្រាប់វិនិយោគិនក៏ជាមូលដ្ឋានសម្រាប់បង្កើតទំនុកទុកចិត្តសម្រាប់វិនិយោគិនមកកាន់វៀតណាមផងដែរ។ នៅក្នុងវេទិកាវិនិយោគ Da Nang ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានមានប្រសាសន៍ថា៖ "យើងខ្ញុំមានគោលបំណងថា សហគ្រាសបន្តវិនិយោគជាច្រើនថែមទៀត ជាមួយភាពស្មោះត្រង់ ទំនុកទុកចិត្ត និងការទទួលខុសត្រូវជាមួយគ្នា។ យើងសហការរួមគ្នាដើម្បីឈ្នះ ហើយខ្ញុំសង្ឃឹមថា លោកអ្នកនឹងរួមជាមួយយើងខ្ញុំក្នុងការសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថាលោកអ្នកនឹង រួមជាមួយយើងខ្ញុំ កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ប៉ុន្តែសកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងផងដែរ"។

ពិតណាស់ថា ការប្រែប្រួលជាសកលកំពុងបង្កឱ្យមានលំហូរទុនវិនិយោគ ក្រុមហ៊ុនពហុជាតិបានកំណត់គោលដៅវិនិយោគ ដោយធានាតំបន់ ផលិតកម្ម។ វៀតណាម មានគុណសម្បត្តិ និងសក្តានុពលជាច្រើនដែលមានស្រាប់ រួមជាមួយគោលនយោបាយទាក់ទាញការវិនិយោគ កំពុងក្លាយទៅជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព ទាក់ទាញ ហើយមានសក្តានុពលចំពោះវិនិយោគិនបរទេស ព្រមទាំងជាគោលដៅគួរឲ្យទុកចិត្ត និងប្រកបដោយចីរភាពរបស់ពាណិជ្ជសញ្ញាធំៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ