វៀតណាមជានិច្ចកាលមានគោលបំណងថាកម្ពុជាមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍

(VOVWORLD) -នាថ្ងៃទី ២៩ កក្កដា ខាងមុខ អ្នកបោះឆ្នោតប្រមាណ ៨ លាន ៣ សែននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាសរុបជិត ១៦ លាននាក់នឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី ៦  បង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីដឹកនាំប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំ។ ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង" វៀតណាមមានគោលបំណងចង់ឲ្យកម្ពុជារៀបចំប្រកបដោយជោគជ័យការបោះឆ្នោតលើកនេះ រួមវិភាគទាននាំប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍ និងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ ។
វៀតណាមជានិច្ចកាលមានគោលបំណងថាកម្ពុជាមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍ - ảnh 1(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

គណបក្សប្រជាជនកម្ពុជា និងមាគ៌ាអភិវឌ្ឍន៍ដោយវិបុលភាព

ក្នុងអាណត្តិទី ៥ នៃរដ្ឋសភាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP) បាននាំប្រទេសជាតិរួចផុតពីរាល់ការលំបាកលំបិន ការពារយ៉ាងរឹងមាំនូវសុខសន្តិភាពស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់។

ជាការពិតណាស់ ក្នុងរយៈពេល ៣៩ ឆ្នាំកន្លងទៅ ចាប់តាំងពីពេលកាន់អំណាចដឹកនាំប្រទេសជាតិមក គណបក្សប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកលំបិនជាច្រើនអនេក ដើម្បីទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ នាំប្រទេសជាតិឲ្យរួចផុតពី ស្រមោលខ្មៅងងឹតបំផុតនៃអតីតកាល ហើយឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍គួរឲ្យមោទនភាពលើគ្រប់វិស័យ ក្នុងសុខសន្តិភាព ឯករាជ្យ មានអធិបតេយ្យភាព និងបូរណភាពដែនដី។

ក្នុងរយៈពេលឆមាសទី ១ ឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជា បន្ត អភិវឌ្ឍន៍តាមសន្ទុះកំណើននៃត្រីមាសទី ៤ ឆ្នាំ២០១៧ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ រាល់គោលនយោបាយសុខុមាលភាពសង្គមត្រូវបានយកចិត្តទុកដាក់។

ទំនាក់ទំនងវៀតណាម - កម្ពុជាត្រូវបានពូនជ្រំដោយឥតឈប់ឈរ

វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ មានទំនាក់ទំនងជាប្រពៃណីដ៏ស្អិតរមួតតាំងពីយូរយាណាស់មកហើយ។ កាលពី ៥០ ឆ្នាំមុន ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព មិត្តភាព ដែលមានស្រាប់រវាងប្រទេសទាំងពីរនោះ វៀតណាម និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖

“នេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ និងឧបទ្ទវហេតុយុគសម័យជាច្រើនមក ទំនាក់ទំនងនៃប្រទេសទាំងពីរនៅបន្តអភិវឌ្ឍយ៉ាងជិតស្និទ្ធ។ ប្រការទាំងនេះគឺបានមកពីការពូនជ្រំនៃបណ្ដាជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលជាច្រើនឆ្នាំ ព្រមទាំងកម្លាំងកាយចិតុ្ត និងសាច់ស្រស់ឈាមស្រស់របស់ប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈភាពជិតស្និទ្ធទាំងនេះ កងទ័ពនៃប្រទេសទាំងពីរបានប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយនាំប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពដូចនាសព្វថ្ងៃនេះផងដែរ”។

វៀតណាមបានជួយឧបត្ថម្ភកម្ពុជានាគ្រាលំបាកលំបិនបំផុត ដែលមិនមានប្រទេសណា អាចធ្វើបានដូច្នេះឡើយ។ នេះគឺជាពាក្យសម្ដីពីដួងចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម។ សម្ដេចហ៊ុនសែនបន្តសង្កត់ធ្ងន់ថា៖ "មាតុភូមិ និងប្រជាជនកម្ពុជាបានឆ្លាក់ជាប់យ៉ាងជ្រៅនៅក្នុងក្រអៅបេះដូង ប្រវត្តិសាស្រ្តកម្ពុជាជានិច្ចកាលចារឹកគុណូបការៈដ៏ធំធេងរបស់ជំនាញការ កម្មភិបាល កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសម្រេចជោគជ័យកាតព្វកិច្ចអន្ដរជាតិដ៏ថ្លៃថ្លានៅលើទឹកដីកម្ពុជា។ កម្រមានប្រទេសណាមួយ ដែលមានការជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្តដូចវៀតណាមឡើយ។ ប្រការនេះបានបញ្ចាក់ការពិតថា ទោះបីជាពិភពលោកមានបម្រែបម្រូលជាច្រើនក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាពរវាងប្រជាជាតិកម្ពុជា និងវៀតណាម មិនអាចបំបែកបំបាក់បានឡើយ។

នាបច្ចុប្បន្ន ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យដោយឥតឈប់ឈរ។ លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជាបានអះអាងថា៖

“ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាគឺជាទំនាក់ទំនងដ៏វិសេសវិសាល។ ប្រវត្តិសាស្ត្រនៃប្រជាជាតិយើងទាំងពីរមានការឡើងចុះ។ ដូច្នេះហើយ យើងគប្បីពូនជ្រំចំណងមិត្តភាព ចាប់ពីជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ខ្ញុំគិតថាប្រការនេះគឺមានសារៈសំខាន់ណាស់”។

វៀតណាមជានិច្ចកាលមានបំណងចង់ឲ្យកម្ពុជាមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែន និងគណបក្ស CPP នោះ នាពេលកន្លងទៅ កម្ពុជាទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ ដែលនាំកម្ពុជាពីប្រទេសអស្ថិរភាព ក្លាយទៅជាប្រទេសមានសេរីភាព ស្ថិរភាព ដោយទទួលបានភ្ញៀវទេសចរចំនួនជាង ៥ លាន ៦ សែននាក់ក្នុងឆ្នាំ ២០១៧។

ជាប្រទេសភូមិផងរបងជាមួយគ្នាដ៏ជិតស្និទ្ធ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរនោះ វៀតណាមមានគោលបំណងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី ២៩ កក្កដាខាងមុខ នឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ បន្តបង្កើតជំហានលោតផ្លោះសម្រាប់ប្រទេសកម្ពុជាអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងសំបូររុងរឿងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ