(VOVWORLD) - វៀតណាមកំពុងក្លាយជាគោលដៅសម្រាប់ព្រឹត្តិការណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗក្នុងតំបន់និងអន្តរជាតិ។ សប្តាហ៍វិទ្យាសាស្ត្រ VinFuture ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែធ្នូ នៅទីក្រុងហាណូយ បានអះអាងជាថ្មីម្តងទៀតថា វៀតណាមមិនត្រឹមតែជាកន្លែងទទួលចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាកន្លែងជួបជុំគ្នានៃចំណេះដឹងរបស់មនុស្សលោកទៀតផង។
ពិធីប្រគល់ពានរង្វាន់ VinFuture។ (រូបថត៖ គណៈកម្មការរៀបចំ) |
ដោយមានប្រធានបទ "ឈានទៅមុខជាមួយគ្នា - រីកចម្រើនជាមួយគ្នា" សប្តាហ៍វិទ្យាសាស្ត្រ VinFuture ឆ្នាំ២០២៥ ដែលមានចំណុចលេចធ្លោជាពិធីប្រគល់ពានរង្វាន់ VinFuture ឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងជាឆ្នាំទី ៥ នៅប្រទេសវៀតណាម។ ព្រឹត្តិការណ៍ជាប្រចាំនេះ បានរួមចំណែកដល់ការតភ្ជាប់ចំណេះដឹង បំផុសសេចក្តីប្រាថ្នា និងលើកកម្ពស់ឋានៈរបស់វៀតណាមជាមជ្ឈមណ្ឌលសកលសម្រាប់ការជំរុញវិទ្យាសាស្ត្រនិងនវានុវត្តន៍។
ទីកន្លែងសម្រាប់ការជួបជុំ ការប្រាស្រ័យ និងការផ្ដួចផ្ដើមនៃគំនិត
ដោយមានការចូលរួមពីអ្នកវិទ្យាសាស្ត្រល្បីៗរាប់រយនាក់ រួមទាំងអ្នកឈ្នះរង្វាន់ណូបែល រង្វាន់ Fields រង្វាន់ Turing អ្នកច្នៃប្រឌិត និងមេដឹកនាំនៃអង្គការបច្ចេកវិទ្យាឈានមុខគេលើពិភពលោកនោះ សប្តាហ៍វិទ្យាសាស្ត្រ VinFuture បានបង្កើតឡើងការតភ្ជាប់ដ៏ពិសេសមួយ៖ ការតភ្ជាប់រវាងអ្នកវិទ្យាសាស្ត្រ និងបញ្ហាសកល; រវាងចំណេះដឹងជំនាញ និងការអនុវត្តជាក់ស្តែង; រវាងពិភពលោកនិងវៀតណាម។
សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃសប្តាហ៍ VinFuture ក៏បង្កើតការលើកទឹកចិត្តដល់ជំនាន់យុវជននៅក្នុងប្រទេសផងដែរ។ ជំនួបជាមួយអ្នកវិទ្យាសាស្ត្រឈានមុខគេ រឿងរ៉ាវអំពីការជក់ចិត្តនិងការលះបង់ គឺជាប្រភពថាមពលដ៏មានតម្លៃដើម្បីចិញ្ចឹមសេចក្តីប្រាថ្នាឈានទៅមុខរបស់បញ្ញាវ័ន្តវៀតណាម។ លោកសាស្ត្រាចារ្យ Phan Manh Huong នាយកមជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាសម្ភារៈ សាកលវិទ្យាល័យ VinFuture បានអះអាងថា៖
“តាមរយៈកម្មវិធីទាំងនោះ យុវជនវៀតណាមបានយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយមានឱកាសជួបជាមួយអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោក។ ទាំងនេះគឺជាអត្ថប្រយោជន៍ដែលយើងមិនអាចវាស់វែងបាន។ ព្រឹត្តិការណ៍នេះមានអត្ថន័យធំធេងណាស់ ជាពិសេសនៅក្នុងបរិបទដែលវៀតណាមកំពុងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧”។
នៅពេលដែលអ្នកប្រាជ្ញឈានមុខគេលើពិភពលោកជ្រើសរើសវៀតណាមជាទីកន្លែងសម្រាប់ការពិភាក្សាអំពីអនាគតនៃវិទ្យាសាស្ត្រ វាមានន័យថាវៀតណាមបាននិងកំពុងកសាងបរិយាកាសដ៏អំណោយផលសម្រាប់នវានុវត្តន៍ ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកបណ្ឌិត Filippo Giorgi សមាជិកនៃគណៈកម្មការរៀបចំពានរង្វាន់ VinFuture បានឲ្យដឹងថា៖
“ខ្ញុំបានមកដល់ប្រទេសវៀតណាមពីរដងហើយ ព្រោះខ្ញុំមានកិច្ចសហការជាមួយអ្នកវិទ្យាសាស្ត្រវៀតណាមមួយចំនួន។ ខ្ញុំបានរៀបចំសិក្ខាសាលាមួយចំនួន ហើយនៅក្នុងសិក្ខាសាលាទាំងនេះ ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយុវជនវៀតណាមជាច្រើន។ ពួកគេជាមនុស្សដែលមានស្មារតីរៀនសូត្រ មានទស្សនវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿន ខ្ញុំថែមទាំងអាចនិយាយបានថា ប្រសើរជាងអឺរ៉ុបក្នុងទិដ្ឋភាពជាច្រើន។ ដូច្នេះ ខ្ញុំគិតថា ត្រូវមានការផ្លាស់ទីក្នុងការស្រាវជ្រាវទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នានា ដូចជាវៀតណាម”។
ដាក់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅទីតាំងស្នូលនៃគំរូអភិវឌ្ឍន៍
ការរៀបចំ VinFuture ប្រកបដោយជោគជ័យក្នុងរយៈពេលជាច្រើនឆ្នាំ ក៏បញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការវិនិយោគលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដូចមូលដ្ឋានគ្រឹះមួយនៃការអភិវឌ្ឍអញ្ចឹង។ ក្នុងពេលជាមួយគ្នានោះ ផ្ញើសារដ៏ខ្លាំងក្លាថា៖ វៀតណាមត្រៀមខ្លួនជាស្រេចដើរតួនាទីយ៉ាងសកម្មក្នុងការស្ថាបនាអនាគតរួមរបស់ពិភពលោក។ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងពិធីប្រគល់រង្វាន់ VinFuture ២០២៤ បានសង្កត់ធ្ងន់ថា៖
“ពានរង្វាន់ VinFuture បានបំផុសគំនិតនិងជំរុញកិច្ចសហប្រតិបត្តិការសកលដោយតភ្ជាប់គំនិតច្នៃប្រឌិតនានាដើម្បីដោះស្រាយបញ្ហាប្រឈមធំៗជាសកល។ ប្រការនេះក៏ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសវៀតណាម ដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត្រូវបានកំណត់ ជាសសរស្តម្ភដ៏សំខាន់មួយនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព”។
ព្រឹត្តិការណ៍ដោយមានលំដាប់សកលលោកនេះ មិនត្រឹមតែ លើកតម្កើងសមិទ្ធផលវិទ្យាសាស្ត្រដ៏ឆ្នើមបំផុតប៉ុណ្ណោះទេ ថែមទាំងបញ្ឆេះឡើងស្មារតីស្ថាបនាអនាគតដោយផ្អែកលើវិទ្យាសាស្ត្រ
បច្ចេកវិទ្យា ដែលវៀតណាមបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនជានិច្ចក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិទៀតផង។ លោកស្រីបណ្ឌិត Le Thai Ha នាយិកាប្រតិបត្តិនៃមូលនិធិ VinFuture បានបញ្ជាក់ដោយមោទនភាពថា៖
“ពីប្រទេសវៀតណាម VinFuture នាំយកតាមជំនឿថា វិទ្យាសាស្ត្រលែងមានព្រំដែនទេ។ VinFuture មានឥទ្ធិពលពិសេសមិនត្រឹមតែដោយសារតម្លៃសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាអាចបំផុសឡើងជំនឿថា បញ្ញាណាមួយពីទីកន្លែងណាមួយ ក៏អាចជះឥទ្ធិពលលើពិភពលោកបានដែរ។ ប្រសិនបើថ្ងៃណាមួយ អ្នកវិទ្យាសាស្ត្រវ័យក្មេងនៅក្នុងប្រទេសណាមួយមើលឃើញដំណើរនេះ ហើយជឿជាក់ថា ពីកន្លែងតូចមួយ ពួកគេនៅតែអាចបង្កើតឡើងអ្វីៗដែលមានអត្ថន័យ នោះគឺជាជាភាពជោគជ័យដ៏ធំបំផុតរបស់ VinFuture និងក៏ជាមោទនភាពរបស់វៀតណាមផងដែរ”។
VinFuture មិនត្រឹមតែជាពានរង្វាន់វិទ្យាសាស្ត្រប៉ុណ្ណោះទេ។ នោះគឺជាសក្ខីភាពនៃសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការដាក់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅទីតាំងស្នូលនៃគំរូអភិវឌ្ឍន៍របស់ខ្លួន។ សប្តាហ៍វិទ្យាសាស្ត្រ VinFuture ឆ្នាំ២០២៥ នាំប្រទេសវៀតណាមក្លាយជាកន្លែងជួបជុំគ្នានៃចំណេះដឹងសកល ដោយបើកចក្ខុវិស័យរយៈពេលវែងរបស់ប្រទេសមួយដ៏ពោរពេញទៅដោយមហិច្ឆតា នវានុវត្តន៍ និងការទទួលខុសត្រូវ៕