សេដ្ឋកិច្ចបៃតងក្លាយជាចំណុចលេចធ្លោនៃការត្រិះរិះអភិវឌ្ឍន៍ជាតិ

(VOVWORLD) - នៅពេលដែលពិភពលោករងផលប៉ះពាល់យ៉ាងច្បាស់លាស់ពីការប្រែប្រួលអាកាសធាតុ ហើយការប្រណាំងប្រជែងអំពីស្តង់ដារបៃតងកំពុងកើនឡើង វៀតណាមគឺមិនអាចឈរនៅខាងក្រៅបានទេ។ ពីសេចក្តីព្រាងឯកសារសម្រាប់ដាក់ជូនទៅមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម រហូតដល់ការវិភាគ នៅវេទិកាសេដ្ឋកិច្ចសរទរដូវ ឆ្នាំ ២០២៥ ដែលទើបតែបញ្ចប់នៅទីក្រុងហូជីមិញ សុទ្ធតែបង្ហាញថា សេដ្ឋកិច្ចបៃតងកំពុងក្លាយជាចំណុចលេចធ្លោនៃការត្រិះរិះអភិវឌ្ឍន៍ជាតិ។ នេះគឺជាជម្រើសយុទ្ធសាស្ត្រសម្រាប់វៀតណាមដើម្បីកុំឱ្យធ្លាក់ពីក្រោយ និងប្រដេញតាមទាន់ការផ្លាស់ប្តូរពោរពេញដោយសម្ពាធ នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក។

សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរបៃតង គឺជាមធ្យោបាយដើម្បីបង្កើតកម្លាំងជំរុញកំណើនថ្មី និងការពារឋានៈប្រទេសជាតិនៅក្នុងទសវត្សរ៍ប្រកួតប្រជែងខាងមុខ។

សេដ្ឋកិច្ចបៃតង៖ កម្លាំងចលករសម្រាប់ការអភិវឌ្ឍថ្មី

ចំណុចលេចធ្លោនៃសេចក្តីព្រាងឯកសារ ដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្ស  គឺថា សេដ្ឋកិច្ចបៃតងលែងត្រូវបានលើកឡើងជាទិសដៅយោងទៀតហើយ ប៉ុន្តែបានក្លាយជាកម្លាំងជំរុញការអភិវឌ្ឍថ្មី ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសសរស្តម្ភដូចជា៖ ការផ្លាស់ប្តូរឌីជីថល - នវានុវត្តន៍ - ការកែលម្អគុណភាពកំណើន។ សេចក្តីព្រាងនេះនាំចេញការផ្លាស់ប្តូរសំខាន់ៗ៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបញ្ញា ដែលត្រូវបានកំណត់ជាទិសដៅអភិវឌ្ឍន៍សំខាន់ទាំងបី។ គោលដៅនៃការបំភាយឧស្ម័ន Net Zero នៅឆ្នាំ ២០៥០ ត្រូវបានបញ្ជាក់ដោយឧបករណ៍គោលនយោបាយ៖ ពន្ធកាបូន ទីផ្សារកាបូន ស្តង់ដារបៃតងក្នុងការវិនិយោគសាធារណៈ។ គុណភាពកំណើនត្រូវបានដាក់លើសពីបរិមាណ ដោយផ្តល់អាទិភាពដល់វិស័យបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ និងផលិតកម្មស្អាត។ ប្រការនេះបង្ហាញថា បក្សបានឃើញយ៉ាងច្បាស់ពីតម្រូវការបន្ទាន់គឺ៖ ដើម្បីឆ្ពោះទៅកាន់ក្រុមប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ វៀតណាមមិនអាចដើរតាមមាគ៌ាចាស់បានទេ។

រឿងរ៉ាវនៃសេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរបៃតងរបស់វៀតណាមត្រូវបាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បង្ហាញយ៉ាងច្បាស់នៅចំពោះមុខសហគមន៍ធុរកិច្ចទាំងជាតិនិងអន្តរជាតិ ក៏ដូចជាដៃគូអន្តរជាតិនៅក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ ២០២៥។

“ការផ្លាស់ប្តូរបៃតងនៅក្នុងយុគសម័យឌីជីថលគឺជានិន្នាការចាំបាច់ ជាជម្រើសយុទ្ធសាស្ត្រ ជាតម្រូវការបរានុម័ត និងជាអាទិភាពកំពូលសម្រាប់ប្រទេសនានាក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ យើងប្តេជ្ញា សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងអាជីវកម្មដើម្បីអភិវឌ្ឍជាមួយគ្នា”។

សេដ្ឋកិច្ចបៃតងក្លាយជាចំណុចលេចធ្លោនៃការត្រិះរិះអភិវឌ្ឍន៍ជាតិ - ảnh 1លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីទស្សនៈចំនួន ៣ របស់វៀតណាមក្នុងដំណើរការ "ផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅក្នុងវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥។ រូបថត៖ VGP/Nhat Bac

វៀតណាមជាម្ចាស់ "អណ្តូងរ៉ែមាសបៃតង" ដែលមានទ្រង់ទ្រាយដ៏កម្រនៅក្នុងតំបន់។ នោះគឺជាសក្តានុពលថាមពលខ្យល់នៅឯនាយសមុទ្ររហូតដល់ ៦០០ ជីហ្គាវ៉ាត់។ ថាមពលព្រះអាទិត្យអាចលើសពី ៣០០ ជីហ្គាវ៉ាត់; វិស័យសេដ្ឋកិច្ចបៃតងអាចរួមចំណែក ១០ - ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០៣០។

យ៉ាងណាមិញ វៀតណាមមិនទាន់បានទាញយកសក្តានុពលដ៏ធំធេងនោះនៅឡើយទេ។ គម្រោងថាមពលកកើតឡើងវិញជាច្រើនមិនទាន់ត្រូវបានអនុវត្ត  ដោយសារតែខ្វះក្របខ័ណ្ឌច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូន។ ជាមួយគ្នានោះ ដើមទុនវិនិយោគបៃតងនៅតែមានកម្រិត ជាពិសេសនៅក្នុងបរិបទនៃការកើនឡើងថ្លៃដើមនៃការផ្លាស់ប្តូរបៃតង។

ប្រសិនបើមិនត្រូវបានដោះស្រាយទេ វៀតណាមអាចនឹងបាត់បង់ "បង្អួចឱកាស" នៅពេលដែលពិភពលោកចូលដល់ដំណាក់កាលថ្មីនៃការប្រកួតប្រជែងក្នុងបច្ចេកវិទ្យាថាមពល និងស្តង់ដារបៃតង។

ទិសដៅយុទ្ធសាស្ត្រ

ការផ្លាស់ប្តូរបៃតងប្រសិនបើចង់សម្រេចបានជោគជ័យគឺត្រូវតែក្លាយជាយុទ្ធសាស្ត្រជាតិ។ ប្រការដំបូងគឺវៀតណាមត្រូវសុក្រិតរបៀបរបប ពោលគឺត្រូវមានក្របខ័ណ្ឌច្បាប់សមកាលកម្មលើសេដ្ឋកិច្ចវិលជុំ ទិន្នន័យឌីជីថល ការបំភាយកាបូន ហិរញ្ញវត្ថុបៃតង... ដើម្បីឱ្យអាជីវកម្មអាចវិនិយោគដោយទំនុកចិត្តក្នុងរយៈពេលវែង។

ក្នុងពេលជាមួយគ្នានេះ រដ្ឋនឹងដើរតួនាទីជា "ស្ថាបត្យករ" ដឹកនាំ។ យន្តការបើកចំហ និងមានតម្លាភាពដែលលើកទឹកចិត្តដល់ការច្នៃប្រឌិតនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។

លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធបៃតងត្រូវតែចាត់ទុកថាជាអង្គភាពឯកភាពមួយដែរ។

សេដ្ឋកិច្ចបៃតងក្លាយជាចំណុចលេចធ្លោនៃការត្រិះរិះអភិវឌ្ឍន៍ជាតិ - ảnh 2ការផ្លាស់ប្តូរបៃតងនៅក្នុងគម្រោងសំណង់ តែងតែជាបញ្ហាសំខាន់ និងបន្ទាន់មួយ។ រូបថត៖ vietnamenarchi.vn

កត្តាសំខាន់មួយទៀតគឺធនធានមនុស្ស។ ការផ្លាស់ប្តូរឌីជីថល ឬបៃតង មិនមែនគ្រាន់តែជាបច្ចេកវិទ្យានោះទេ ប៉ុន្តែក៏ជាការផ្លាស់ប្តូរផ្នត់គំនិតផងដែរ។ វៀតណាមនឹងបណ្តុះបណ្តាលពលករជំនាន់ថ្មីដោយមានសមត្ថភាពធ្វើការជាមួយទិន្នន័យ និងបញ្ញាសិប្បនិម្មិត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ មានក្រមសីលធម៌វិជ្ជាជីវៈ និងការយល់ដឹងអំពីបរិស្ថាន។

ពិភពលោកកំពុងរៀបចំសណ្តាប់ធ្នាប់សេដ្ឋកិច្ចឡើងវិញជាមួយនឹងស្តង់ដារថ្មីពីរ៖ បៃតង និងឌីជីថល។ ប្រទេសណាមួយដែលគ្របដណ្ដប់លើ “សមរភូមិ” ទាំងពីរនេះ នឹងក្លាយជាចំណុចកណ្តាលនៃខ្សែសង្វាក់តម្លៃថ្មី។

សេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្ស និងអនុសាសន៍នៅវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ ២០២៥ ជួបគ្នាក្នុងទស្សនៈ៖ ការផ្លាស់ប្តូរបៃតងគឺជាការវិនិយោគសម្រាប់អនាគត។ ប្រសិនបើទាញយកអត្ថប្រយោជន៍ពីឱកាសនេះ វៀតណាមអាចក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញ ទទួលយករលកនៃដើមទុនបៃតង និងបង្កើតគំរូនៃផលិតភាពខ្ពស់ - ស្អាត - កំណើនប្រកបដោយចីរភាព។ ហើយនៅក្នុងទសវត្សរ៍ពោរពេញដោយបម្រែបម្រួលនេះ ការជ្រើសរើសពណ៌បៃតងមិនត្រឹមតែដើម្បីទៅឱ្យលឿនប៉ុណ្ណោះទេ ថែមទាំងដើម្បីទៅឱ្យឆ្ងាយទៀតផង។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺត្រូវដើរក្នុងទិសដៅត្រឹមត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ