សិទ្ធិមនុស្សត្រូវបានអនុវត្តន៍ជាក់ស្តែងពីសាលារៀននៅតំបន់ព្រំដែន

(VOVWORLD) - ការបើកការដ្ឋានសាងសង់ក្នុងពេលដំណាលគ្នានៃសាលាអន្តេវាសិកអន្តរកម្រិត បឋមសិក្សា និងមធ្យមសិក្សាជាង ៧០ កន្លែង សម្រាប់ជនជាតិភាគតិច នៅក្នុងឃុំព្រំដែនជាច្រើននៅថ្ងៃទី ៩ ខែវិច្ឆិកា មិនត្រឹមតែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំសុធសាធនោះទេ។  នោះក៏ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា រដ្ឋកំពុងអនុវត្តន៍ជាក់ស្តែងរាល់ការប្តេជ្ញាចិត្តរបស់ខ្លួនលើសិទ្ធិមនុស្ស   ជាពិសេសសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសិទ្ធិស្មើភាពគ្នាសម្រាប់កុមារនៅក្នុងតំបន់ដែលមានការលំបាក និងសិទ្ធិទទួលបានការអភិវឌ្ឍយ៉ាងទូលំទូលាយនៃសហគមន៍ជនជាតិភាគតិច។

សាលារៀនចំនួន ៧២ កន្លែងដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងឱកាសនេះ និងសាលារៀនចំនួន ២៨ ដែលបានសាងសង់បង្ហើយរួចជាស្រេចមុននោះ គឺសម្រេចបានគោលដៅសាងសង់សាលាអន្តេវាសិកអន្តរកម្រិតចំនួន ១០០ កន្លែង នៅក្នុងឃុំព្រំដែនដីគោកក្នុងឆ្នាំនេះ។ សាលារៀនចំនួន ១០០ នេះស្ថិតក្នុងចំណោមសាលារៀនសរុបចំនួន ២៤៨ នៅក្នុងឃុំព្រំដែនដីគោកចំនួន ២៤៨ ដែលនឹងត្រូវសាងសង់ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ដោយចំណាយសរុបជិត ២០ ពាន់ពាន់លានដុង (ជាង ៨៧០ លានដុល្លារអាមេរិក) ពីថវិកាមជ្ឈិម។

សិទ្ធិមនុស្សត្រូវបានអនុវត្តន៍ជាក់ស្តែងពីសាលារៀននៅតំបន់ព្រំដែន - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សា អៀន ឃឿង ក្នុងខេត្ត ថាញ់ ហ័រ នៅថ្ងៃទី ៩ ខែវិច្ឆិកា ។ រូបថត៖ VOV

កាត់បន្ថយវិសមភាព

នៅក្នុងឯកសារអន្តរជាតិ សិទ្ធិមនុស្សមិនត្រឹមតែជាសិទ្ធិមានវត្តមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសិទ្ធិអភិវឌ្ឍន៍ទៀតផង។ នៅវៀតណាម ប្រការនេះកាន់តែមានសារៈសំខាន់ជាពិសេសនៅក្នុងឃុំជាប់ព្រំដែន ជាកន្លែងដែលសិស្សជួបការលំបាកក្នុងការទៅសាលារៀនដោយសារតែស្ថានភាពភូមិសាស្ត្រដ៏លំបាក សេដ្ឋកិច្ចអន់ខ្សោយ និងមានចម្ងាយឆ្ងាយពីមជ្ឈមណ្ឌល។ ដូច្នេះ ការសាងសង់សាលាអន្តេវាសិកអន្តរកម្រិតជួយប្អូនៗ កុមារឱ្យសិក្សាដោយសុវត្ថិភាព សិក្សាគ្រប់គ្រាន់ និងកាត់បន្ថយហានិភ័យនៃការឈប់រៀន រៀបការមុនអាយុ និងការសម្រាលកូនមុនអាយុ ដែលជាបញ្ហាទូទៅនៅតំបន់ព្រំដែន។

សាលាអន្តេវាសិកអន្តរកម្រិតដែលទើបតែចាប់ផ្តើមសាងសងមានការរចនាទំនើប និងស៊ីសង្វាក់គ្នា ដែលបំពេញតម្រូវការរបស់សិស្សយ៉ាងពេញលេញសម្រាប់ការសិក្សា ការស្នាក់នៅ និងការស្នាក់នៅពាក់កណ្តាលកម្រិត ហើយក៏មានលំនៅដ្ឋានសាធារណៈសម្រាប់គ្រូបង្រៀនផងដែរ។ លោក ផាម ថាញ់ ប៊ិញ នាយកសាលាមធ្យមសិក្សា លឿងអាន ត្រា (Luong An Tra) (អានយ៉ាង) ដែលជាសាលាមួយក្នុងចំណោមសាលាពីរដែលបានបញ្ចូលគ្នាទៅជាសាលាអន្តេវាសិកអន្តរកម្រិត បឋមសិក្សា-មធ្យមសិក្សា បានសំណេះសំណាលថា៖   ការសាងសង់សាលាបែបនេះនឹងនាំមកនូវឱកាសសិក្សាស្មើភាពគ្នាដល់សិស្សទាំងអស់នៅក្នុងតំបន់ដាច់ស្រយាល និងជនជាតិភាគតិច។ ទីពីរ រួមចំណែកដល់ការលើកកម្ពស់គុណភាពនៃការអប់រំទូលំទូលាយ ដើម្បីឱ្យសិស្សមានកន្លែងសិក្សា កន្លែងរស់នៅ និងកន្លែងលេងកម្សាន្ត”

ចំណុចពិសេសនៅក្នុងគំរូនេះគឺថា ការសាងសង់មិនឈប់នៅត្រឹមហេដ្ឋារចនាសម្ព័ន្ធទេ ប៉ុន្តែថែមទាំងការធ្វើសមកាលកម្មនៃយន្តការ និងគោលនយោបាយផងដែរ។ នេះជាវិធីដើម្បីអនុវត្តសិទ្ធិស្មើភាពគ្នា ដោយលុបបំបាត់វិសមភាពក្នុងតំបន់បន្តិចម្តងៗ - ជាកត្តាសំខាន់ក្នុងការវាយតម្លៃសិទ្ធិមនុស្សនៅក្នុងប្រទេសនីមួយៗ។ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ង្វៀន គីម សឺន បានបញ្ជាក់ថា៖ “នេះនឹងជារបកគំហើញមួយ ជាការផ្លាស់ប្តូរជាមូលដ្ឋាននិងទូលំទូលាយ សម្រាប់ការអប់រំនៅតំបន់ព្រំដែន។ បញ្ជាក់ពីការយកចិត្តទុកដាក់ និងការថែទាំជាពិសេសរបស់បក្ស និងរដ្ឋសម្រាប់តំបន់ដែលមានការលំបាកជាច្រើន បង្រួមគម្លាតក្នុងតំបន់ ធានាបាននូវភាពយុត្តិធម៌ក្នុងការទទួលបានការអប់រំនៅវៀតណាម”។

សិទ្ធិមនុស្សត្រូវបានអនុវត្តន៍ជាក់ស្តែងពីសាលារៀននៅតំបន់ព្រំដែន - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ រួមជាមួយគណៈប្រតិភូ និងសិស្សានុសិស្ស បានធ្វើពិធីបើកការដ្ឋានសាងសង់។ រូបថត៖ VGP/Nhat Bac

សក្ខីភាពជាក់ស្តែងនៃសិទ្ធិមនុស្ស

វៀតណាមបានបញ្ជាក់ម្តងហើយម្តងទៀតថា សិទ្ធិមនុស្សតែងតែផ្សាភ្ជាប់នឹងផលប្រយោជន៍របស់ប្រជាជន។ គម្រោងអប់រំធំៗនៅតំបន់ព្រំដែនគឺជាសក្ខីភាពជាក់ស្តែងនៃគោលនយោបាយត្រឹមត្រូវ ធនធានវិនិយោគយ៉ាងច្រើន សកម្មភាពស្របគ្នាពីមជ្ឈិមដល់មូលដ្ឋាន។ អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សា អៀន ឃឿង ក្នុងខេត្ត ថាញ់ ហ័រ នៅថ្ងៃទី ៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបញ្ជាក់ថា៖ “សាលាថ្មីនីមួយៗនឹងក្លាយជាកន្លែងសម្រាប់សាបព្រួសអក្សរ បណ្តុះចំណេះដឹង បំភ្លឺក្តីសុបិន សម្រេចសេចក្តីប្រាថ្នា; ជានិមិត្តរូបនៃស្មារតីមហាសាមគ្គីជនជាតិទាំងមូល សេចក្តីស្រឡាញ់រាប់អាន និងការទទួលខុសត្រូវរបស់បក្ស រដ្ឋ និងប្រជាជនចំពោះជនរួមជាតិ  ឆ្ពោះទៅរកតំបន់ព្រំដែន ដែលជារបងរបស់មាតុភូមិ”។

នៅក្នុងបរិបទនៃការធ្វើសមាហរណកម្ម ការថែរក្សាជីវភាព និងការអប់រំរបស់កុមារដោយមិនគិតពីតំបន់ណាឡើយ គឺជាមធ្យោបាយរបស់វៀតណាមក្នុងការបង្ហាញពិភពលោកនូវវិធីសាស្រ្តពិតប្រាកដ និងផ្អែកលើប្រជាជនចំពោះសិទ្ធិមនុស្ស មិនមែនគ្រាន់តែជាសេចក្តីប្រកាសនោះទេ។ ហើយសាលាអន្តេវាសិកអន្តរកម្រិតដែលកំពុងសាងសង់គឺជាសក្ខីភាពជាក់ស្តែងនៃស្មារតីនោះ។

សាលារៀនអន្តេវាសិកអន្តរកម្រិតទាំង ១០០ កន្លែងនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងឆ្នាំសិក្សា ២០២៦-២០២៧ (យ៉ាងយូរបំផុតត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២៦)។ នៅតំបន់ព្រំដែន សាលារៀនថ្មីមួយមិនត្រឹមតែជា “កន្លែងសិក្សា” ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីបង្អែកចិញ្ចឹមបីបាច់ក្តីសុបិន ដែលនាំមកនូវឱកាសស្ទុះឈានទៅមុខសម្រាប់កុមាររាប់ពាន់នាក់នៅក្នុងតំបន់លំបាក។ នោះក៏ជាការសម្រេចបាននូវសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ