សហរដ្ឋអាមេរិក ជំរុញផលប្រយោជន៍ពាណិជ្ជកម្មយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសអាមេរិកឡាទីន

(VOVWORLD) - រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នៅថ្ងៃទី ១៣ ខែវិច្ឆិកាបានប្រកាសថា ខ្លួនបានសុក្រឹត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសអាហ្សង់ទីន ហ្គាតេម៉ាឡា អេក្វាឌ័រ និងអែល សាល់វ៉ាឌ័រ។ កិច្ចព្រមព្រៀងទាំងនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ពាណិជ្ជកម្មដល់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលសហរដ្ឋអាមេរិកចំពោះតំបន់ឥទ្ធិពលប្រពៃណី ក្នុងបរិបទដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងនៅក្នុងពិភពលោក។

កិច្ចព្រមព្រៀងជាមួយប្រទេសហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ អេក្វាឌ័រ និងអាហ្សង់ទីន គឺជាកិច្ចព្រមព្រៀងថ្មីបំផុតដែលសហរដ្ឋអាមេរិកសម្រេចបាន ជាមួយបណ្តាប្រទេសអាមេរិកកណ្តាលនិងអាមេរិកខាងត្បូង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអនុវត្តន៍គោលនយោបាយពន្ធបដិការជាសកល កាលពីខែមេសាកន្លងទៅ។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ

នៅក្នុងសេចក្តីប្រកាសពីកិច្ចព្រមព្រៀងជាមួយ ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ អេក្វាឌ័រ និងអាហ្សង់ទីន សេតវិមានបានឲ្យដឹងថា ប្រទេសទាំងនេះបានយល់ព្រមបើកទីផ្សាររបស់ខ្លួនចំពោះផលិតផលអាមេរិក។ ជាថ្នូរមកវិញ អាមេរិកនឹងកាត់បន្ថយ (១០-១៥%) ឬលើកលែងពន្ធលើទំនិញមួយចំនួនពីប្រទេសទាំងនេះ។ កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានរំពឹងថានឹងជួយអ្នកប្រើប្រាស់អាមេរិកកាត់បន្ថយការចំណាយប្រចាំថ្ងៃ ក្នុងបរិបទនៃតម្លៃទំនិញនាំចូលកើនឡើង។

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាហ្សង់ទីន គឺគួរឱ្យកត់សម្គាល់ពិសេស។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់សេតវិមាន សហរដ្ឋអាមេរិកនឹងលុបចោលមួយផ្នែកនៃអត្រាពន្ធ ១០% ដែលត្រូវបានអនុវត្តចាប់តាំងពីខែមេសាកន្លងទៅ ចំពោះទំនិញទាំងអស់ដែលនាំចូលពីអាហ្សង់ទីន។ ចំណែកភាគីអាហ្សង់ទីនវិញ ទីក្រុង Buenos Aires បានសន្យាថា នឹងលុបបំបាត់តម្រូវការវាយតម្លៃបន្ថែមសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក ដូចជា៖ រថយន្ត ម្ហូបអាហារ ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ; ផ្តល់អាទិភាពដល់ការជ្រៀតចូលទីផ្សារសម្រាប់គ្រឿងចក្រ បច្ចេកវិទ្យា រថយន្ត និងសេវាកម្មឌីជីថលរបស់អាមេរិក។ លោក Donald Trump បានឲ្យដឹងថា៖ «យើងមានបំណងចង់ជួយអាហ្សង់ទីន ក៏ដូចជាជួយខ្លួនយើងផងដែរ។ អាហ្សង់ទីនមានផលិតផលល្អៗជាច្រើន ហើយយើងធ្លាប់បានផ្លាស់ប្តូរពាណិជ្ជកម្មជាមួយពួកគេ។ ពាណិជ្ជកម្មបានធ្លាក់ចុះ ប៉ុន្តែឥឡូវនេះយើងនឹងជំរុញខ្លាំងម្តងទៀត ដើម្បីជួយពួកគេ ហើយក៏នាំមកនូវអត្ថប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកផងដែរ»

ក្រៅពីអាហ្សង់ទីន កិច្ចព្រមព្រៀងជាមួយអេក្វាឌ័រ ជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសអាមេរិកឡាទីនទាំង៤នេះ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក៏គួរឱ្យកត់សម្គាល់ផងដែរ។ តម្លៃពាណិជ្ជកម្មទំនិញនិងសេវាកម្មរវាងអាមេរិក និងអេក្វាឌ័រ សម្រេចបានជាង ៩០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ហើយយោតាមកិច្ចព្រមព្រៀងថ្មីនេះ អេក្វាឌ័រមិនត្រឹមតែលុបបំបាត់ឧបសគ្គចំពោះទំនិញនិងពាណិជ្ជកម្មឌីជីថលសម្រាប់ក្រុមហ៊ុនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឯកភាពសហប្រតិបត្តិការជាមួយអាមេរិកក្នុងការធានាសន្តិសុខវិនិយោគ និងគ្រប់គ្រងការនាំចេញ ជាផ្នែកយុទ្ធសាស្ត្រមួយដែលអាមេរិកកំពុងយកចិត្តទុកដាក់ជាពិសេស។

កសាងឥទ្ធិពលឡើងវិញ

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ការដែលសហរដ្ឋអាមេរិកសុក្រឹត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនបួនជាមួយបណ្តាប្រទេសអាមេរិកឡាទីន ក្នុងពេលដំណាលគ្នា គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះរដ្ឋបាលលោក Donald Trump ទាំងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេស។ ចំពោះកិច្ចការផ្ទៃក្នុង កិច្ចព្រមព្រៀងដែលទើបសម្រេចបាននឹងជួយបន្ធូរកម្តៅនៃទីផ្សារប្រើប្រាស់អាមេរិក ជាពិសេសសម្រាប់ផ្នែកទំនិញម្ហូបអាហារ (កាហ្វេ កាកាវ និងចេក) ដែលបានកើនឡើងខ្ពស់នាពេលកន្លងមកនេះ បណ្តាលឱ្យមានការមិនពេញចិត្តក្នុងចំណោមអ្នកប្រើប្រាស់អាមេរិកជាច្រើន។

ទាក់ទងនឹងកិច្ចការបរទេស ការបង្កើនកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាមេរិកឡាទីន បានគូសញ្ញាជំហានបន្ទាប់នៅក្នុងយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងការដណ្តើមយកតំបន់ឥទ្ធិពលប្រពៃណីឡើងវិញ។ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបចុះហត្ថលេខាជាមួយប្រទេសទាំង៤ រដ្ឋបាលលោក Donald Trump សុទ្ធតែលើកឡើងពីកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មធនធានរ៉ែសំខាន់ៗ ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ឬកំណត់ស្តង់ដាររួមលើការធានាសន្តិសុខវិនិយោគ និងការគ្រប់គ្រងការនាំចេញ។ល។ នេះជាយុទ្ធសាស្ត្រដែលសហរដ្ឋអាមេរិកកំពុងអនុវត្តន៍ជាមួយដៃគូសេដ្ឋកិច្ចជាច្រើននៅជុំវិញពិភពលោក ដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែ ឬឥន្ធនៈសំខាន់ៗរបស់ប្រទេសមួយចំនួន។ នៅក្នុងយុទ្ធសាស្ត្រនេះ បណ្តាប្រទេសអាមេរិកកណ្តាលនិងអាមេរិកខាងត្បូង ដែលមានធនធានរ៉ែដ៏សម្បូរបែប អាចដើរតួនាទីយ៉ាងសំខាន់។ ជាទូទៅ ប្រការនេះក៏សមស្របនឹងកាយវិការនាពេលថ្មីៗនេះ របស់រដ្ឋបាលសហរដ្ឋអាមេរិក ដូចជា៖ ជំនួយសេដ្ឋកិច្ចដល់អាហ្សង់ទីន ការបង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀននៅសមុទ្រការ៉ាប៊ីន...។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយតម្លៃថា៖ «ប្រសិនបើក្រឡេកមើលស្ថានភាពបច្ចុប្បន្ន អាចមើលឃើញថា អាមេរិកខាងត្បូងកំពុងផ្លាស់ប្តូរ។ បណ្តាប្រទេសអាមេរិកខាងត្បូងកំពុងចាប់ផ្តើមការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកសហរដ្ឋអាមេរិក។ ពួកគេកំពុងបង្វែរទិស ហើយនោះគឺជាប្រការដ៏គួរឱ្យកត់សម្គាល់ណាស់»

បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយប្រទេស ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ អេក្វាឌ័រ និងអាហ្សង់ទីន អាទិភាពសំខាន់បន្ទាប់របស់សហរដ្ឋអាមេរិកគឺជាការសុក្រឹត្យកិច្ចព្រមព្រៀងជាមួយប្រេស៊ីល ដែលជាខឿនសេដ្ឋកិច្ចលេខ ១ នៅអាមេរិកឡាទីន។ នាថ្ងៃទី ១៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira ដើម្បីជំរុញការចរចានាបច្ចុប្បន្ន រវាងសហរដ្ឋអាមេរិក និងប្រេស៊ីល ដោយមានគោលដៅសុក្រឹត្យកិច្ចព្រមព្រៀងនៅមុនដំណាច់ឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ