អាមេរិកជំរុញយុទ្ធសាស្ត្របង្កើនឥទ្ធិពលរបស់ខ្លួននៅអាស៊ីកណ្តាល
(VOVWORLD) - កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងប្រទេសអាស៊ីកណ្តាលចំនួន ៥ រួមមានកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងតូមិននីស្ថាន (C៥+១ ) បានប្រព្រឹត្តទៅនាថ្ងៃទី ៦ ខែវិច្ឆិកា នៅទីក្រុងវ៉ាស៊ីនតោន។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែរំលឹកខួបលើកទី ១០ នៃការបង្កើតយន្តការ C៥+១ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសសញ្ញាសម្គាល់នៃកាយវិការដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងយុទ្ធសាស្ត្របង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ីកណ្តាល ដែលសម្បូរទៅដោយធនធានធម្មជាតិ និងមានទីតាំងភូមិសាស្ត្រដ៏សំខាន់។
យន្តការ C៥+១ ត្រូវបានសហរដ្ឋអាមេរិក និងប្រទេសអាស៊ីកណ្តាលចំនួន ៥ បង្កើតឡើងនៅឆ្នាំ ២០១៥។ នេះគឺជាវេទិកាការទូតដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់។
ធ្វើឲ្យ C៥+១ រស់រានឡើងវិញ
ជាតំបន់ជះឥទ្ធិពលប្រពៃណីរបស់រុស្ស៊ី និងថ្មីៗនេះបានក្លាយជាដៃគូសេដ្ឋកិច្ច និងថាមពលដ៏សំខាន់របស់ប្រទេសចិន បណ្តាប្រទេសអាស៊ីកណ្តាលត្រូវបានចាត់ទុកជាទីផ្សារដ៏មានសក្តានុពល ប៉ុន្តែមិនទាន់បានធ្វើអាជីវកម្មសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ការបង្កើតយន្តការ C៥+១ កាលពីមួយទសវត្សរ៍មុន គឺជាជំហានដ៏ច្បាស់លាស់បំផុតដែលបង្ហាញពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការជ្រៀតចូលអាស៊ីកណ្តាល ចាប់តាំងពីសង្គ្រាមត្រជាក់មក។ យ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថាស្វាគមន៍រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីកណ្តាល នៅថ្ងៃទី៥ ខែវិច្ឆិកា លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានទទួលស្គាល់ថា រដ្ឋបាលសហរដ្ឋអាមេរិកនាប៉ុន្មានឆ្នាំកន្លងមក មិនសូវមានការយកចិត្តទុកដាក់លើការជំរុញយន្តការ C៥+១ ដោយសារតែខ្លួនកំពុងផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយវិបត្តិនៅក្នុងតំបន់ផ្សេងទៀតលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក បានឲ្យដឹងថា ដំណាក់កាលនោះបានកន្លងផុតទៅហើយ បច្ចុប្បន្ននេះ ជាពេលវេលាសម្រាប់សហរដ្ឋអាមេរិក និងអាស៊ីកណ្តាល ប្រែក្លាយយន្តការ C៥+១ ទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពពិតប្រាកដសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកវិទ្យា ជំនួសឱ្យគោលដៅនយោបាយសុទ្ធសាធ ជាពិសេសនៅពេលដែលផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីកណ្តាលមានភាពស្រដៀងគ្នាកាន់តែកើនឡើង។
"ខ្ញុំគិតថា យុគសម័យខាងមុខនេះនឹងគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងឱកាសជាច្រើននៅក្នុងទំនាក់ទំនងអាមេរិក-អាស៊ីកណ្តាល។ រយៈពេលមួយទសវត្សរ៍បានកន្លងផុតទៅ មានបញ្ហាជាច្រើនបានកើតឡើងនៅក្នុងពិភពលោក ហើយទំនងជាយើងបានធ្វេសប្រហែសចំពោះទំនាក់ទំនងនេះ ដោយសារតែយើងត្រូវផ្តោតលើការដោះស្រាយវិបត្តិ។ ប៉ុន្តែឥឡូវនេះ យើងមានឱកាសដើម្បីបើកចំហរកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ខណៈពេលដែលផលប្រយោជន៍ជាតិរបស់យើងគឺស្រដៀងគ្នា"។
ទីក្រុងវ៉ាស៊ីនតោនរំពឹងថា ការពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ីកណ្តាលទាំង ៥ នឹងជួយធ្វើពិពិធកម្មខ្សែផ្លូវដឹកជញ្ជូន ធានាខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែ និងពង្រីកឥទ្ធិពលនៃបច្ចេកវិទ្យានៅក្នុងតំបន់។ សហរដ្ឋអាមេរិកក៏មានបំណងចង់លើកកម្ពស់ "ច្រករបៀងអាស៊ីកណ្តាល-Caspi-អឺរ៉ុប" និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល បច្ចេកវិទ្យាពពក និងបញ្ញាសិប្បនិម្មិត (AI) ដែលជាទម្រង់ថ្មីនៃ "ការទូតបច្ចេកវិទ្យា"។
គំនិតសហប្រតិបត្តិការមួយចំនួនត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំកំពូល C៥+១ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងនោះ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងអ៊ូសបេគីស្ថាន។ យោងតាមកិច្ចព្រមព្រៀងនេះ អ៊ូសបេគីស្ថានបានសន្យាទិញទំនិញ និងវិនិយោគទឹកប្រាក់ ៣៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំខាងមុខ និងរហូតដល់ ១០០ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ លើឆាកនយោបាយ សហរដ្ឋអាមេរិកក៏ទទួលបានការយល់ព្រមពីប្រទេសកាហ្សាក់ស្ថាន ក្នុងការចូលរួមកិច្ចព្រមព្រៀង Abraham ដែលឆ្ពោះទៅរកការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ និងសាសនាឥស្លាម។ ប្រការនេះអាចត្រូវបានចាត់ទុកជាចំណុចបូកបន្ថែមផ្នែកការទូត សម្រាប់លោក ដូណាល់ ត្រាំ បន្ទាប់ពីការជំរុញកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងចលនាឥស្លាមហាម៉ាសនៅដើមខែតុលា។
ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ
គោលដៅជាក់ស្តែងមានសារៈសំខាន់ជាយុទ្ធសាស្ត្រដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ស្វែងរកនៅក្នុងកិច្ចប្រជុំកំពូល C៥+១ គឺការទទួលបានប្រភពធនធានរ៉ែសំខាន់ៗ ជាពិសេសរ៉ែកម្រ ក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងព្យាយាមស្វែងរកវិធីកាត់បន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែកម្ររបស់ចិន។ ត្រង់បញ្ហានេះ កាហ្សាក់ស្ថាន ដែលជាប្រទេសធំជាងគេនៅអាស៊ីកណ្តាល បានផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមជាង ៤០% នៃការផ្គត់ផ្គង់សកល និង ២៥% នៃការនាំចូលរបស់សហរដ្ឋអាមេរិក ដោយដើរតួនាទីយ៉ាងសំខាន់។ បច្ចុប្បន្ន កាហ្សាក់ស្ថានកំពុងសហការជាមួយក្រុមហ៊ុន Cove Capital របស់អាមេរិក ក្នុងគម្រោងមានតម្លៃ ១,១ ពាន់លានដុល្លារ ដើម្បីសាងសង់ខ្សែសង្វាក់ផលិតកម្ម និងកែច្នៃរ៉ែកម្រ ជំនួសឱ្យការនាំចេញវត្ថុធាតុដើម។ សម្រាប់សហរដ្ឋអាមេរិក នេះមិនត្រឹមតែជាប្រភពផ្គត់ផ្គង់ដ៏មានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានមួយដើម្បីពង្រឹងខ្សែសង្វាក់តម្លៃយុទ្ធសាស្ត្រ ស្ថិតនៅខាងក្រៅការគ្រប់គ្រងរបស់ចិន និងរុស្ស៊ីផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា៖ "ប្រធានបទសំខាន់មួយនៅក្នុងរបៀបវារៈរបស់យើងគឺធនធានរ៉ែសំខាន់ៗ។ នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋបាលសហរដ្ឋអាមេរិកបានពង្រឹងសន្តិសុខសេដ្ឋកិច្ចរបស់អាមេរិក តាមរយៈកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្ត និងមិត្តភក្តិនៅជុំវិញពិភពលោក ដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ"។
ក្រៅពីធនធានរ៉ែសំខាន់ៗ សហរដ្ឋអាមេរិកផ្ដោតការយកចិត្តទុកដាក់ចំពោះតួនាទីរបស់អាស៊ីកណ្តាល ជាពិសេសកាហ្សាក់ស្ថាន នៅក្នុងបណ្តាញដឹកជញ្ជូនអាស៊ី-អឺរ៉ុប។ បច្ចុប្បន្ននេះ ប្រហែល ៨០% នៃការដឹកជញ្ជូនទំនិញរវាងចិន និងអឺរ៉ុប គឺឆ្លងកាត់កាហ្សាក់ស្ថាន ក្នុងនោះ ខ្សែផ្លូវអាស៊ីកណ្តាល - សមុទ្រ Caspi - អឺរ៉ុប កំពុងលេចចេញជាជម្រើសយុទ្ធសាស្ត្រ ជំនួសឲ្យខ្សែផ្លូវឆ្លងកាត់សហព័ន្ធរុស្ស៊ី ឬអ៊ីរ៉ង់។ ជាមួយនឹងការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយផ្លូវនេះ សហរដ្ឋអាមេរិកសង្ឃឹមថា នឹងកសាងបណ្តាញឡូជីស្ទិកប្រកបដោយសុវត្ថិភាព ហើយធន់នឹងទណ្ឌកម្ម ហើយទន្ទឹមនឹងនោះ នាំយកស្តង់ដាររបស់សហរដ្ឋអាមេរិកចូលទៅក្នុងប្រព័ន្ធដឹកជញ្ជូន និងគយរបស់តំបន់។
ក្នុងពេលនោះ សម្រាប់ប្រទេសអាស៊ីកណ្តាលទាំង ៥ ការដែលរដ្ឋបាលសហរដ្ឋអាមេរិក ជំរុញយន្តការ C៥+១ បាននាំមកឱ្យប្រទេសទាំងនេះនូវឱកាសដើម្បីធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ថាមពល បច្ចេកវិទ្យា និងសន្តិសុខ ជំនួសឱ្យការផ្តោតលើដៃគូសំខាន់ប្រពៃណីចំនួន២ គឺរុស្ស៊ី និងចិន ហើយទន្ទឹមនឹងនោះ លើកកម្ពស់សារៈសំខាន់ផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់ប្រទេសទាំងនេះ នៅក្នុងតំបន់៕