អាហ្វ្រិក និងអឺរ៉ុបកំណត់​រូបរាងទំនាក់ទំនងក្នុងយុគសម័យថ្មី

(VOVWORLD) - សហភាពអាហ្វ្រិក (AU) និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ២៤-២៥ ខែវិច្ឆិកាបានរៀបចំកិច្ចប្រជុំកំពូលមួយនៅទីក្រុង Luanda ប្រទេសអង់ហ្គោឡា ។ នេះជាកាយវិការថ្មីបំផុតរបស់ទ្វីបទាំងពីរ ក្នុងការកំណត់រូបរាងទំនាក់ទំនងឡើងវិញក្នុងយុគសម័យថ្មី ដោយផ្តោយទៅលើសសរស្តម្ភទាំងបីគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខ ក្នុងបរិបទដែលភូមិសាស្ត្រនយោបាយសកលមានការបែកបាក់យ៉ាងខ្លាំង និងទាមទារឲ្យទ្វីបអាហ្វ្រិកមានតួនាទីកាន់តែខ្លាំងឡើង។

កិច្ចប្រជុំកំពូល AU-EU នៅទីក្រុង Luanda ប្រទេសអង់ហ្គោឡា មានការចូលរួមពីប្រមុខរដ្ឋភាគច្រើននៃប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧ និងសមាជិកសហភាពអាហ្វ្រិកចំនួន ៥៥ រួមជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិធំៗជាច្រើន រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ផងដែរ។

ទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែស្មើភាពគ្នា

ប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូល AU-EU លើកនេះ គឺធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្លុកទាំងពីរ ក្នុងវិស័យឧស្សាហកម្ម ការផ្លាស់ប្តូរថាមពល បច្ចេកវិទ្យា និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៃធនធានរ៉ែជាយុទ្ធសាស្ត្រ ដែលត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ទ្វីបទាំងពីរ។ យោងតាមប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen វិបុលភាពរបស់ភាគីទាំងពីរ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាងពេលណាៗទាំងអស់ នៅពេលដែលអឺរ៉ុបមានបទពិសោធន៍ បច្ចេកវិទ្យា និងធនធានដើម្បីដាក់ពង្រាយ ខណៈដែលអាហ្វ្រិកមានធនធានសំខាន់ៗដើម្បីជំរុញកំណើននាពេលអនាគត។ ប្រធាន EC ជឿជាក់ថា អឺរ៉ុបមានគុណសម្បត្តិដ៏អស្ចារ្យ ដើម្បីក្លាយជាដៃគូលើគ្រប់ជ្រុងជ្រោយដ៏សំខាន់បំផុតរបស់អាហ្វ្រិក រួមមាន៖ ភាពជិតស្និតខាងភូមិសាស្ត្រ អឺរ៉ុបបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក ដោយមាន ១/៣ នៃការនាំចេញរបស់អាហ្វ្រិកគឺទៅកាន់អឺរ៉ុប ហើយអឺរ៉ុបក៏ជាវិនិយោគិនធំជាងគេនៅអាហ្វ្រិក ជាមួយនឹងការវិនិយោគសរុបចំនួន ២៤០ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៣។

យ៉ាងណាមិញ អ្នកនាំពាក្យ AU លោក Nuur Mohamud Sheekh បានបញ្ជាក់ថា អាហ្វ្រិកមិនស្វែងរកសេចក្តីប្រកាសថ្មីនោះទេ ប៉ុន្តែជាការសន្យាជាក់ស្តែងដែលអាចអនុវត្តបាន។ នេះត្រូវបានចាត់ទុកជាចំណុចខ្សោយរបស់ EU នៅពេលដែលប្លុកនេះ កំពុងដើរយឺតជាងគូប្រជែងសេដ្ឋកិច្ចជាច្រើនទៀត ដូចជាប្រទេសចិន សហរដ្ឋអាមេរិក ទួរគី និងបណ្តាប្រទេសឈូងសមុទ្រពែរ្ស ក្នុងការវិនិយោគលើឧស្សាហកម្មរ៉ែនៅអាហ្វ្រិក។ លើសពីនេះ ទោះបីជាសហភាពអឺរ៉ុបជាទីផ្សារនាំចេញធំបំផុតរបស់ AU ក៏ដោយ បណ្តាប្រទេសអាហ្វ្រិកនៅតែជឿថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនៅមានចំណុចមិនសមហេតុផលជាច្រើន។ លោក Mahmoud Ali Youssouf ប្រធានគណៈកម្មការ AU បានឲ្យដឹងថា៖

«យើងអំពាវនាវឱ្យមានភាពជាដៃគូពាណិជ្ជកម្មប្រកបដោយតុល្យភាពជាង និងមានបំណងចង់ឲ្យអឺរ៉ុប វិនិយោគលើការកែច្នៃរ៉ែនៅអាហ្វ្រិក។ យើងក៏អំពាវនាវឱ្យលុបបំបាត់របាំងពន្ធគយ និងមិនមែនពន្ធគយទាំងអស់ ដែលរារាំងផលិតផលអាហ្វ្រិកពីការចូលទៅកាន់ទីផ្សារអឺរ៉ុប។ ជាទីបំផុត យើងអំពាវនាវឱ្យមានពហុភាគីនិយមដ៏រឹងមាំ និងរស់រវើកជាង ដោយផ្អែកលើសមភាព និងការគោរពចំពោះប្រទេសទាំងអស់»។

តួនាទីសន្តិសុខធំជាងសម្រាប់អាហ្វ្រិក

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធនធានរ៉ែជាយុទ្ធសាស្ត្រ ចំណុចគួរឱ្យកត់សម្គាល់ និងខុសប្លែកនៅក្នុងកិច្ចប្រជុំកំពូល AU-EU លើកនេះបើធៀបនឹងកិច្ចប្រជុំកំពូលកាលពីឆ្នាំ ២០២២ គឺវគ្គពិភាក្សាអំពីបញ្ហាសន្តិសុខ សន្តិភាព និងការកំណត់តួនាទីកាន់តែសំខាន់របស់អាហ្វ្រិកនៅក្នុងបញ្ហាសកល។ យោងតាមនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly សន្តិសុខអាហ្វ្រិកគឺជាផ្នែកមួយដែលមិនអាចបំបែកចេញពីសន្តិសុខក្នុងតំបន់និងសកល ហើយវិបត្តិធំៗនាពេលកន្លងទៅ ដូចជាជម្លោះនៅតំបន់ហ្គាហ្សា ភាពតានតឹងនាវាចរណ៍នៅសមុទ្រក្រហម និងយុទ្ធនាការប្រឆាំងភេរវកម្មនៅតំបន់ Sahel សុទ្ធតែបង្ហាញថា ចំណុចក្តៅគគុកនៅអាហ្វ្រិកអាចជះឥទ្ធិពលយ៉ាងណាដល់សន្តិសុខសកល។ ដូច្នេះហើយ អាហ្វ្រិកក៏ត្រូវការតួនាទីដ៏សកម្មជាងមុនក្នុងអភិបាលកិច្ចសន្តិសុខសកល ជំនួសឱ្យការទទួលយកដំណោះស្រាយពីខាងក្រៅដោយអកម្ម។

ដោយចែករំលែកទស្សនៈដូចគ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា “ប៉ូលសហប្រតិបត្តិការរវាងអឺរ៉ុប និងអាហ្វ្រិក ត្រូវក្លាយជាសសរស្តម្ភកណ្តាលមួយនៃសហគមន៍អន្តរជាតិ” មិនត្រឹមតែក្នុងវិស័យនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិសុខទៀតផង។ ទាក់ទងនឹងហិរញ្ញវត្ថុ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍នូវសំឡេងកាន់តែធំ នៅក្នុងយន្តការហិរញ្ញវត្ថុសកល។ ស្តីពីសន្តិសុខ និងនយោបាយ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានគាំទ្រការដែលទ្វីបអាហ្វ្រិកមានសំឡេងស្មើគ្នាជាមួយទ្វីបដទៃទៀតនៅគ្រប់កម្រិតនៃអភិបាលកិច្ចសកល។

«ដោយសារប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិភាគច្រើនកំពុងត្រូវបានអនុវត្តនៅទ្វីបអាហ្វ្រិក និងគោលដៅកំណែទម្រង់ជាច្រើនដែលយើងបានដាក់ចេញ មិនត្រឹមតែលើសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើហិរញ្ញវត្ថុ និងស្ថាប័នអន្តរជាតិទៀតផង សុទ្ធតែសមស្របតាមផលប្រយោជន៍របស់អាហ្វ្រិក ដូច្នេះហើយ តម្រូវការចាំបាច់នាពេលនេះគឺផ្តល់ឱ្យទ្វីបអាហ្វ្រិកនូវសំឡេងនៅក្នុងគ្រប់ស្ថាប័នទាំងអស់ ជាពិសេសនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កង្វះតំណាងអចិន្ត្រៃយ៍របស់អាហ្វ្រិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខត្រូវតែផ្លាស់ប្តូរឱ្យបានឆាប់ៗ»។

ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតសំឡេងសន្តិសុខ-នយោបាយថ្មីសម្រាប់ទ្វីបអាហ្វ្រិក នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Luanda សហភាពអាហ្វ្រិក និងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីជម្លោះធំៗនៅលើពិភពលោក ក៏ដូចជាការសន្យាវាងភាគីទាំងពីរក្នុងការការពារពហុភាគីនិយម និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងសន្តិភាពសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ