ឧក្រិដ្ឋកម្មបោកប្រាស់ឆ្លងដែន៖ ការគំរាមកំហែងជាសកលនៅក្នុងយុគសម័យឌីជីថល

(VOVWORLD) - នៅក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា ជាពិសេសបច្ចេក វិទ្យាបញ្ញាសិប្បនិម្មិត (AI) ឧក្រិដ្ឋកម្មបោកប្រាស់ឆ្លងដែនកាន់តែមានភាពស្មុគស្មាញ ជាងមុន ហើយបានក្លាយជាការគំរាមកំហែងជាសកលនៅក្នុងយុគសម័យឌីជីថល។

នៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៩៣ ដែលបានធ្វើឡើងនៅទីក្រុង Marrakech (ប្រទេសម៉ារ៉ុក) ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) បានអនុម័តជាផ្លូវការលើសេចក្តីសម្រេចចិត្តដែលអំពាវ នាវឱ្យមានយុទ្ធនាការសហប្រតិបត្តិការសកលដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទនេះដែលកំពុងរីករាលដាលក្នុងអត្រាគួរប្រកាសអាសន្ន។

តួរលេខគួរឱ្យប្រកាសអាសន្ន

នៅក្នុងកិច្ចប្រជុំមហាសន្និបាតនៅទីក្រុង Marrakech អង្គការ Interpol បានប្រកាសពីតួរលេខគួរឱ្យប្រកាសអាសន្នជាច្រើន។ ជាក់ស្ដែងគឺ ឧក្រិដ្ឋកម្មបោកប្រាស់ ឆ្លងដែន និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាទូទៅ កំពុងកើនឡើងទាំងទំហំ ភាពស្មុគ ស្មាញ និងវិសាលភាពឥទ្ធិពល ដែលបណ្ដាលឲ្យមានការខូចខាតជាសកលប្រហែល  ៨ ទ្រីលានដុល្លារអាមេរិក (នៅឆ្នាំ ២០២៣) ហើយគ្រោងនឹងឡើងដល់ ១០,៥ ទ្រីលាន ដុល្លារ (នៅឆ្នាំ ២០២៥) និងលើសពី GDP របស់ប្រទេសធំៗជាច្រើន។ Interpol បាន ព្រមានពិសេសអំពីការគំរាមកំហែងពីមជ្ឈមណ្ឌលបោកប្រាស់ឆ្លងដែន។ នេះគឺជា បណ្ដាញឧក្រិដ្ឋជនដែលត្រូវបានរៀបចំឡើង ដើម្បីអនុវត្តន៍អំពើបោកប្រាស់តាម អ៊ីនធឺណិត សំដៅលួចយកទ្រព្យសម្បត្តិដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឬការក្លែងបន្លំ តាមរយៈរូបិយប័ណ្ណនិម្មិត។ គួរឲ្យកត់សម្គាល់ ជនរងគ្រោះជាច្រើនត្រូវបានគេបោក បញ្ឆោតឱ្យទៅកាន់ប្រទេសដទៃទៀត ដោយការសន្យាអំពី "ការងារដែលមានប្រាក់ ខែខ្ពស់" បន្ទាប់មកត្រូវគេចាប់បង្ខំឱ្យចូលរួមដោយផ្ទាល់ក្នុងសកម្មភាពបោកប្រាស់។ យោងតាម Interpol មជ្ឈមណ្ឌលទាំងនេះកំពុងរីករាលដាលទៅកាន់តំបន់ជាច្រើនលើ ពិភពលោក ចាប់ពីអាស៊ីអាគ្នេយ៍រហូតដល់អាហ្វ្រិក អាមេរិកកណ្តាល និងមជ្ឈិមបូព៌ា។ ជនរងគ្រោះនៃសកម្មភាពបោកប្រាស់ត្រូវបានកត់ត្រានៅក្នុងប្រទេសចំនួន ៦៦ ដែល ឆ្លុះបញ្ចាំងពីទំហំជាសកល និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មប្រភេទនេះ។

យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មបោកប្រាស់ បានបង្កើនជម្លោះ បំផ្លាញស្ថាប័នរដ្ឋ ហើយបានក្លាយជាការគំរាមកំហែងពិតប្រាកដចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។

“ឧក្រិដ្ឋកម្មដែលមានការរៀបចំឆ្លងដែន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅគ្រប់ទីកន្លែង គ្រប់ប្រទេស ចាប់ពីប្រទេសអ្នកមានរហូតដល់ប្រទេសក្រីក្រ ពីខាងជើងទៅខាងត្បូង ពីប្រទេស អភិវឌ្ឍន៍រហូតដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ហើយលំហអ៊ីនធឺណិតគឺជាអណ្តូងរ៉ែមាស សម្រាប់ឧក្រិដ្ឋកម្មប្រភេទនេះ”។
នៅចំពោះមុខការគំរាមកំហែងកាន់តែខ្លាំងឡើងនៃឧក្រិដ្ឋកម្មបោកប្រាស់ឆ្លង ដែននាបច្ចុប្បន្ន យន្តការសហប្រតិបត្តិការអន្តរជាតិកំពុងត្រូវបានជំរុញយ៉ាងខ្លាំង ក្នុងនោះ ចំណុចលេចធ្លោគឺការបើកឲ្យចុះហត្ថលេខាលើអនុសញ្ញាអង្គការសហ ប្រជាជាតិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាទីក្រុងហាណូយ) កាលពីចុងខែតុលាកន្លងមក។

បញ្ហានៃការទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI)

នៅក្នុងបញ្ហាប្រឈមទូទៅអំពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបោកប្រាស់ឆ្លងដែន បញ្ហាបច្ចេកវិទ្យាបានក្លាយជាតំណភ្ជាប់ដ៏សំខាន់ នៅពេលដែលភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ បានបង្កឲ្យមានបញ្ហាប្រឈមដ៏ធំសម្រាប់ភ្នាក់ងារអនុវត្តន៍ ច្បាប់។ ជាពិសេស អង្គការឧក្រិដ្ឋកម្ម កំពុងផ្លាស់ប្ដូរល្បិចកលជាបន្តបន្ទាប់ ដោយទាញ យកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លែងបន្លំមុខមនុស្ស (Deepfake) ដើម្បីអនុវត្តន៍ការបោកប្រាស់ទ្រង់ទ្រាយធំ និងស្មុគស្មាញ។ យោងតាម Interpol ទាំងអស់នេះគឺជាកត្តាដែលបណ្តាលឱ្យឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្ទុះឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកំពុងក្លាយជា "ជំងឺរាតត្បាតឧក្រិដ្ឋកម្ម" ដែលគំរាមកំហែងដល់គ្រប់ប្រទេស។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យា Interpol ចាត់ទុកថា ប្រទេសនានាត្រូវវិនិយោគកាន់តែច្រើនថែមទៀត លើសមត្ថភាពវិភាគទិន្នន័យ ការសម្រប សម្រួលអន្តរភ្នាក់ងារ និងការបណ្តុះបណ្តាលឯកទេសសម្រាប់កងកម្លាំងអនុវត្តន៍ច្បាប់ ជាពិសេសក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីស៊ើបអង្កេត និងបង្ក្រាបក្រុមឧក្រិដ្ឋ ជនឆ្លងដែនដែលមានបច្ចេកវិទ្យាខ្ពស់។ អគ្គលេខាធិការ Interpol លោក Valdecy Urquiza បានមានប្រសាសន៍ថា៖

“Interpol មានយុទ្ធសាស្ត្រចំនួន ៣ ដើម្បីជួយឧបត្ថម្ភប្រទេសនានា។ ទីមួយ យើងជួយភ្នាក់ងារអនុវត្តន៍ច្បាប់នានាឱ្យយល់កាន់តែច្បាស់ពីរបៀបដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ AI។ ទីពីរ យើងជួយប៉ូលីសនៃបណ្ដាប្រទេសឱ្យយល់ពីរបៀបដែលពួកគេ អាចនិងគួរប្រើប្រាស់ AI ផងដែរ។ បច្ចុប្បន្នយើងកំពុងអភិវឌ្ឍន៍ឧបករណ៍ និងសេវាកម្ម AI ដែលប៉ូលីសអាចប្រើប្រាស់ក្នុងការស៊ើបអង្កេត ជាពិសេសការស៊ើបអង្កេតដ៏ស្មុគ ស្មាញ។ ប្រសិនបើមានទិន្នន័យធំ AI អាចផ្ដល់នូវប្រយោជន៍ជាច្រើន។ យុទ្ធសាស្ត្រទី បីគឺផ្តល់ការណែនាំ ក៏ដូចជាជំរុញការពិភាក្សាជាមួយភ្នាក់ងារអនុវត្តន៍ច្បាប់ និងសង្គម ស៊ីវិល អំពីការប្រើប្រាស់ AI ដោយមានការទទួលខុសត្រូវ”។

គំនិតផ្តួចផ្តើមផ្សេងៗទៀតដែល Interpol ក៏ផ្ដល់អាទិភាពផងដែរ រួមមានការបង្កើនការចែករំលែកមូលដ្ឋានទិន្នន័យសកលស្ដីពីគេហទំព័របោកប្រាស់ និងអត្ត សញ្ញាណឧក្រិដ្ឋជន
តាមអ៊ីនធឺណិត ដែលត្រូវបានកំណត់ជាអាទិភាពកំពូល។ លើស ពីនេះ យុទ្ធនាការលើដីជាក់ស្ដែងសំដៅបង្ក្រាបឧក្រិដ្ឋជន ដោយមានការសម្រប សម្រួលថ្នាក់តំបន់ និងសកល ក៏ចាំបាច់ត្រូវជំរុញឲ្យកាន់តែខ្លាំងក្លា សំដៅទៅលើ «ចំណុចក្តៅគគុក» និងបណ្ដាញឧក្រិដ្ឋកម្មដែលមានការរៀបចំ។ ទន្ទឹមនឹងនោះ តាមដាន ការបង្កកទ្រព្យសម្បត្តិខុសច្បាប់ ដើម្បីកាត់ផ្តាច់ប្រភពប្រាក់ចំណេញពី បណ្តាញឧក្រិដ្ឋកម្មបោកប្រាស់។ ម្យ៉ាងទៀត ប្រទេសនានាក៏គួរតែផ្តោតលើការបង្កើត នីតិវិធីបន្ទាន់ដើម្បីស្វែងរក ជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ ក៏ដូចជា សម្របសម្រួលរៀបចំយុទ្ធនាការដើម្បីលើកកំពស់ការយល់ដឹងជាសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ