ឯកភាពសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -  កាលពីចុងសប្តាហ៍មុននេះ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ (G20) បានបើកកិច្ចប្រជុំពិសេស ថ្នាក់រដ្ឋមន្រ្តីនៅទីក្រុង Naples (ទីក្រុងណាប៉ូលីនៃប្រទេសអ៊ីតាលី) ដែលផ្តោតសំខាន់លើប្រធានបទអំពីអាកាសាធាតុ។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមប្រទេស G20 ដែលក្រុមនេះបានបើកកិច្ចប្រជុំជំនាញកម្រិតខ្ពស់ ស្តីពីប្រធានបទអាកាសធាតុ។ តាមនោះ ទោះបី ជា លទ្ធផលដែលទទួលបាននៅមានកំហិតក៏ដោយ ក៏ប៉ុន្តែកិច្ចប្រជុំនៅតែត្រូវបានចាត់ទុកថាជាជំហានលើកទឹកចិត្តក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់ពិភពលោកនាបច្ចុប្បន្ននេះ។

ឯកភាពសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1ទូករាប់សិបត្រូវបានជាប់គាំងនៅបឹង ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ដោយសារតែទឹកនៅបឹងនេះរីងស្ងួត បណ្តាលមកពីការប្រែប្រួលអាកាសធាតុ (រូបថត៖ AFP/VNA)

កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាននិងថាមពលនៃប្រទេស G20 ដែលធ្វើឡើងនៅថ្ងៃទី ២២-២៣ ខែកក្កដានេះ ដែលជាលើកទី ១  ប្រធានបទស្តីពីអាកាសធាតុត្រូវបានមន្ត្រីជាន់ខ្ពស់នៃសេដ្ឋកិច្ចនាំមុខពិភពលោកលើកឡើងពិភាក្សាយ៉ាងស៊ីជម្រៅ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ បណ្តាប្រទេសចូលរួមបានឯកភាពលើខ្លឹមសារសំខាន់ៗមួយចំនួនមានចរិតលក្ខណៈលើកទឹកចិត្ត សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

លទ្ធផលវិជ្ជមាន

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្រ្តី G20 បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីប្តេជ្ញាចិត្តឡើងវិញក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ (COP21) ព្រមទាំងបានចេញសេចក្តីថ្លែងការណ៍រួមក្រោមប្រធានបទស្តីពីបរិស្ថាន ដោយមានខ្លឹមសារ សំខាន់ចំនួន ៣ រួមមានៈ ការពារជីវៈចម្រុះ ការពារទុនធម្មជាតិ និងស្តារប្រព័ន្ធអេកូឡូស៊ីដោយប្រើដំណោះស្រាយធម្មជាតិការពារនិងស្តារដី ការពារប្រភពទឹក មហាសមុទ្រនិងធនធានសមុទ្រ រួមទាំងការការពារនិងកាត់បន្ថយកាកសំណល់ប្លាស្ទិក។ ទន្ទឹមជាមួយគ្នានោះ ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ផ្តោតលើវាយនភ័ណ្ឌនិងសម្លៀកបំពាក់ប្រកបដោយចីរភាព ការអប់រំនិងបណ្តុះបណ្តាល និងការទទួលស្គាល់ទំនាក់ទំនងរវាងជីវៈចម្រុះនិងការផ្លាស់ប្តូរអាកាសធាតុផងដែរ។ ក្រៅពីនោះ អនុវត្តន៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដោយផ្តោតលើតម្រូវការហិរញ្ញវត្ថុជាក់ស្តែង សម្រាប់ការពារនិងការស្តារប្រព័ន្ធអេកូឡូស៊ី ដែលជាការចូលរួមចំណែកក្នុងការកំណត់រូបរាងនូវអនាគតនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំពោះការគោរពឡើងវិញ COP21 និងការចេញសេចក្តីថ្លែងការណ៍រួមជាមួយខ្លឹមសារសំខាន់ៗខាងលើ ត្រូវបានចាត់ទុកថាជាការបន្តកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលត្រូវបានប្រទេសនានាជំរុញអនុវត្តន៍ក្នុងឆ្នាំ ២០២១នេះ។ ក្នុងនោះអ្វីដែលគួរអោយកត់សម្គាល់បំផុត នោះគឺលទ្ធផលវិជ្ជមានដែលទទួលបាននៅឯកិច្ចប្រជុំកំពូលអាកាសធាតុដែលរៀបចំដោយសហរដ្ឋអាមេរិក ហើយបានធ្វើឡើងកាលពី ៣ ខែមុន (២២-២៣ ខែមេសាឆ្នាំ ២០២១)។

ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរអេកូឡូស៊ីរបស់អ៊ីតាលី លោក Roberto Cingolani បានវាយតម្លៃថា ការដែលកិច្ចប្រជុំ G20 ចេញសេចក្តីថ្លែងការណ៍រួម គឺជាលទ្ធផល “ មានមហិច្ឆតាពិសេស” ដោយកត់សម្គាល់ថា “នេះជាលើកទីមួយហើយដែលមានរឿងដូចនេះត្រូវបានសរសេរឡើងយ៉ាងច្បាស់និងមានលក្ខណៈចាប់បង្ខំជាមួយបណ្តាប្រទេសដែលកំពុងបង្កើត ៨០% នៃ GDP របស់ពិភពលោក ប៉ុន្តែស្រូបយក ៨៥% នៃការបំភាយកាបូនពិភពលោកដែរ”។ យោងតាមមន្ត្រីរូបនេះ ការពន្លឿនសកម្មភាពអាកាសធាតុនៅគ្រប់កម្រិតថ្នាក់ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងចំណោមសមាជិក G20 គឺមានសារៈសំខាន់ណាស់ក្នុងការ ឈានទៅរកគោលដៅកំណត់ការឡើងកំដៅផែនដីដល់ ១, ៥-២ អង្សាសេ និងធានាបានការស្តារសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោយជំងឺរាតត្បាតទូទាំងពិភពលោក។

ឯកភាពសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ - ảnh 2កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងបរិស្ថាន អាកាសធាតុនិងថាមពល G20 នៅទីក្រុង Naples ប្រទេសអ៊ីតាលីថ្ងៃទី ២២ ខែកក្កដា (រូបថត៖ aa.com.tr)

នៅមានបញ្ហាប្រឈមជាច្រើន

ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនដើម្បីបង្រួមការខ្វែងគំនិតគ្នាក៏ដោយក៏កិច្ចប្រជុំនៅទីក្រុង Naples នៅមិនបានឈានដល់ការព្រមព្រៀងគ្នាស្តីពីគោលដៅនៃការគ្រប់គ្រងសីតុណ្ហ ភាពពិភពលោកឡើយ។ ក្នុងនោះ បញ្ហាកាត់បន្ថយការរុករកធ្យូងថ្មគឺជាចំណុចមួយក្នុងចំណោមចំណុចធំបំផុតនៃការខ្វែងគំនិតគ្នារវាងភាគីម្ខាងគឺអាមេរិក ជប៉ុននិងអឺរ៉ុប ជាមួយភាគីម្ខាងទៀតគឺចិន រុស្ស៊ីនិងឥណ្ឌា ដែលបណ្តាលឲ្យសេចក្តីថ្លែងការណ៍រួមមិនរាប់បញ្ចូលការប្តេជ្ញាកាត់បន្ថយការជីកយកនិងការប្រើប្រាស់ធ្យូងថ្មនៅឡើយ។ លើសពីនេះការកាត់បន្ថយផលិតកម្មប្រេងនិងឧស្ម័នមិនបានរកឃើញសំឡេងរួមនៅក្នុងកិច្ចប្រជុំនោះទេ ដោយសារតែមានការជំទាស់ពីបណ្តាប្រទេសនាំចេញប្រេង។

នៅចំពោះមុខស្ថានភាពជាក់ស្តែងនេះ អ្នកវិភាគជាច្រើនបានចាត់ទុកថា នៅតែមានការងារជាច្រើនដែលត្រូវធ្វើ ហើយប្រទេសនានាត្រូវខិតខំបន្ថែមទៀត តាំងពីពេលនេះ រហូតដល់ពេលដែលកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) គ្រោងនឹងធ្វើនៅ Scotland ក្នុងខែវិច្ឆិកាឆ្នាំនេះ។ ព្រឹត្តិការណ៍នេះគឺជាកាលបរិច្ឆេទសម្រាប់ប្រទេសនិងតំបន់ជិត ២០០ ដើម្បីធ្វើបច្ចុប្បន្នភាពរាល់ការប្តេជ្ញាចិត្តអាកាសធាតុរបស់ខ្លួនក្នុងក្របខ័ណ្ឌ នៃ COP21 ផងដែរ។

ចំណែកខ្លួនវិញ នៅថ្ងៃទី ២៦ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវនូវតួនាទីដឹកនាំរបស់ G20 ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោក។ យោងតាមប្រមុខនៃអង្គការពហុភាគីធំជាងគេនៅលើពិភព លោកនេះ គឺពិភពលោកត្រូវការការប្តេជ្ញាចិត្តច្បាស់លាស់របស់បណ្តាប្រទេស G20 ទាំងអស់ ក្នុងគោលដៅរក្សាសីតុណ្ហភាពផែនដីឲ្យមិនហួសពី ១,៥ អង្សាសេនៅចុងទសវត្សនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ