ជួបសំណេះសំណាលជាមួយអ្នកផ្សាយសំឡេងជាភាសាបរទេសម្នាក់ដែល រួមចំណែករីកសាយភាយសារសន្តិភាពពីវៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - ក្នុងប្រវត្តិសាស្ត្រជិត ៨០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍរបស់វិទ្យុសំឡេងវៀតណាម (VOV) (១៩៤៥-២០២៣) អ្នកផ្សាយសំឡេងជាច្រើនរបស់វិទ្យុ ត្រូវបានផ្ដល់កិត្តិយសជាច្រើនលើកច្រើនសារ ដើម្បីបញ្ចេញព័ត៌មានអំពីឯកសារសំខាន់ៗរបស់បក្សនិងរដ្ឋ ដ៏មានតម្លៃប្រវត្តិសាស្ត្រ។ ក្នុងនោះ ត្រូវតែនិយាយដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ស្ដីពីការបញ្ចប់សង្គ្រាមនិងបង្កើតសន្តិភាពឡើងវិញនៅប្រទេសវៀតណាម។ ក្នុងវេលាប្រវត្តិសាស្ត្រនោះ អ្នកនិពន្ធ-អ្នកផ្សាយសំឡេង Minh Thu នៃកម្មវិធីផ្សាយសំឡេងជាភាសាបារាំង មានមោទនភាពដែលជាអ្នកផ្សាយសំឡេងម្នាក់ក្នុងចំណោមអ្នកផ្សាយសំឡេងរបស់ VOV ដែលរួមចំណែកជូនដំណឹងទៅកាន់ទស្សនិកជនពិភពលោកអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ជួបសំណេះសំណាលជាមួយអ្នកផ្សាយសំឡេងជាភាសាបរទេសម្នាក់ដែល រួមចំណែករីកសាយភាយសារសន្តិភាពពីវៀតណាមទៅកាន់ពិភពលោក - ảnh 1អ្នកផ្សាយសំឡេង Minh Thu នៃកម្មវិធីភាសាបារាំង។

អ្នកផ្សាយសំឡេង Minh Thu ជាអ្នកនិពន្ធ-អ្នកផ្សាយសំឡេងជើងចាស់ម្នាក់នៃកម្មវិធីភាសា បារាំង នៃគណៈកម្មការផ្សាយសំឡេងជាភាសាបរទេស (VOV5) វិទ្យុសំឡេងវៀតណាម ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០-១៩៩០។ ដោយមានសំឡេងដ៏កក់ក្តៅ ទន់ភ្លន់ និងរបៀបបញ្ចេញសំឡេងភាសាបារាំងបានត្រឹមត្រូវ លោកស្រីត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ក្នុង "ជំនាន់មាស" របស់ VOV5 ដែលបានរួមចំណែកនាំសំឡេងពីប្រទេសវៀតណាមទៅកាន់មិត្តភក្តិជុំវិញពិភពលោក។

“កាលពីនៅរៀនក្នុងសាលា ខ្ញុំធ្លាប់ធ្វើជាពិធីករភាសាបារាំង ដូច្នេះពេលខ្ញុំក្លាយជាអ្នកផ្សាយសំឡេង ខ្ញុំឃើញថា ខ្លួនឯងក៏សមស្របនឹងអាជីពនេះណាស់។ ដូច្នេះហើយ ខ្ញុំតែងតែហាត់អានជារៀងរាល់ថ្ងៃជាមួយនឹងម៉ាស៊ីនថតសំឡេង”។

អ្នកផ្សាយសំឡេង Minh Thu ឈ្មោះពេញគឺ Nghiem Minh Thu កើតនៅឆ្នាំ ១៩៤៣។ តាំងពីកុមារភាព លោកស្រីត្រូវបានក្រុមគ្រួសារបញ្ជូនឱ្យទៅសិក្សានៅសាលាដែលអាណានិគមបារាំងបើកនៅទីក្រុងហាណូយ។ នៅសាលាទាំងនេះ សិស្ស Minh Thu ឆាប់បានស្គាល់ភាសាបារាំង តាមរយៈការសិក្សាប្រចាំថ្ងៃជាមួយគ្រូបង្រៀនជនជាតិបារាំង។ នោះក៏ជាហេតុផលមួយ ដែលអ្នកផ្សាយសំឡេង Minh Thu ត្រូវបានគេវាយតម្លៃថា ជាមនុស្សម្នាក់ដែលមានការបញ្ចេញសំឡេងភាសាបារាំងបានត្រឹមត្រូវ នៅលើរលកវិទ្យុ។ នៅឆ្នាំ ១៩៦៩ នៅពេលមានអាយុ ២៦ ឆ្នាំតែប៉ុណ្ណោះ លោកស្រីត្រូវបានគេទទួលយកជាអ្នកផ្សាយសំឡេងនៃកម្មវិធីភាសាបារាំងរបស់ VOV5។ លោកស្រី Minh Thu បានរំលឹកឡើងវិញថា៖

“នៅថ្ងៃនោះ ខ្ញុំត្រូវហាត់អានយ៉ាងប្រញាប់ប្រញាល់ ដើម្បីជំនួសឲ្យអ្នកផ្សាយសំឡេងស្រី២នាក់ដែលឈប់សម្រាកពីការងារ។ ក្នុងរយៈពេលដំបូង ខ្ញុំអានព័ត៌មាន បទអត្ថាធិប្បាយ… ខ្ញុំមានអារម្មណ៍ថា ខ្លួនត្រូវការសិក្សារៀនសូត្រដោយឥតឈប់ឈរ។ ខ្ញុំស្រឡាញ់និងជក់ចិត្តជាមួយនឹងការងារនេះ ដូច្នេះមិនមានអារម្មណ៍ពិបាកទេ។ នៅពេលដែលខ្ញុំមានពេលទំនេរ ខ្ញុំច្រើនតែស្តាប់ខ្សែអាត់របស់អ្នកផ្សាយសំឡេងជំនាន់មុនៗ ដើម្បីរៀនសូត្រតាម”។

ក្នុងការចងចាំរបស់អ្នកនិពន្ធ-អ្នកផ្សាយសំឡេងជាភាសាបារាំងរូបនេះ ធ្វើការក្នុងកំឡុងឆ្នាំសង្រ្គាមដ៏លំបាកវេទនា និងកាចសាហាវ ជាពិសេសក្នុងអំឡុងពេល ១២ ថ្ងៃនិងយប់ចុងឆ្នាំ ១៩៧២ នៅពេលដែលកងទ័ពអាមេរិកបានប្រើប្រាស់យន្តហោះ B៥២ ទម្លាក់គ្រាប់បែកបំផ្លាញទីក្រុងហាណូយ គឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានឡើយ។

ក្នុងប៉ុន្មានថ្ងៃនោះ កម្មាភិបាល បុគ្គលិកនៃវិទ្យុសំឡេងវៀតណាម ត្រូវជម្លៀសចេញ ដើម្បីធានាសុវត្ថិភាព សល់តែចំនួនតិចតួចប៉ុណ្ណោះស្នាក់នៅ ដើម្បីរក្សាកម្មវិធីវិទ្យុ។ លោកស្រី Thu ជាមនុស្សម្នាក់ដែលស្នាក់នៅរដ្ឋធានី៖

“ក្នុងកម្មវិធីភាសាបារាំង មានតែមនុស្ស៣នាក់ប៉ុណ្ណោះបានស្នាក់នៅ ក្នុងនោះមានខ្ញុំផង។ ពេលនោះ ប្រសិនបើមានសំឡេងរោទិ៍រកឃើញយន្តហោះសត្រូវនៅខាងក្រៅ ប្រជាជនត្រូវតែចុះទីជម្រកក្រោមដី ប៉ុន្តែដល់ម៉ោងផ្សាយ យើងខ្ញុំនៅតែទៅវិទ្យុ។ ពេលខ្លះ លឺសំឡេងយន្តហោះពីខាងលើ ប៉ុន្តែនៅតែទៅធ្វើការឲ្យទាន់ពេលថត ខិតខំធានាម៉ោងផ្សាយសំឡេង។ ដល់ម៉ោងចូលបន្ទប់អាន ទោះបីជាមានសំឡេងរោទិ៍ក៏ដោយ ក៏នៅតែអង្គុយអាន។ វិទ្យុសំឡេងវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីរក្សារលក”។

នៅខែមករា ឆ្នាំ ១៩៧៣ ក្រោយរយៈពេលទាំងយប់ទាំងថ្ងៃបំពេញភារកិច្ចនៅរដ្ឋធានីហាណូយ លោកស្រី Minh Thu នាំកូនប្រុសអាយុ ៤ ឆ្នាំ រួមជាមួយក្រុមការងារ ១០០ នាក់ នៃវិទ្យុសំឡេង វៀតណាមទៅកាន់ Kunming ប្រទេសចិន ដើម្បីទទួលភារកិច្ចថ្មី៖ ផ្សាយកម្មវិធីពីទឹកដីចិន រក្សារលកវិទ្យុ ក្នុងពេលរងចាំឲ្យជួសជុលវិទ្យុផ្សាយសំឡេង Me Tri និង Bach Mai ដែលរងការខូចខាតដោយគ្រាប់បែកអាមេរិកក្នុងយុទ្ធនាការហាណូយ ១២ ថ្ងៃនិងយប់កាលពីមុននោះ។

នៅពេលដែលក្រុមការងារមកដល់ទីក្រុង Kunming កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាមត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣។ ហើយឯកសារដំបូងរបស់វិទ្យុសំឡេង វៀតណាម ដែលបានផ្សាយពីទីក្រុង Kunming គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាមនោះ។ លោកស្រី Minh Thu រំលឹកឡើងវិញថា៖

“នៅពាក់កណ្ដាលអធ្រាត្រ យើងខ្ញុំត្រូវភ្ញាក់ពីដំណេកដើម្បីទៅអានឯកសារនៃសន្និសីទទីក្រុង ប៉ារីស។ ថ្ងៃនោះ មានខ្ញុំនិងពូ Thi ជាអ្នកផ្សាយពីរនាក់ដែលបានអាន។ ខ្ញុំនៅចាំថា អត្ថបទថ្ងៃនោះត្រូវបានវាយបញ្ចូលដោយពុម្ភអក្សរ Telex ពិបាកមើលណាស់ ប៉ុន្តែជាសំណាងល្អ ពួកយើង ២ នាក់អានវាបានរលូន។ នៅពេលនោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ រំភើបចិត្ត មោទនភាពលាយឡំនឹងអារម្មណ៍ជាច្រើន។ យប់នោះ គណៈកម្មការផ្សាយជាភាសាបរទេសទាំងមូលមិនបានដេកទាល់តែសោះ។ ទីមួយគឺដើម្បីធ្វើការ ទីពីរគឺយើងសប្បាយរីករាយណាស់ព្រោះសង្រ្គាមនឹងបញ្ចប់ សន្តិភាពនឹងត្រូវបានបង្កើតឡើងវិញ បងប្អូនខ្លះឱបគ្នាយំ សប្បាយចិត្តព្រោះមានសន្តិភាពហើយ”។

សព្វថ្ងៃនេះ ទោះបីជាបានចូលនិវត្តន៍ហើយក៏ដោយ ក៏សេចក្ដីស្រឡាញ់របស់លោកស្រី Minh Thu សម្រាប់ភាសាបារាំង និងអាជីពវិទ្យុមិនផ្លាស់ប្ដូរនោះឡើយ។ ពេលខ្លះ នៅម៉ោងផ្សាយកម្មវិធីភាសាបារាំង លោកស្រីច្រើនតែបើកវិទ្យុដើម្បីបន្ធូរបន្ថយការនឹករលឹកអាជីព ដូច្នេះហើយបានជារាល់អនុស្សាវរីយ៍ក្នុងអំឡុងពេលផ្សាភ្ជាប់នឹងរលកវិទ្យុសំឡេងវៀតណាមបែរជាហូរមកវិញយ៉ាងច្រើនជាងពេលណាៗទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ