យុវជនជនជាតិ Mong និងសេចក្ដីប្រាថ្នាចង់គ្របពណ៌បៃតងពេញលេញលើទឹកដីស្រុកកំណើត

(VOVWORLD) - បោះបង់ចោលទីក្រុងជាមួយនឹងប្រាក់ចំណូលដ៏គួរឱ្យទាក់ទាញ លោក Hoang Seo Chan យុវជនជនជាតិ Mong ម្នាក់ដែលកើតនៅតំបន់ព្រៃភ្នំ Lao Cai បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ហើយប្ដេជ្ញាចិត្តធ្វើជាអ្នកមាននៅហ្នឹងទឹកដីស្រុកកំណើតរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏មានសេចក្ដីប្រាថ្នាចង់គ្របពណ៌បៃតងពេញលេញលើផ្តៃដីនិងទីទួលទំនេរនៅស្រុកកំណើតទៀតផង។

យុវជនជនជាតិ Mong និងសេចក្ដីប្រាថ្នាចង់គ្របពណ៌បៃតងពេញលេញលើទឹកដីស្រុកកំណើត - ảnh 1លោក Hoang Seo Chan (អាវខៀវ) និងសមាជិកសហករណ៍។ (រូបថត៖ VOV)

ពេលទទួលពួកយើងនៅក្នុងចម្ការបណ្តុះកូនឈើអែមផង លោក Hoang Seo Chan ហៅទូរស័ព្ទផង ហើយបានណែនាំកម្មករឲ្យដាក់កូនឈើអែមលើរថយន្ត ដើម្បីដឹកទៅកាន់អ្នកទិញផង។ លោកក្រើនរំលឹកកម្មករជាបន្តបន្ទាប់ឱ្យរៀបចំកូនឈើយ៉ាងយកចិត្តទុកដាក់ តាមបច្ចេកទេសត្រឹមត្រូវ។ លោក Chan បាននិយាយថា លោកបានហ្វឹកហាត់ភាពអំណត់ធ្មត់ ភាពត្រឹមត្រូវ ហើយសិក្សាបានចំណេះដឹងដ៏មានប្រយោជន៍ជាច្រើន ជាពិសេសគឺវិន័យ របៀបគ្រប់គ្រង ការបែងចែកការងារ ការប្រតិបត្តិផលិតកម្ម នៅពេលទៅធ្វើការនៅប្រទេសជប៉ុនក្នុងរយៈពេល ៣ ឆ្នាំ។ ដោយមានដើមទុនគឺចំណេះដឹងផ្នែកវិស្វកម្មមេកានិច និងកម្រិតភាសាបរទេសគ្រប់គ្រាន់សម្រាប់បង្រៀនភាសា
ជប៉ុនដល់កម្មករដែលចង់ទៅធ្វើការនៅឯបរទេស នៅពេលដែល Chan ទើបបានត្រឡប់មកវៀតណាមវិញ លោកបានស្នាក់នៅរដ្ឋធានីហាណូយដើម្បីធ្វើការ។ លោក Hoang Seo Chan បានឲ្យដឹងថា៖

“នៅពេលទើបត្រឡប់មកវៀតណាមវិញ ខ្ញុំគិតថា ប្រសិនបើខ្លួនទៅធ្វើការ លះបង់សម្រាប់ទីក្រុងហើយ បោះបង់ចោលស្រុកកំណើតក្រីក្រ ពិតណាស់ថាបងប្អូននឹងមិនគោរពឲ្យតម្លៃលើខ្លួនឯង។ ដល់ទីបំផុត ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំបានកើតនៅភូមិ ខ្ញុំមិនអាចបោះបង់ចោលស្រុកកំណើតបានទេ។ ខ្ញុំមានចំណេះដឹងហើយ ខ្ញុំអាចណែនាំអ្នកស្រុកដោយផ្ទាល់ ឱ្យចេះធ្វើអាជីវកម្ម ហើយបង្កើតការងារដោយមិនចាំបាច់ទៅណាឆ្ងាយទេ។ នេះជាមូលហេតុដែលខ្ញុំសម្រេចចិត្តត្រឡប់មកវិញ មិនស្នាក់នៅក្រុងហាណូយទៀតទេ”។

យុវជនជនជាតិ Mong និងសេចក្ដីប្រាថ្នាចង់គ្របពណ៌បៃតងពេញលេញលើទឹកដីស្រុកកំណើត - ảnh 2លោក Chan ណែនាំសមាជិកសហករណ៍ពីបច្ចេកទេសដាំដំណាំ។

ស្រុកកំណើតរបស់លោក Chan នៅភូមិ Na Pa ឃុំ Ban Me ស្រុក Si Ma Cai ខេត្ត Lao Cai ប្រជាជនភាគច្រើនដាំពោតនៅតាមចំណោទភ្នំថ្ម និងចិញ្ចឹមសត្វខ្នាតតូចៗ ដូច្នេះជីវភាពរស់នៅរបស់ជនរួមជាតិជនជាតិ Nung, Mong និង Thu Lao... នៅតែជួបការលំបាកជាច្រើន។ ហេតុដូច្នេះ នៅពេលទើបត្រឡប់មកវិញ លោក Chan បានខិតខំព្យាយាមស្វែងយល់អំពីគំរូអភិវឌ្ឍន៍កសិកម្មដើម្បីអនុវត្តន៍នៅមូលដ្ឋាន។ រហូតដល់ពេលទៅទស្សនាតំបន់ Tam Ky (ខេត្ត Quang Nam) ជាមួយមិត្តភក្តិ លោក Chan បានរកឃើញផ្លូវសម្រាប់ខ្លួនឯង។

“ចូលទៅស្រុក Tam Ky ខេត្ត Quang Nam ខ្ញុំឃើញគេដាំដើមអាកាស្យា ដើមពោធិ៍ជាច្រើន ហើយមានព្រៃឈើនៅស្ទើរតែគ្រប់ទីកន្លែង។ គេក៏ជាតំបន់ព្រៃភ្នំដូចមូលដ្ឋានយើងអញ្ចឹង ប៉ុន្តែប្រជាជនមានជីវភាពសម្បូរធូធារណាស់។ ពេលនោះ មានចម្ងល់មួយបានផុសឡើងក្នុងក្បាលខ្ញុំថា ហេតុអ្វីគេធ្វើបាន ប៉ុន្តែយើងធ្វើមិនបាន ផ្ទៃដីរបស់យើងសុទ្ធតែជាផ្ទៃដីទំនេរ ហេតុអ្វីយើងមិនដាំដើមឈើដោយមានតម្លៃបែបនេះ”។

រហូតមកដល់ពេលនេះ ក្រោយរយៈពេល ៦ ឆ្នាំបង្កើតសហករណ៍មកលោក Hoang Seo Chan តែងតែជាប់មមាញឹកជាមួយនឹងគំនិតគ្រប់បែបយ៉ាង។ បើឃើញទីកន្លែងណាដែលមានអាកាសធាតុស្រដៀងគ្នា មានប្រភេទដើមឈើណាដែលមានតម្លៃ លោក Chan នឹងធ្វើបញ្ជីមួយ ហើយបានទៅកាន់វិទ្យាស្ថានកសិកម្មនៅរដ្ឋធានីហាណូយ ដើម្បីទិញដើមពូជមកដាំសាកល្បង។ លោក Chan បានឲ្យដឹងថែមទៀតថា៖

“ទៅទិញដើមឈើមក ប៉ុន្តែដាំជិត ១០០០ ដើម គឺស្លាប់ច្រើនណាស់ ត្រឹមតែសល់ ៥០០ ដើមប៉ុណ្ណោះ ហើយមានដើមឈើខ្លះ ដែលខ្ញុំដាំពេញមួយឆ្នាំតែមិនដុះស្លឹកណាមួយទេ។ ខ្ញុំគ្រាន់តែគិតថា ប្រហែលមិនសមរម្យទេ ទើបខ្ញុំយកគ្រាប់ពូជមកសាបព្រោះឲ្យដុះពន្លក ប្រសិនបើវាបន្សាំនឹងអាកាសធាតុហើយវានឹងលូតលាស់។ ខ្ញុំត្រូវតែធ្វើឲ្យបាន ប្រជាជនឃើញប្រសិទ្ធភាពទើបជឿ។ តាមពិត ខ្ញុំអនុវត្តន៍ជាក់ស្ដែងច្រើន ទ្រឹស្ដីតិចណាស់។ វាជារចនាបទការងាររបស់ខ្ញុំ”។

ឆ្នាំនេះ ឈានចូលអាយុ៣៨ឆ្នាំ លោក Hoang Seo Chan កំពុងជានាយកនៃសហករណ៍ Ban Me ដោយមានចម្ការបណ្តុះកូនឈើចំនួន ២ ដែលផ្គត់ផ្គង់ដល់ទីផ្សារដើមឈើពូជចំនួនជាង ២០ ម៉ឺនដើមក្នុងមួយឆ្នាំ។ សហករណ៍មានការចូលរួមពីសមាជិកប្រមាណ ៣០ ដោយមានប្រាក់ចំណូលស្ថិរភាពពី ៧ ទៅ ១០ លានដុងក្នុងមួយខែ។ អ្នកស្រី Leng Thi Khoi នៅភូមិ Sin Chai ឃុំ Ban Me សមាជិកាសហករណ៍បានចែករំលែកថា៖

“សហករណ៍បានប្រគល់ឲ្យយើងសាបព្រួសគ្រាប់ពូជនិងដាំដោយខ្លួនឯង។ អាស្រ័យលើចំនួនដែលអ្នកអាចធ្វើបាន អ្នកនឹងទទួលបានប្រាក់ខែដោយផ្អែកលើផលិតផល។ បច្ចុប្បន្ននេះ នៅឃុំ Ban Me មានតែសហករណ៍របស់លោក Hoang Seo Chan ដែលផលិតដើមឈើជូជបានច្រើនបំផុត”។

ការខិតខំប្រឹងប្រែង និងការលះបង់របស់ លោក Hoang Seo Chan ត្រូវបានលើកតម្កើងក្នុងបញ្ជីយុវជនជនបទគំរូទូទាំងប្រទេស ហើយទទួលបានពានរង្វាន់ Luong Dinh Cua ឆ្នាំ ២០២០ ដែលជាពានរង្វាន់លើកតម្កើងយុវជនជនបទដែលមានស្នាដៃឆ្នើមពិសេសក្នុងការធ្វើផលិតកម្មកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ