សិប្បការិនីឆ្នើម ហ័ង ធី ឃឿង (Hoang Thi Khuong) បំភ្លឺជំនឿជាក់សម្រាប់ជនពិការ
HUYEN TRANG -  
(VOVWORLD) - ថ្វីត្បិតតែជើងរបស់ខ្លួនមិនធម្មតា ប៉ុន្តែសិប្បការិនីឆ្នើម ហ័ង ធី ឃឿង គឺមានបាតដៃដ៏ប៉ិនប្រសប់និងឆន្ទៈដ៏មុតមាំ ជំនះ ពុះពារលើការកង្វះផ្នែករាងកាយ តស៊ូដើម្បីក្លាយជាទីបង្អែកសម្រាប់អ្នកមានស្ថានភាពដូចគ្នា។ លោកស្រីកំពុងថែរក្សាសិប្បកម្មប៉ាក់ប្រពៃណីរបស់ស្រុកកំណើតផង និងជួយជនពិការស្វែងរកការងារធ្វើផង ដោយសម្របខ្លួនចូលក្នុងសង្គមប្រកបដោយទំនុកចិត្ត។
សិប្បការិនីឆ្នើម ធ្វើការយ៉ាងឧស្សាហ៍ព្យាយាម និងល្អិតល្អន់លើការប៉ាក់ (រូបថត៖ Huyen Trang/VOV5) |
នៅក្នុងបន្ទប់តូចមួយដែលពោរពេញដោយតុប៉ាក់ នៅក្នុងរោងសិប្បកម្មប៉ាក់របស់សិប្បការិនី ហ័ង ធី ឃឿង នៅភូមិ Quat Dong ឃុំ Thuong Phuc (ហាណូយ) មានស្ត្រីប្រហែល ៦ ទៅ ៧ នាក់ កំពុងប៉ាក់លំនាំក្បូរក្បាច់លើក្រណាត់។ អ្នកខ្លះត្រូវដាក់កៅអីនៅក្បែរខ្លួនដើម្បីសម្រាកដៃ។ អ្នកខ្លះត្រូវដេកសម្រាកបន្ទាប់ពីដេរប៉ុន្មានថ្នេរ។ អ្នកស្ទាត់ជំនាញអង្គុយស្ងៀមនៅជ្រុងមួយ ដើម្បីគយគនផលិតផលរបស់ខ្លួន។ អ្នកខ្លះទៀតរៀនដេរប៉ាក់ជាមូលដ្ឋានព្យាយាមចងចាំរាល់ការណែនាំ។ ពួកគេសុទ្ធតែជាជនពិការផ្លូវកាយឬបញ្ញា។ សិប្បការិនី ហ័ង ធី ឃឿង បានបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឥតគិតថ្លៃជាច្រើន សម្រាប់ជនពិការ អ្នកចូលចិត្តដេរប៉ាក់ និងយុវជនមកពីខេត្ត-ក្រុងជាច្រើនដូចជា Quang Ninh, Nghe An និង Ha Tinh មកសិក្សា។ អ្នកស្រី Do Thi Loan ធ្លាប់អត់ការងារធ្វើ និងមានភាពអន់ចិត្តលើខ្លួន។ ប៉ុន្តែចាប់តាំងពីមានជំនាញបច្ចេកទេសប៉ាក់ នាងកាន់តែរួសរាយ និងមានទំនុកចិត្តនៅចំពោះមុខអ្នកគ្រប់គ្នា។
“មុខរបរប៉ាក់នេះជួយឱ្យខ្ញុំមិនមានអារម្មណ៍តូចចិត្ត ជាជនពិការទៀតឡើយ ខ្ញុំរៀនប៉ាក់ ហើយឥឡូវចេះប៉ាក់ ដូច្នេះខ្ញុំមានទំនុកចិត្តកាន់តែខ្លាំង ខ្ញុំរកប្រាក់ចិញ្ចឹមខ្លួនឯងបាន”។
សិប្បការិនី Hoang Thi Khuong បើកថ្នាក់រៀនឥតគិតថ្លៃសម្រាប់ជនពិការ (រូបថត៖ Huyen Trang/VOV5) |
ចំណែកលោកស្រី Vu Lan Anh ជាជនពិការផ្នែកសតិបញ្ញា តាំងពីដំបូងពិបាករៀនប៉ាក់ណាស់ ប៉ុន្តែឥឡូវបានស្ទាត់ជំនាញ ផលិតចេញផលិតផលស្អាតៗជាច្រើន សម្រាប់បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។
“ក្នុងអំឡុងពេលដែលខ្ញុំរៀនជាមួយអ្នកគ្រូ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ដំបូងឡើយ ខ្ញុំពិបាកប៉ាក់ ប៉ុន្តែឥឡូវខ្ញុំដេរបានគំនូរមួយទុកជូនអ្នកគ្រូ ហើយអ្នកគ្រូបានបង់ប្រាក់ឲ្យខ្ញុំសម្រាប់គំនូរនោះ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់”។
ស្ត្រីពិការខាងលើ សុទ្ធតែជាកូនសិស្សរបស់សិប្បការិនីឆ្នើម ហើយឥឡូវនេះ គឺជាអ្នករួមដំណើរជាមួយលោកស្រីនៅរោងសិប្បកម្មប៉ាក់នេះ។ ធ្លាប់ជាមនុស្សខ្មាស់អៀន ភ័យខ្លាច និងតូចចិត្តដោយសារតែជើងមិនធម្មតា ប៉ុន្តែនៅពេលដែលលោកស្រីហ៊ានបើកទឹកចិត្តជាមួយអ្នកដទៃពីពិភពខាងក្រៅ ជីវិតរបស់លោកស្រីបានផ្លាស់ប្តូរជាច្រើន។ ដូច្នេះហើយលោកស្រីចង់ជួយមនុស្សដែលមានស្ថានភាពដូចគ្នាដើម្បីបំភ្លឺជំនឿលើអនាគតរបស់ ជនពិការ។ សិប្បការិនី ហ័ង ធី ឃឿង បាននិយាយថា៖ "ដោយសារខ្ញុំជាជនពិការ ពីមុនខ្ញុំខ្មាស់អៀនណាស់ពេលជួបអ្នកដទៃ ដូច្នេះខ្ញុំចង់ប្រាប់អ្នកថា បើខ្ញុំក្លាហាន ជីវិតរបស់ខ្ញុំនឹងផ្លាស់ប្តូរជាពុំខាន។ តាំងពីឆ្នាំ ២០១២ មក ខ្ញុំបានទៅជួបប្រាស្រ័យនៅខាងក្រៅ ហើយវាបានបើកផ្លូវថ្មីសម្រាប់ខ្ញុំ ដើម្បីអាចមើល និងដឹងពីរបៀបទំនាក់ទំនងច្រើនជាង”។
ផ្ទាំងគំនូលោកប្រធានហូជីមិញ ត្រូវបានប៉ាក់ដោយខ្សែសូត្រ (រូបថត៖ Huyen Trang/VOV5( |
សិប្បការិនីឆ្នើម ហ័ង ធី ឃឿង កើតមកនិងធំដឹងក្តីនៅ Quat Dong (ឃុំ Thuong Phuc) ដែលជាភូមិប៉ាក់ដ៏ល្បីល្បាញមួយក្នុងទីក្រុងហាណូយ។ ពេលលោកស្រីមានអាយុប៉ុន្មានខែ បន្ទាប់ពីគ្រុនក្តៅខ្លាំងមិនបានព្យាបាលទាន់ពេលវេលា លោកស្រីក៏រងការខូចជើងម្ខាង។ កុមារភាពរបស់លោកស្រីបានចំណាយពេលយ៉ាងស្ងៀមស្ងាត់មើលទៅមិត្តភ័ក្តិរបស់ខ្លួន រត់លេងជុំវិញ ដោយមានអារម្មណ៍ស្រណោះខ្លួនឯងដោយសារតែការនិយាយលេងសើចអំពីបញ្ហារាងកាយរបស់លោកស្រី។ ពេលនោះ លោកស្រីមានតែភាពសប្បាយរីករាយជាមួយនឹងការងារប៉ាក់និងការណែនាំរបស់អ្នកម្ដាយ អំពីបច្ចេកទេសពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់។
ដោយសារតែការលំបាកក្នុងការធ្វើដំណើរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ សិប្បការិនីហ័ង ធី ឃឿង តែងតែធ្វើដំណើរទេសចរណ៍តាមរយៈសៀវ ភៅ កាសែត និងទូរទស្សន៍តែប៉ុណ្ណោះ។ រូបភាពស្អាតៗដែលនាងបានឃើញត្រូវបានថតដោយភាពច្នៃប្រឌិតដោយម្ជុល និងខ្សែស្រឡាយរបស់នាងនៅក្នុងគំនូរសិល្បៈប៉ាក់។ កង្វះជើងរបស់នាងត្រូវបានផ្តល់សំណងដោយដៃដ៏ប៉ិនប្រសប់របស់នាង បង្កើតពិភពចម្រុះពណ៌ភ្លឺចែងចាំងចេញពីខ្សែស្រឡាយ។
“ខ្ញុំកើតមកក្នុងគ្រួសារប្រកបមុខរបរដេរប៉ាក់ជាច្រើនជំនាន់មកហើយ ខ្ញុំក៏ចង់ណែនាំអ្នកពីផលិតផលរបស់ស្រុកកំណើត ផលិតផលគ្រួសារខ្ញុំ។ ព្រោះខ្ញុំជាអ្នកស្រុក ខ្ញុំក៏ត្រូវតែថែរក្សាភាពស្រស់ស្អាតនៃស្រុកកំណើតរបស់ខ្ញុំ និងភាពស្រស់ស្អាតនៃគ្រួសាររបស់ខ្ញុំ ភាពស្រស់ស្អាតនៃប្រពៃណី”។
រោងប៉ាក់របស់សិប្បការិនី Hoang Thi Khuong នាពេលនេះ បង្កើតការងារជូនជនពិការប្រមាណ ១៥នាក់ (រូបថត៖ Huyen Trang/VOV5) |
ក្នុងឆ្នាំ ២០១២ សិប្បការិនី ហ័ង ធី ឃឿង បាននាំយកផ្ទាំងគំនូរទៅប្រឡងនៅប្រទេសកូរ៉េខាងត្បូង ហើយឃើញថា ជនពិការនៅកូរ៉េខាងត្បូងមានទំនុកចិត្តខ្លាំង សម្របខ្លួន និងវិលត្រលប់មកវិញ ដូច្នេះហើយលោកស្រីបានសម្រេចចិត្ត បង្កើតក្រុមហ៊ុន និងរោងប៉ាក់ដើម្បីជួយជនពិការលើកកំពស់ជីវភាពរស់នៅ និងទទួលបានការទទួលស្គាល់ពីសង្គម។ ក្រុមហ៊ុនរបស់លោកស្រីបច្ចុប្បន្នមានមនុស្សប្រហែល ១៥ នាក់។ លោក Tran Van Tuong សមាជិកម្នាក់នៅរោងប៉ាក់ បាននិយាយថា៖ “ខ្ញុំពិតជាគោរពលោកស្រីណាស់ នេះជាវិជ្ជាជីវៈប្រពៃណីដែលលោកស្រីបានថែរក្សា។ ប្រការនេះមានតម្លៃណាស់ ជាពិសេសលោកស្រីជាជនពិការ។ លោកស្រីបានបង្រៀនអ្នកមិនសូវមានសំណាងក្នុងជីវិត។ ការងារបែបនេះគឺសមរម្យណាស់។ និយាយតាមត្រង់ បើគ្មានមុខរបរបែបនេះទេ ជនពិការប្រហែលជាជួបការលំបាក។ ទី២ ជីវិតគឺសោកសៅណាស់។ មានមុខរបរនេះ យើងសប្បាយណាស់ ហើយមានប្រាក់ចំណូលសម្រាប់បីបាច់ជីវភាពខ្លួនឯង”។
សិប្បការិនីហ័ង ធី ឃឿង បានទទួលពានរង្វាន់ជាច្រើនក្នុងប្រទេស និងក្រៅប្រទេស សម្រាប់ការច្នៃប្រឌិតសិល្បៈរបស់នាង ក៏ដូចជាការខិតខំប្រឹងប្រែងសម្រាប់សហគមន៍។ គំនូររបស់លោកស្រីក៏បានចូលរួមក្នុងការតាំងពិពណ៌អន្តរជាតិជាច្រើន ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា។ ប៉ុន្តែរង្វាន់ដ៏មានតម្លៃបំផុតសម្រាប់លោកស្រីគឺការមើលឃើញជនពិការដែលខិតខំសម្របខ្លួនទៅក្នុងសហគមន៍ជានិច្ច។ ពួកគេកំពុងរួមដំណើរជាមួយលោកស្រី ដើម្បីថែរក្សាសិប្បកម្មប៉ាក់ប្រពៃណី និងណែនាំដល់មិត្តភ័ក្តិនៅជិត និងឆ្ងាយអំពីភាពស្រស់ស្អាតខាងវិញ្ញាណរបស់ប្រជាជន Quat Dong៕
HUYEN TRANG