(VOVWORLD) - ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” មុខមាត់នៃឧស្សាហកម្មវប្បធម៌វៀតណាមទាំង ១២ ត្រូវបានពណ៌នាយ៉ាងរស់រវើកនៅក្នុងលំហច្នៃប្រឌិតដ៏ធំទូលាយ និងទំនើប ដែលបើកដំណើររុករកស្វែងយល់វប្បធម៌ដែលមិនធ្លាប់មានពីមុនមក។ ការតាំងពិពណ៌គឺជាកន្លែងសម្រាប់ការសម្តែង ការទទួលយកបទពិសោធន៍ និងការជួបប្រាស្រ័យគ្នា - ជាកន្លែងដែលអតីតកាលជួបនឹងបច្ចុប្បន្នកាល ហើយប្រពៃណីត្រូវបានលើកតម្កើងក្នុងស្មារតីនៃការច្នៃប្រឌិត។
នៅអគារ A - មជ្ឈមណ្ឌលពិព័រណ៍ជាតិ (Dong Anh ទីក្រុងហាណូយ) មុខមាត់នៃឧស្សាហកម្មវប្បធម៌ចំនួន ១២ ត្រូវបានតាំងបង្ហាញតាមរយៈស្តង់ពិព័រណ៍ដ៏ទាក់ទាញ។ (រូបថត៖ Duong Dung/congly.vn) |
លំហតាំងពិព័រណ៍ក្រោមប្រធានបទ “ច្នៃប្រឌិតដើម្បីស្ថាបនា” បាននាំមកនូវទិដ្ឋភាពទូទៅអំពីឧស្សាហកម្មវប្បធម៌ចំនួន ១២ រួមមាន៖ ការផ្សព្វផ្សាយពាណិជ្ជកម្ម; ស្ថាបត្យកម្ម; សហ្វវែនិងហ្គេមកម្សាន្ត; សិប្បកម្ម; ការរចនា; ភាពយន្ត; ការបោះពុម្ពផ្សាយ; ម៉ូដ; សិល្បៈសម្តែង; វិចិត្រសិល្បៈ ការថតរូប និងការតាំងពិព័រណ៍; ទូរទស្សន៍និងវិទ្យុ; ទេសចរណ៍វប្បធម៌។ ឧស្សាហកម្មមួយផ្នែកបានបើកចេញពិភពដាច់ដោយឡែកមួយដែលសាធារណជនមិនត្រឹមតែអាចទស្សនាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដោយផ្ទាល់ ធ្វើអន្តរកម្ម និងទទួលនូវអារម្មណ៍ពីវប្បធម៌ទៀតផង។ ជាពិសេសសម្រាប់ជំនាន់យុវជន នេះជាឱកាសដ៏មានតម្លៃដើម្បីខិតមកជិត ស្វែងយល់ និងទទួលបានបទពិសោធន៍ដោយផ្ទាល់នូវតម្លៃប្រពៃណីតាមរបៀបថ្មីថ្មោង។
“ខ្ញុំបានទស្សនារឿងល្ខោន ការច្រៀង cheo ចូលរួមសកម្មភាពការពិតនិម្មិត ស្លៀកសំលៀកបំពាក់នៃរាជកាល Nguyen និងប្រើប្រាស់កាមេរ៉ា។ តាមរយៈនោះ ខ្ញុំបានយល់អំពីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់វៀតណាម”។
“ខ្ញុំបានឆ្លងកាត់កន្លែងផ្សេងៗគ្នាជាច្រើន ដូចជាការគូរគំនូរ Dong Ho ស្មូន to he និងរីករាយជាមួយវប្បធម៌ម្ហូបអាហាររបស់វៀតណាម។ មកទីនេះ ខ្ញុំអាចទទួលបានបទពិសោធន៍វប្បធម៌ជាច្រើនរបស់វៀតណាម”។
នៅក្នុងតំបន់នេះ គេបានរៀបចំឆាក ៤០០ ម៉ែត្រការ៉េសម្រាប់ការសម្តែង បន្ទប់រោងគុន ២០០ កៅអី សម្រាប់ចាក់បញ្ចាំងខ្សែភាពយន្តវៀតណាមដ៏វិសេសវិសាល និងរៀបចំសកម្មភាពជួបប្រាស្រ័យជាមួយសិល្បករ។ (រូបថត៖ Duong Dung/congly.vn) |
នៅក្នុងលំហវប្បធម៌រួម មូលដ្ឋានជាច្រើនក៏នាំយកបេតិកភណ្ឌដ៏មានតម្លៃមកផ្សព្វផ្សាយ និងឧទ្ទេសនាមដល់សាធារណជនដែរ។ ក្នុងនោះ ខេត្ត Bac Ninh ដែលជាទឹកដីដ៏ល្បីល្បាញជាមួយនឹងតម្លៃវប្បធម៌ប្រពៃណីតាំងពីយូរលង់មក បាននាំយកផ្ទាំងគំនូរប្រជាប្រិយ Dong Ho និងឈុតបន្ទះឈើចម្លាក់អក្សរនៃវត្ត Vinh Nghiem ដែលជាបេតិកភណ្ឌឯកសារពិភពលោក ទទួលស្គាល់ដោយអង្គការយូណេស្កូ។ លោក Nguyen Van An កម្មាភិបាលនៃសារមន្ទីរ Bac Ninh លេខ ២ បានឲ្យដឹងថា៖
“នេះជាសកម្មភាពដ៏មានអត្ថន័យ ដែលរួមចំណែកឧទ្ទេសនាមនិងផ្សព្វផ្សាយដល់សាធារណជន និងភ្ញៀវទេសចរ ជួយឱ្យពួកគេដឹងអំពីតម្លៃបេតិកភណ្ឌវប្បធម៌របស់ខេត្ត Bac Ninh និយាយដោយឡែក និងប្រទេសទាំងមូលនិយាយរួម”។
រួមចំណែកបង្កើតឡើងភាពទាក់ទាញសម្រាប់លំហតាំងពិព័រណ៍សមិទ្ធិផលជាតិ៖ "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល" គឺជាកម្មវិធីសិល្បៈដែលត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់ ដោយរួមបញ្ចូលគ្នានូវតន្ត្រីប្រជាប្រិយ និងបច្ចេកទេសសម្តែងទំនើបៗ។ ចាប់ពីសិល្បៈ Cheo, Quan Ho, តន្ត្រីព្រះរាជ្យទ្រព្យ រហូតដល់តន្ត្រីអេឡិចត្រូនិក ការសម្តែងអន្តរកម្ម - ទាំងអស់នេះបានបង្កើតឡើងការប្រព្វគ្នានៃភាពចាស់និងភាពថ្មី រវាងការអភិរក្ស និងការច្នៃប្រឌិត។
កន្លែងសម្តែងសិល្បៈ និងខ្សែភាពយន្តដ៏វិសេសវិសាល ទទួលបានការនិយមចូលចិត្តពីទស្សនិកជន។ (រូបថត៖ Duong Dung/congly.vn) |
តាមទស្សនៈរបស់មនុស្សដែលធ្វើការក្នុងវិស័យវប្បធម៌អាជីព ការតាំងពិព័រណ៌នេះក៏ជាសក្ខីភាពដ៏ច្បាស់អំពីចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងនៃឧស្សាហកម្មវប្បធម៌វៀតណាម។ លោក Pham Duc Long នាយកផលិតកម្មនៃគម្រោង "សួស្តីវៀតណាម" បាននិយាយថា៖
“ប្រភេទសិល្បៈដែលត្រូវបាននាំយកមកពិព័រណ៍ដ៏ធំបែបនេះ មិនត្រឹមតែជួយឱ្យសាធារណជនស្គាល់ដល់កាន់តែច្រើនប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍លើឆាកអន្តរជាតិទៀតផង។ វាបង្ហាញពីផែនការមេដ៏ល្អណាស់ពីថ្នាក់ដឹកនាំ ក៏ដូចជាពីរដ្ឋផងដែរ”។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong បានសង្កត់ធ្ងន់ថា៖
“ពីមុនមក យើងកម្រមានកន្លែងធំទូលាយសម្រាប់តាំងពិពណ៌ និងរៀបចំព្រឹត្តិការណ៍ធំៗ។ នេះជាទីកន្លែងដែលខ្ញុំគិតថា បំពេញគ្រប់លក្ខខណ្ឌសម្រាប់យើងរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ។ នេះក៏ជាការតាំងពិពណ៌មួយដែលយើងអាចផ្សព្វផ្សាយយ៉ាងច្រើនអំពីរូបភាពទឹកដី មនុស្សវៀតណាម សមិទ្ធិផលរបស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ ក៏ដូចជាទៅកាន់ប្រជាជនក្នុងស្រុក”។
វប្បធម៌បាននិងកំពុងក្លាយជាធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នៅពេលដែលមានការប្រសព្វគ្នា ការតភ្ជាប់គ្នា និងផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត អត្តសញ្ញាណនោះមិនត្រឹមតែត្រូវបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងត្រូវបានលើកតម្កើង និងឈានទៅដល់ឆ្ងាយ រួមចំណែកអះអាងថា វៀតណាមជាប្រទេសមួយដ៏សម្បូរទៅដោយប្រពៃណី ភាពច្នៃប្រឌិត និងការផ្លាស់ប្ដូថ្មីដោយឥតឈប់ឈរនៅលើផែនទីវប្បធម៌ពិភពលោក៕