ខេត្ត Dak Lak អភិរក្សនិងពង្រីកវប្បធម៌គងឃ្មោះ

(VOVWORLD) -  ក្រោយរយៈពេល ៥ ឆ្នាំ អនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត Dak Lak ស្តីពីការអភិរក្សនិងពង្រីកវប្បធម៌គងឃ្មោះ ហើយការអភិរក្សបេតិកភណ្ឌនេះរបស់ខេត្ត Dak Lak ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ដោយហេតុនេះ បានចូលរួមចំណែកក្នុងការស្តារឡើងវិញនូវវប្បធម៌គងឃ្មោះក្នុងជីវភាព សហគមន៍។

ខេត្ត Dak Lak អភិរក្សនិងពង្រីកវប្បធម៌គងឃ្មោះ - ảnh 1ការបង្រៀនលេងគងឃ្មោះត្រូវបានខេត្តយកចិត្តទុកដាក់យ៉ាងខ្លាំង (រូបថត៖ VOV)

គងឃ្មោះ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលត្រូវបានសហគមន៍ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen បង្កើតឡើង ហើយត្រូវបានផ្សព្វផ្សាយនិងមរតកបន្តគ្នាជាច្រើនជំនាន់។ វប្បធម៌គងឃ្មោះ Tay Nguyen បានលាតសន្ធឹងលើខេត្តចំនួន ៥ គឺ Kon Tum, Gia Lai, Dak Lak, Dak Nong និង Lam Dong។ ហើយវប្បធម៌គងឃ្មោះ Tay Nguyen ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថាជាស្នាដៃឯកនៃសិល្បៈផ្ទាល់មាត់និងអរូបីយ៍របស់មនុស្សជាតិ នាថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០០៥។

Krong Bong ជាស្រុកគំរូក្នុងការងារអភិរក្សនិងផ្សព្វផ្សាយវប្បធម៌គងឃ្មោះរបស់ខេត្ត Dak Lak។ បច្ចុប្បន្ន ស្រុកនេះមានសិប្បករជិត ៥០០ នាក់ ដែលចេះប្រើគងឃ្មោះ បង្រៀនគងឃ្មោះនិងច្នៃឧបករណ៍តន្រ្តីជនជាតិផងដែរ។ មានក្រុមលេងឃ្មោះវ័យក្មេងចំនួន ២៤ ក្រុម និងក្លឹបគងថ្នាក់ឃុំ ១ ក្រុម កំពុងដំណើរការប្រកបដោយប្រសិទ្ធភាព។ ចាប់ពីឆ្នាំ ២០០៧ រហូតមកដល់ពេលនេះ ស្រុក Krong Bong បានទទួលគងឃ្មោះ ចំនួន ១៨ ឈុត ពីមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Dak Lak ដោយបង្កើនចំនួនគងឃ្មោះក្នុងស្រុកឡើងទៅដល់ ៩៥ ឈុត។

លោក Pham Dinh Tan ប្រធានការិយាល័យវប្បធម៌និងព័ត៌មាននៃស្រុក Krong Bong បានឲ្យដឹថា៖ “បច្ចុប្បន្ននេះ  Krong Bong មានឃុំចំនួន ៨ ដែលមានជនជាតិភាគតិចរស់នៅ។ ជារៀងរាល់ឆ្នាំ យើងតែងតែរៀបចំថ្នាក់ដើម្បីបង្រៀនគងឃ្មោះនិងបំប៉នឲ្យអ្នកចេះហើយបង្កើនសមត្ថភាព។ ជាពិសេសសិប្បករជំនាន់មុន បានបង្រៀនប្រដៅដល់ជំនាន់ក្មេងៗ ឲ្យមានមនសិការអនុវត្តភារកិច្ចថែរក្សានិងអភិវឌ្ឍន៍វប្បធម៍គងឃ្មោះនៅតាមមូលដ្ឋាន”។

ខេត្ត Dak Lak អភិរក្សនិងពង្រីកវប្បធម៌គងឃ្មោះ - ảnh 2ការសម្តែងគងឃ្មោះបម្រើវិស័យទេសចរណ៍ (រូបថត៖ VOV)

ស្រដៀងគ្នានេះដែរ នៅស្រុក Krong Nang ក៏បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិរក្សនិងផ្សព្វផ្សាយវប្បធម៌គងឃ្មោះ ផងដែរ។ យោងតាមលោក Nguyen Van Vy ប្រធានមន្ទីរវប្បធម៌ - ព័ត៌មាននៃស្រុក Krong Nang ថា ក្រៅពីថ្នាក់បង្រៀនគងឃ្មោះដោយស្រុកនិងខេត្តរៀបចំមក ការបង្រៀនគងឃ្មោះតាមភូមិនានាក៏ត្រូវបានអនុវត្តតាមលក្ខណៈគ្រួសារនិងព្រឹទ្ធចារ្យក្នុងភូមិផងដែរ៖

“នៅ Krong Nang ឥឡូវនេះ យើងខ្ញុំបានរៀបចំថ្នាក់បង្រៀនចំនួន ៣ ក្នុងនោះមានទាំងថ្នាក់សម្រាប់អ្នកដែលមិនទាន់ចេះលេងគងឃ្មោះនៅអាយុ ២៥, ៣០ និង ៣៥ ឆ្នាំ ហើយក្មេងៗដែលមានអាយុពី ២០ ទៅ ១៥ ឆ្នាំ។ យើងបានរួមបញ្ចូលការបង្រៀនតាមរយៈសាលារៀនដើម្បីបង្រៀនពួកគេ។ សម្រាប់ថ្នាក់រៀនត្រូវបានបង្រៀនដោយវិចិត្រករនៅពេលយប់។ ពោលគឺ បន្ទាប់ពីធ្វើស្រែចំការមក ថ្នាក់ហ្វឹកហាត់នឹងដំណើរការនៅផ្ទះវប្បធម៌សហគមន៍ក្នុងភូមិផងដែរ”។

ឆ្លងកាត់រយៈពេល ៥ ឆ្នាំកន្លងមក ការងារអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌គងឃ្មោះនៅខេត្ត Dak Lak ទទួលបានប្រសិទ្ធភាពខ្ពស់។ ខេត្តទាំងមូលត្រូវបានបំពាក់ដោយគងនិងសម្លៀកបំពាក់ចំនួន ១០០ ឈុតតាមក្រុមជនជាតិនីមួយៗ សម្រាប់សិប្បករ។ ទន្ទឹមជាមួយគ្នានោះ ខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៤ ស្តីពីការប្រគុំគងនិងឧបករណ៍តន្រ្តីជនជាតិ។ វិចិត្រករឆ្នើម Vu Lan បានចាត់ទុកថា ក្នុងរយៈពេលខាងមុខនេះ ការសម្តែងគងឃ្មោះនឹងត្រូវប្រព្រឹត្តទៅជាប្រចាំ៖ “ត្រូវកត់សម្គាល់ថា ការបង្រៀនដែលមានប្រសិទ្ធភាពបំផុតគួរតែជាការបង្រៀនជាក្រុម។ ឧទាហរណ៍ក្រុមមួយដែលមានគ្នា ៧ នាក់នឹងរៀនវាយគង យើងនឹងបង្រៀនឲ្យកុមារ ៧ នាក់នេះដោយបង្កើតជាក្រុមគង។ ការបណ្តុះបណ្តាល ការបង្រៀនជាក្រុមនឹងកាន់តែមានប្រសិទ្ធភាពជាជាងយើងត្រឹមតែបង្រៀនឲ្យម្នាក់ៗប៉ុណ្ណោះ”។

ក្នុងអំឡុងឆ្នាំ ២០១៦ - ២០២០ ខេត្ត Dak Lak មានសិប្បករចំនួន ២៤ រូប ដែលត្រូវបានប្រធានរដ្ឋប្រគល់កិត្តនាមជា “សិល្បករឆ្នើម” ចំពោះស្នាដៃឆ្នើមក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។ ខេត្ត Dak Lak ក៏បានរៀបចំនិងចូលរួមមហោស្រពវប្បធម៌ គងឃ្មោះ Tay Nguyen ចំនួន ២ នៅខេត្ត Dak Lak ក្នុងឆ្នាំ ២០១៧ និងនៅខេត្ត Gia Lai ក្នុងឆ្នាំ ២០១៨។ ក្នុងដំណាក់កាល ឆ្នាំ ២០២១ - ២០២៥ ខេត្ត Dak Lak បន្តរក្សា អភិរក្សនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវបេតិកភណ្ឌ វប្បធម៌គងឃ្មោះ។ ជាពិសេស ខេត្តបានផ្តោតសំខាន់លើការផ្សព្វផ្សាយវប្បធម៌គងឃ្មោះដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ