ជំរុញការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអភិរក្សវប្បធម៌ជនជាតិភាគតិច

(VOVWORLD) -  ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ផ្នែកវប្បធម៌ ជីវភាពវប្បធម៌និងស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅវៀតណាម ទទួលបានការយកចិត្តទុកដាក់និងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង។ តម្លៃវប្បធម៌របស់សហគមន៍ជនជាតិភាគតិចចំនួន ៥៣ ត្រូវបានអភិរក្ស ទៅតាមទម្រង់ជាច្រើន ក្នុងនោះមានការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿនផងដែរ។

ជំរុញការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអភិរក្សវប្បធម៌ជនជាតិភាគតិច - ảnh 1សារមន្ទីរ Thai Nguyen កំពុងបង្កើនការធ្វើឌីជីថលនៃវត្ថុបុរាណដែលខ្លួនកំពុងរក្សាទុក រូបថត៖ thaiinguyentv.vn)

បច្ចុប្បន្ននេះ សហគមន៍ជនជាតិភាគតិចចំនួន ៥៣ នៅវៀតណាមមានប្រជាជនជាង ១៤ លាននាក់ រស់នៅតាមខេត្ត ក្រុងចំនួន ៥២ ដែលច្រើនតែប្រមូលផ្តុំនៅតំបន់ដាច់ស្រយាលនិងតំបន់ព្រំដែន។ វប្បធម៌របស់ជនជាតិភាគតិចគឺជាផ្នែកសំខាន់នៃវប្បធម៌បង្រួបបង្រួមនិងភាពសម្បូរបែបរបស់វៀតណាម។

ការងារអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់បងប្អូនជនជាតិភាគតិច កំពុងត្រូវបានលើកតម្កើងពីមួយថ្ងៃទៅមួយថ្ងៃ។ មកទល់នឹងពេលនេះ មានបេតិកភណ្ឌវប្បធម៌អរូបីជាង ១៥០ កន្លែង របស់ជនជាតិភាគតិចត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ក្នុងចំណោមបេតិកភណ្ឌវប្បធម៌អរូបីសរុបប្រមាណ ៣០០ ទូទាំងប្រទេស)។ ការអនុវត្តបច្ចេកវិទ្យាថ្មី ពិតជាសក្តិសមសម្រាប់ការងារអភិរក្សនិងផ្សព្វផ្សាយនៃតម្លៃបេតិកភណ្ឌ នៅពេលដែលបច្ចេកវិទ្យាឌីជីថលអនុញ្ញាតឱ្យមានការរួមបញ្ចូលនៃសំឡេង រូបភាព ជាពិសេសរូបភាព 3-D ដ៏រស់រវើក។ ទន្ទឹមនឹងនេះ បេតិកភណ្ឌវប្បធម៌ក្នុងទម្រង់ឌីជីថលត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស និងទូលំទូលាយតាមរយៈអ៊ីនធឺណិត ដោយមិនកំណត់ដោយពេលវេលា ទីតាំង ឬភាសានៅឡើយ។ លោក Nguyen Quang Duc ប្រធាននាយកដ្ឋានទី ១ ទទួលបន្ទុកបញ្ហាតំបន់នៃគណៈកម្មាធិការជនជាតិបានឲ្យដឹងថា៖ “ការធ្វើឌីជីថលដើម្បីបកប្រែជាភាសាផ្សេងៗគឺចាំបាច់សម្រាប់ពួកយើងដើម្បីផ្សព្វផ្សាយដល់ សហគមន៍ជនជាតិវៀតណាមនៅឯក្រៅប្រទេសឱ្យយល់ដឹងអំពីវប្បធម៌វៀតណាមនិងចូលរួមជាមួយពួកយើងក្នុងការអនុវត្តកម្មវិធីវប្បធម៌ ដែលត្រូវបានដឹកនាំនិងដាក់ពង្រាយ។ អាស្រ័យហេតុនេះ មិត្តអន្តរជាតិយល់កាន់តែច្បាស់អំពីវប្បធម៌រូបីនិងអរូបីរបស់វៀតណាម”។

ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារត្រួតពិនិត្យ និងពង្រីកនូវតម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិច។ លទ្ធផលបានបង្ហាញថា មានបេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌និងរមណីដ្ឋាននៃតំបន់ជនជាតិភាគតិចចំនួន ៦០០ ត្រូវបានធ្វើសារពើភ័ណ្ឌ។ ក្នុងចំណោមបេតិកភណ្ឌវប្បធម៌អរូបីទាំង ១៣ របស់វៀតណាមបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិចុះបញ្ជី មានបេតិកភណ្ឌចំនួន ៣ ជារបស់ជនជាតិភាគតិច។ លោកស្រី Le Thi Thu Huyen ប្រធាននាយកដ្ឋានបេតិកភណ្ឌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ យើងបានដាក់ជូនរដ្ឋមន្ត្រីនូវបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីឃ្លាំងចំណេះដឹងប្រជាប្រិយ ក៏ដូចជាមុខរបរប្រពៃណីរបស់ជនជាតិភាគតិច។ មានបេតិកភណ្ឌជិត ៤០០ រួមទាំងមរតកជាច្រើននៃចំណេះដឹងប្រជាប្រិយ និងសិប្បកម្មប្រពៃណីរបស់ជនជាតិភាគតិចផងដែរ”។

ជំរុញការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអភិរក្សវប្បធម៌ជនជាតិភាគតិច - ảnh 2ការណែនាំអំពីការអនុវត្តក្បូរក្បាច់វប្បធម៌ពីបណ្ណាល័យឌីជីថលរបស់ Ethnicity (រូបថត៖ Ethnicity)

ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំសកម្មភាពដ៏សម្បូរបែប ដើម្បីអបអរសាទរទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី ១៩ មេសា) ចាប់ពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍តែងតែស្តារ និងបង្កើតឡើងវិញនូវពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិចនៅភូមិវប្បធម៌ និងទេសចរណ៍វៀតណាម។ លោក Trinh Ngoc Chung ប្រធានស្តីទីគណៈគ្រប់គ្រងភូមិវប្បធម៌ និងទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “បងប្អូនអ្នកមកចូលរួមសកម្មភាពនៅភូមិ សុទ្ធតែជាសិប្បករដែលយល់ដឹងយ៉ាងច្បាស់អំពីវប្បធម៌បណ្តាជនជាតិ។ យើងសង្ឃឹមថា ក្នុងកម្មវិធីគោលដៅជាតិឆ្ពោះទៅរកឌីជីថលតម្លៃវប្បធម៌នៃក្រុមជនជាតិទាំង ៥៤ នៅវៀតណាម ដើម្បីបម្រើការស្រាវជ្រាវ បង្កើតគោលនយោបាយ ក៏ដូចជាការអភិរក្សតម្លៃវប្បធម៌ទាំងនេះ។ យើងត្រូវតែមានឃ្លាំងឌីជីថលរួមមួយឲ្យបានយ៉ាងឆាប់ៗនេះ សម្រាប់បម្រើទាំងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការសម្រាប់ជនជាតិភាគតិច និងទីភ្នាក់ងារផ្សេងទៀតផងដែរ”។

ជាមួយគ្នានោះ ក្រុមនិស្សិតនៃបណ្តាសាកលវិទ្យាល័យ បានសាងសង់គម្រោង Ethnicity បង្កើតបណ្ណាល័យឌីជីថលនៃវប្បធម៌ចរបាប់ ដើម្បីងាយស្រួលអនុវត្តការរចនាដូចជាម៉ូដ សិល្បៈ វត្ថុអនុស្សាវរីយ៍...។ ខែសីហា ឆ្នាំ ២០១៩ គម្រោងនេះមានវត្តមានជាផ្លូវការនៅលើគេហទំព័ររបស់ Social Innovation Warehouse - ឃ្លាំងអនឡាញនិងផ្សព្វផ្សាយតាមអ៊ីនធឺណិតនៃគម្រោងសង្គមដ៏មានសក្តានុពលរបស់មេដឹកនាំវ័យក្មេងដែលភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោក Nguyen Linh ប្រធានក្រុមគម្រោង Ethnicity បានចែករំលែកថា៖ “បច្ចុប្បន្ននេះ ចង់ទាក់ទងផ្ទាល់ជាមួយវប្បធម៌ចរបាប់ ប្រសិនបើយើងគ្មានមូលដ្ឋានគ្រឹះឌីជីថលទំនើប នឹងពិបាករក្សាលំនាំប្រពៃណី។ មូលដ្ឋានគ្រឹះឌីជីថលទំនើបនឹងរក្សាលំនាំប្រពៃណីនិងប្រភពដើម។ ក្រុមរបស់យើងមានការពេញចិត្តក្នុងការណែនាំដល់សិស្សនូវគំរូក្បូរក្បាច់ ជួយពួកគេឱ្យឃើញពីការរួមបញ្ចូលគ្នានៃប្រពៃណីនិងភាពទំនើប ហើយព្រមទាំងការពារបេតិកភណ្ឌអរូបីមុខរបរត្បាញចរបាប់”។

ក្នុងកំឡុងឆ្នាំ ២០២១ - ២០៣០ រដ្ឋាភិបាលបានសម្រេចវិនិយោគចំនួន ៥.៩០០ ពាន់លានដុង ក្នុងគម្រោងអភិរក្សនិងលើកកំពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច រួមជាមួយ នឹងការអភិវឌ្ឍន៍ទេសចរណ៍។ នេះជាលើកទីមួយហើយដែលមានគម្រោងធំបែបនេះសម្រាប់វិស័យវប្បធម៌ជាតិ។ ពង្រឹងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានក្នុងការថែរក្សា និងលើកកំពស់តម្លៃវប្បធម៌ក្នុងតំបន់ជនជាតិភាគតិច រួមចំណែកកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់ជនជាតិភាគតិច និងមូលដ្ឋាននានាលើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ