ប្រជាជននៅតំបន់ខ្ពង់រាបខេត្ត Lai Chau អំណរសាទរប្រារព្ធទិវាបុណ្យឯករាជ្យជាតិ

(VOVWORLD) - ទិវាបុណ្យជាតិវៀតណាម ថ្ងៃទី ២ ខែកញ្ញា បានក្លាយទៅជាទិវាពិសេសមួយ -បុណ្យតេតឯករាជ្យរបស់ប្រជាជាតិវៀតណាម។ រួមជាមួយនឹងប្រជាជនទូទាំងប្រទេស ប្រជាជននៅតំបន់ខ្ពង់រាបភាគខាងជើងខេត្ត Lai Chau ក៏រួមគ្នាអំណរសាទរទិវាបុណ្យឯករាជ្យជាតិប្រកបដោយក្ដីសោមនស្សរីករាយផងដែរ។
ប្រជាជននៅតំបន់ខ្ពង់រាបខេត្ត Lai Chau អំណរសាទរប្រារព្ធទិវាបុណ្យឯករាជ្យជាតិ - ảnh 1ប្រជាពលរដ្ឋបណ្ដាជនជាតិ ព្យួរទង់ជាតិដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ។ (រូបថត៖ Khac Kien/VOV)

ភូមិ Tu San ឃុំ Muong Kim ខេត្ត Lai Chau បរិយាកាសទទួលអំណរទិវាបុណ្យឯករាជ្យជាតិមានភាពសប្បាយអ៊ូអរជាច្រើនថ្ងៃមកហើយ។ នៅក្នុងលំហដែលគ្របដណ្ដប់ដោយពណ៌ទង់ជាតិ បងប្អូនស្ត្រី មមាញឹកប៉ាក់សម្លៀកបំពាក់ថ្មីដើម្បីស្លៀកពាក់ក្នុងអំឡុងថ្ងៃបុណ្យតេត។ នៅកន្លែងជាច្រើន ប្រជាជនរៀបចំល្បែងប្រជាប្រិយ ដូចជា ល្បែងចោលឈូង ទាញព្រ័ត្រ បង្កើតបរិយាកាសរីករាយ និងពោរពេញទៅដោយពណ៌វប្បធម៌នៃតំបន់ខ្ពង់រាប។ អ្នកស្រី Giang Thi Sau ពលរដ្ឋម្នាក់នៅភូមិ Tu San បានឲ្យដឹងថា៖

“ជារៀងរាល់ឆ្នាំ យើងតែងតែទន្ទឹងរង់ចាំបុណ្យតេតឯករាជ្យថ្ងៃទី ២ ខែកញ្ញាប្រកបដោយក្ដីសោមនស្សរីករាយ។ ក្នុងឱកាសបែបនេះ បងប្អូនស្ត្រី ក៏ប្រមូលផ្តុំគ្នាត្រៀមរៀបចំសម្លៀកបំពាក់ស្អាតៗសម្រាប់ស្លៀកពាក់ពេលចុះផ្លូវដើរលេង។ ខ្ញុំមានបំណងថា បុណ្យតេតឯករាជ្យជាតិនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអោយបងប្អូនស្ត្រីនៅតំបន់ខ្ពង់រាប បានចូលរួមក្នុងសកម្មភាពនានា ហើយទទួលបានការយល់ដឹងកាន់តែច្រើន”។

ខណៈពេលដែលស្ត្រី មមាញឹកត្រៀមរៀបចំសម្លៀកបំពាក់ស្រស់ស្អាត គឺបុរសក្នុងគ្រួសារស្វាគមន៍បុណ្យតេតឯករាជ្យ ដោយការព្យួរទង់ជាតិ ព្យួររូបភាពលោកប្រធានហូជីមិញ និងត្រៀមរៀបចំពេលបាយយ៉ាងកក់ក្ដៅ ដើម្បីអញ្ជើញសាច់ញាតិ បងប្អូន និងមិត្តភក្តិនៅក្នុងភូមិមករីករាយ។ ដូចបុរសជនជាតិ Mong ផ្សេងទៀតនៅក្នុងភូមិ Tu San លោក Ly A Gia និងលោក Mua A Mang ក៏បានតុបតែងលម្អផ្ទះ ហើយរៀបចំលក្ខខណ្ឌដ៏ល្អបំផុតសម្រាប់ប្រពន្ធ កូន និងចៅរបស់ពួកគេទទួលអំណរបុណ្យតេតឯករាជ្យ។ សម្រាប់ពួកគេ បុណ្យតេតឯករាជ្យ មិនត្រឹមតែជាពេលសម្រាក និងជួបជុំគ្នាប៉ុណ្ណោះទេ ថែមទាំងជាថ្ងៃដើម្បីរំលឹកដល់កូនចៅ ឱ្យចងចាំនូវការគុណបំណាច់របស់បក្ស និងលោកប្រធានហូជីមិញទៀតផង។

“ថ្ងៃទី ២ ខែកញ្ញា គ្រួសារខ្ញុំបានព្យួរទង់ជាតិ និងរូបភាពលោកប្រធានហូជីមិញ។ អរគុណចំពោះបក្ស និងលោកប្រធានហូជីមិញ ប្រជាជនមានឯករាជ្យ សេរីភាព និងសុភមង្គលដូចសព្វថ្ងៃនេះ”។

“ប៉ុន្មានថ្ងៃមុននេះ ពេលខ្ញុំសួរ មនុស្សគ្រប់គ្នានិយាយថា រៀបចំរបស់ទៅលក់នៅផ្សារ និងត្រៀមលុយដើរលេងក្នុងបុណ្យតេតឯករាជ្យ។ ប្រជាជនចាត់ទុកថា ក្នុងទិវាបុណ្យឯករាជ្យជាតិ គ្រប់ក្រុមគ្រួសារសុទ្ធតែរៀបចំម្ហូបអាហារ ដើម្បីអញ្ជើញគ្នាមកជប់លៀង”។

ប្រជាជននៅតំបន់ខ្ពង់រាបខេត្ត Lai Chau អំណរសាទរប្រារព្ធទិវាបុណ្យឯករាជ្យជាតិ - ảnh 2ស្ត្រីនៅតំបន់ខ្ពង់រាប Lai Chau ទៅផ្សារដើម្បីទិញរបស់របរប្រើប្រាស់សម្រាប់ខ្លួន និងក្រុមគ្រួសារ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ។ (រូបថត៖ Khac Kien/VOV)

ទិវាបុណ្យឯករាជ្យជាតិនៅខេត្ត Lai Chau ត្រូវបានអង្គការកំណត់ត្រាវៀតណាមប្រគល់វិញ្ញាបនបត្រពី ជាមូលដ្ឋានដែលរៀបចំទិវាបុណ្យឯករាជ្យ ដោយផ្សារភ្ជាប់នឹងពិធីបុណ្យវប្បធម៌ និងកីឡារបស់បណ្ដាជនជាតិ ជាប្រចាំ និងបន្តបន្ទាប់រយៈពេលច្រើនឆ្នាំបំផុត។ ឆ្នាំនេះ ខេត្ត Lai Chau ប្រារព្ធបុណ្យតេតឯករាជ្យចាប់ពីថ្ងៃទី៣០ ខែសីហាដល់ថ្ងៃទី ២ ខែកញ្ញា។ ក្នុងរយៈពេល ៤ ថ្ងៃនៃព្រឹត្តិការណ៍នេះ សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏វិសេសវិសាលជាច្រើនត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នា នៅក្នុងឃុំ Than Uyen, Muong Kim, Khoen On និង Muong Than។ លោក Pham Hong Thai លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Than Uyen បានឲ្យដឹងថា៖

“ទិវាបុណ្យឯករាជ្យជាតិនៅឃុំ Than Uyen ត្រូវបានប្រជាជនរក្សាតាំងពីយូរយារណាស់មកហើយ ដោយមានសកម្មភាពវប្បធម៌ និងកីឡាដ៏សម្បូរបែប។ ក្រៅពីសកម្មភាពដែលធ្វើឡើងជារៀងរាល់ឆ្នាំ បុណ្យតេតឯករាជ្យជាតិឆ្នាំនេះ ក៏មានភាពខុសប្លែកពីឆ្នាំមុនៗដែរ ដែលជាទ្រង់ទ្រាយរៀបចំ ដោយមានការចូលរួមពីឃុំជាច្រើនក្នុងខេត្ត។ សកម្មភាពថ្មីមួយចំនួន បន្តត្រូវបានធ្វើឡើងដូចជា៖ ការរត់ប្រណាំង Komomo ការសម្តែងជិះឆ័ត្រយោង។ ជាពិសេស កន្លែងលក់អាហារតាមដងផ្លូវ ជាមួយនឹងមុខម្ហូបជនជាតិប្រពៃណី និងក្បួនដង្ហែរបង្ហាញកម្លាំង ក្នុងពិធីបង្ហូតទង់ជាតិ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែកញ្ញា”។ 

ទិវាបុណ្យឯករាជ្យជាតិនៅខេត្ត Lai Chau បានក្លាយជាថ្ងៃនៃចំណងសាមគ្គីភាពជាមួយនឹងសូរសំឡេងគែន ដែលលាន់លឺកងរំពងក្នុងលំហព្រៃភ្នំ និងស្នាមញញឹមរបស់ប្រជាជន។ នោះគឺជាសក្ខីភាពនៃសេចក្តីស្នេហាជាតិ ការដឹងគុណចំពោះបក្ស ចំពោះលោកប្រធានហូជីមិញ និងភាពស្អិតរមួតរវាងបណ្ដាជនជាតិនៅតំបន់ព្រំដែននៃមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ