ផ្សព្វផ្សាយទិវាសៀវភៅ និងវប្បធម៌អានដល់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល

(VOVWORLD) - ឆ្លើយតបនឹងទិវាសៀវភៅ និងវប្បធម៌អានវៀតណាមឆ្នាំ ២០២៣ (ថ្ងៃទី ២១ មេសា) តំបន់ជាច្រើននៅក្នុងខេត្ត Dak Lak បានរៀបចំសកម្មភាពប្រកបដោយអត្ថន័យ សំដៅដល់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល។ តាមនោះ បង្កើតឱកាសសម្រាប់ប្អូនៗកុមារមានលទ្ធភាពទទួលបានសៀវភៅកាន់តែច្រើន ជំរុញចំណង់ចំណូលចិត្តអានសៀវភៅ និងអភិវឌ្ឍន៍វប្បធម៌អាននៅក្នុងសាលារៀន។

ផ្សព្វផ្សាយទិវាសៀវភៅ និងវប្បធម៌អានដល់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល - ảnh 1សៀវភៅទាំងនោះត្រូវបានចែកជូនដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្ត Dak Lak (រូបថត៖ VOV)

បរិវេណការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Ea Hleo ខេត្ត Dak Lak ត្រូវបានរៀបចំជាតំបន់ផ្សេងៗគ្នា ដូចជា៖ កន្លែងតាំងបង្ហាញសៀវភៅ តំបន់វិចិត្រសាលសិល្បៈតាមប្រធានបទ កន្លែងស្វែងយល់អំពីសៀវភៅ និងវប្បធម៌អាន  ជួបប្រាស្រ័យ និងឧទ្ទេសនាមអំពីអ្នកនិពន្ធ ស្នាដៃ និងការប្រឡងដំណាលរឿងតាមសៀវភៅ។ កន្លែងនីមួយៗ បានទាក់ទាញសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនិងមាតាបិតាយ៉ាងច្រើន។ ដោយក្តីរំភើបរីករាយដែលទើបទទួលបានអំណោយ ប្អូន Bui Tran Bao Thu សិស្សថ្នាក់ទី៦  អនុវិទ្យាល័យ Le Quy Don ទីរួមស្រុក Ea Drang ស្រុក Ea Hleo បានចែករំលែកថា៖ “តាំងពីព្រឹករហូតមកដល់ពេលនេះ ខ្ញុំទទួលបានសៀវភៅផង ហើយបានជួបប្រាស្រ័យជាមួយពូមីងអ្នកនិពន្ធ ព្រមទាំងបានស្វែងយល់ពីវប្បធម៌អានទៀតផង។ក្នុងសកម្មភាពទាំងនេះ ខ្ញុំចូលចិត្តលេងល្បែងដកបទពិសោធវប្បធម៌អាន ព្រោះមានចំណេះដឹងដែលមានប្រយោជន៍ច្រើននិងសប្បាយរីករាយ។ ខ្ញុំចង់ឱ្យសាលារៀបចំព្រឹត្តិការណ៍ និងល្បែងលេងជាច្រើនសម្រាប់មិត្តភ័ក្តិលេងជាក្រុម ដើម្បីទទួលបានចំណេះដឹង និងការកម្សាន្តកាន់តែច្រើន”។

មិនត្រឹមតែទទួលបានបទពិសោធន៍សប្បាយៗ និងសកម្មភាពពោរពេញដោយប្រយោជន៍ប៉ុណ្ណោះទេ សិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធីនេះក៏ទទួលបានសៀវ ភៅសិល្បៈសម្រាប់កុមារផងដែរ។ ខ្លឹមសារដែលបានចែករំលែកពីភ្ញៀវក៏បានជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីតម្លៃនៃការអាន ដោយហេតុនេះកាន់តែចាប់អារម្មណ៍ក្នុងការអាន និងសិក្សាចំណេះដឹងតាមរយៈសៀវភៅ។ Phan Thi Phuong Thuy សិស្សថ្នាក់ទី ៩អេ សាលាអន្តេវាសិកដ្ឋានស្រុក Ea Hleo បានសំណេះសំណាលថា៖ “ខ្ញុំបានស្តាប់កវីនិងអ្នកនិពន្ធនិយាយបានល្អ ហើយមានការកោតសរសើរពួកគេខ្លាំងដែរ។ ជាធម្មតាខ្ញុំកម្រអានសៀវភៅណាស់ ភាគច្រើនខ្ញុំអានសៀវភៅចិត្តសាស្ត្រ ហើយខ្ញុំមិនសូវអានសៀវភៅអក្សរសាស្ត្រទេ។ ប៉ុន្តែឥឡូវនេះ បន្ទាប់ពីបានស្តាប់ពូ មីងអ្នកនិពន្ធ ចែករំលែកមក ខ្ញុំកាន់តែចាប់អារម្មណ៍ និងចូលចិត្តអានសៀវភៅ  ក្នុងនោះមានសៀវភៅអក្សរសាស្ត្រផងដែរ”។

ផ្សព្វផ្សាយទិវាសៀវភៅ និងវប្បធម៌អានដល់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល - ảnh 2អង្គភាពជាច្រើននៅ Dak Lak អនុវត្តន៍សកម្មភាពផ្សព្វផ្សាយវប្បធម៌អានដល់សិស្សានុសិស្សនៅតំបន់ជួបការលំបាក (រូបថត៖ VOV)

ដើម្បីជំរុញវប្បធម៌អានក្នុងសហគមន៍ យោងតាមលោក Nguyen Huy Dung ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Ea Hleo បានឲ្យដឹងថា ឆ្នាំនេះ មូលដ្ឋានបានអនុវត្តសកម្មភាពជាច្រើនដូចជា៖ បើកមហោស្រពដោយប្រធានបទ “សៀវភៅ និងយុវវ័យ”; តាំងបង្ហាញ និងបម្រើអ្នកអានសៀវភៅ ២.៥០០ក្បាល ដោយមានប្រភេទផ្សេងៗ ចាប់ពីអក្សរសិល្ប៍កុមារ រហូតដល់សៀវភៅវិទ្យាសាស្ត្រទូទៅ។ មិនត្រឹមតែប៉ុណ្ណោះស្រុកក៏រៀបចំការតាំងពិព័រណ៌រូបថតសិល្បៈគំនូរ “លក្ខណៈស្រស់ស្អាតរបស់ Ea H'leo”; ជួបប្រាស្រ័យជាមួយអ្នកនិពន្ធនិងកវី; ការប្រកួតនិទានរឿងតាមសៀវភៅជាដើម។  កម្មវិធីនេះទទួលបានការចាប់អារម្មណ៍ និងចូលរួមពីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជិត ១.០០០នាក់ មកពីអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងស្រុក។ ទន្ទឹមនឹងនោះ ស្រុកក៏យកចិត្តទុកដាក់ចំពោះសិស្សានុសិស្សក្នុងតំបន់ស្ថិតនៅតំបន់មានការលំបាកទៀតផង។ លោក Nguyen Huy Dung បានឲ្យដឹងថែមទៀតថា៖ “យើងក៏មានផែនការផ្សព្វផ្សាយអំពីសាលារៀន និងមូលដ្ឋាន រួមទាំងការបរិច្ចាគសៀវភៅដល់បណ្ណាល័យ ក៏ដូចជាការបរិច្ចាកសៀវភៅ ហើយផ្តល់ជូនកុមារដែលមានស្ថានភាពលំបាក។ កម្មវិធីនឹងអូសបន្លាយរយៈពេលពេញមួយខែមេសា និងរយៈពេលបន្តបន្ទាប់”។

នាំយកសៀវភៅទៅចែកជូនសិស្សានុសិស្សនៅតំបន់ដាច់ស្រយាល មិនត្រឹមតែទាក់ទាញការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ប៉ុណ្ណោះទេ ថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍ពីសមាគមជាច្រើន រួមទាំងសមាគមអក្សរសាស្រ្ត និងសិល្បៈ Dak Lak ផងដែរ។ លោកស្រី Nie Thanh Mai ប្រធានសមាគមបានឲ្យដឹងថា៖ “យើងនាំយកសៀវភៅទៅកាន់តំបន់ដាច់ស្រយាល និងប្រគល់សៀវភៅដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់សៀវភៅដល់សិស្សានុសិស្សនៅទីនេះ។ ជាពិសេស ក្នុងឆ្នាំនេះ ជាមួយគម្រោងផ្តល់សៀវភៅជូនកុមារនៅតំបន់ដាច់ស្រយាល   និងជនរួមជាតិជាជន ជាតិភាគតិច សមាគមអ្នកនិពន្ធវៀតណាម និងសមាគមអក្សរសាស្ត្រ និងសិល្បៈ Dak Lak បានប្រគល់សៀវភៅចំនួន ៤.០០០ក្បាល ដល់សាលារៀននៅតាមបណ្តាស្រុក ជាពិសេសសាលារៀនដែលមានសិស្សានុសិស្សជាជនជាតិភាគតិច”។

មិនត្រឹមតែក្នុងក្របខណ្ឌនៃការឆ្លើយតបទៅនឹងទិវាសៀវភៅ និងវប្បធម៌អានសៀវភៅប៉ុណ្ណោះទេ ការបញ្ចូនសៀវភៅដល់សាលានីមួយៗ កំពុងត្រូវបានអង្គភាពជាច្រើនអនុវត្តន៍ក្នុងទីក្រុង Dak Lak តាមរយៈកម្មវិធីដូចជា៖ បណ្ណាល័យចល័ត ពន្លឺចំណេះដឹង សាលាឥន្ទធនូ។ តាមនោះ បានលើកទឹកចិត្ត និងអភិវឌ្ឍន៍វប្បធម៌អាននៅក្នុងសហគមន៍ បង្កើតទម្លាប់អាន រួមចំណែកដល់ការអភិវឌ្ឍវប្បធម៌អានឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ