ពិព័រណ៍សរទរដូវឆ្នាំ២០២៥៖ ទីជួបជុំគ្នានៃវប្បធម៌ប្រពៃណី

(VOVWORLD) - នៅក្នុងបរិយាកាសសរទរដូវនៃទីក្រុងហាណូយ ពិព័រណ៍សរទរដូវលើកទីមួយឆ្នាំ២០២៥ គឺជាទីកន្លែងជួបជុំគ្នានៃពណ៌វប្បធម៌លើទូទាំងប្រទេស។ នៅទីនោះ អ្នកទស្សនាមកពីគ្រប់ទិសទី អាចទទួលបានអារម្មណ៍អំពីសូរសំឡេង ចង្វាក់ភ្លេង សំឡេងនៃកីតម្បាញ ក្បូរក្បាច់រចនាលើក្រណាត់ចរបាប់ចម្រុះពណ៌ ឬក្លិនកាហ្វេក្រអូបនៅក្នុងបរិយាកាសព្រៃភ្នំ Tay Nguyen ព្រៃភ្នំភាគពាយ័ព្យ រួមជាមួយនឹងរូបស្មូន Tò he ដ៏គួរឱ្យស្រឡាញ់ ដែលរំលឹកពីសេចក្តីសប្បាយរីករាយ និងអនុស្សាវរីយ៍ពីកុមារភាព។

ពិព័រណ៍សរទរដូវឆ្នាំ២០២៥៖ ទីជួបជុំគ្នានៃវប្បធម៌ប្រពៃណី - ảnh 1ពិព័រណ៍សរទៈរដូវលើកទីមួយឆ្នាំ ២០២៥ ត្រូវបានប្រៀបប្រដូចទៅនឹង "ផ្ទាំងគំនូរវៀតណាម" ខ្នាតតូច។ (រូបថត៖ Vien Minh/VTC News)

នៅក្នុងបរិយាកាសចម្រុះពណ៌ ស្តង់ទំនិញដែលឧទ្ទេសនាមអំពីអត្តសញ្ញាណ និងវប្បធម៌របស់ខេត្ត Dien Bien តែងតែទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ។ ផ្ទាំងក្រណាត់ចរបាប់ចម្រុះពណ៌ ដែលប៉ាក់ក្បូរក្បាច់រចនាដ៏ប្រណិត ត្រូវបានត្បាញដោយបាតដៃដ៏ប៉ិនប្រសប់ របស់ស្ត្រីនៅតំបន់ព្រៃភ្នំ។ ដោយសម្ដែងការត្បាញ ខណៈដែលបកស្រាយអំពីរបៀបត្បាញក្រណាត់ចរបាប់ អ្នកស្រី Lo Thi Van ជាជនជាតិឡាវម្នាក់ មកពីខេត្ត Dien Bien បាននិយាយថា៖

“យើងបាននាំយកកីតម្បាញមកទីនេះ ដើម្បីបង្ហាញដល់អ្នកទស្សនា។ ដូច្នេះ ពួកគេអាចទស្សនានិងសាកត្បាញក្រណាត់ ដោយវិធីសាស្រ្តប្រពៃណីរបស់ជនជាតិឡាវ នៅខេត្ត Dien Bien។ ផលិតផលរបស់យើងរួមមានរបស់របរជាច្រើនមុខដូចជា កាបូប អាវ សំពត់ កន្សែង ជាដើម”។

ពិព័រណ៍សរទរដូវឆ្នាំ២០២៥៖ ទីជួបជុំគ្នានៃវប្បធម៌ប្រពៃណី - ảnh 2តំបន់តាំងពិព័រណ៍សិល្បៈស្មូនរូប tò he ប្រពៃណី ទាក់ទាញកុមារជាច្រើន។ (រូបថត៖ Vien Minh/VTC News)

មិនត្រឹមតែមានខេត្ត Dien Bien ប៉ុណ្ណោះទេ ពិព័រណ៍នេះក៏បង្កប់នូវពណ៌វប្បធម៌របស់រដ្ឋធានីហាណូយ តាមរយៈសិល្បៈស្មូនរូប Tò he ដែលជាប្រដាប់ប្រដារក្មេងលេងប្រជាប្រិយដ៏ជិតស្និទ្ធ របស់ប្រជាជនជាច្រើនជំនាន់ផងដែរ។ នៅជ្រុងតូចមួយ ក្នុងតំបន់តាំងពិព័រណ៍ “ភាពថ្លៃថ្នូរនៃហាណូយ” រូបស្មូន Tò heដែលធ្វើពីម្សៅអង្ករជាមួយនឹងពណ៌ចម្រុះ ត្រូវបានបង្កើតឡើងយ៉ាងរស់រវើកដោយបាតដៃប៉ិនប្រសប់ របស់បណ្ដាសិប្បករ។ លោក Dang Dinh Thuong អនុប្រធានក្លឹបស្មូន Tò he ក្នុងភូមិ Xuan La ឃុំ Phuong Duc ទីក្រុងហាណូយ បានចែករំលែកថា៖

“ស្នាដៃនីមួយៗ ដោយបណ្ដាសិប្បករធ្វើឡើង គឺខុសគ្នា។ ទោះជាស្មូនរូបរាងដូចគ្នា ឧទាហរណ៍ថារូបសត្វនាគ គឺមនុស្សម្នាក់ៗ បានស្មូនវាតាមរបៀបផ្សេងៗគ្នា ដូច្នេះហើយការស្មូន tò he គឺរបៀបដែលមនុស្សម្នាក់ៗដាក់បញ្ចូលដង្ហើមជីវិតទៅក្នុងផលិតផលរបស់ខ្លួន។”

ស្ថិតនៅតំបន់មជ្ឈមណ្ឌលនៃពិព័រណ៍ ស្តង់តាំងពិព័រណ៍របស់ខេត្ត Tuyen Quang លេចធ្លោជាមួយនឹងរូបភាពព្រៃភ្នំខៀវស្រងាត់ ផ្លូវបត់ក្រវិចក្រវៀននៃខ្ពង់រាបថ្ម Dong Van រួមជាមួយនឹងសម្លៀកបំពាក់ពណ៌ឆើតឆាយ របស់ជនជាតិ Pa Then, Dao, Tay, Nung... មិនត្រឹមតែនាំយកផលិតផលប្រចាំស្រុកដូចជា៖ តែ San Tuyet, ស្រាពោត Thanh Van, ផ្លែទន្លាប់ Nghia Thuan, ហ្វើ Ngo ប៉ុណ្ណោះទេ Tuyen Quang ថែមទាំងនាំមកជូនភ្ញៀវទេសចរនូវ ការសម្តែងឧបករណ៍ភ្លេងជនជាតិ ចាប់ពីសូរសំឡេងខ្លុយ ស្គរបុណ្យដ៏រីករាយ រហូតដល់សំនៀងដ៏ផ្អែមល្ហែមរបស់ប្រជាពលរដ្ឋបណ្ដាជនជាតិនៅទីនេះទៀតផង។ លោក Dang Quoc Su នាយកមជ្ឈមណ្ឌលជំរុញទេសចរណ៍ខេត្ត Tuyen Quang បានឲ្យដឹងថា៖

“មកកាន់ពិព័រណ៍លើកនេះ ខេត្ត Tuyen Quang បាននាំមកនូវផលិតផលជាច្រើន ជាពិសេសផលិតផលវប្បធម៌ សម្រាប់ប្រជាជននិងភ្ញៀវទេសចរ មកទស្សនា និងទទួលបទពិសោធន៍ជាក់ស្ដែង។ បន្ទាប់ពីការរួមបញ្ចូលគ្នារវាងខេត្ត Tuyen Quang និងខេត្ត Ha Giang លំហទេសចរណ៍ត្រូវបានពង្រីក តម្លៃវប្បធម៌កាន់តែក្រាស់ក្រែងជាងមុន។ ជាពិសេស ខេត្ត Tuyen Quang ជាកន្លែងរស់នៅរបស់ជនជាតិជាច្រើន ដែលនាំមកនូវពណ៌វប្បធម៌ដ៏វិសេសវិសាល ដូច្នេះយើងចង់ផ្សព្វផ្សាយ និងបង្ហាញតម្លៃវប្បធម៌ទាំងនោះនៅក្នុងពិព័រណ៍នេះ”។

ពិព័រណ៍សរទរដូវឆ្នាំ២០២៥៖ ទីជួបជុំគ្នានៃវប្បធម៌ប្រពៃណី - ảnh 3មិនត្រឹមតែបម្រើអាហារប៉ុណ្ណោះទេ សិប្បករជាច្រើនក៏បង្ហាញដោយផ្ទាល់នូវការចម្អិនអាហារនៅនឹងកន្លែង ដែលបង្កើតការរំភើបសម្រាប់អ្នកទស្សនា។ (រូបថត៖ Vien Minh/VTC News)

ជាមួយនឹងស្តង់ទំនិញរាប់រយដ៏វិសេសវិសាល ចាប់ពីក្រណាត់ចរបាប់សេរ៉ាមិច Bat Trang គ្រឿងឈើសិប្បកម្ម រហូតដល់ផលិតផលពិសេសប្រចាំតំបន់ ដូចជាតែ Thai Nguyen ទឹកឃ្មុំ Ha Giang ទឹកត្រី Phu Quoc នោះ ពិព័រណ៍សរទរដូវ ពិតជាបានក្លាយទៅជាផ្ទាំងគំនូរជាទូទៅ នៃវប្បធម៌វៀតណាម។ អ្នកទស្សនា មិនត្រឹមតែអាចទិញទំនិញ និងទទួលទានម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងមានឱកាសទទួលបានបទពិសោធន៍ និងប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយសិប្បករ ស្វែងយល់បន្ថែមអំពីចំណេះដឹងវប្បធម៌របស់បណ្ដាជនជាតិ ដែលពិបាកទទួលបាននៅក្នុងសង្គមសម័យទំនើបបច្ចុប្បន្នទៀតផង។ កញ្ញា Le Thi Hoa Mai នៅទីក្រុងហាណូយ បានចែករំលែកថា៖

“សព្វថ្ងៃនេះ យុវជនមានទម្រង់កម្សាន្តផ្សេងទៀត ដែលកម្រប្រាស្រ័យទាក់ទងនឹងអត្តសញ្ញាណវប្បធម៌បែបនេះ ប៉ុន្តែនៅពេលមកទីនេះ យើងអាចទស្សនា ហើយរីករាយដោយផ្ទាល់ជាមួយនឹងការសម្តែងវប្បធម៌”។

ចាប់ពីលក្ខណៈសាមញ្ញមកពីបាតដៃរបស់សិប្បករ រហូតដល់ពណ៌ដ៏ស្អាតឆើតឆាយនៃសំលៀកបំពាក់ជនជាតិ ទាំងអស់បានលាយបញ្ចូលគ្នាដើម្បីបង្កើតឡើងផ្ទាំងគំនូរវប្បធម៌ដ៏សម្បូរបែប និងពោរពេញទៅដោយអត្តសញ្ញាណវៀតណាម។ ពិព័រណ៍សរទរដូវលើកទីមួយឆ្នាំ ២០២៥ មិនត្រឹមតែជាកន្លែងដោះដូរពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដើម្បីថែរក្សា លើកតម្កើង និងផ្សព្វផ្សាយនូវភាពថ្លៃថ្នូរនៃវប្បធម៌ប្រពៃណី នៅក្នុងជីវភាពសម័យទំនើបសព្វថ្ងៃនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ