ម្ហូបធ្វើពីអំបុកដោយមានរសជាតិពិសេសនៃសរទរដូវហាណូយ

(VOVWORLD) - អំបុកគឺជាមុខម្ហូបដ៏មានតម្លៃនៃសរទរដូវហាណូយ ដែលមានរសជាតិពិសេស និងបង្កប់នូវលក្ខណៈវប្បធម៌ភោជនីហារបស់ប្រជាជនរដ្ឋធានី។ អំបុកតំណាងឱ្យសុភាពរាបសា និងជាផ្នែកមួយដែលមិនអាចខ្វះបាននៃសរទរដូវហាណូយ ដែលរំលឹកដល់អនុស្សាវរីយ៍សាមញ្ញៗ ប៉ុន្តែស្រស់ស្អាតក្នុងបេះដូងមនុស្សគ្រប់រូប។

ម្ហូបធ្វើពីអំបុកដោយមានរសជាតិពិសេសនៃសរទរដូវហាណូយ - ảnh 1អំបុកគឺជាម្ហូបអាហារដ៏ថ្លៃថ្លានៃសរទរដូវហាណូយ។ រូបថត៖ Kim Lieu/VOV ៥

ពេលវេលាដែលទីក្រុងហាណូយចូលដល់សរទរដូវ ក៏ស្របពេលដែលក្លិនអំបុកដ៏ក្រអូបឈ្ងុយឆ្ងាញ់ ពាសពេញផ្លូវសង្កាត់។ គ្រាប់អំបុកខៀវ ទន់ស្វិត និងក្រអូប សព្វថ្ងៃនេះ មិនត្រឹមតែត្រូវបានជនហាណូយវេចក្នុងស្លឹកឈូកប៉ុណ្ណោះទេ ថែមទាំងត្រូវបានកែច្នៃទៅជាមុខម្ហូបផ្សេងៗទៀតផង។ ម្ហូបអាហារសម្រន់នីមួយៗនេះ គឺជាការរួមបញ្ចូលគ្នានៃប្រពៃណី និងភាពច្នៃប្រឌិត ដូច្នេះក្លិនក្រអូបនៃសរទរដូវ បានដក់ជាប់ក្នុងការចងចាំរបស់ជនហាណូយជានិច្ច។ អ្នកស្រី Dang Thuy Ha រស់នៅវិថី Hang Dieu ទីក្រុងហាណូយ បានចែករំលែកថា៖

“ខ្ញុំជាជនហាណូយ ដូច្នេះខ្ញុំនៅតែចូលចិត្តអ្វីដែលពិតជារបស់ហាណូយ។ សម្រាប់ទីក្រុងហាណូយ អំបុកតែងតែរំលឹកដល់អនុស្សាវរីយ៍ជាច្រើន។ កាលខ្ញុំនៅក្មេង ឪពុកម្តាយ តែងតែទិញអំបុកមួយកញ្ចប់រាល់ពេលអុជធូប។ ក្នុងដំណាក់កាលលំបាកនោះ បងប្អូនខ្ញុំ ម្នាក់ៗ ត្រូវបានចែកឲ្យហូបបន្តិចបន្តួចប៉ុណ្ណោះ។ នៅពេលខ្ញុំធំដឹងក្ដីហើយ ខ្ញុំបានដឹងពីអ្វីដែលល្អ និងស្រស់ស្អាតអំពីទីក្រុងហាណូយ រួមទាំងអំបុកនៃសរទរដូវ ហើយពេលរសៀល ខ្ញុំតែងតែជិះកង់ទៅបឹង Ho Tay ដើម្បីទិញអំបុកហូបជាមួយមិត្តភក្តិ”។

ម្ហូបធ្វើពីអំបុកដោយមានរសជាតិពិសេសនៃសរទរដូវហាណូយ - ảnh 2អំបុកស្រស់ឆា នំម៉ូឈីអំបុក... ជាមុខម្ហូបដែលត្រូវបានកែច្នៃពីអំបុក។ (រូបថត៖ Kim Lieu/VOV ៥)

នៅពេលដែលអាកាសធាតុប្រែទៅជាសរទរដូវជាបណ្ដើរៗ ខ្យល់ត្រជាក់ស្រួល ក៏ជាពេលដែលវិថី Hang Than កាន់តែមានភាពអ៊ូអរមមាញឹកជាងពេលណាៗទាំងអស់ នៅពេលឈានចូលរដូវផលិតនំអំបុកដ៏ធំបំផុតប្រចាំឆ្នាំ។ អំបុកស្រស់ត្រូវបានផ្សំជាមួយវត្ថុធាតុដើមប្រពៃណីជាច្រើនផ្សេងទៀតដើម្បីបង្កើតជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ទាក់ទាញ ដែលបង្កប់នូវលក្ខណៈវប្បធម៌របស់ជន Trang An (របៀបហៅផ្សេងរបស់ជនហាណូយ)។

គ្រួសាររបស់លោក Nguyen Van Hung ដែលបានប្រកបរបរផលិតនំអំបុកប្រពៃណីអស់រយៈពេល ៦០ ឆ្នាំនៅវិថី Hang Than ទីក្រុងហាណូយ បានឲ្យដឹងថា៖

“នៅពេលផលិតរួច អំបុកស្រស់អាចយកទៅកែច្នៃជាមុខម្ហូបជាច្រើន។ ទីមួយគឺបាយដំណើបអំបុក បន្ទាប់មកគឺនំអំបុក នំម៉ូឈីអំបុក អំបុកឆា ទឹកដោះគោអំបុក និងនំអន្សមអំបុកជ្រុង។ ផលិតផលទាំងអស់នេះត្រូវបានផលិតចេញពីគ្រាប់អំបុកស្រស់។ នៅក្នុងនំអន្សមអំបុកជ្រុង គ្រឿងផ្សំទាំងអស់សុទ្ធតែជាអំបុក។ ប្រភេទនំអន្សមនេះ ត្រូវធ្វើពីអំបុកលីង ទើបមានក្លិនក្រអូបពេលទទួលទាន។ ផលិតផលទាំងអស់នេះត្រូវបានគ្រួសារខ្ញុំធ្វើដោយខ្លួនឯង”។

អ្នកស្រី Cung Thi Thuy គឺជាជំនាន់ទី ៤ ក្នុងគ្រួសារដែលនៅតែរក្សាបាននូវរបរផលិតនំអំបុកប្រពៃណីហាណូយ នៅវិថី Hang Than បានចែករំលែកថា៖

“កាលពីមុន មាននំអំបុកតែមួយប្រភេទប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ មាននំអំបុកជាច្រើនប្រភេទ ដូចជា៖ អំបុកឆា នំអំបុកប្រពៃណី ឬនំម៉ូឈីអំបុក ជាដើម ដើម្បីបម្រើតម្រូវការមនុស្សជំនាន់ក្រោយ។ អំបុកស្រស់ត្រូវបានឆារួចមកវេចក្នុងស្លឹកចេកដើម្បីធ្វើឱ្យរសជាតិកាន់តែឈ្ងុយឆ្ងាញ់។ ការហូបអំបុកស្រស់ គឺធម្មតាហើយ។ ឥឡូវ យើងសាកភ្លក់ អំបុកឆា វេចក្នុងស្លឹកចេក ហើយជ្រលក់ក្នុងទឹកដូងស្រស់ ដើម្បីទទួលបានអារម្មណ៍ពីរសជាតិនៃសរទរដូវ”។

ម្ហូបធ្វើពីអំបុកដោយមានរសជាតិពិសេសនៃសរទរដូវហាណូយ - ảnh 3ម្ហូបចម្រុះ និងប្លែកៗដែលកែច្នៃពីអំបុក ត្រូវបានមនុស្សជាច្រើនចូលចិត្ត។ (រូបថត៖ Kim Lieu/VOV ៥)

ការទទួលទានអំបុក ក៏ជាការរីករាយជាមួយ រសជាតិដ៏សាមញ្ញតែបរិសុទ្ធនៃមេឃដី។ មនុស្សម្នាក់ៗ អាចជ្រើសរើសរបៀបផ្សេងគ្នាសម្រាប់ខ្លួនឯង ដើម្បីរីករាយជាមួយម្ហូបឆ្ងាញ់ៗដែលធ្វើពីអំបុក។

“ជាធម្មតាខ្ញុំក៏ចូលចិត្តហូបបាយដំណើបអំបុក។ ម្ហូបនេះទន់ស្វិតមែនទែន។ អំបុកមានក្លិនក្រអូបពិសេសជាស្រាប់ហើយ នៅពេលដែលផ្សំជាមួយសណ្តែកខៀវ គ្រាប់ឈូក និងដូងទៀត វានឹងបង្កើតបានជារសជាតិដ៏ឈ្ងុយឆ្ងាញ់ និងទាក់ទាញ”។

មិនត្រឹមតែជាមុខម្ហូបដ៏ប្រណិតប៉ុណ្ណោះទេ ម្ហូបធ្វើពីអំបុកក៏សមស្របធ្វើជាអំណោយដោយនាំយករសជាតិហាណូយដល់មនុស្សនៅឆ្ងាយៗទៀតផង។ អ្នកស្រី Tran Bao An ជនហាណូយម្នាក់ ចែករំលែកថា៖

“រាល់ពេលដែលខ្ញុំផ្ញើអំណោយជូនមិត្តភក្តិ ខ្ញុំតែងតែជ្រើសរើសនំអំបុក។ ពួកគេនឹងទទួលបានក្លិនក្រអូបនៃបាយដំណើបថ្មី ហើយរសជាតិផ្អែមល្ហែម និងក្លិនក្រអូបរបស់ទីក្រុងហាណូយនៅក្នុងនោះ”។

រួមជាមួយនឹងផ្ទៃមេឃពណ៌ខៀវស្រឡះ ពន្លឺថ្ងៃពណ៌លឿងស្រាល ក្លិនផ្កាទឹកដោះគោ មុខម្ហូបធ្វើពីអំបុក បានលាយបញ្ចូលគ្នាដើម្បីបង្កើតលក្ខណៈពិសេសដោយឡែកនៃសរទរដូវហាណូយ ដែលដក់ជាប់យ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជាជនរដ្ឋធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ