វប្បធម៌ប្រពៃណីនៃភូមិភាគវៀតណាមទាំង ៣ ប្រមូលផ្ដុំគ្នាក្នុងកម្មវិធី “សូរសំឡេងនៃតំបន់បេតិកភ័ណ្ឌ”
(VOVWORLD) - ដោយមានបំណងចង់រួមចំណែកថែរក្សា ផ្សព្វផ្សាយ និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ ព្រមទាំងបង្កើតទីធ្លាលេងដើម្បីជួបប្រាស្រ័យ និងសិក្សាគ្នាទៅវិញទៅមករវាងនិស្សិត សាកលវិទ្យាល័យ Can Tho ខាងត្បូង ទើបតែបានរៀបចំកម្មវិធី “សូរសំឡេងនៃតំបន់បេតិកភ័ណ្ឌ”។ កម្មវិធីនេះបានរួមបញ្ចូលការសម្តែងសិល្បៈ ជាមួយនឹងការសម្ដែងល្ខោន បង្កើតឡើងវិញនូវបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ និងអន្តរជាតិនៃភូមិភាគទាំងបី ខាងជើង-កណ្តាល-ខាងត្បូង។
ការសម្តែង “Xam Thap An” ជាបទចម្រៀង Xam ដែលបង្កប់ដោយទស្សនៈសីលធម៍ លើកតម្កើងសីលធម៌ ១០ ប្រការ។ (រូបថត៖ VOV) |
បើកកម្មវិធីជាមួយការសម្តែង “Xam Thap An” ជាបទចម្រៀង Xam ដែលបង្កប់ដោយទស្សនៈសីលធម៍ លើកតម្កើងសីលធម៌ ១០ ប្រការ ចាប់ពីគុណបំណាច់ឪពុកម្ដាយ គុណបំណាច់លោកគ្រូអ្នកគ្រូ មនោសញ្ចេតនាមិត្តភក្តិ រហូតដល់សេចក្តីស្នេហាចំពោះមាតុភូមិនោះ បណ្ដានិស្សិតក្នុងនាមជា “យុវជនស្រឡាញ់វប្បធម៌” បាននាំដង្ហើមជីវិតចូលក្នុងចង្វាក់ភ្លេង ក្នុងគោលចំណងផ្សព្វផ្សាយយ៉ាងខ្លាំងក្លាបេតិកភ័ណ្ឌវប្បធម៌អរូបីនេះ ដល់មនុស្សគ្រប់គ្នា។
ក្រៅពីការច្រៀងចម្រៀង Xam កម្មវិធីក៏ផ្ដោតលើការបង្ហាញពីបេតិកភ័ណ្ឌវប្បធម៌អរូបីផ្សេងៗទៀតដូចជា៖ ចម្រៀងប្រជាប្រិយ Quan ho Bac Ninh; Hau Dong - ទម្រង់អនុវត្តន៍ជំនឿគោរពបូជាព្រះម៉ែ ៣ អង្គរបស់ប្រជាជនវៀតណាម; តន្ត្រីព្រះរាជទ្រព្យ Hue - ប្រភេទតន្ត្រីដែលបានសំដែងក្នុងពិធីបុណ្យ; ការសម្ដែងគងឃ្មោះ Tay Nguyen; ការច្រៀង Don ca tai tu - ទម្រង់សិល្បៈប្រជាប្រិយដ៏វិសេសវិសាលនៃភូមិភាគខាងត្បូង។ មិត្ត Le Minh Nhat និស្សិតនៃសាកលវិទ្យាល័យ Can Tho ខាងត្បូង ដែលចូលរួមក្នុងកម្មវិធីនេះ បានឲ្យដឹងថា៖
“ខ្ញុំបានចូលរួមក្នុងការសម្តែង “Cô Đôi Thượng Ngàn” ដែលជាការសម្តែង Hau Dong ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌។ ខ្ញុំបានហាត់ប្រហែល ២ ខែជាមួយមិត្តរួមថ្នាក់។ ខ្ញុំក៏បានស្វែងយល់ច្រើនអំពីវប្បធម៌ Hau Dong មើលឯកសារ និងវីដេអូជាច្រើននៅលើបណ្តាញសង្គមផងដែរ។ រូបខ្ញុំផ្ទាល់មានចំណង់ចំណូលចិត្តនឹងទម្រង់វប្បធម៌បែបនេះ ដូច្នេះហើយខ្ញុំបានខិតខំព្យាយាមសម្ដែងឲ្យបានល្អបំផុត។ ខ្ញុំគិតថា ជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ យើងគួរតែអភិរក្សតម្លៃប្រវត្តិសាស្ត្រទាំងនេះ ជាពិសេសនៅក្នុងសាលារៀន ដើម្បីឱ្យវារីកសាយភាយដល់យុវជន និងមនុស្សកាន់តែច្រើន”។
របាំព្រះរាជទ្រព្យ Hue។ រូបថត៖ Hong Phuong/VOV |
ពីសូរសំឡេងច្រៀង Xam បុរាណ រហូតដល់តន្ត្រីព្រះរាជទ្រព្យ Hue ឬចម្រៀង Don ca tai tu ភាគខាងត្បូងដ៏ផ្អែមល្ហែម... ត្រូវបានក្រុមនិស្សិតច្នៃប្រឌិត បង្កើតជាកម្មវិធីសិល្បៈមួយដែលលាយបញ្ចូលគ្នារវាងលក្ខណៈប្រពៃណី និងដង្ហើមសហសម័យ។ "សូរសំឡេងនៃតំបន់បេតិកភណ្ឌ" បានបង្ហាញឲ្យឃើញថា សូរសំឡេងជាតិមិនត្រឹមតែលាន់លឺរំពងក្នុងការចងចាំប៉ុណ្ណោះទេ ថែមទាំងបានរស់រានមានជីវិតឡើងវិញក្នុងទម្រង់ថ្មីថ្មោង ច្នៃប្រឌិត និងទំនើបជាច្រើន។ មិត្ត Nguyen Quoc Khang និស្សិតនៃសាកលវិទ្យាល័យ Can Tho ខាងត្បូង អ្នកដឹកនាំរឿងនៃកម្មវិធី បានឲ្យដឹងថា៖
“ចំនួនអ្នកចូលរួមសរុបនៅក្នុងកម្មវិធីគឺ ១០០ នាក់។ ខ្ញុំបានផ្ដើមគំនិតសម្រាប់កម្មវិធីនេះ បន្ទាប់ពីខ្ញុំឃើញយុវជន រួមទាំងនិស្សិតជាច្រើន កំពុងរត់តាមជីវភាពសម័យទំនើប ដោយមានការយកចិត្តទុកដាក់ និងការយល់ដឹងតិចតួចអំពីបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់វៀតណាម។ ដូច្នេះហើយ កម្មវិធីនេះ គឺជាស្ពានដើម្បីតភ្ជាប់ ឃោសនា និងផ្សព្វផ្សាយតម្លៃវប្បធម៌ទាំងនោះ ដល់សំណាក់និស្សិតនិងយុវជន។ បើមានឱកាសច្រើនជាងនេះ ខ្ញុំចង់មានកម្មវិធីបន្ថែមទៀត ដើម្បីផ្សព្វផ្សាយកាន់តែខ្លាំងដល់និស្សិតនៅសាលាផ្សេងៗ ដើម្បីឱ្យពួកយើងអាចផ្លាស់ប្តូរលក្ខណៈវប្បធម៌កាន់តែច្រើនជាមួយគ្នា”។
កម្មវិធី "សូរសំឡេងនៃតំបន់បេតិកភ័ណ្ឌ"។ (រូបថត៖ VOV) |
អញ្ជើញចូលរួមទីធ្លាលាងវប្បធម៌សិល្បៈច្នៃប្រឌិតរបស់និស្សិត លោក Tran Viet Tuan លេខារងនៃសម្ព័ន្ធយុវជនទីក្រុង Can Tho បានសម្តែងថា៖
“តាមទស្សនៈរបស់សម្ព័ន្ធយុវជនទីក្រុង និងសម្ព័ន្ធសមាគមយុវជនវៀតណាមទីក្រុង Can Tho ខ្ញុំឃើញថា នេះគឺជាសកម្មភាពដែលបង្ហាញពីភាពស្វាហាប់ ភាពច្នៃប្រឌិត ក៏ដូចជាការស្វែងយល់អំពីវប្បធម៌របស់មិត្តនិស្សិត។ សកម្មភាពទាំងនេះទទួលបានការគាំទ្រនិងការពិគ្រោះយោបល់ជាច្រើនពីសម្ព័ន្ធយុវជន និងសមាគមនិស្សិតនៃសាកលវិទ្យា
ល័យ Can Tho ខាងត្បូង ដើម្បីបង្កើតឡើងកម្មវិធីល្អ និងមានអត្ថន័យ។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខនឹងមានសកម្មភាពស្រដៀងគ្នាជាច្រើន ដើម្បីរីកសាយភាយសេចក្ដីស្នេហាចំពោះមាតុភូមិ ក៏ដូចជាការចង់ស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌វៀតណាមផងដែរ”
កម្មវិធី "សូរសំឡេងនៃតំបន់បេតិកភ័ណ្ឌ" និយាយដោយឡែក ឬកម្មវិធីល្ខោននិយាយរួម មិនត្រឹមតែជាដំណើរសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាការខ្សឹបខ្សៀវនៃបេតិកភ័ណ្ឌ និងវប្បធម៌ដ៏វិសេសវិសាល ដែលត្រូវបានដំណាល់ឡើងវិញតាមទស្សនៈរបស់ជំនាន់វ័យក្មេងទៀតផង។ ពេលស្តាប់ហើយ យើងមិនត្រឹមតែទទួលអារម្មណ៍ពីភាពស្រស់ស្អាតនៃវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងឃើញយ៉ាងច្បាស់នូវទំនួលខុសត្រូវរបស់ជំនាន់បច្ចុប្បន្នក្នុងការថែរក្សា និងបន្តមរតកវប្បធម៌ប្រពៃណីទៀតផង៕