(VOVWORLD) - ការច្រៀងចម្រៀង Xam ដែលជាទម្រង់សិល្បៈប្រជាប្រិយដ៏វិសេសវិសាល ដែលពេញនិយមនៅតំបន់ដីសណ្តភាគខាងជើង រួមទាំងទីក្រុងហាណូយ ជារឿយៗត្រូវបានសម្តែងនៅទីសាធារណៈ។ ថ្មីៗនេះ ការច្រៀង Xam ត្រូវបានសម្ដែងលើឆាកថ្មីថ្មោងមួយនោះគឺឡានក្រុងពីរជាន់។
ភ្ញៀវទេសចរអាចគយគន់ទីក្រុងហាណូយពីខាងលើរថយន្ត ខណៈដែលស្តាប់បទចម្រៀង Xam ដ៏វិសេសវិសាល។ (រូបថត៖ TTXVN) |
ដោយមានបំណងចង់នាំចម្រៀង Xam កាន់តែខិតជិតមកប្រជាជន ជាពិសេសយុវជនតាមរយៈផលិតផលទេសចរណ៍ ដំណើរកំសាន្ត "Xam on the bus" ត្រូវបានដាក់ឱ្យបម្រើ សាធារណជន ដោយបំពេញតម្រូវការទៅទស្សនាទីក្រុងហាណូយពេលយប់ ដោយផ្សារភ្ជាប់នឹងការរីករាយជាមួយតន្ត្រីប្រពៃណី។
“Xam on the bus” ត្រូវបានសេវារថយន្តក្រុងពីរជាន់ Vietnam Sightseeing សហការជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបីវៀតណាម រៀបចំឡើងនាពេលយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍។ នៅលើឡានក្រុងពីរជាន់ ភ្ញៀវទេសចរអាចគយគន់ទីក្រុងហាណូយពីខាងលើរថយន្ត ខណៈដែលស្តាប់បទចម្រៀង Xam ដ៏វិសេសវិសាល។ លោក Vu An Giang សមាជិកគណៈកម្មាធិការរៀបចំកម្មវិធីបានឲ្យដឹងថា៖
“ដំណើរកំសាន្ត “Xam on the bus” មានរយៈពេល ១ ម៉ោង ១៥ នាទី ដោយឆ្លងកាត់ទីកន្លែងទេសចរណ៍ល្បីៗក្នុងទីក្រុងហាណូយ ដូចជា៖ វិមានតម្កល់សពលោកប្រធានហូជីមិញ ប្រាសាទអក្សរសាស្ត្រ ព្រះបរមរាជវាំងថាំងឡុង... ជាពិសេស ដំណើរនេះមានការឈប់សម្រាកប្រហែល ២០ នាទី ហើយនៅទីនេះ សិល្បករនឹងទាក់ទងប្រាស្រ័យផ្ទាល់ជាមួយទស្សនិកជន”។
អ្នកដំណើរជួបប្រាស្រ័យនិងស្វែងយល់ពីការច្រៀង Xam ប្រពៃណីក្នុងដំណើរកំសាន្ត "Xam on the bus"។ (រូបថត៖ Khanh Hoa/TTXVN) |
ជារៀងរាល់សប្តាហ៍ ដំណើរកំសាន្ត "Xam on the bus" ទាក់ទាញអ្នកទេសចរយ៉ាងច្រើន។ ជាពិសេសសម្រាប់យុវជន ការស្តាប់ចម្រៀង Xam នៅលើរថយន្តក្រុងជារឿងថ្មីគួរឱ្យចាប់អារម្មណ៍។
“សម្រាប់យុវជនដូចខ្ញុំ នេះជាឱកាសដ៏ល្អមួយដែលជួយខ្ញុំខិតជិតមកប្រភេទតន្ត្រីប្រពៃណី ហើយថែមទាំងបានគយគន់ផ្លូវនានាក្នុងទីក្រុងហាណូយផងដែរ”។
“នេះគឺជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយវប្បធម៌វៀតណាមដល់ភ្ញៀវទេសចរបរទេស។ ខ្ញុំសង្ឃឹមថា នៅពេលអនាគតនឹងមានកម្មវិធីប្រាស្រ័យជាភាសាអង់គ្លេសផងដែរ”។
ការប្រើប្រាស់ឡានក្រុងពីរជាន់ ដើម្បីសម្ដែងការច្រៀង Xam ចល័តគឺជាការច្នៃប្រឌិតថ្មីនៃទេសចរណ៍ហាណូយ។ វាមិនត្រឹមតែជួយអភិវឌ្ឍន៍សិល្បៈប្រពៃណីប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសកម្មភាពទទួលបទពិសោធន៍នាពេលរាត្រីកាន់តែសម្បូរបែប ដើម្បីទាក់ទាញភ្ញៀវទេសចរមកទីក្រុងហាណូយផងដែរ។ លោក Vu An Giang សមាជិកគណៈកម្មាធិការរៀបចំកម្មវិធីបានបន្ថែមថា៖
“នាពេលខាងមុខ យើងនឹងផ្តោតសំខាន់លើការអភិរក្សលក្ខណៈវប្បធម៌ដែលធ្លាប់មាននៅហាណូយ ទន្ទឹមនឹងនោះ យើងនឹងខិតទៅជិតយុវជន ដែលអាចរួមចំណែកក្នុងការអភិរក្សលក្ខណៈវប្បធម៌ដ៏វិសេសវិសាលទាំងនេះ”។
ភាពខុសប្លែកនៃ "Xam on the bus" មិនត្រឹមតែជាឆាកសម្តែងដ៏ច្នៃប្រឌិត នៅលើឡានក្រុងពីរជាន់ប៉ុណ្ណោះទេ ថែមទាំងមកពីសិល្បករសិល្បការិនីដែលចូលរួមសម្តែងដោយផ្ទាល់ទៀតផង។ ពួកគេសុទ្ធតែនៅក្មេង មានភាពស្វាហាប់ និងមានសេចក្តីស្រឡាញ់ពិសេសចំពោះទម្រង់សិល្បៈនេះ។ ពួកគេនាំមកជូនភ្ញៀវទេសចរនូវដំណើរកម្សាន្តគួរឲ្យចាប់អារម្មណ៍ជាមួយនឹងបទចម្រៀង Xam ដ៏ពិរោះៗ។ អ្នកស្រី Tran Huong Giang មគ្គុទ្ទេសក៍ទេសចរណ៍បានឲ្យដឹងថា៖
“កាលពីមុន អ្នកច្រៀង Xam ប្រកបរបរ នៅក្នុងបរិយាកាសផ្សេងៗគ្នាដូចជា នៅផ្សារ នៅលើរថភ្លើង… ហើយនៅក្នុងកម្មវិធីនេះ យើងច្រៀងនៅលើឡានក្រុង ដូចរបៀបមួយដើម្បីស្រមៃមើលការច្រៀង Xam ពីមុន”។
អ្នកដំណើរស្វែងយល់អំពីឧបករណ៍ភ្លេងប្រជាប្រិយក្នុងដំណើរ "Xam on the bus"។ (រូបថត៖ Khanh Hoa/TTXVN) |
“Xam on the bus” មិនត្រឹមតែនាំយកតន្ត្រីប្រពៃណីឡើងលើឡានក្រុងប៉ុណ្ណោះទេ ថែមទាំងជួយភ្ញៀវទេសចរយល់ដឹងបន្ថែមទៀតអំពីប្រវត្តិនៃទម្រង់សិល្បៈដ៏ពិសេសនេះទៀតផង។ ភ្ញៀវទេសចរអាចស្តាប់រឿងរ៉ាវអំពីការច្រៀង Xam នៅលើរថភ្លើងចាស់ រំលឹកដល់របៀបច្រៀង Xam របស់ជនហាណូយ និងទទួលបទពិសោធន៍លេងឧបករណ៍ភ្លេងប្រពៃណីក្នុងការសម្តែងសិល្បៈ xam ផងដែរ។ សិល្បករច្រៀង Xam លោក Nguyen Hoang Hiep តំណាងមជ្ឈមណ្ឌលផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបីវៀតណាម បានចែករំលែកថា៖
“បច្ចុប្បន្នមិនមានរថភ្លើងចាស់ៗក្នុងទីក្រុងទៀតហើយ ប៉ុន្តែរថយន្តក្រុងពីរជាន់មានភាពស្រដៀងគ្នា។ ខ្ញុំឃើញថាកម្មវិធីគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដើម្បីឱ្យមនុស្សជំនាន់មុនអាចរំលឹកដល់ការចងចាំអនុស្សាវរីយ៍ ខណៈដែលជំនាន់វ័យក្មេងអាចទទួលយកអារម្មណ៍នៃបរិយាកាសវប្បធម៌ដ៏វិសេសវិសាលរបស់ហាណូយកាលពីអតីតកាល”។
ការច្រៀងចម្រៀង Xam ពីមុន ដែលសព្វថ្ងៃនេះត្រូវបានសម្ដែងនៅលើរថយន្តក្រុងនោះ បានរំលឹកទស្សនិកជននូវទម្រង់សិល្បៈប្រជាប្រិយ ដែលត្រូវការថែរក្សា អភិរក្ស និងអភិវឌ្ឍន៍៕