(VOVWORLD) - អស់រយៈពេលជាច្រើនឆ្នាំមកហើយ រោងមហោស្រពសិល្បៈច្រៀង Boi ទីក្រុងហូជីមិញ នៅតែរក្សាការសម្តែងប្រចាំសប្តាហ៍នៅតាមទីតាំងសាធារណៈក្នុងទីក្រុង ព្រមទាំងសហការជាមួយសាលារៀន ដើម្បីនាំសិល្បៈច្រៀង Boi ឲ្យកាន់តែខិតមកជិតយុវជន។ ការងារនេះគឺដើម្បីអនុវត្តន៍បេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌ផង និងទាក់ទាញទស្សនិកជនជាមួយនឹងវិធីសាស្រ្តថ្មីៗផង។
ការសម្ដែងសិល្បៈច្រៀង Boi នៅទីតាំងសាធារណៈ។ (រូបថត៖ Vu Huong/VOV-HCMC) |
ការសម្តែងនីមួយៗ ទោះបីជាត្រឹមតែជាការដកស្រង់សាច់រឿងខ្លីក៏ដោយ ប៉ុន្តែតែងតែត្រូវបានសិល្បករនៃរោងមហោស្រពសម្តែងម្ដងហើយម្ដងទៀត និងត្រៀមខ្លួនឆ្លើយសំណួរទាំងអស់ពីទស្សនិកជន។ ការលះបង់ និងភាពខ្លៀវក្លារបស់សិល្បករ មិនត្រឹមតែធ្វើសំរាប់យុវជនប៉ុណ្ណោះទេ ថែមទាំងប្រជាជនក្នុងទីក្រុង ក៏មានការចាប់អារម្មណ៍និងសមានចិត្តជាបណ្ដើរៗចំពោះទម្រង់សិល្បៈប្រពៃណីនេះទៀតផង។
អ្នកស្រី Nguyen Cong Dung អាយុ ៣៨ ឆ្នាំ នៅពេលទស្សនាការសម្ដែងសិល្បៈច្រៀង Boi ជាលើកដំបូងនៅផ្លូវសៀវភៅ Nguyen Van Binh បានចែករំលែកថា៖
“នេះជាលើកដំបូងដែលខ្ញុំបានទស្សនាទម្រង់សិល្បៈនេះ។ ឥឡូវនេះខ្ញុំមានទស្សនៈថ្មី និងវិធីអភិក្រមថ្មីហើយ។ បានទស្សនារឿងដែលទាក់ទងនឹង Hai Ba Trung ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំឡេងស្គរ តន្ត្រី និងរចនាប័ទ្មសម្តែងពិសេសនៃការច្រៀង Boi”។
ជារៀងរាល់ឆ្នាំ រោងមហោស្រពបានអនុវត្តន៍ការសម្តែងពី ១៥០ ទៅ ១៦០លើក រួមទាំងកម្មវិធីដែលទទួលបានហិរញ្ញប្បទាន និងការសម្តែងដែលបង្កើតប្រាក់ចំណូល ដោយសម្តែងជាមធ្យម ជារៀងរាល់ ២ ថ្ងៃម្តង។
ដើម្បីបម្រើទស្សនិកជនយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស រោងមហោស្រព បានរៀបចំការសម្តែងចុងសប្តាហ៍ជាប្រចាំនៅតាមទីកន្លែងសាធារណៈ។ លើសពីនេះ រោងមហោស្រពនៅតែទៅសម្ដែងនៅក្នុងពិធីបុណ្យតាមភូមិឃុំ និងកម្មវិធីល្ខោនសាលារៀន នៅតាមកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនានាផងដែរ។ លោក Nguyen Thanh Binh ប្រធានការិយាល័យរៀបចំការសម្តែង រោងមហោស្រពសិល្បៈច្រៀង Boi ទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“តាមរយៈកម្មវិធីសម្តែងនៅកន្លែងសាធារណៈ រោងមហោស្រពមានបំណងចង់ផ្សព្វផ្សាយសិល្បៈច្រៀង Boi ប្រពៃណីជាតិ តាមនោះអភិរក្ស និងលើកកម្ពស់តម្លៃវិសេសវិសាលនៃសិល្បៈច្រៀង Boi។ នេះក៏ជាមធ្យោបាយមួយដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមដល់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស ពីនោះពួកគេអាចទៅរោងមហោស្រព ឬទៅទស្សនាកម្មវិធីលក់សំបុត្ររបស់រោងមហោស្រពនាពេលអនាគត”។
ទស្សនិកជនឡើងលើឆាកដើម្បីប្រាស្រ័យទាក់ទងនិងរៀនអំពីសិល្បៈច្រៀង Boi។
រូបថត៖ Vu Huong/VOV-HCMC |
មកទស្សនាកម្មវិធីឧទ្ទេសនាមអំពីសិល្បៈច្រៀង Boi នៅមជ្ឈមណ្ឌលទីក្រុង កញ្ញា Lam Hoang Xuan Nghi និស្សិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ បានឲ្យដឹងថា រឿងរ៉ាវក្នុងការសម្ដែងច្រៀង Boi សុទ្ធតែផ្សាភ្ជាប់នឹងប្រវត្តិសាស្ត្រនៃការស្ថាបនា និងការពារប្រទេសជាតិរបស់ជីដូនជីតា។ យោងតាម Xuan Nghi ដើម្បីឱ្យទម្រង់សិល្បៈប្រពៃណីនេះ ទាក់ទាញទស្សនិកជនកាន់តែច្រើន ការច្រៀង Boi អាចគួបផ្សំជាមួយនឹងទម្រង់ និងរឿងរ៉ាវសម័យទំនើប ហើយថែមទាំងផ្សព្វផ្សាយនៅលើវេទិកាបណ្តាញសង្គមតាមរយៈអ្នកបង្កើតខ្លឹមសារទៀតផង។
“ប្រសិនបើមានការផ្លាស់ប្តូរកាន់តែថ្មីថ្មោង និងកាន់តែច្រើននោះ វាអាចទាក់ទាញបានការចាប់អារម្មណ៍កាន់តែខ្លាំងដែរ។ ពីនោះ យុវជនក៏អាចយល់ដឹងពីតម្លៃវប្បធម៌របស់ប្រទេសជាតិ”។
ក្រៅពីគោលដៅផ្សព្វផ្សាយសិល្បៈប្រពៃណី រោងមហោស្រពក៏បង្កើតកម្មវិធីទេសចរណ៍បទពិសោធន៍ពិសេសៗផងដែរ ដូចជា ដំណើរកំសាន្តដោយរូបថត ឬដំណើរទទួលបទពិសោធន៍សិល្បៈច្រៀង Boi ដែលមានរយៈពេលប្រហែល ៣០ - ៦០ នាទី អាស្រ័យលើតម្រូវការបស់ភ្ញៀវ ហើយអាចប្រើទ្វេភាសា (ដូចជាភាសាវៀតណាម - អង់គ្លេស ឬភាសាវៀតណាម - ចិន) ផងដែរ៖
“ទម្រង់នេះជួយភ្ញៀវទេសចរឱ្យទទួលបានបទពិសោធន៍ ស្វែងយល់និងខិតមកជិតសិល្បករចាប់ពីដំណើរការបង្កើតតួអង្គ រហូតដល់ការបញ្ចប់ ហើយបានសាកធ្វើចលនា ឬពាក្យសម្ដីមួយចំនួនក្នុងរឿង ដើម្បីយល់ដឹងបន្ថែមទៀតអំពីសិល្បៈច្រៀង Boi”។
កិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ទាំងនេះ ត្រូវបានទទួលស្គាល់យ៉ាងសក្តិសម។ ថ្មីៗនេះ រោងមហោស្រពសិល្បៈច្រៀង Boi ទីក្រុងហូជីមិញ មានកិត្តិយសដោយត្រូវបានមន្ទីរវប្បធម៌និងកីឡាទីក្រុងហូជីមិញ លើកតម្កើងជាសមូហភាពមួយក្នុងចំណោមសមូហភាពទាំង ៨ ដែលមានការរួមវិភាគទានដ៏ឆ្នើម ចំពោះចលនាប្រឡងប្រណាំងស្នេហាជាតិ និងជំរុញការអភិវឌ្ឍនៃវិស័យវប្បធម៌និងកីឡារបស់ទីក្រុង។ នេះគឺជាការបញ្ជាក់ពីដំណើរនៃការលះបង់ដោយឥតឈប់ឈរ ដែលផ្ដល់បន្ថែមកម្លាំងចលករដល់សិល្បករ ដើម្បីបន្តបេសកកម្មផ្សព្វផ្សាយវប្បធម៌ជាតិ៕