Binh Duong៖ គោលនយោបាយអនុគ្រោះជាច្រើន ដើម្បីទទួលរលក វិនិយោគ​លើ​វិស័យកសិកម្ម

(VOVWORLD) - មិនត្រឹមតែត្រូវបានគេស្គាល់ដល់ជាខេត្តឧស្សាហ៍កម្មប៉ុណ្ណោះទេ Binh Duong កំពុងអភិវឌ្ឍន៍វិស័យកសិកម្មយ៉ាងខ្លាំងក្លា តាមទិសដៅកសិកម្មនគរ កសិកម្មបច្ចេកវិទ្យាខ្ពស់។ ទិសដៅនោះបានរួមចំណែកបង្កើនតម្លៃផលិតកម្មកសិកម្ម ក៏ដូចជារួមវិភាគទានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តផងដែរ។
 
 
Binh Duong៖ គោលនយោបាយអនុគ្រោះជាច្រើន ដើម្បីទទួលរលក វិនិយោគ​លើ​វិស័យកសិកម្ម - ảnh 1Binh Duong បង្កើតតំបន់ដាំដុះផ្លែឈើនៅស្រុកភាគខាងជើងខេត្ត

Binh Duong ត្រូវបានគេស្គាល់ដល់ជាខេត្តឧស្សាហកម្មមួយដែលមានសន្ទស្សន៍អភិវឌ្ឍន៍ឧស្សាហកម្មយ៉ាងឆាប់រហ័សបំផុត។ ទោះបីជា GDP កសិកម្មត្រឹមតែស្រូបយកជាង ៣% ក៏ដោយ ប៉ុន្តែខេត្ត Binh Duong មានលក្ខខ័ណ្ឌ សក្ដានុពល និងគុណសម្បត្តិជាច្រើន ដើម្បីអភិវឌ្ឍន៍កសិកម្ម ជាពិសេសគឺកសិកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ នេះក៏ជាខ្លឹមសារដ៏សំខាន់នៃការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ និងធ្វើឧស្សាហូបនីយកម្ម ទំនើបកម្មកសិកម្ម និងជនបទរបស់ខេត្ត។

យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Binh Duong បានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅ ដោយអនុវត្តន៍គោលការណ៍រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញនោះ ខេត្ត Binh Duong បានបង្កើតយន្តការ ដើម្បីទាក់ទាញសហគ្រាស និងកសិករមកបណ្តាក់ទុន និងធ្វើផលិតកម្ម។ លោក Ho Truc Thanh អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Binh Duong បានឲ្យដឹងថា៖ ខេត្តតែងតែកំណត់វិស័យកសិកម្មជាវិស័យដ៏សំខាន់ ជួយធានាសន្តិសុខសង្គមរបស់ខេត្ត Binh Duong។ ដូច្នេះហើយ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ខេត្តបានផ្ដោតសំខាន់លើការអភិវឌ្ឍន៍វិស័យកសិកម្ម អនុវត្តន៍គម្រោងរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ ដើម្បីអភិវឌ្ឍតាមទិសដៅប្រកបដោយនិរន្តរភាព លើកកំពស់តម្លៃបន្ថែម ក្នុងនោះខេត្តបានផ្តោតលើការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ផលិតភាពនៃផលិតផល និងតម្លៃផលិតផល។ នាបច្ចុប្បន្ននេះ អត្រាពលករលើវិស័យកសិកម្មបានស្រូបយកសមាមាត្រដ៏ច្រើនសន្ធឹកសន្ទាប់។ ទន្ទឹមនឹងនេះ ខេត្តក៏បានជំរុញយន្តូបនីយកម្ម ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មកសិកម្ម និង បង្កើនប្រសិទ្ធភាពផងដែរ។

នាយៈពេលកន្លងទៅ មានសហគ្រាសជាច្រើនបានវិនិយោគ អភិវឌ្ឍន៍កសិកម្មនៅខេត្ត Binh Duong ប្រកបដោយជោគជ័យ។ បណ្ដាសហគ្រាសបានវិនិយោគយ៉ាងខ្លាំងក្លាលើវិស័យកសិកម្ម បានជាផ្ទៃដីដាំដុះ និងការចិញ្ចឹមសត្វនៅខេត្ត Binh Duong បានកើនឡើងជារៀងរាល់ឆ្នាំ។ គិតត្រឹមឆ្នាំ ២០២១ ផ្ទៃដីបង្កបង្កើនផលកសិកម្មនគរនៅខេត្ត Binh Duong សម្រេចបានជាង ១៧២ ហិកតា ហើយផ្ទៃដីសរុបដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រេចបានប្រមាណ ៥ ៥០០ ហិកតា។

គំរូកសិកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការបង្កបង្កើនផល ត្រូវបានប្រជាកសិករអនុវត្តន៍យ៉ាងទូលំទូលាយនៅភូមិសាស្ត្រខេត្ត ភាគច្រើនគឺដាំដំណាំដែលមានតម្លៃដូចជា បន្លែ ផ្សិត ដើមឈើហូបផ្លែ ផ្កាអ័រគីដេ ដើមឈើលំអជាដើម។ លោក Pham Quoc Liem អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកសិកម្ម U&I (Unifarm) ជាសហគ្រាសដែលមានបទពិសោធន៍ជាច្រើនលើវិស័យបង្កបង្កើនផលកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅតាមប្រទេសកសិកម្មឈានមុខនៅលើពិភពលោកដូចជា អ៊ីស្រាអែល សហរដ្ឋអាមេរិក ជប៉ុន និងនូវែលសេឡ បានចែករំលែកថា៖ ក្រៅពីអ្នកជំនាញជនជាតិអ៊ីស្រាអែលនោះ "យើងខ្ញុំបានអញ្ជើញអ្នកជំនាញជនជាតិហ្វីលីពីន។ ហ្វីលីពីនគឺជាប្រទេសដែលល្បីឈ្មោះក្នុងការដាំដើមចេក ដូច្នេះហើយ យើងខ្ញុំបានអញ្ជើញពួកគេមកជួយអភិវឌ្ឍន៍ចំការចេក ដែលមានទិន្នផលខ្ពស់ និងគុណភាពល្អ។ នៅពេលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ គឺត្រូវមានតម្លៃសេច្ឋកិច្ចខ្ពស់ ទើបបញ្ចុះបញ្ចូលបានប្រជាកសិករ។ ក្រោយមកយើងខ្ញុំនឹងធ្វើការផ្ទេរប្រគល់បច្ចេកវិទ្យាជូនប្រជាកសិករផងដែរ"។

Binh Duong៖ គោលនយោបាយអនុគ្រោះជាច្រើន ដើម្បីទទួលរលក វិនិយោគ​លើ​វិស័យកសិកម្ម - ảnh 2កសិផល Binh Duong ត្រូវបានឧទ្ទេសនាមនៅពិព័រណ៍ផលិតផល

នាបច្ចុប្បន្ន Unifarm កំពុងវិនិយោគលើគម្រោងកសិកម្មបច្ចេកវិទ្យាខ្ពស់ឈានមុខ នៅខេត្ត Binh Duong រួមមានមណ្ឌលកសិកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ An Thai ដែលមានផ្ទៃដីជាង ៤០០ ហិកតា; គម្រោងដាំចេកដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅឃុំ Thanh An, Minh Tan និង Long Hoa ដែលមានផ្ទៃដី ១ ២០០ ហិកតា នៅស្រុក Dau Tieng ខេត្ត Binh Duong។ អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Binh Duong លោក Ho Truc Thanh បានឲ្យដឹងថា៖ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសម្របសម្រួលជាមួយមូលនិធិវិនិយោគអភិវឌ្ឍន៍ ដើម្បីធ្វើការវាយតម្លៃ និងដោះស្រាយតម្រូវការដើមទុនជូនប្រជាកសិករក្នុងខេត្ត។ ទន្ទឹមនឹងនោះ ខេត្តក៏បានផ្តោតសំខាន់លើការផ្តល់ដំណោះស្រាយដើម្បីបង្កើតគំរូតភ្ជាប់ បង្កើនខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតផល។ នាបច្ចុប្បន្ននេះ សហករណ៍នានាត្រូវបានបង្កើតឡើង ដោយរួមចំណែកដោះស្រាយធាតុចេញសម្រាប់ផលិតផលផងដែរ។

ដោយមានទិសដៅអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ រួមជាមួយគោលនយោបាយជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពនោះ ខេត្ត Binh Duong មានក្ដីសង្ឃឹមថា នឹងមានសហគ្រាសជាច្រើនថែមទៀតជ្រើសរើសខេត្តជាគោលដៅវិនិយោគលើវិស័យ
កសិកម្ម។ តាមនោះ រួមចំណែកនាំខឿនសេដ្ឋកិច្ច ខេត្ត Binh Duong អភិវឌ្ឍន៍ទាំងវិស័យឧស្សាហកម្ម និងកសិកម្ម។ ប្រការនេះនឹងជា "គម្នាស់" ជួយខេត្ត Binh Duong ក្លាយទៅជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលមិនអាចខ្វះបាននៃតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ