ខេត្ត Hung Yen ពង្រីកការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិកពហុមធ្យោបាយ

(VOVWORLD) - ខេត្ត Hung Yen កំពុងផ្លាស់ប្តូរយ៉ាងខ្លាំង មិនត្រឹមតែជាមជ្ឈមណ្ឌលឧស្សាហកម្មនៃតំបន់ដីសណ្តទន្លេក្រហមប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទិកពហុមធ្យោបាយ ជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ដឹកជញ្ជូននិងពាណិជ្ជកម្មនៃតំបន់ភាគខាងជើងទៀតផង។
ខេត្ត Hung Yen មានទីតាំងកណ្តាលនៅក្នុងត្រីកោណសេដ្ឋកិច្ចសំខាន់ភាគខាងជើង នៅលើខ្សែផ្លូវចរាចរណ៍សំខាន់ៗដូចជា ផ្លូវជាតិលេខ 5A ផ្លូវល្បឿនលឿងហាណូយ - ហៃផុង។ល។
ខេត្ត Hung Yen ពង្រីកការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិកពហុមធ្យោបាយ - ảnh 1ខ្សែផ្លូវមួយនៅខេត្ត Hung Yen។ រូបថត៖ VOV

ដោយមានឧត្តមភាពជា "ច្រកទ្វារ" តភ្ជាប់រដ្ឋធានីហាណូយជាមួយបណ្តាកំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងតំបន់ឧស្សាហកម្មធំៗ ខេត្ត Hung Yen បានកំណត់ឡូជីស្ទិកមិនត្រឹមតែជាផ្នែកសេវាកម្មគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដោយដើរតួនាទីនាំមុខគេនៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្ម - ការចែកចាយ - នាំចូលនិងនាំចេញទៀតផង។ លោក Tran Quoc Van អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Hung Yen បានបញ្ជាក់ថា៖  “សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបានកំណត់យ៉ាងច្បាស់ថា ការអភិវឌ្ឍវិស័យដឹកជញ្ជូនគឺជាអាទិភាពចម្បង។ ក្រៅពីប្រព័ន្ធដឹកជញ្ជូនសំខាន់ៗ ក៏ត្រូវការអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម ដើម្បីទាក់ទាញសហគ្រាសមកធ្វើអាចីវកម្ម និងបង្កើតការងារធ្វើសម្រាប់ប្រជាជនផងដែរ”

ខេត្ត Hung Yen ពង្រីកការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិកពហុមធ្យោបាយ - ảnh 2ទិដ្ឋភាពនៃតំបន់កំពង់ផែដឹកទំនិញរាវ Ba Lat។ ប្រភព៖ baodautu.vn

ដោយមានការតំរង់ទិសនេះ គម្រោងមួយចំនួនត្រូវបានដាក់ពង្រាយ។ កំពង់ផែទំនិញរាវ Ba Lat ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២៥ នៅក្នុងឃុំ Hung Phu ដោយបើកច្រកទ្វារថ្មីមួយសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងឡូជីស្ទិកតាមឆ្នេរសមុទ្រ។ ដោយមានសមត្ថភាពទទួលកប៉ាល់ដែលមានទម្ងន់រហូតដល់ ៣.០០០តោន កំពង់ផែ Ba Lat មិនត្រឹមតែបម្រើការដឹកជញ្ជូនសម្ភារៈថាមពលនិងទំនិញឧស្សាហកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើតជា តំណភ្ជាប់ដ៏សំខាន់មួយ ដែលតភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មHung Yen ជាមួយនឹងប្រព័ន្ធកំពង់ផែភាគខាងជើងផងដែរ។ នេះត្រូវបានចាត់ទុកជាជំហានយុទ្ធសាស្ត្រដើម្បីជួយខេត្ត Hung Yen ចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃតំបន់ឆ្នេរសមុទ្រទាំងមូល។ លោក Ngo Van Phat ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Phu Thanh ជាអ្នកវិនិយោគនៃគម្រោងនេះ បានបញ្ជាក់ថា៖ “នៅពេលដែលគម្រោងនេះត្រូវបានដាក់ឱ្យដំណើរការ វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ ដោយនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ដល់គុណភាពជីវភាពរស់នៅរបស់ប្រជាជន បង្កើតការងារធ្វើសម្រាប់កម្មករជាច្រើននាក់។ ជាពិសេស គម្រោងនេះបានរួមចំណែកយ៉ាងធំធេងដល់ចំណូលថវិការបស់ខេត្ត”

ចំណុចលេចធ្លោសំខាន់បំផុតនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិករបស់ខេត្តគឺការវិនិយោគក្នុងពេលដំណាលគ្នាលើការដឹកជញ្ជូនគ្រប់ប្រភេទ។ ខេត្តកំពុងស្រាវជ្រាវ និងអនុវត្តន៍ខ្សែរថភ្លើងក្រុងចំនួន ៣ នៅក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅគោលដៅក្លាយជាទីក្រុងចំណុះមជ្ឈមណ្ឌល។ លោក Tran Minh Hai នាយកក្រុមប្រឹក្សាគ្រប់គ្រងគម្រោងវិនិយោគសំណង់ដឹកជញ្ជូន Hung Yen បានឲ្យដឹងថា៖ “ខ្សែរថភ្លើងទីមួយនឹងតភ្ជាប់តំបន់ទីក្រុង Van Giang ទៅកាន់ទីក្រុង Hung Yen ដោយតភ្ជាប់ផ្លូវល្បឿនលឿនចំនួនពីរគឺ ហាណូយ-ហៃផុង និង Cau Gie –Ninh Binh ។ ខ្សែរថភ្លើងទីពីរ តភ្ជាប់ស្ថានីយ៍ Lac Dao ទៅកាន់ខ្សែផ្លូវដែលភ្ជាប់ផ្លូវល្បឿនលឿនចំនួនពីរគឺ ហាណូយ-ហៃផុង និង Cau Gie – Ninh Binh  ជាមួយទីក្រុង Hung Yen។ ខ្សែរថភ្លើងទីបី គឺខ្សែផ្លូវតភ្ជាប់បេតិកភណ្ឌទេសចរណ៍វប្បធម៌និងសេដ្ឋកិច្ចតាមបណ្តោយទន្លេក្រហម ដោយតភ្ជាប់ពី Van Giang ទៅកាន់ទីក្រុង Hung Yen។ នាពេលខាងមុខ យើងនឹងផ្តល់ប្រឹក្សាឲ្យដល់ខេត្តអំពីបច្ចេកវិទ្យាផ្លូវដែក ក៏ដូចជាការតភ្ជាប់ជាមួយប្រព័ន្ធផ្លូវដែកនៃរដ្ឋធានីហាណូយ”
ខេត្ត Hung Yen ពង្រីកការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិកពហុមធ្យោបាយ - ảnh 3ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលតម្រៀបទំនិញរបស់ SPX Express នៅខេត្ត Hung Yen។ រូបថត៖ SPX Express វៀតណាម

ទន្ទឹមនឹងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ផ្លូវដែក និងផ្លូវគោក ខេត្ត Hung Yen ក៏ជំរុញលូជីស្ទិកក្នុងស្រុក និងពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។ គម្រោងមជ្ឈមណ្ឌលតម្រៀបទំនិញ SPX Express ទំហំ ១៧ ហិកតា ដែលជាមជ្ឈមណ្ឌលតម្រៀបទំនិញដោយស្វ័យប្រវត្តិធំជាងគេនៅអាស៊ីអាគ្នេយ៍ ត្រូវបានចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ ២០២៥។ នេះគឺជាជំហានឆ្ពោះទៅមុខដ៏ធំមួយ ដោយដាក់ខេត្ត Hung Yen ក្នុងតំណែងជាមជ្ឈមណ្ឌលដឹកជញ្ជូនបច្ចេកវិទ្យាខ្ពស់ ដែលបំពេញតម្រូវការពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងតែកើនឡើង។ លោកស្រី Nguyen Kim Anh នាយិកា SPX Express វៀតណាម បានចែករំលែកថា៖  “ឧបករណ៍ទំនើប និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនឹងជួយយើងពន្លឿនដំណើរការដោះស្រាយការបញ្ជាទិញនិងការដឹកជញ្ជូន។ តាមនោះ យើងអាចគាំទ្រដល់អ្នកលក់ សហគ្រាស និងម៉ាកយីហោក្នុងស្រុក ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបំពេញតម្រូវការទិញទំនិញកាន់តែកើនឡើងរបស់អតិថិជននៅចុងឆ្នាំ”។

មិនត្រឹមតែផ្តោតលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ខេត្ត Hung Yen ក៏លើកកម្ពស់កំណែទម្រង់រដ្ឋបាល ទាក់ទាញការវិនិយោគនៅក្នុងមណ្ឌលឧស្សាហកម្ម កសាងមូលនិធិដីធ្លីស្អាតដើម្បីបង្កើតមជ្ឈមណ្ឌលឡូជីស្ទិកទំនើប និងឆ្លាតវៃ ដែលមានគោលបំណងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស”។

ខេត្ត Hung Yen ពង្រីកការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិកពហុមធ្យោបាយ - ảnh 4គម្រោងមជ្ឈមណ្ឌលតម្រៀបទំនិញរបស់ SPX Express មានទីតាំងនៅមជ្ឈមណ្ឌលឧស្សាហកម្មYen My ។ រូបថត៖ SPX Express វៀតណាម

ការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិកពហុមធ្យោបាយមិនត្រឹមតែជាជំហានមួយដែលសមស្របតាមនិន្នាការប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ និងយូរអង្វែងរបស់ខេត្ត Hung Yen ក្នុងដំណើរការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់និងអន្តរជាតិ។ រូបរាងនៃខេត្ត Hung Yen “ថ្មី” កំពុងលេចចេញជាបណ្ដើរៗ - ស្វាហាប់ជាង មានការតភ្ជាប់ជាង និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ