ជំរុញខ្លាំងការបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈ ដើម្បី ពន្លឿន កំណើនសេដ្ឋកិច្ច

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១២៨ ស្តីពីបទប្បញ្ញត្តិបណ្តោះអាសន្ន "សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព"។ បច្ចុប្បន្ននេះ ជំងឺ រាតត្បាតត្រូវបានគ្រប់គ្រងជាជំហានដំបូងនៅតាម "ចំណុចក្ដៅគគុក" នៃតំបន់សេដ្ឋកិច្ចភូមិភាគខាងត្បូង។ 
ជំរុញខ្លាំងការបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈ ដើម្បី ពន្លឿន កំណើនសេដ្ឋកិច្ច - ảnh 1ប្រភព៖ VOV

នេះគឺជាឱកាស សម្រាប់តំបន់នេះបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដឹកនាំប្រទេសជាតិទាំងមូលឈានចូលជីវភាពរស់នៅតាមបែបគន្លងថ្មី។ ក្នុងនោះ ផ្ដោតសំខាន់លើការបើកថវិកាចំណាយពីប្រភពទុនវិនិយោគ ជាពិសេសគឺការវិនិយោគសាធារណៈ ដែលត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ ដោយចាត់ទុកថានេះគឺជាគម្នាស់សម្រាប់ការស្ដារសេដ្ឋកិច្ចនៃប្រទេសជាតិឡើងវិញផងដែរ។

នាបច្ចុប្បន្ននេះ ខេត្ត ក្រុងជាច្រើនបានផ្ដោតសំខាន់លើការប្តេជ្ញាចិត្តបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈទាំងអស់ ដើម្បីបង្កើតកម្លាំងចលករថែរក្សាកំណើន និងស្ដារសេដ្ឋកិច្ចឡើងវិញ។ នៅខេត្ត Quang Ninh ថ្នាក់ដឹកនាំខេត្តបានស្នើឲ្យបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈបរិមាណ ១០០% ក្នុងឆ្នាំនេះ ដោយជួយនាំដើមទុនវិនិយោគសង្គមសរុបក្នុងខេត្តកើនជាង ១០% បើប្រៀបធៀបនឹងឆ្នាំទៅមិញ សំដៅខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅកំណើននៃផលិតផលក្នុងមូលដ្ឋានសរុប (GRDP) នៅកម្រិតពីរខ្ទង់ក្នុង ឆ្នាំនេះ។ លោក Cao Tuong Huy អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានសង្កត់ធ្ងន់ថា៖ “ខេត្ត Quang Ninh បានជំរុញខ្លាំងការបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈយ៉ាងប្ដូរផ្ដាច់។ ខេត្ត Quang Ninh បានដាក់ចេញគោលដៅដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២១ គឺត្រូវបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈ ១០០ %។ ខេត្ត Quang Ninh មិនត្រឹមតែបានផ្ដោតសំខាន់លើការបន្តធ្វើកំណែទម្រង់រដ្ឋបាល និងកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជំរុញខ្លាំងការរៀបចំដីធ្លី ដោយចាត់ទុកថានេះគឺជាដំណោះស្រាយជួយគាំទ្រដ៏សំខាន់បំផុតចំពោះវិនិយោគិនទៀតផង”។

ការវិនិយោគសាធារណៈតែងតែត្រូវបានកំណត់ថាជាកត្តាមួយ ក្នុងចំណោមកត្តាដ៏សំខាន់បំផុត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងដំណាក់កាល ២០១៦-២០២០ ផែនការវិនិយោគសាធារណៈរយៈពេលមធ្យមត្រូវបានអនុវត្តន៍ដោយមានដើមទុនសរុបជិត ២ ០០០ លានលានដុង ប៉ុន្តែបានរួមចំណែក កៀរគរទុនវិនិយោគសង្គមសម្រេចបានជាង ៩ ០០០ លានលានដុង។ លោក Pham The Anh ប្រធាននាយកដ្ឋានម៉ាក្រូសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ សេដ្ឋកិច្ចជាតិបានចាត់ទុកថា៖ ទាក់ទងនឹងយន្តការ និងគោលនយោបាយនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងផែនការ និងវិនិយោគ សម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា បន្តធ្វើការពិនិត្យលើឧបសគ្គ ក្នុងបទប្បញ្ញត្តិច្បាប់ ដែលទាក់ទងនឹងការវិនិយោគសាធារណៈ ដើម្បីលើកសំណើរធ្វើវិសោធនកម្ម បំពេញបន្ថែម សំដៅពន្លឿនការបើកថវិកាចំណាយ និងលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ទុនវិនិយោគសាធារណៈ។ លោកបានឲ្យដឹងថា៖ “ទុនវិនិយោគសង្គមសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ បានកើនឡើង ៧%  វិស័យវិនិយោគរដ្ឋកើនឡើង ៧,៣% ការវិនិយោគបរទេសសម្រេចបានប្រមាណ ៦,៨% ពោលគឺមិនមានការប្រែប្រួលឡើយ។ យើងខ្ញុំបានលើកអនុសាសន៍គោលនយោបាយគឺត្រូវជំរុញខ្លាំងរាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិ ដែលនឹងជះឥទ្ធិពលដល់កំណើនរយៈពេលវែង ហើយមានអំណោយផលសម្រាប់វៀតណាម ក្រោយជំងឺរាតត្បាតផងដែរ”។

ជំរុញខ្លាំងការបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈ ដើម្បី ពន្លឿន កំណើនសេដ្ឋកិច្ច - ảnh 2ប្រភព៖ tapchitaichinh.vn

ទោះជាយ៉ាងណាក៏ដោយ ដោយសាររងផលប៉ះពាល់ពីរលកទី ៤ នៃជំងឺរាតត្បាតកូវីដ ១៩ នោះការបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈទើបសម្រេចបានប្រមាណ ៤៧% នៃផែនការកំណត់ប៉ុណ្ណោះ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Xuan Ha បានឲ្យដឹងថា៖ ក្នុងស្ថានការណ៍តាមបែបគន្លងថ្មីនាបច្ចុប្បន្ននេះ  ដើម្បីបន្តពង្រីកតួនាទីនៃទុនវិនិយោគសាធារណៈចំពោះកំណើនសេដ្ឋកិច្ចនោះ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាគប្បីអនុវត្តន៍រាល់ដំណោះស្រាយដោយព្រមៗគ្នា យ៉ាងប្ដូរផ្ដាច់ ដើម្បីជំរុញការបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈ។

បច្ចុប្បន្ននេះ ខេត្ត ក្រុងនានានៅទូទាំងប្រទេសកំពុងផ្ដោតសំខាន់លើការស្រាយចំណងវិនិយោគ ដើម្បីបើកថវិកាចំណាយពីប្រភពទុនវិនិយោគសាធារណៈឲ្យបានឆាប់ៗ។ ក្រៅពីនេះ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាចំបាច់ត្រូវម្ចាស់ការត្រួតពិនិត្យលើគម្រោង ដែលបើកថវិកាចំណាយមិនដល់កម្រិត ៦០% នៃផែនការទុននាបច្ចុប្បន្នេះ ដើម្បីផ្ទេរប្ដូរទៅគម្រោងណា ដែលមានល្បឿនបើកថវិកាចំណាយល្អជាង ហើយមានលទ្ធភាពបើកថវិកាចំណាយតាមផែនការក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានអះអាងថានឹងធ្វើការបូកសរុប និងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្ដីពី ការកាត់បន្ថយ និងការផ្ទេរប្ដូរផែនការទុនក្នុងឆ្នាំ ២០២១ ពីក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាដែលមានល្បឿនបើកថវិកាចំណាយយឺតយ៉ាវក្នុងឆ្នាំ ដល់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាដែលមានល្បឿនបើកថវិកាចំណាយល្អៗ ក៏ដូចជាមានតម្រូវការបំពេញបន្ថែមទុនតាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ