តំបន់ពាណិជ្ជកម្មសេរី Dong Nai៖ កម្លាំងចលករសម្រាប់កំណើន រួមជាមួយអាកាសយានដ្ឋាន Long Thanh
(VOVWORLD) - ក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣០ ភារកិច្ចសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Dong Nai គឺការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី។ នេះត្រូវបានចាត់ទុកជាកម្លាំងចលករថ្មី ដោយទាញយកអត្ថប្រយោជន៍ពិសេសនៅពេលដែលអាកាសយានដ្ឋាន Long Thanh បានចាប់ផ្តើមដំណើរការ។
តំបន់ពាណិជ្ជកម្មសេរី (FTZ) Dong Nai ត្រូវបានដាក់ពង្រាយលើផ្ទៃដីសរុប ប្រហែល ៨.២០០ ហិកតា ភ្ជាប់ជាមួយអាកាសយានដ្ឋាន Long Thanh និងកំពង់ផែ Phuoc An។ គម្រោងនេះត្រូវបានវិនិយោគប្រហែល ១៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះទុនវិនិយោគសាធារណៈមានប្រហែល ៥% ទុនវិនិយោគឯកជនក្នុងស្រុកមានចំនួន ៤០% និងប្រហែល ៥៥% គឺជាទុនវិនិយោគផ្ទាល់ពីបរទេស។ តំបន់ពាណិជ្ជកម្មសេរី Dong Nai ត្រូវបានរំពឹងថា នឹងបង្កើតខ្សែសង្វាក់ឡូជីស្ទិកពហុមធ្យោបាយ ដែលជួយបង្កើនប្រសិទ្ធភាពការចំណាយ និងបង្កើនសមត្ថភាពប្រកួតប្រជែង។ តាមនោះ បង្កើតសន្ទុះថ្មីសម្រាប់កំណើន GRDP ទាក់ទាញការវិនិយោគពីបរទេស បង្កើតការងារធ្វើដែលមានប្រាក់ចំណូលខ្ពស់។
អាកាសយានដ្ឋាន Long Thanh កំពុងពន្លឿនល្បឿន ដោយរំពឹងថា នឹងបើកដំណើរការតាមកាលវិភាគ។ រូបថត៖ Duy Phuong/VOV-ទីក្រុងហូជីមិញ |
ខេត្ត Dong Nai បានកំណត់ថា FTZ ត្រូវបង្កើនប្រសិទ្ធភាពនៃលំហអភិវឌ្ឍន៍ប្រកបដោយចីរភាព បង្កើតប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចបើកចំហរ ស្វាហាប់ និងទូលំទូលាយ ដើម្បីបង្កើតសន្ទុះកំណើនថ្មី ជាមួយនឹងចក្ខុវិស័យរយៈពេល ៥០ ឆ្នាំឡើងទៅ។ លើសពីនេះ ការអភិវឌ្ឍទីក្រុងដោយផ្សារភ្ជាប់ជាមួយ FTZ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នឹងបង្កើតភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់វិនិយោគិន នៅពេលមកដល់ Dong Nai។ យោងតាមស្ថាបត្យករ Ngo Viet Nam Son អាកាសយានដ្ឋាន Long Thanh នឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ហើយ FTZ Dong Nai នឹងមានតំណភ្ជាប់យ៉ាងជិតស្និទ្ធនិងវិសេសវិសាលជាមួយគម្រោងនេះ។ ទន្ទឹមនឹងនោះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខេត្ត Dong Nai និងទីក្រុងហូជីមិញ កំពុងត្រូវបានសុក្រឹត្យជាបណ្តើរៗ ដោយបង្កើតសន្ទុះដើម្បីជួយ FTZ បង្កើនប្រសិទ្ធភាព និងសក្តានុពលអភិវឌ្ឍន៍៖ «យើងត្រូវកត់សម្គាល់ថា ដើម្បីឱ្យ FTZ អភិវឌ្ឍន៍ គឺត្រូវតែផ្សារភ្ជាប់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ខ្ញុំគិតថា គួរតែសង្កត់ធ្ងន់លើសំណើសាសាង FTZ មិនមែនបំបែកចេញពីសំណើសម្រាប់កសាងតំបន់ទីក្រុងដែលភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ។»
កំពង់ផែ Phuoc An មានទីតាំងស្ថិតនៅលើអ័ក្សថាមវន្តពី FTZ Dong Nai។ រូបថត៖ Duy Phuong/VOV-ទីក្រុងហូជីមិញ |
នៅក្នុងផែនការមេនៃអាកាសយានដ្ឋាន Long Thanh អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (ACV) ក្នុងនាមជាអ្នកវិនិយោគលើស្ថានីយអ្នកដំណើរ បានប្តេជ្ញាប្រែក្លាយ Long Thanh ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកអាកាសចរណ៍អន្តរជាតិ ដោយតភ្ជាប់វៀតណាមជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ដើម្បីសម្រេចបាននូវគោលដៅនេះ តំបន់ពាណិជ្ជកម្មសេរី Dong Nai ត្រូវទទួលបានយន្តការ និងគោលនយោបាយអនុគ្រោះសមស្រប ដើម្បីបង្កើត "តំបន់លើកលែងពន្ធសម្រាប់ឡូជីស្ទិក និងផលិតកម្ម" - ជាកន្លែងដែលទំនិញអាចត្រូវបាននាំចូល ផលិត រក្សាទុក និងនាំចេញឡើងវិញ ដោយមិនចាំបាច់ជាប់ពន្ធ លុះត្រាតែទំនិញទាំងនោះត្រូវបាននាំចូលទីផ្សារក្នុងស្រុក។ ខេត្ត Dong Nai អាចក្លាយជា "តំបន់ឡូជីស្ទិកពិសេស" ឈានមុខគេ ទាក់ទងនឹងគោលនយោបាយ ដែលបង្កើតកម្លាំងចលករសម្រាប់តំបន់ទាំងមូល។
លោកបណ្ឌិត Tran Du Lich សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមខេត្ត Dong Nai បានចាត់ទុកថា ខេត្តមានលក្ខខណ្ឌ គុណសម្បត្តិ និងចំណុចខ្លាំងជាច្រើនដើម្បីសាងសង់ FTZ ហើយនេះជាពេលវេលាត្រឹមត្រូវដើម្បីសាងសង់ FTZ Dong Nai ជាមួយនឹងមុខងារដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយឆ្លៀតយកជាអតិបរមានូវប្រសិទ្ធភាពនៃអាកាសយានដ្ឋាន Long Thanh និងកំពង់ផែ Phuoc An។ ទោះជាយ៉ាងណាក៏ដោយ ខេត្តត្រូវកែសម្រួលផែនការមេឱ្យសមស្របទៅនឹងលក្ខខណ្ឌថ្មី ខេត្តថ្មី ក៏ដូចជាវិនិយោគលើគម្រោងអាទិភាព មានលក្ខណៈរបក់គំហើញ ជាមួយនឹងខ្សែផ្លូវចរាចរណ៍ ដើម្បីជំរុញការតភ្ជាប់តំបន់ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍ FTZ។
«ជាមួយនឹងគុណសម្បត្តិនៃតំបន់ពាណិជ្ជកម្មសេរី ទាក់ទងនឹងស្ថាប័ន និងបទប្បញ្ញត្តិ យើងរំពឹងថា នឹងទាក់ទាញដើមទុនវិនិយោគ។ ជាពិសេសក្នុងដំណាក់កាលដែលវៀតណាមកំពុងក្លាយជាចំណុចមួយនៅក្នុងបណ្តាញផ្គត់ផ្គង់សកល និងសេវាកម្មទំនិញ។»
ផែនការមេនៃតំបន់ពាណិជ្ជកម្មសេរី Dong Nai។ រូបថត៖ Duy Phuong/VOV-ទីក្រុងហូជីមិញ |
យោងតាមលោកបណ្ឌិត Truong Minh Huy Vu ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមខេត្ត Dong Nai ការសាងសង់គំរូ FTZ ក្នុងស្រុក គួរតែត្រូវបានតម្រង់ទិសបៃតង ឌីជីថល ឆ្លាតវៃ ដែលជាប់ទាក់ទងនឹងកំណែទម្រង់ស្ថាប័ន និងការសម្របសម្រួលក្នុងតំបន់។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន ខេត្ត Dong Nai អាចក្លាយជាស្នូលនៃគំរូតំបន់ពាណិជ្ជកម្មសេរីភាគអាគ្នេយ៍ (SEFZ) ដែលកំពុងត្រូវបានស្រាវជ្រាវ និងស្នើឱ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចរួមបញ្ចូលគ្នាដំបូងគេនៅក្នុងប្រទេសវៀតណាម។ លោក Truong Minh Huy Vu បានចាត់ទុកថា៖ «អាកាសយានដ្ឋាន Long Thanh មានទីតាំងនៅខេត្ត Dong Nai ប៉ុន្តែមិនមែនគ្រាន់តែជាអាកាសយានដ្ឋានរបស់ Dong Nai នោះទេ។ ប្រសិនបើយើងក្រឡេកមើលកម្លាំងចលករសម្រាប់ការអភិវឌ្ឍនៃតំបន់ភាគអាគ្នេយ៍ ជាទូទៅ កម្លាំងចលករដ៏សំខាន់បំផុតនៅតែជាអាកាសយានដ្ឋាន Long Thanh – Tan Son Nhat និងក្រុមកំពង់ផែ Cai Mep – Can Gio។»
សម្រាប់ខេត្ត Dong Nai ការអភិវឌ្ឍ FTZ នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក ទាក់ទាញការវិនិយោគក្នុងស្រុក និងបរទេសយ៉ាងខ្លាំង និងបង្កើនសកម្មភាពនាំចូល-នាំចេញ។ ដូច្នេះហើយ ការអនុវត្ត FTZ ជាប្រព័ន្ធ និងមានប្រសិទ្ធភាព នឹងប្រែក្លាយខេត្ត Dong Nai ទៅជាមជ្ឈមណ្ឌលឡូជីស្ទិក និងអាកាសចរណ៍អន្តរជាតិ ដែលរួមចំណែកដល់ការបង្កើតសន្ទុះសម្រាប់វៀតណាម ក្នុងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃសកល៕
តំបន់ពាណិជ្ជកម្មសេរី Dong Nai ត្រូវបានរំពឹងថា នឹងមានតំបន់មុខងារសំខាន់ៗចំនួន ៤ រួមមាន៖ តំបន់ផលិតកម្មដែលមានផ្ទៃដី ៣.០៩៥ ហិកតា; តំបន់មុខងារឡូជីស្ទិកចំនួន ២.២៤៤ ហិកតា; តំបន់ហិរញ្ញវត្ថុ-ពាណិជ្ជកម្ម-សេវាកម្មចំនួន ១.៥០០ ហិកតា; តំបន់ស្រាវជ្រាវនវានុវត្តន៍ បច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ចឌីជីថលចំនួន ១.៤១៩ ហិកតា។ ជាមួយនឹងគោលនយោបាយចំនួន ៨ក្រុម និងយន្តការជាក់លាក់ចំនួន ២៩ ទីកន្លែងនេះត្រូវបានរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សេវាកម្មហិរញ្ញវត្ថុ ឡូជីស្ទិក នវានុវត្តន៍ និងពាណិជ្ជកម្មអន្តរជាតិ។ ដំណាក់កាលទី ១ នៃគម្រោងនេះ ត្រូវបានរំពឹងថានឹងអនុវត្តន៍ក្នុងរយៈពេល ៥ ឆ្នាំលើផ្ទៃដី ៣.៧០០ ហិកតា ដែលមានតម្លៃជាង ៩,២ ពាន់លានដុល្លារអាមេរិក។
ខេត្ត Dong Nai នឹងជ្រើសរើសតំបន់ឧស្សាហកម្មអាទិភាពចំនួន ១៨ នៅក្នុងតំបន់ពាណិជ្ជកម្ម រួមទាំង ឡូជីស្ទិកឌីជីថល អេឡិចត្រូនិច មេកានិចក បច្ចេកវិទ្យាព័ត៌មាន ឱសថ ការកែច្នៃម្ហូបអាហារ និងការបណ្តុះបណ្តាលធនធានមនុស្ស៕