ពីការសន្យាប្រយុទ្ធប្រឆាំង IUU រហូតដល់ការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព និងមានទំនួលខុសត្រូវ
(VOVWORLD) - វៀតណាមគោរពយ៉ាងពេញលេញតាមបទប្បញ្ញត្តិទូទៅរបស់ពិភពលោកស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។ ពីការសន្យាក្នុងការប្រយុទ្ធប្រឆាំងនឹង IUU វៀតណាម បានអភិវឌ្ឍន៍របរនេសាទប្រកបដោយចីរភាព និងមានទំនួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ។
វៀតណាមកំពុងអនុវត្តន៍វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង IUU និងអភិវឌ្ឍន៍របរនេសាទប្រកបដោយចីរភាព ក្នុងនោះ រួមទាំងការគ្រប់គ្រងការចុះឈ្មោះ និងផ្តល់អាជ្ញាប័ណ្ណលើមូលដ្ឋានទិន្នន័យជាតិ VNFishbase រួមមានការត្រួតពិនិត្យការធ្វើដំណើររបស់ទូកនេសាទ ការតាមដានប្រភពដើមតាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយតម្លាភាព និងការត្រៀមខ្លួនជាស្រេច ដើម្បីតភ្ជាប់ជាមួយប្រព័ន្ធតាមដានអន្តរជាតិ។ លើសពីនេះ មូលដ្ឋានទិន្នន័យសម្រាប់គ្រប់គ្រងជលផលពីបរទេសដែលនាំចូលវៀតណាម ក៏ត្រូវបានតភ្ជាប់ជាមួយច្រកទ្វារព័ត៌មានជាតិ ដើម្បីធានាការគ្រប់គ្រងនិងទប់ស្កាត់ជលផលដែលរំលោភបំពានលើការនេសាទ IUU ចូលវៀតណាម ស្របតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងវិធានការរដ្ឋកំពង់ផែ (PSMA)។ អ្នកនេសាទ Ngo Van Vuong នៅខេត្តQuang Ngai បានឲ្យដឹងថា៖ «ទូកនេសាទត្រូវបើកប្រព័ន្ធតាមដានការធ្វើដំណើរ ២៤/២៤ម៉ោង ហើយនៅពេលចូលកំពង់ផែ ត្រូវតែជូនដំណឹងដល់កំពង់ផែរយៈពេល ១ ម៉ោងមុនទើបត្រូវបានអនុញ្ញាតឱ្យចូលចតដើម្បីផ្ទុកទំនិញ។ ពួកគេត្រូវតែរាយការណ៍ពីសៀវភៅកំណត់ហេតុធ្វើដំណើរយ៉ាងពេញលេញ។ ឥឡូវនេះ ប្រសិនបើមិនមានសៀវភៅកំណត់ហេតុការធ្វើដំណើរនោះទេ គឺមិនត្រូវបានអនុញ្ញាតឱ្យទៅនេសាទទេ។ អ្នកនេសាទបដិសេធទាំងស្រុង ចំពោះការរំលោភលើដែនទឹកបរទេស។»
កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Ly Son ណៃនាំដល់ម្ចាស់ទូកនេសាទអំពីការចុះបញ្ជី ការត្រួតពិនិត្យ និងការអនុវត្តតាមបទប្បញ្ញត្តិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ រូបថត៖ Thanh Long /VOV-ភូមិភាគកណ្តាល |
យោងតាមនាយកដ្ឋានជលផលនិងគ្រប់គ្រងជលផល ការដាក់ពង្រាយកម្មវិធីតាមដានប្រភពដើមជលផលអេឡិចត្រូនិក (eCDT) បានធានាតម្លាភាព មិនអាចក្លែងបន្លំ មានភាពស្រដៀងគ្នា និងអាចតភ្ជាប់គ្នាជាមួយប្រព័ន្ធតាមដានប្រភពដើមអេឡិចត្រូនិកអន្តរជាតិផ្សេងទៀត។ លោក Vu Duyen Hai អនុប្រធាននាយកដ្ឋានជលផលនិងគ្រប់គ្រង់ជលផល (ក្រសួងកសិកម្ម និងបរិស្ថាន) បានឲ្យដឹងថា៖ «រហូតមកដល់ពេលនេះ បណ្តាប្រទេសនិងអង្គការអន្តរជាតិ ដែលមានកិច្ចសន្ទនាស្តីពីការនេសាទជាមួយវៀតណាម សុទ្ធតែវាយតម្លៃថា ច្បាប់របស់វៀតណាមបច្ចុប្បន្ន បានធានានូវការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បទប្បញ្ញត្តិច្បាប់របស់វៀតណាមគឺស្រដៀងគ្នានិងសមស្របទៅនឹងបទប្បញ្ញត្តិទូទៅស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU នៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសដែលវៀតណាមមានការជួញដូរពាណិជ្ជកម្មជលផលជាមួយ។ នាពេលកន្លងទៅ វិធានការប្រយុទ្ធប្រឆាំង IUU ត្រូវបានអនុវត្តន៍ដោយសមកាលកម្ម ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ដោយគណៈកម្មាធិការដឹកនាំ IUU ជួបប្រជុំជារៀងរាល់សប្តាហ៍នៅថ្ងៃអង្គារ។ ប្រព័ន្ធទិន្នន័យបានធានានូវការគ្រប់គ្រងការតាមដានប្រភពដើមប្រកបដោយតម្លាភាព និងត្រៀមខ្លួនជាស្រេចដើម្បីតភ្ជាប់ជាមួយប្រព័ន្ធអន្តរជាតិទាំងអស់។ ត្រូវធានាថា ត្រី ឬផលិតផលនាំចេញទាំងអស់ដែលមានប្រភពដើមមកពីអ្នកនេសាទវៀតណាម ធ្វើការនេសាទនៅដែនទឹកវៀតណាម នៅពេលទៅដល់ដៃអ្នកប្រើប្រាស់ជុំវិញពិភពលោក សុទ្ធតែអាចតាមដានប្រភពដើម ពេលវេលានេសាទ និងទីកន្លែងនេសាទ។ វៀតណាមកំពុងធ្វើឌីជីថលរូបនីយកម្មនូវសកម្មភាពនេសាទបស់ខ្លួន។»
ទន្ទឹមនឹងនេះ សារជីវកម្មឧស្សាហកម្ម - ទូរគមនាគមន៍យោធា (Viettel) កំពុងសម្របសម្រួលជាមួយសារជិវកម្មប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីសុក្រឹត្យប្រព័ន្ធតភ្ជាប់ទិន្នន័យសម្រាប់ត្រួតពិនិត្យទូកនេសាទ ដោយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព្រមានការបាត់បងទំនាក់ទំនង VMS (កម្មវិធីសម្រាប់តភ្ជាប់ គ្រប់គ្រង ត្រួតពិនិត្យ និងរក្សាទុកវីដេអូពីកាមេរ៉ាជាច្រើន នៅលើវេទិកាតែមួយ) ឲ្យមុនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥។
បច្ចុប្បន្ន ទីក្រុងដាណាំងមានទូកនេសាទជាង ៤១០០ គ្រឿង ដែលក្នុងនោះជិត ១២០០ គ្រឿងជាទូកដែលមានសមត្ថភាពផ្ទុកទំនិញច្រើន។ រូបថត៖ Thanh Long /VOV-ភូមិភាគកណ្តាល |
ដើម្បីអភិវឌ្ឍន៍របរនេសាទតាមទិសដៅទំនើប ស្របច្បាប់ និងមានទំនួលខុសត្រូវ វៀតណាមកំពុងអនុវត្តន៍ដំណោះស្រាយដោយសមកាលកម្ម។ ក្នុងនោះ ផ្តោតលើវិធានការចំនួន ៣ គឺ៖ កាត់បន្ថយការនេសាទ បង្កើនវារីវប្បកម្មនិងការអភិរក្សសមុទ្រ ដើម្បីការពារធនធានធម្មជាតិ និងបរិស្ថានសមុទ្រ; លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងបង្កើតមុខរបរចិញ្ជឹមជីវិតប្រកបដោយចេរភាពសម្រាប់ប្រជាជន; ការអភិរក្សនិងស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី ធានាជីវៈចម្រុះ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ...។ វៀតណាមបានបង្កើតតំបន់អភិរក្សសមុទ្រថ្នាក់ជាតិចំនួន ១៦។ លោក Pham Van My អនុប្រធានមន្ទីរកសិកម្មនិងបរិស្ថាននៃទីក្រុង Da Nang បានសង្កត់ធ្ងន់ថា៖ «យើងនឹងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឡើងវិញលើផែនការ និងលក្ខខណ្ឌបច្ចុប្បន្ន ដើម្បីបង្កើតតំបន់អភិរក្សសមុទ្រ ក៏ដូចជាតំបន់ការពារធនធានជលផល។ តាមនោះ ទីក្រុង Da Nang នឹងបង្កើតតំបន់ធនធានជលផលដែ អាចកកើតឡើងវិញ ឆ្លើយតបលក្ខខណ្ឌសម្រាប់យើងធ្វើការនេសាទ ប៉ុន្តែមិនប៉ះពាល់ដល់ជំនាន់ក្រោយឡើយ។ ដូច្នេះហើយ ទើបយើងធានាបាននូវការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព។»
បច្ចុប្បន្ន វៀតណាមកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មចំពោះការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។ វៀតណាមកំពុងអះអាំងជាបណ្ដើរៗពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដក "កាតលឿង" IUU; កសាងផ្នែកនេសាទទំនើប ប្រកបដោយចីរភាព ដោយរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងការធ្វើសមាហរណកម្មអន្តរជាតិ៕