លើកកម្ពស់តម្លៃនៃ​ដំណាំចម្បងនៅតំបន់ខ្ពង់រាប Thai Nguyen

(VOVWORLD) - នៅចុងខែតុលា តំបន់ភាគខាងជើងនៃខេត្តThai Nguyen (ខេត្ត Bac Kan ចាស់) បានឈានចូលដំណាក់កាលចុងក្រោយនៃរដូវប្រមូលផល ផ្លែទន្លាប់ គ្មានគ្រាប់នៅឆ្នាំនេះ។ នេះគឺជាប្រភេទផ្លែឈើសរទរដូវដ៏ល្បីល្បាញរបស់ខេត្ត ហើយក៏ជាដំណាំស្នូលដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដែលរួមចំណែកជួយប្រជាជនបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរស់នៅ។

ផ្លែទន្លាប់គ្មានគ្រាប់ មានរបកសាច់ស្រួយ ក្លិនក្រអូប និងជាពិសេសគ្មានគ្រាប់ឡើយ។ មិនដូចនឹងផ្លែទន្លាប់ធម្មតានោះទេ ផ្លែឈើប្រភេទនេះមានរសជាតិត្រជាក់ស្រួយ ហើយត្រូវបានទីផ្សារនិយមចូលចិត្ត។ នៅបណ្តាឃុំភាគខាងជើងនៃខេត្ត Thai Nguyen ដើមទន្លាប់គ្មានគ្រាប់ត្រូវបានដាំដុះតាំងពីយូរមកហើយ ដើមខ្លះមានអាយុកាលជិត ១០០ឆ្នាំប៉ុន្តែនៅតែមានទិន្នផលនិងគុណភាពល្អ ជាពិសេសនៅបណ្តាឃុំ Quang Bach, Nam Cuong, Dong Phuc, Na Phac, Ba Be និង Na Ri។ នៅឆ្នាំ២០២៤ ផ្ទៃដីដាំដំណាំផ្លែទន្លាប់គ្មានគ្រាប់នៅទូទាំងខេត្តបានឈានដល់ជាង ៨៣០ ហិកតា ជាមួយបរិមាណផលជាង ២.០០០ តោន។

លើកកម្ពស់តម្លៃនៃ​ដំណាំចម្បងនៅតំបន់ខ្ពង់រាប Thai Nguyen - ảnh 1តាមបណ្តាឃុំនៅភាគខាងជើងនៃខេត្ត Thai Nguyen ដើមទន្លាប់គ្មានគ្រាប់ត្រូវបានដាំដុះជាយូរមកហើយ។ រូបថត៖ VOV

នៅភូមិ Na Chom ឃុំ Dong Phuc ជាតំបន់មួយដែលមានដើមទន្លាប់គ្មានគ្រាប់យ៉ាងច្រើនដែលមានអាយុកាលដ៏យូរ នៅខេត្តThai Nguyen ប្រជាជននៅទីនេះបានរួមគ្នាបង្កើតសហករណ៍ Dong Loi ចាប់តាំងពីឆ្នាំ ២០១៨មក ដោយមានជំនាញក្នុងការថែទាំ និងបញ្ចេញលក់ផ្លែទន្លាប់គ្មានគ្រាប់។ បច្ចុប្បន្នសហករណ៍មានសមាជិកជាង ២០ នាក់ ហើយកសិករដែលនៅសល់ក្នុងភូមិក៏បានសហការជាមួយសហករណ៍ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការដាំដុះ ថែទាំ និងប្រមូលផលផ្លែទន្លាប់គ្មានគ្រាប់ផងដែរ។ លោក Luc Van Hiep អនុប្រធានសហករណ៍ Dong Loi ភូមិ Na Chom ឃុំ Dong Phuc ខេត្តThai Nguyen បានមានប្រសាសន៍ថា៖ “ផ្ទៃដីដាំដំណាំទន្លាប់ របស់សហករណ៍មានប្រហែល ៤៣ ហិកតា ផ្ទៃដីប្រមូលផលមានប្រហែលជាង ២០ ហិកតា។ ឆ្នាំខ្លះប្រមូលផលបានល្អ គឺប្រហែល ១៥០ តោន។ នៅឆ្នាំ ២០២៥ ការប្រមូលផលត្រូវបានប៉ាន់ស្មានសម្រេចបាន ៦០ - ៧០ តោន។ ប្រជាជននៅទីនេះ ក៏មានបំណងចង់ពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត"

ផ្លែទន្លាប់គ្មានគ្រាប់ត្រូវបានផ្តល់វិញ្ញាបនបត្រសម្គាល់ភូមិសាស្ត្រ ដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញាចាប់តាំងពីឆ្នាំ ២០១០ និងស្ថិតក្នុងចំណោមម៉ាកយីហោល្បីៗទាំង ១០០ ក្នុងឆ្នាំ ២០១៣ ដូច្នេះហើយ ការបញ្ចេញលក់កសិផលនេះគឺល្អគួរសម។ នៅឆ្នាំនេះ ផ្លែទន្លាប់មួយគីឡូក្រាមត្រូវបានលក់ក្នុងតម្លៃចាប់ពី ២០,០០០ ទៅ ២៥,០០០ ដុង/គីឡូក្រាម។ នាពេលថ្មីៗនេះ មានឃុំជាច្រើនបានកែលម្អហេដ្ឋារចនាសម្ពន្ធចរាចរណ៍ ទៅកាន់ចម្ការដំណាំ ដោយចាក់បេតុងរហូតដល់ជើងភ្នំ ដែលជួយសម្រួលដល់ការបញ្ចេញលក់ កាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូល។ តាមនោះ ផ្លែទន្លាប់គ្មានគ្រាប់បានលក់ដាច់យ៉ាងខ្លាំងនៅបណ្តាខេត្តភាគខាងជើងដូចជា៖ ហាណូយ Hai Phong Bac Ninh ...។ ភ្ញៀវទេសចរដែលមកទស្សនាចម្ការទន្លាប់ អាចបេះផ្លែដោយខ្លួនឯង ថតរូបនិងទិញជាកាដូ ដោយរួមចំណែកនាំយកផលិតផលផ្លែទន្លាប់គ្មានគ្រាប់របស់ខេត្ត Thai Nguyen ទៅកាន់ខេត្ត/ក្រុងជាច្រើនទូទាំងប្រទេស។

លើកកម្ពស់តម្លៃនៃ​ដំណាំចម្បងនៅតំបន់ខ្ពង់រាប Thai Nguyen - ảnh 2ដោយអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចម្ការដំណាំទន្លាប់កំពុងរីកចម្រើនយ៉ាងល្អ។ រូបថត៖ VOV

ក្រៅពីផលិតផលផ្លែទន្លាប់គ្មានគ្រាប់ស្រស់ៗ សហករណ៍ Dong Loi ក៏ជាអ្នកត្រួសត្រាយផ្លូវក្នុងការលើកកម្ពស់គុណភាពនិងតម្លៃនៃផលិតផល ពង្រីកទីផ្សារប្រើប្រាស់ និងធ្វើពិពិធកម្មផលិតផលពីផ្លែទន្លាប់គ្មានគ្រាប់ តាមនោះ ជួយបង្កើនឧត្តមភាពប្រកួតប្រជែងនៃប្រភេទផ្លែឈើពិសេសនេះ។ នៅឆ្នាំ២០២៥ សហករណ៍បានវិនិយោគលើការកែច្នៃផ្លែទន្លាប់ស្ងួត ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ ផលិតផលនេះមានសាច់ទន់ ផ្អែម ងាយរក្សាទុក និងលក់បានក្នុងតម្លៃខ្ពស់ជាងផ្លែទន្លាប់ស្រស់។ លោក Dong Van Loi នាយកសហករណ៍ Dong Loi បានឲ្យដឹងថា នៅឆ្នាំនេះ សហករណ៍មានគម្រោងកែច្នៃផ្លែទន្លាប់ស្ងួតចំនួន ៥-៦ តោន ដោយសមាមាត្រផ្លែទន្លាប់ស្រស់ ១ គីឡូក្រាមសម្រាប់ផលិតផល ៤០០-៥០០ ក្រាម។

“សហករណ៍បានផ្តោតលើការកែច្នៃផ្លែទន្លាប់ស្ងួត ដើម្បីធ្វើពិពិធកម្មផលិតផលនិងបង្កើនតម្លៃសេដ្ឋកិច្ច។ ផលិតផលផ្លែទន្លាប់ស្ងួតនៅពេលត្រូវបានដាក់លក់នៅលើទីផ្សារក៏ទទួលបានការស្វាគមន៍ជាវិជ្ជមានផងដែរ”។

លើកកម្ពស់តម្លៃនៃ​ដំណាំចម្បងនៅតំបន់ខ្ពង់រាប Thai Nguyen - ảnh 3ផ្លែទន្លាប់គ្មានគ្រាប់ ជួយគ្រួសារជាច្រើននៅតំបន់ខ្ពង់រាប Thai Nguyen ឲ្យមានជីវភាពសម្បូរធូរធារ។ រូបថត៖ VOV

ដើម្បីលើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃផ្លែទន្លាប់គ្មានគ្រាប់ ខេត្ត Thai Nguyenបាននិងកំពុងលើកកម្ពស់ការពន្លឿនពាណិជ្ជកម្មដោយនាំយកផលិតផលពិសេសរបស់ខេត្ត មកកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ផ្សព្វផ្សាយនៅលើបណ្តាញសង្គម ចូលរួមក្នុងពិព័រណ៍ និងតភ្ជាប់ជាមួយបណ្តាញចែកចាយ។ តាមនោះ ម៉ាកយីហោផ្លែទន្លាប់គ្មានគ្រាប់ត្រូវបានអះអាងកាន់តែខ្លាំងឡើង ផលិតផលឈានដល់ទីផ្សារកាន់តែទូលំទូលាយ តាមនោះបង្កើនប្រាក់ចំណូលរបស់ប្រជាជន។

ពីផលិតផលពិសេសនៃសួនច្បារប្រពៃណី ចម្ការដំណាំផ្លែទន្លាប់គ្មានគ្រាប់បានក្លាយជាម៉ាកយីហោដែលមានឋានៈដ៏រឹងមាំនៅក្នុងទីផ្សារ។ របក់គំហើញ និងការបោះជំហានប្រកបដោយចីរភាព គឺជាគន្លឹះដើម្បីនាំដំណាំស្នូលរបស់តំបន់ខ្ពង់រាប Thai Nguyen រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកនិយាយរួម និងលើកកម្ពស់ជីវភាពរស់នៅ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតំបន់ខ្ពង់រាបនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ