សេដ្ឋកិច្ចឌីជីថល - កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញ

(VOVWORLD) - ទីក្រុងហូជីមិញគឺជាតំបន់ឈានមុខគេនៅទូទាំងប្រទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថល។ ទីក្រុងបានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៥  សេដ្ឋកិច្ចឌីជីថលស្រូបយក ២៥% នៃ GRDP និង ៤០% នៅឆ្នាំ ២០៣០ ។ ដើម្បីសម្រេចឲ្យ បានគោលដៅទាំងនោះ ទីក្រុងកំពុងកសាងគោលនយោបាយ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលជាច្រើនផងដែរ។
 
 
សេដ្ឋកិច្ចឌីជីថល - កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញ - ảnh 1វេទិកាសេដ្ឋកិច្ច

ក្រុមហ៊ុនចំកាត់ Gia An នៅស្រុក Binh Tan មានជំនាញក្នុងការផលិតសោឌីជីថលប្រឆាំងនឹងចោរលួច និងឧបករណ៍កំណត់ទីតាំងនៅលើរថយន្ត។ ដោយបានធ្វើការផ្លាស់ប្ដូរឌីជីថលក្នុងដំណាក់កាលផលិតកម្ម និងគណនេយ្យ ទើបក្រុមហ៊ុនបានសន្សំសំចៃប្រាក់ចំណាយ ហើយប្រសិទ្ធភាពក្នុងការផលិត និងការធ្វើអាជីវកម្មក៏បានកើនឡើងពី ២៥ ទៅ ៣០% បើប្រៀបធៀបទៅនឹងរយៈពេលមុន។ ក្រុមហ៊ុនកំពុងបន្តផ្លាស់ប្តូរឌីជីថលក្នុងដំណាក់កាលលក់តាមអនឡាញ ព្រោះថាបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងចំណាយកម្លាំងធនធានមនុស្សជាច្រើនក្នុងដំណាក់កាលធ្វើបច្ចុប្បន្នភាពទិន្នន័យផលិតផល និងអតិថិជននៅទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ លោកស្រី Pham Thuy An នាយិកាក្រុមហ៊ុនចំកាត់ Gia An បានចែករំលែកថា៖ “ក្នុងយុគសម័យនេះ បើគ្មានការផ្លាស់ប្ដូរឌីជីថលទេ គឺយើងនឹងមិនអាចដើរទាន់ទីផ្សារបានឡើយ។ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាដូចយើងខ្ញុំក៏អញ្ចឹងដែរ ការផ្លាស់ប្ដូរឌីជីថលមានសារៈសំខាន់ និងបន្ទាន់ណាស់។ យើងខ្ញុំត្រូវការអង្គភាពផ្ដល់ប្រឹក្សាយោបល់សមស្របនឹងសមត្ថភាព និងធនធានផ្ទៃក្នុង ដើម្បីស្វែងរកដំណោះស្រាយផ្លាស់ប្ដូរឌីជីថលឲ្យសមស្របនឹងហិរញ្ញវត្ថុ និងធនធានមនុស្សរបស់យើងខ្ញុំផងដែរ”។

ទីក្រុងហូជីមិញគឺជាតំបន់ដែលមានអត្រាចំនួនប្រជាជនប្រើប្រាស់ស្មាតហ្វូនខ្ពស់បំផុតនៅទូទាំងប្រទេស ហើយហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក អ៊ីនធឺណែតល្បឿនលឿន ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទ 3G និង 4G បានគ្របដណ្តប់លើឃុំ និងសង្កាត់ទាំង ១០០%។ នេះក៏ជាលក្ខខ័ណ្ឌអំណោយផលសម្រាប់ទីក្រុងជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល។ ទោះយ៉ាងណាក៏ដោយការផ្លាស់ប្តូរឌីជីថលតម្រូវឱ្យមានប្រភពធនធានមនុស្ស ដែលមានគុណភាពខ្ពស់ មានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្លាស់ប្ដូរឌីជីថលដូចជា៖ ការតភ្ជាប់ 5G និងក្រោយ 5G បញ្ញាសិប្បនិមិត្ត Blockchain និងការធានាសុវត្ថិភាពបណ្តាញអ៊ីនធឺណិតជាដើម។ លោកស្រី Dang Thi My Chau អគ្គនាយិការងនៃមជ្ឈមណ្ឌលនវានុវត្តន៍ Viet Locus បានឲ្យដឹងថា សហគ្រាសមានគោលបំណងថា អាជ្ញាធរបង្កើតប្រព័ន្ធអេកូឡូស៊ី និងកសាងមូលដ្ឋានសម្បូរបែប ដើម្បីធ្វើអន្តរកម្មក្នុងបរិយាកាសឌីជីថល ហើយមានគោលនយោបាយដោយព្រមៗគ្នា៖ “ទីក្រុងហូជីមិញគួរតែកសាងយន្តការពិសេសសម្រាប់សហគ្រាស ដែលបានចូលរួមក្នុងការផ្លាស់ប្តូរឌីជីថល ហើយតើពួកគេនឹងទទួលបានផលប្រយោជន៍អ្វីខ្លះមុនបង្អស់។ ឧទាហរណ៍ថា មានគម្រោងធំ និងតូចនៅក្នុងម៉ាក្រូសេដ្ឋកិច្ច ដែលអាចផ្តល់អាទិភាពដល់សហគ្រាស ប្រសិនបើពួកគេមានសមត្ថភាព និងបច្ចេកវិទ្យាដែលបានប្រើប្រាស់ការផ្លាស់ប្ដូរឌីជីថលផងដែរ”។

សេដ្ឋកិច្ចឌីជីថល - កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញ - ảnh 2ប្រតិភូនានាដែលបានចូលរួមវេទិកាសេដ្ឋកិច្ច

ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលគឺជានិន្នាការដ៏ត្រឹមត្រូវប៉ុន្តែ ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញនោះ ទីក្រុងកំពុងបន្តផ្តោតសំខាន់លើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលលើវិស័យឧស្សាហកម្ម និងសេវាកម្ម ការកសាងមូលដ្ឋានទិន្នន័យ ឧបករណ៍ និងបង្កើនល្បឿនការធ្វើឌីជីថល។ ទីក្រុងចាំបាច់ត្រូវកសាងយន្តការជួយឧបត្ថម្ភពិសេសដោយផ្តល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរវាងវិស័យសិក្សាស្រាវជ្រាវ និងវិស័យឧស្សាហកម្ម។ លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ទីក្រុងបានកសាងយន្តការ និងគោលនយោបាយជួយឧបត្ថម្ភសហគ្រាសក្នុងការផ្លាស់ប្តូរឌីជីថល។ ក្នុងនោះ រដ្ឋត្រូវចូលរួមផ្នែកខ្លះ ហើយសហគ្រាសត្រូវបង្កើតមូលដ្ឋានគ្រឹះ ជាពិសេសគឺសហគ្រាសបច្ចេកវិទ្យាព័ត៌មាន - ទូរគមនាគមន៍ត្រូវចូលរួមមូលដ្ឋានគ្រឹះឌីជីថល។ ជាក់ស្ដែង ទីក្រុងនឹងអនុវត្តន៍យន្តការ និងគោលការណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្រៅពីនោះ ទីក្រុងនឹងលើកសំណើរដាក់ជូនថ្នាក់មជ្ឈឹម”។

សេដ្ឋកិច្ចឌីជីថលទាក់ទងទៅនឹងបច្ចេកវិទ្យា ដូច្នេះហើយទីក្រុងកំពុងធ្វើការសុក្រិតរាល់យន្តការ គោលការណ៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតប្រព័ន្ធអេកូឡូស៊ីអំណោយផលដល់សហគ្រាសដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ នេះគឺជាកម្លាំងចលករសម្រាប់សេដ្ឋកិច្ចទីក្រុងហូជីមិញសម្រេចបានកំណើនយ៉ាងឆាប់រហ័សថែមទៀតនារយៈពេលខាងមុខផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ