ស្វែងរកដំណោះស្រាយផ្លាស់ប្តូរឌីជីថលជាតិនាំវៀតណាមបោះជំហានទៅមុខយ៉ាងឆាប់រហ័ស

(VOVWORLD) - ឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានកំណត់ការផ្លាស់ប្ដូរឌីជីថលជាតិគឺជាភារកិច្ចដ៏សំខាន់មួយ ដោយផ្សារភ្ជាប់ជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួន៣គឺ៖ រដ្ឋាភិបាលឌីជីថល ខឿនសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ 
 
 
ស្វែងរកដំណោះស្រាយផ្លាស់ប្តូរឌីជីថលជាតិនាំវៀតណាមបោះជំហានទៅមុខយ៉ាងឆាប់រហ័ស - ảnh 1លោក Nguyen Huy Dung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ

នារយៈពេលកន្លងទៅវៀតណាមបានយកចិត្តទុកដាក់ជាពិសេសចំពោះការងារផ្លាស់ប្តូរឌីជីថល ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ខឿនសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល។ កម្មវិធី និងដំណោះស្រាយជាច្រើនត្រូវបាននាំចេញសំដៅស្វែងរក និងចែករំលែកដំណោះស្រាយផ្លាស់ប្ដូរឌីជីថល ដើម្បីជួយវៀតណាមបោះជំហានទៅមុខរួមចំណែកនាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។

ជាងពីរឆ្នាំក្រោយពីពេលលោកនាយករដ្ឋមន្ត្រីបានអនុម័តលើ "កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ តំរង់ទិសដៅដល់ឆ្នាំ ២០៣០" ការងារផ្លាស់ប្ដូរឌីជីថលជាតិ ទទួលបានលទ្ធផលជាជំហានដំបូងយ៉ាងច្បាស់លាស់ ជាពិសេសគឺការយល់ ដឹងអំពីការផ្លាស់ប្ដូរឌីជីថលនៅក្នុងស្ថាប័នរដ្ឋ សហគ្រាស និងប្រជាជនទាំងមូលត្រូវបានកែលម្អដោយឥតឈប់ឈរ។ អាចមើលឃើញថា បច្ចេកវិទ្យាឌីជីថលកំពុងរីកសាយភាយ និងជ្រៀតចូលគ្រប់សកម្មភាពនៃជីវភាពខាងសេដ្ឋកិច្ច និងសង្គមរបស់តំបន់ ក្រសួង ស្ថាប័ន និងរដ្ឋាភិបាលនៅវៀតណាម។ លោក Do Cong Anh ប្រធាននាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានបញ្ជាក់ថា៖  “ការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថលត្រូវបានអនុវត្តន៍ក្នុងចំណោមប្រជាជនទាំងមូល និងទូលំទូលាយ។ ការផ្លាស់ប្តូរឌីជីថល មិនត្រឹមតែជាការបញ្ជាទិញ ឧបករណ៍ បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងអំពីរបៀបរបប គោលនយោបយ ការយល់ដឹង និងសមត្ថភាពរបស់អង្គការទៀតផង។ បច្ចេកវិទ្យារួមចំណែកត្រឹមតែ ២០% ក្នុងជោគជ័យនៃការផ្លាស់ប្តូរឌីជីថលប៉ុណ្ណោះទេ ហើយ ៨០% ទៀតគឺអាស្រ័យលើការយល់ដឹង និងសមត្ថភាពរៀបចំអនុវត្តន៍។  ការផ្លាស់ប្តូរឌីជីថលដ៏សំខាន់បំផុតគឺការចូលរួមរបស់មនុស្សគ្រប់រូប គ្រប់ផ្នែកក្នុងអង្គការ និងគ្រប់សមាសភាពក្នុងសង្គមផងដែរ”។

ការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថលដល់ខឿនសេដ្ឋកិច្ចកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំនួនសហគ្រាសបច្ចេកវិទ្យាឌីជីថលដែលបង្កើតថ្មីបានកើនឡើងយ៉ាងឆាប់រហ័ស។ សង្គមឌីជីថល ដោយមានពលរដ្ឋឌីជីថលជាស្នូលត្រូវបានផ្តោតលើការអភិវឌ្ឍ។ ជាពិសេស កម្មវិធីផ្នែកទន់វៀតណាមមួយចំនួនបានឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់វៀតណាម ហើយត្រូវបានប្រជាជនគាំទ្រយ៉ាងច្រើនកុះករ។

លទ្ធផលនេះគឺមកពីការចូលរួមយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល ជាពិសេសគឺក្រសួងព័ត៌មាន និងផ្សព្វផ្សាយ។ អស់រយៈពេលជិត ៣ ឆ្នាំកន្លងទៅ ក្នុងតួនាទីឈានមុខក្នុងបុព្វហេតុផ្លាស់ប្តូរឌីជីថលនៅវៀតណាម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានបានស្វែងរកដំណោះស្រាយដោយឥតឈប់ឈរ បង្កើតទីលានលេងបំផុសសក្តានុពលអភិវឌ្ឍន៍ផលិតផលបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសវៀតណាមដូចជា ពានរង្វាន់បច្ចេកវិទ្យាឌីជីថល Make in Vietnam ឬការប្រប្រឡងស្វែងយល់ដំណោះស្រាយជំរុញការផ្លាស់ប្តូរឌីជីថលជាតិ (វៀតណាម  Solutions)។ ក្នុងពិធីបំផុសការប្រឡងវៀតណាម  Solutions ឆ្នាំ ២០២២ ដែលបានប្រព្រឹត្តទៅនាខែកក្កដា ឆ្នាំ ២០២២ លោក Nguyen Huy Dung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានអះអាងថា សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមត្រូវតែមានជំនឿជាក់ថាខ្លួនឯងគឺជាអ្នកដែលមានសមត្ថភាពដោះស្រាយបានបញ្ហារបស់វៀតណាមប្រកបដោយប្រសិទ្ធហើយតាមនោះគ្រប់គ្រងទីផ្សារផ្លាស់ប្ដូរឌីជីថលក្នុងប្រទេស៖ “សំណួរល្អមួយ ឬមេរៀនគណិតវិទ្យាមួយត្រឹមត្រូវ គឺជាកម្លាំងជួយផ្លាស់ប្តូរចំណាត់ថ្នាក់របស់ប្រទេសមួយ។ ការផ្លាស់ប្ដូរឌីជីថលគឺជាការងាររបស់ប្រជាជនទាំងមូល ហើយទទួលបានជោគជ័យ លុះត្រាតែប្រជាជនទាំងមូលបានជួយជ្រោមជ្រែងចូលរួម។ វៀតណាមជាប្រទេសមួយដែលមានសហគមន៍ធុរកិច្ចបច្ចេកវិទ្យាយ៉ាងច្រើនកុះករ ស្វាហាប់ច្នៃប្រឌិត ហើយមានសមត្ថភាពធ្វើជាម្ចាស់លើបច្ចេកវិទ្យា។ ក្តីសុបិនរបស់អ្នកបច្ចេកវិទ្យាវៀតណាមគឺនាំ បច្ចេកវិទ្យាជ្រៀតចូលទៅក្នុងគ្រប់ជ្រុងជ្រោយនៃជីវភាព។ ការប្រឡង Viet Solution គឺជាឱកាសដ៏ល្អ ដើម្បីនាំបច្ចេកវិទ្យាឌីជីថលទៅក្នុងផ្នែកនីមួយៗ និងវិស័យនីមួយៗ។ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយមានគោលបំណងថា បណ្ដាសហគ្រាសបច្ចេកវិទ្យាឌីជីថលចាត់ទុកថានេះគឺជាឱកាសល្អ ដើម្បីចូលរួម កសាងដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួន សំដៅដោះស្រាយបញ្ហាសង្គម ហើយតាមនោះស្វែងរកឱកាសអភិវឌ្ឍន៍សម្រាប់សហគ្រាសខ្លួនឯង”។

ស្វែងរកដំណោះស្រាយផ្លាស់ប្តូរឌីជីថលជាតិនាំវៀតណាមបោះជំហានទៅមុខយ៉ាងឆាប់រហ័ស - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថលនាចុងខែមេសា ឆ្នាំ ២០២២ 

ដោយអះអាងថា ការផ្លាស់ប្តូរឌីជីថល បានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ ហើយផ្សារភ្ជាប់ជាមួយការស្ដារសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលបច្ចុប្បន្ននេះ នៅក្នុងសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថលនាចុងខែមេសា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់លើភារកិច្ចដូច្នេះថា៖ “យើងត្រូវមានការត្រិះរិះអភិវឌ្ឍន៍ ជាមួយចក្ខុវិស័យយុទ្ធសាស្ត្រ ហើយមានរបៀបធ្វើសមស្រប និងច្បាម់ជាក់ស្ថានភាពជាក់ស្ដែង។ ត្រូវវិនិយោគឲ្យបានសមស្របសម្រាប់ការសុក្រិតរបៀបរបប បច្ចេកវិទ្យា ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស និងអភិបាលកិច្ច។  ត្រូវជំរុញកិច្ចសហប្រតិបត្តិការរដ្ឋ និងឯកជនក្នុងការផ្លាស់ប្តូរឌីជីថល លើកកម្ពស់ការយល់ដឹង និងធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់។ បង្កើនការងារផ្សព្វផ្សាយចំពោះមនុស្សគ្រប់រូប ជាពិសេសគឺប្រជាជន និងសហគ្រាស ដើម្បីបង្កើតការស្រុះចិត្តគំនិតគ្នា និងការជួយជ្រោមជ្រែង។ ទន្ទឹមនឹងនោះ សុក្រិតមូលដ្ឋានទិន្នន័យ អនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ពលរដ្ឋឌីជីថល សហការជួយឧបត្ថម្ភគ្នាយ៉ាងសកម្មរវាងមូលដ្ឋាន និង សហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយផងដែរ”។

នាបច្ចុប្បន្ន វៀតណាមបានយកថ្ងៃទី ១០ ខែតុលាជារៀងរាល់ឆ្នាំជាទិវាផ្លាស់ប្តូរឌីជីថលជាតិដោយមានគោលដៅសំខាន់ៗចំនួន៣គឺ៖ ពន្លឿនការអនុវត្តភារកិច្ចអំពីការផ្លាស់ប្ដូរឌីជីថលជាតិ; លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងសង្គមទាំងមូលអំពីតួនាទី អត្ថន័យ និងផលប្រយោជន៍នៃការផ្លាស់ប្តូរឌីជីថល; ជំរុញការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ធ្វើសកម្មភាពព្រមៗគ្នានៅគ្រប់កម្រិត និងការចូលរួមរបស់ប្រជាជនទាំងមូល ដើម្បីធានាជោគជ័យនៃការផ្លាស់ប្តូរឌីជីថល។ អាចបញ្ជាក់ថាចលនាផ្លាស់ប្តូរឌីជីថលកំពុងរីកសាយភាយយ៉ាងខ្លាំងក្លាជាមួយនឹងឥទ្ធិពលវិជ្ជមាន។ វៀតណាមកំពុងប្តេជ្ញាអនុវត្តន៍រាល់ភារកិច្ច ដើម្បីជំហានអភិវឌ្ឍន៍ ក៏ដូចជាជំរុញការផ្លាស់ប្តូរឌីជីថលនៅទូទាំងប្រទេសក្នុងដំណាក់កាលថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ