ឱកាសសម្រាប់​ការ​នាំចេញទំនិញចម្បង​ទៅកាន់ទីផ្សារ UAE

(VOVWORLD) - UAE ត្រូវបានវាយតម្លៃថាជាទីផ្សារដ៏មានសក្តានុពលខ្លាំង ដោយបើកចេញឱកាសសម្រាប់ផលិតផលកសិកម្មនិងជលផលជាច្រើនរបស់វៀតណាម ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង UAE (CEPA) ទើបបានចាប់ផ្តើមការចរចានៅថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ ។
ឱកាសសម្រាប់​ការ​នាំចេញទំនិញចម្បង​ទៅកាន់ទីផ្សារ UAE - ảnh 1ការកែច្នៃជលផលសម្រាប់នាំចេញ។ រូបថត៖ TTXVN

អេមីរ៉ាតអារ៉ាប់រួម (UAE) ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពាណិជ្ជកម្មរបស់មជ្ឈឹមបូព៌ា ជាច្រកទ្វារសំខាន់ដើម្បីនាំទំនិញវៀតណាមទៅកាន់តំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក អឺរ៉ុប និងពង្រីកទៅកាន់ទីផ្សារសកល។ UAE ត្រូវបានវាយតម្លៃថាជាទីផ្សារដ៏មានសក្តានុពលខ្លាំង ដោយបើកចេញឱកាសសម្រាប់ផលិតផលកសិកម្មនិងជលផលជាច្រើនរបស់វៀតណាម ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង UAE (CEPA) ទើបបានចាប់ផ្តើមការចរចានៅថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ ។

របាយការណ៍របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា បច្ចុប្បន្ន UAE គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅមជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើង។ ក្រុមទំនិញជាច្រើនរបស់វៀតណាមមានឧត្តមភាពនាំចេញទៅកាន់ UAE ដូចជា៖ កសិផល ជលផល ម្ហូបអាហារកែច្នៃ វាយនភ័ណ្ឌកាត់ដេរ ស្បែកជើង គ្រឿងអេឡិចត្រូនិក ម៉ាស៊ីននិងឧបករណ៍ បន្តមាននិន្នាការកើនឡើងទាំងបរិមាណនិងតម្លៃនាំចេញ។ ប្រសិនបើក្នុងឆ្នាំ ២០០៦ ទំហំនាំចេញរបស់វៀតណាមទៅកាន់ UAE ទទួលបានត្រឹមតែ ១៤០ លានដុល្លារអាមេរិកប៉ុណ្ណោះ នៅឆ្នាំ២០២២ការនាំចេញរបស់វៀតណាមទៅកាន់ UAE ទទួលបាន ៣,៨៥ ពាន់លានដុល្លារ។ ដោយឡែកក្នុងរយៈពេល ៣ ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និង UAE ត្រូវបានប៉ាន់ប្រមាណមានចំនួនជាង ១,១២ ពាន់លានដុល្លារអាមេរិក កើនឡើង ២២,១៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយសារតែរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មមានត្រឹមតែតិចជាង ១% ប៉ុណ្ណោះ ហើយភាគច្រើនគឺការចិញ្ចឹមសត្វ និងដាំដំណាំចេក ដូច្នេះ UAE ត្រូវនាំចូលស្បៀងអាហារភាគច្រើនដើម្បីបម្រើតម្រូវការរបស់ប្រជាជន។ តាមការព្យាករណ៍ ឆ្នាំនេះចំនួនភ្ញៀវទេសចរចូលមក UAE នឹងកើនឡើងយ៉ាងខ្លាំង ហើយបន្តជាឱកាសដើម្បីវៀតណាមបង្កើនការនាំចេញកសិផលនិងស្បៀងអាហារទៅកាន់ទីផ្សារនេះ។ លោក Truong Xuan Trung ស្ថាប័ន្ធពាណិជ្ជកម្មវៀតណាមប្រចាំនៅ UAE បានឲ្យដឹងថា៖ “ឆ្នាំមុន ការនាំចេញជលផលរបស់វៀតណាមទៅកាន់ UAE ទទួលបានជិត ៥ លានដុល្លារអាមេរិក កើនឡើងជាង ១៨% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ វៀតណាមមានផលិតផលកសិកម្មសំខាន់ៗមួយចំនួនដូចជា ក្រូចឆ្មារគ្មានគ្រាប់ ផ្លែស្រកានាគ ឪឡឹកជាដើម។ ការនាំចេញគ្រាប់ស្វាយចន្ទីទទួលបានជាង ៥៥ លានដុល្លារ កើនឡើងជាង ១៤% បើប្រៀបធៀបនឹងឆ្នាំមុន។ គ្រាប់ស្វាយចន្ទីគឺជាមុខទំនិញដែលវៀតណាមមានទំហំនាំចេញធំបំផុត ដែលស្មើនឹង ៨១% នៃចំណែកទីផ្សារនាំចូលរបស់ UAE។ ម្រេចស្រូបយកជាង ៦៥% នៃចំណែកទីផ្សារនាំចូលរបស់ UAE ដែលកាលពីឆ្នាំមុនទទួលបាន ៥៨ លានដុល្លារកើនឡើង ៣,៥% បើប្រៀបធៀបនឹងឆ្នាំ២០២១។ ជាទីបំផុតគឺអង្ករ ដោយទំហំនាំចេញឈានដល់ ២៥ លានដុល្លារអាមេរិក ស្មើនឹង ៧,៣% នៃចំណែកទីផ្សារអង្ករដែលនាំចូល UAE “។

ការដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីនាពេលកន្លងទៅបានជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះផលិតផលកសិកម្មនិងម្ហូបអាហារជាច្រើនបាននាំចេញទៅកាន់ទីផ្សារដែលមានតម្លៃបន្ថែមខ្ពស់។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង UAE (CEPA) កំពុងត្រូវបានស្ថាប័នមានសមត្ថកិច្ចដាក់ពង្រាយការចរចា ហើយប្រសិនបើត្រូវបានចុះហត្ថលេខានាពេលខាងមុខ វាមិនត្រឹមតែជួយវៀតណាមនាំចេញទំនិញទៅកាន់ UAE ដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជួយទំនិញរបស់វៀតណាមជ្រៀតចូលទីផ្សារមជ្ឈឹមបូព៌ា និងប្រទេសដទៃទៀតតាមរយៈច្រកទ្វារ UAE ទៀតផង។

ឱកាសសម្រាប់​ការ​នាំចេញទំនិញចម្បង​ទៅកាន់ទីផ្សារ UAE - ảnh 2លោកស្រី Le Hong Anh ប្រធាននាយកដ្ឋានទីផ្សារអាស៊ី - អាហ្វ្រិក។ (រូបថត៖ tapchicongthuong.vn)

លោកស្រី Le Hong Anh ប្រធាននាយកដ្ឋានទីផ្សារអាស៊ី - អាហ្វ្រិកបានព្យាករណ៍ថា UAE ជាទីផ្សារដ៏មានសក្តានុពលនៅពេលដែលCEPAបានបើកដំណើរការ៖ “យើងខ្ញុំនឹងបន្តជំរុញការនាំចេញទៅកាន់ទីផ្សារដែលបានចុះហត្ថលេខាលើ FTA ជាពិសេស ផ្តោតលើការបូកសរុបបទពិសោធន៍របស់បណ្តាប្រទេស ឆ្លៀតយក FTA ដើម្បីផ្តល់អនុសាសន៍សម្រាប់សហគ្រាសវៀតណាម។ តាមការគ្រោងទុក FTA ជាមួយអ៊ីស្រាអែលនឹងត្រូវបានចុះហត្ថលេខាក្នុងឆ្នាំនេះ យើងខ្ញុំនឹងមានផែនការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្របសម្រួលជាមួយអង្គភាពនិងទីភ្នាក់ងារពាក់ព័ន្ធ ដោយចាប់ផ្តើមការចរចារ FTA ជាមួយ UAE ដើម្បីបើកចេញឱកាសសហប្រតិបត្តិការជាមួយតំបន់មជ្ឈឹមបូព៌ាដែលពោរពេញទៅដោយសក្តានុពលនេះ”។

ទោះជាយ៉ាងណាក៏ដោយ ស្ថាប័ន្ធពាណិជ្ជកម្មវៀតណាមប្រចាំនៅ UAE ក៏បានវាយតម្លៃ UAE ជាទីផ្សារប្រកួតប្រជែងយ៉ាងខ្លាំង ទាំងតម្លៃនិងគុណភាព ហើយនេះគឺជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់សហគ្រាសវៀតណាម នៅពេលនាំចេញទំនិញទៅកាន់ UAE។ ជាងនេះទៅទៀត សហគ្រាសវៀតណាមត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយអង្គភាពអាជីវកម្មមកពីប្រទេសផ្សេងទៀត ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ UAE ដូចជាឥណ្ឌូនេស៊ី អ៊ីស្រាអែលនិងទួរគី ដោយសារសហគ្រាសរបស់ប្រទេសទាំងនេះក៏ទទួលបានការអនុគ្រោះនៅពេលនាំចេញទំនិញចូល UAE។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសវៀតណាមនៅមានសុទិដ្ឋិនិយមជាច្រើនអំពីទីផ្សារនេះ។ លោក Nguyen Tuong អគ្គលេខាធិការរងនៃសមាគមធុរកិច្ចភស្តុភារវៀតណាមបានចាត់ទុកថា៖ “នាពេលថ្មីៗនេះ សកម្មភាពនាំចេញនាំចូលនិងភស្តុភារ បានរីកចម្រើនយ៉ាងខ្លាំងដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេស ដូចជា EVFTA CPTPP និង RCEP ។ UAE គឺជាទីផ្សារដ៏សំខាន់នៅមជ្ឈឹមបូព៌ា ដែលជាចំណុចតភ្ជាប់ពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាហ្វ្រិក អាមេរិកឡាទីន អឺរ៉ុប និងអាស៊ី។ ដោយសារនៅទីនោះ គេមានហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រល្អ ហើយមានមូលដ្ឋានអាកាសចរណ៍ តាមនោះគេអាចតភ្ជាប់ជាមួយទីផ្សារជាច្រើន។ ដូច្នេះហើយ នេះជាទីផ្សារពោរពេញទៅដោយសក្តានុពល”។

ដើម្បីអាចជំរុញការនាំចេញទំនិញរបស់វៀតណាមទៅកាន់ UAE សហគ្រាសវៀតណាមមានគោលបំណងអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿនក្នុងការផលិត ផ្លាស់ប្តូរវិធីសាស្រ្ត គ្រប់គ្រងនិងកាត់បន្ថយការចំណាយអន្តរការីដើម្បីកាត់បន្ថយតម្លៃដើម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលវវៀតណាមផងដែរ។ លើសពីនេះទៅទៀត ដោយសារតែ UAE ជាប្រទេសឥស្លាមមួយ សហគ្រាសវៀតណាមក៏មានគម្រោងសិក្សាស្រាវជ្រាវអំពីវប្បធម៌ឥស្លាមនិងតម្រូវការរបស់អ្នកប្រើប្រាស់ កសាងប្រព័ន្ធស្តង់ដារ Halal សម្រាប់ផលិតផលម្ហូបអាហារ ភេសជ្ជៈ គ្រឿងសម្អាង ម៉ូដឥស្លាមនៅពេលនាំចេញទៅកាន់ទីផ្សារនេះ។ ដំណោះស្រាយទូទៅពីស្ថាប័នមានសមត្ថកិច្ច និងសហគ្រាសរួមជាមួយនឹងការចរចានិងកសាងកិច្ចព្រមព្រៀង CEPA បានបើកឱកាសជាច្រើនសម្រាប់ទំនិញវៀតណាមដណ្តើមយកទីផ្សារ UAE និងបណ្តាប្រទេសក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ