Tuong Chuc៖ ភូមិធ្វើកូនសោ

(VOVWORLD) - ស្ថិតនៅចម្ងាយប្រមាណ១៣គ.ម ប៉ែកនិរតីពីកណ្ដាលរដ្ឋធានីហាណូយ មានភូមិបុរាណមួយមានឈ្មោះថាភូមិ Tuong Chuc ចំណុះឃុំ Ngu Hiep ស្រុក Thanh Tri ទីក្រុងហាណូយ។ ចាប់ពីចុងសតវត្សទី១៩មក ភូមិនេះត្រូវបានមនុស្ស យ៉ាងច្រើនកុះករស្គាល់ដល់ដោយមុខរបរដ៏ពិសេសមួយ នោះគឺមុខរបរជួសជុល កូនសោ។ នាបច្ចុប្បន្ន ជាងកូនសោនៃភូមិ Tuong Chuc បានចេញទៅប្រកបរបរនៅ គ្រប់កន្លែងលើទូទាំងប្រទេស។
Tuong Chuc៖ ភូមិធ្វើកូនសោ - ảnh 1លោក Luu Duc My (ខាងឆ្វេង) និងឪពុកកំពុងត្រួតពិនិត្យកូនសោប្រភេទថ្មី (រូបថត៖ Thanhnien.vn)

សូម្បីតែ ជនចាស់ជរាដែលមានអាយុជិត១០០ឆ្នាំនៅភូមិ Tuong Chuc ក៏មិនដឹងថា មុខរបរជួសជុលកូនសោបានកកើតឡើងតាំងពីពេលណាឡើយ។ គេគ្រាន់តែដឹងថា ចាប់តាំងពីពេលដែលគេបានប្រសូត្រឡើងនោះ គ្រួសារបានប្រកបមុខរបរនេះហើយ។ អាស្រ័យដោយមានការបណ្ដុះបណ្ដាលនិងប្រកបរបរយ៉ាងហ្មត់ចត់ បានជាក្នុងរយៈពេល១០០ឆ្នាំកន្លងទៅ យុវជនភូមិ Tuong Chuc ជាច្រើននាក់បានក្លាយទៅជាជាងកូនសោពូកែ។ មុននោះ អ្នកភូមិ Tuong Chuc បានចេញទៅជួសជុលកូនសោនៅគ្រប់កន្លែងនៃរដ្ឋធានីហាណូយ។ រហូតមកដល់ពេលនេះ ជនចាស់ជរាជាច្រើននៅរដ្ឋធានីនៅតែចងចាំសូរសម្លេងពពាយនាយជាប់ជានិច្ចថា៖ “Khoa o” (ដែលមានន័យថា កូនសោអ៊ើ)។ នោះគឺជាសូរសម្លេងពពាយនាយរបស់ជាងកូនសោនៃភូមិ Tuong Chuc។ ហេតុនេះហើយ នាពេលនិយាយដល់ភូមិ Tuong Chuc ម្ដងៗ គេតែងតែនិយាយលេងថា ភូមិ khoa o។

        លោក Luu Duc My នៅខ័ណ្ឌ Hoang Mai រដ្ឋធានីហាណូយ ជាជាងកូនសោមួយរូបក្នុងចំណោមជាងកូនសោពូកែបំផុតនៅទីក្រុង។ ចាប់តាំងពីកុមារភាព លោក My ត្រូវបានឪពុកនាំទៅជួសជុលកូនសោនៅគ្រប់ទីកន្លែងនៃរដ្ឋធានីហើយ។ មិនត្រឹមតែរៀនរបរពីឪពុកនិងលោកតាប៉ុណ្ណោះទេ ប៉ុន្តែលោក My ក៏រៀនពីជាងកូនសោពូកែផ្សេងៗទៀតនៅភូមិ Tuong Chuc ទៀតផង។ ទោះបីជាមានសញ្ញាប័ត្រសាកលវិទ្យាល័យឯកទេសកម្ម Marketing ក្ដី ប៉ុន្តែលោក My នៅតែសម្រេចចិត្តប្រកបមុខរបរប្រពៃណីរបស់គ្រួសារដដែល។ ស្ដីពីការសម្រេចនេះ លោក Luu Duc My បានចែករំលែកថា៖

        “ខ្ញុំបានប្រកបរបរនេះក្នុងរយៈពេលយូរៗណាស់ហើយ បានជាវាមានភាពជិតស្និទ្ធជាមួយខ្ញុំណាស់។ តាមពិតទៅ ក្នុងដំណើរការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យ ខ្ញុំតែងតែគិតអំពីការបន្តប្រកបរបរប្រពៃណីរបស់គ្រួសារ ហើយចង់ប្រើប្រាស់ចំណេះដឹងដែលត្រូវបានរៀននៅសាលា ដើម្បីបម្រើការប្រកបរបរនេះ។ មានអ្នកខ្លះៗបានសួរខ្ញុំថា ហេតុអ្វីមិនជ្រើសរើសរបរផ្សេងៗដូចជារបរជួសជុលរថយន្ត ម៉ូតូ។ ប៉ុន្តែខ្ញុំគិតថា គ្មានរបរណាគឺជារបរខ្ពង់ខ្ពស់ឬរបរថោកទាបឡើយ។ របរទាំងអស់សុទ្ធតែឆ្ពោះទៅរកគោលដៅចុងក្រោយនោះគឺការបម្រើសង្គមឲ្យបានល្អ”។

Tuong Chuc៖ ភូមិធ្វើកូនសោ - ảnh 2លោក Luu Duc My ណែនាំអតិថិជនអំពីរបៀបប្រើប្រាស់កូនសោមួយ

        នាបច្ចុប្បន្ន លោក Luu Duc My បានបង្កើតក្រុមហ៊ុនដែលមានសាខានៅភូមិភាគទាំង៣ក្នុងទូទាំងប្រទេស។ ក្រុមហ៊ុនរបស់លោកមិនត្រឹមតែផ្គត់ផ្គងសេវាកម្មជួសជុលកូនសោប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ឧបករណ៍ធានាសុវតិ្ថភាពនិងកូនសោឯកទេសគ្រប់ប្រភេទដែលមិនធ្លាប់មាននៅលើទីផ្សារវៀតណាមទៀតផង។ ឈ្មោះលោក Luu Duc My ជាឈ្មោះដ៏ល្បីល្បាញក្នុងមជ្ឈដ្ឋានជាងកូនសោ វៀតណាមអំពីទេពកោសល្យដោះសោ ព្រោះថា លោកអាចដោះសោគ្រប់ប្រភេទ រួមទាំងសោរថយន្ត សោម៉ូតូ ឬសោទំនើបៗបំផុតនាបច្ចុប្បន្នផងដែរ។ លោក Luu Duc My បានអះអាងថា ក្នុងរយៈពេល២៤ម៉ោង លោកអាចស្វែងរករបៀបដោះសោប្រភេទណាក៏ដោយ។ លោកបានបកស្រាយថា៖

        “នាបច្ចុប្បន្ន បច្ចេកទេសធ្វើកូនសោមានការអភិវឌ្ឍជាច្រើន ដែលបានធ្វើឡើងប្រភេទកូនសោថ្មីៗដូចជា សោម៉ាញេទិច និងសោអេឡិចត្រូនិក ជាដើម។ ប៉ុន្តែចំពោះខ្ញុំ ប្រសិនបើខ្លួនយល់អំពីចរិតលក្ខណៈនៃប្រភេទសោនោះ គឺអាចជួសជុលបានហើយ”។

       តាមជនចាស់ជរានៅភូមិ Tuong Chuc ឲ្យដឹងថា របរកូនសោគឺពិបាកណាស់ព្រោះថា វាជារបរដែលត្រូវបានបង្រៀនតាមលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ តាំងពីមុនមក មិនទាន់មានសាលារៀននិងមហាវិទ្យាល័យណាមួយដែលបង្រៀនការប្រកបមុខរបរនេះឡើយ។ ដើម្បីក្លាយទៅជាជាងកូនសោពូកែ គឺត្រូវឧស្សាហ៍ព្យាយាមហាត់ពត់លត់ដំនិងស្រាវជ្រាវដោយខ្លួនឯង។ ហើយកត្តាសំខាន់បំផុតនោះគឺត្រូវមានសីលធម៌វិជ្ជាជីវៈដើម្បីធ្វើការដោយស្មោះត្រង់ មិនទុកឲ្យមនុស្សអាក្រក់ឆ្លៀតយកដើម្បីប្រព្រឹត្តអំពើអាក្រក់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ