ការអភិរក្សរបរផលិតស្ករគ្រាប់ Cu Do ប្រពៃណីនៅ Ha Tinh

(VOVWORLD) - រសជាតិឈ្ងុយនៃសណ្តែកដី ក្លិនក្រអូបរបស់ខ្ញី លាយឡំជាមួយទឹកស្ករអំពៅ បានបង្កើតជារសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលធ្វើឱ្យអ្នកទទួលទាន ទាំងក្នុងស្រុក ឬបរទេសត្រូវចងចាំជារៀងរហូត នៅពេលទទួលទានស្ករគ្រាប់ Cu Do នៃខេត្ត Ha Tinh។ ជាមួយនឹងរសជាតិពិសេស ស្ករគ្រាប់ Cu Do បានបញ្ជាក់ម៉ាកយីហោរបស់ខ្លួននៅលើផែនទីម្ហូបអាហារជាតិ ដោយត្រូវបានចុះបញ្ជីនៅក្នុង "ជម្រើសកំពូលនៃមុខម្ហូបនិងអំណោយពិសេសទាំង១០០របស់វៀតណាម"។

ការអភិរក្សរបរផលិតស្ករគ្រាប់ Cu Do ប្រពៃណីនៅ Ha Tinh - ảnh 1កម្មការិនីកំពុងធ្វើជំហានចុងក្រោយដើម្បីផលិតចេញស្ករគ្រាប់ Cu Do។
រូបថត៖ Kim Lieu/VOV5

គ្រឿងផ្សំនីមួយៗនៅក្នុងស្ករគ្រាប់ Cu Do គឺមកពីកសិផលមួយប្រភេទ ដែលបង្កើតជារសជាតិពិសេសនៃទឹកដី Ha Tinh។ ទឹកស្ករអំពៅ ដែលជាព្រលឹងនៃស្ករគ្រាប់ ត្រូវបានប្រមូលទិញពីតំបន់ភ្នំ Son Tho (ឥឡូវជាឃុំ Vu Quang)។ សណ្តែកដីត្រូវបានដាំដុះនៅលើដីខ្សាច់តាមឆ្នេរសមុទ្រ និងតាមមាត់ទន្លេ Ngan Sau, Ngan Pho និងទន្លេ La។ ខ្ញីនាំមកនូវរសជាតិហឹរកក់ក្ដៅពិសេសនៃតំបន់ Huong Khe ឬ Vu Quang។ បាញ់ត្រាង ដែលជាស្រទាប់ស្រួយៗខាងក្រៅ ត្រូវបានធ្វើពីម្សៅអង្ករនៃតំបន់ Duc Tho។ អ្នកស្រី Nguyen Thi Thao ម្ចាស់សិប្បកម្មផលិតស្ករគ្រាប់ Cu Do នៅឃុំ Huong Son ខេត្ត Ha Tinh បាននិយាយថា៖

“យើងតែងតែអនុវត្តន៍ដំណាក់កាលនីមួយៗយ៉ាងយកចិត្តទុកដាក់ ចាប់ពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការកែច្នៃបឋម ការកែច្នៃ ការវេចខ្ចប់ ទាំងអស់ត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន។ ១០០% គឺគ្រឿងផ្សំធម្មជាតិ ជាផលិតផលល្អបំផុតដែលត្រូវបានជ្រើសរើសនៅហ្នឹងទឹកដី Ha Tinh។ នៅក្នុងដំណាក់កាលកែច្នៃបឋម គ្រឿងផ្សំស្នូលសម្រាប់ធ្វើស្ករគ្រាប់ Cu Do ដូចជាទឹកស្ករអំពៅ សណ្តែកដី ខ្ញីស្រស់ និងបាញ់ត្រាង សុទ្ធតែត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងហ្មត់ចត់ ដើម្បីលុបបំបាត់ធូលី និងគ្រឿងផ្សំដែលមានគុណភាពទាបចេញ”។

ការអភិរក្សរបរផលិតស្ករគ្រាប់ Cu Do ប្រពៃណីនៅ Ha Tinh - ảnh 2ស្ករគ្រាប់ Cu Do មានរសជាតិសណ្តែកដី រសជាតិខ្ញីក្រអូប លាយជាមួយស្ករអំពៅ។
រូបថត៖ Kim Lieu/VOV5

ដំណើរការនៃការធ្វើស្ករគ្រាប់ Cu Do គឺជាសិល្បៈដោយដៃ ដែលតម្រូវឱ្យមានការអត់ធ្មត់ បទពិសោធន៍ និងអារម្មណ៍ដ៏ប្រណិត ដែលម៉ាស៊ីនមិនអាចជំនួសបានទេ។ ដំបូងឡើយ សណ្តែកដីត្រូវបានលីង នៅក្នុងខ្ទះដែកស្មិត ជាមួយអំបិលបន្តិចរហូតដល់មានក្លិនក្រអូប និងសំបកប្រេះចេញ។ ខ្ញីត្រូវបានបកសំបក លាងឲ្យស្អាត ហើយហាន់ជាសរសៃ ឬចិញ្ច្រាំ។ ជំហានសំខាន់បំផុតគឺដំណើរការចម្អិន ស្ករអំពៅ។ ស្ករអំពៅត្រូវបានដាំឱ្យពុះក្នុងខ្ទះជ្រៅ និងបាតក្រាស់។ កម្មករចាក់ទឹកស្ករអំពៅពុះមួយដំណក់ចូលទៅក្នុងចានទឹកត្រជាក់។ ប្រសិនបើដំណក់ទឹកស្ករអំពៅនោះ បង្កកជារាងមូលស្មើគ្នា ហើយមិនរលាយក្នុងទឹកទេ គឺកាកស្ករអំពៅបានជាប់ស្តង់ដារហើយ។ នៅពេលដែលកាកស្ករគ្រាប់ជាប់ស្តង់ដារ កម្មករ ដាក់សណ្តែកដី និងខ្ញីចូលបន្ថែម កូរឱ្យស្មើៗគ្នា រួចបិទចង្ក្រាន។ ល្បាយស្ករគ្រាប់ក្តៅនោះ ត្រូវបានដួសយ៉ាងលឿន ហើយចាក់លើបាញ់ប្រាងមួយដុំ បន្ទាប់មកយកបាញ់ត្រាងមួយដុំទៀតគ្របលើ ចុចថ្នមៗដើម្បីឱ្យវាជាប់គ្នា។ រូបមន្តសម្ងាត់របស់សិប្បកម្មនីមួយៗ បានបង្កើតភាពចម្រុះ និងភាពសម្បូរបែបនៃស្ករគ្រាប់ Cu Do។

ដោយបានផ្សាភ្ជាប់នឹងរបរប្រពៃណីអស់រយៈពេលជាង ៤៥ ឆ្នាំមក លោកស្រី Tran Thi Huong ម្ចាស់សិប្បកម្មផលិត Cu Do Ba Huong ឃុំ Huong Son បានចែករំលែកថា៖

“ការចម្អិនដោយដៃជួយរក្សាបាននូវរសជាតិ ច្រើនជាងការចម្អិនជាមួយឆ្នាំងអគ្គិសនី។ មានឆ្នាំងខ្លះ យើងចម្អិនក្នុងរយៈពេល ១៥ នាទី ហើយឆ្នាំងខ្លះទៀត ត្រូវចំណាយពេល ១៧ ឬ ១៨ នាទី។ ពេលជិតដាក់វានៅលើចង្ក្រាន យើងដាក់ខ្ញីស្រស់ៗចូល ដែលបន្ទាប់មក ខ្ញីហឹរជ្រាបចូលទៅក្នុងទឹកស្ករអំពៅ និងសណ្តែកដី។ បន្ទាប់ពី ចម្អិនឆ្នាំងស្ករគ្រាប់រួច យើងដាក់បន្ថែមរសជាតិក្រូចឆ្មាស្រស់ៗ និងដាក់ខ្ញីស្រស់មួយស្រទាប់ពីលើទៀត ដើម្បីធ្វើឲ្យរសជាតិកាន់តែសម្បូរ”។

បច្ចុប្បន្ន ខេត្ត Ha Tinh មានសិប្បកម្មផលិត Cu Do ទាំងធំនិងតូចរាប់រយកន្លែង ចាប់ពីគ្រួសាររហូតដល់សហគ្រាសទ្រង់ទ្រាយធំ ដែលបង្កើតការងារសម្រាប់កម្មករក្នុងស្រុករាប់ពាន់នាក់។ កម្មវិធី "ឃុំមួយ ផលិតផលមួយ" (OCOP) បានជួយសិប្បកម្មផលិត កែលម្អផលិតផល តាមរយៈការគាំទ្រលើកកំពស់ស្តង់ដារដំណើរការ ធានាសុវត្ថិភាពចំណីអាហារ កសាងម៉ាកយីហោ រចនាការវេចខ្ចប់ប្រកបដោយវិជ្ជាជីវៈ និងពង្រីកទីផ្សារ។ ម៉ាកយីហោស្ករគ្រាប់ Cu Do ដែលមានវិញ្ញាបនបត្រ OCOP ផ្កាយ ៣ មិនត្រឹមតែមានការពេញនិយមលើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសទៀតផង។ ជាជំនាន់ទីបីដែលទទួលមរតករបរប្រពៃណីរបស់គ្រួសារ អ្នកស្រី Tran Thi Hoa បានចែករំលែកថា៖

“ថ្មីៗនេះ ស្ករគ្រាប់ Cu Do ត្រូវបាននាំចេញទៅកាន់ផ្សារទំនើបជប៉ុន និងអាមេរិក។ នេះគឺជាផលិតផលក្នុងស្រុកដំបូងគេដែលត្រូវបាននាំចេញជាផ្លូវការ ដូច្នេះក្រៅពីមានសេចក្តីរីករាយដោយសារតែផលិតផល ត្រូវបានគេស្គាល់ដល់យ៉ាងទូលំទូលាយ ខ្ញុំក៏សប្បាយចិត្តណាស់ ព្រោះខ្ញុំបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។ ទីផ្សារមានការប្រកួតប្រជែងកាន់តែខ្លាំង ហើយមានតម្រូវការតឹងរ៉ឹងលើគុណភាពផលិតផលផងដែរ ប៉ុន្តែម៉ាកស្ករគ្រាប់ Cu Do បានអះអាងនូវឋានៈរបស់ខ្លួន ដោយសារការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ចាប់ពីគ្រឿងផ្សំរហូតដល់ដំណើរការផលិត”។

សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ការទទួលទានស្ករគ្រាប់ Cu Do មិនត្រឹមតែជាការភ្លក់រសជាតិពិសេសប៉ុណ្ណោះទេ ថែមទាំងបានទទួលអារម្មណ៍ពីលក្ខណៈវិសេសវិសាលនៃទឹកដីទាំងមូលទៀតផង។ អ្នកស្រី Hoang Thi Hang មកពីទីក្រុងហាណូយ បាននិយាយថា៖

“រាល់ពេលដែលខ្ញុំទៅប្រកបការងារឆ្លង Ha Tinh ខ្ញុំតែងតែទិញស្ករគ្រាប់ Cu Do ជាអំណោយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារ និងក្រុមហ៊ុន។ ការទទួលទានស្ករគ្រាប់នេះ ខ្ញុំអាចទទួលអារម្មណ៍ពីរសជាតិឈ្ងុយនៃសណ្តែកដី ភាពស្រួយនៃបាញ់ត្រាង និងរសជាតិផ្អែមនៃទឹកស្ករអំពៅ។ នេះជាអំណោយបែបជនបទដែលខ្ញុំពិតជាចូលចិត្តណាស់។ ស្ករគ្រាប់ Cu Do នៅពេលដែលទទួលទានជាមួយទឹកតែបៃតង ក៏ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដែរ”។

ស្ករគ្រាប់ Cu Do បានផ្សាភ្ជាប់ជាមួយប្រជាជន Ha Tinh អស់រយៈពេលជាច្រើនជំនាន់មកហើយ។ អំណោយបែបជនបទនេះគឺជាលក្ខណៈពិសេសមួយរបស់ប្រជាជននៅទឹកដីភូមិភាគកណ្តាលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ