ខេត្ត Ha Nam ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងវិស័យកសិកម្ម

(VOVWORLD) - ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលបាននឹងកំពុងជួយខេត្ត ហាណាម (Ha Nam) លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ជាពិសេសក្នុងវិស័យកសិកម្ម ការផ្លាស់ប្ដូរឌីជីថលបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ ជួយសន្សំសំចៃថ្លៃដើម លើកកំពស់តម្លៃផលិតផល ឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់នៃទីផ្សារ ហើយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព។

ខេត្ត Ha Nam ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងវិស័យកសិកម្ម - ảnh 1ផលិតផលរបស់សហករណ៍វារីវប្បកម្មស្រះជ្រៅ Hai Dang ត្រូវបានលក់នៅលើគេហទំព័ររបស់សហករណ៍។ (រូបថតអេក្រង់៖ សហករណ៍ជលផល Hai Dang)

ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីប្រតិបត្តិការរយៈពេល ៥ ឆ្នាំ គំរូចិញ្ចឹមត្រីរបស់សហករណ៍ចិញ្ចឹមត្រីអាងជ្រៅ Hai Dang ឃុំ Thanh Son ស្រុក Kim Bang បានអះអាងនូវគុណភាពនៃត្រីចិញ្ចឹម និងផលិតផលកែច្នៃពីត្រី។ ផលិតផលរបស់សហករណ៍ត្រូវបានទីផ្សារនិងអតិថិជននិយមចូលចិត្ត។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ដោយសារតែអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលតាមរយៈការលក់ផលិតផលនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិចនោះ ផលិតផលរបស់សហករណ៍បានទៅដល់ទីផ្សារជាច្រើននៅទូទាំងប្រទេស។ ជារៀងរាល់ខែ សហករណ៍ទទួលអតិថិជនជាង ១០០ នាក់មកទស្សនា និងទិញផលិតផល។ អាជីវកម្មមានស្ថិរភាព កំណើនប្រាក់ចំណូលល្អ បានជួយបង្កើតការងារដល់កម្មករក្នុងស្រុកជាច្រើន។ លោក Nguyen Van Hieu នាយកសហករណ៍បានឲ្យដឹងថា៖

“នៅពេលដែលយើងដាក់ផលិតផលនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនោះ យើងអាចទាក់ទងផ្ទាល់ជាមួយអតិថិជនកាន់តែច្រើន ចំនួនអតិថិជនកើនឡើងច្រើនហើយការលក់ផលិតផលក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ អាជ្ញាធរមូលដ្ឋាន មន្ទីរ និងផ្នែកនានា ក៏បង្កើនការគាំទ្រសម្រាប់ការផ្លាស់ប្តូរឌីជីថល ដើម្បីជួយសហករណ៍ខិតជិតមកអតិថិជនកាន់តែច្រើន បង្កើនប្រាក់ចំណូល បង្កើនចំនួនកម្មករ ហើយរួមចំណែកមួយផ្នែកដល់ការអភិវឌ្ឍរបស់មូលដ្ឋាន”។

ក៏អាស្រ័យដោយការអនុវត្តផ្សារពាណិជ្ជកម្មអេឡិចត្រូនិក សិប្បកម្មផលិតគ្រឿងសេរ៉ាមិច Lien Kiem នៅភូមិសេរ៉ាមិច Quyet Thanh ទីរួមស្រុក Que ស្រុក Kim Bang ខេត្ត Ha Nam អាចឈរជើងយ៉ាងរឹងមាំលើទីផ្សារដែរ។ លោក Lai Tuan Son ម្ចាស់សិប្បកម្មបានចែករំលែកថា៖

“អាស្រ័យដោយការជំរុញការលក់ផលិតផល និងម៉ាឃីតធីងតាមរយៈបណ្តាញសង្គម និងផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនោះ សេរ៉ាមិច Lien Kiem មានអតិថិជនថ្មីៗជាច្រើន។ ការចំណាយលើការលក់ ចំណាយលើឃ្លាំង និងការគ្រប់គ្រងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងការលក់តាមវិធីសាស្រ្តប្រពៃណី”។

នៅក្រុមហ៊ុនរុក្ខជាតិឱសថ Minh Duc ឃុំ Cong Ly ស្រុក Ly Nhan ខេត្ត Ha Nam ផ្សិតកូឌីសេប ត្រូវបានដាំដុះក្នុងផ្ទះបំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់។ ផ្សិតកូឌីសេបរបស់ក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រ OCOP (កម្មវិធីឃុំមួយផលិតផលមួយ) ថ្នាក់ផ្កាយ ៣។ ឬដូចនៅសហករណ៍កសិកម្ម និងសេវាកម្ម Muc Dong ស្រុក Duy Tien ដែលបាននិងកំពុងជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងដំណាក់កាលភាគច្រើននៃផលិតកម្ម ការគ្រប់គ្រង និងការលក់ផលិតផល ដោយហេតុនេះ បានសន្សំសម្ចៃធនធានមនុស្ស និងថ្លៃដើម លើកកម្ពស់ផលិតកម្ម កែលម្អគុណភាពផលិតផលដោយឥតឈប់ឈរ។ លោក Tran Ngoc Tu នាយកសហករណ៍បានបញ្ជាក់ថា៖

“យើងខ្ញុំកំពុងអនុវត្តន៍ការផ្លាស់ប្ដូរឌីជីថលនៅលើផលិតផលទឹកដោះគោជាទូទៅ ក៏ដូចជាការផ្សព្វផ្សាយ ការផ្ទៀងផ្ទាត់ព័ត៌មាននៅលើទំព័រ fanpage នៅលើបណ្ដាញសង្គម Zalo, Facebook ... ដើម្បីធ្វើយ៉ាងណាអាចបញ្ជូនព័ត៌មានអំពីប្រភពដើមផលិតផល តំបន់វត្ថុធាតុដើម ដំណើរការផលិតកម្ម និងកែច្នៃ។ អតិថិជនអាចតាមដានប្រភពដើមដោយប្រើលេខកូដ QR ឬ Barcode ក្នុងរយៈពេលលឿនបំផុត។ ប្រសិនបើមានការផ្លាស់ប្តូរព័ត៌មាន យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពវានៅលើគេហទំព័រ ដោយជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាឌីជីថល”។

នៅតាមភូមិសិប្បកម្មប្រពៃណីក្នុងខេត្ត Ha Nam ការអនុវត្តការផ្លាស់ប្តូរឌីជីថលក៏កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាផងដែរ។ អាស្រ័យដោយការទាញយកអត្ថប្រយោជន៍អតិបរមាពីបណ្តាញសង្គមដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយផលិតផល រចនាគេហទំព័រអាជីវកម្មជាមួយនឹងទម្រង់ទាក់ទាញភ្នែក មាតិកាព័ត៌មានចម្រុះ វិធីសាស្ត្រទិញទំនិញនិងទូទាត់ប្រកបដោយភាពងាយស្រួល បច្ចេក
វិទ្យាឌីជីថលបានចូលរួមចំណែកយ៉ាងធំធេងដល់ប្រាក់ចំណូលនៃភូមិសិប្បកម្ម។

ខេត្ត Ha Nam ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងវិស័យកសិកម្ម - ảnh 2មកទល់នឹងពេលនេះ ខេត្ត Ha Nam បានដាក់ពង្រាយផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់ៗចំនួនពីរ ដោយទាក់ទាញគ្រួសារកសិកម្មជិត ៧ ម៉ឺន មកចូលរួម។ (រូបថត៖ Hanamtv)

មកដល់ពេលនេះ ផ្នែកកសិកម្មខេត្ត Ha Nam បានកសាងប្រព័ន្ធតាមដានប្រភពដើមកសិផល រុក្ខផល ជលផល និងចំណីអាហារជាស្ថាពរ។ បច្ចុប្បន្ននេះ មានផលិតផលជិត ៣០០ មុខមកពីគ្រឹះស្ថានផលិតនិងកែច្នៃកសិផលជាង ៤០ កន្លែងនៅក្នុងខេត្ត ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធ។ ខេត្ត Ha Nam ក៏បានដាក់ពង្រាយផ្សារពាណិជ្ជកម្មអេឡិចត្រូនិកស្នូលចំនួនពីរ ដោយទាក់ទាញគ្រួសារផលិតកសិកម្មជិត ៧ ម៉ឺនគ្រួសារឲ្យចូលរួមផងដែរ។ លោក Ngo Manh Ngoc នាយករងនៃមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Ha Nam បានឲ្យដឹងថា៖

“យើងខ្ញុំបានបង្កើតលក្ខខណ្ឌដើម្បីគាំទ្រដល់គ្រឹះស្ថាន គ្រួសារផលិតកម្ម និងអង្គភាពអាជីវកម្ម ដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្ម ហើយគាំទ្រក្នុងការពង្រីកតំបន់និងទីផ្សារប្រើប្រាស់ផលិតផល គាំទ្រការផ្ទេរភាពជឿនលឿនផ្នែកវិទ្យាសាស្ត្របច្ចេកទេស តាមរយៈគម្រោងតភ្ជាប់ខ្សែសង្វាក់ម្មក្នុងផលិតកម្មកសិកម្ម។ ដោយហេតុនេះ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាកសិករ ហើយសម្រេចកម្មវិធីកសាងជនបទថ្មីរបស់ខេត្តនាពេលខាងមុខ”។

ដោយមានភាពម្ចាស់ការពីប្រជាជន សហករណ៍ និងអង្គភាពអាជីវកម្មនៅតំបន់ជនបទ រួមជាមួយនឹងគោលនយោបាយគាំទ្ររបស់ខេត្ត Ha Nam និងភាពសកម្មរបស់អង្គភាពមុខងារនោះ ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងផលិតកម្ម អាជីវកម្ម ការផ្សព្វផ្សាយ ការលក់កសិផល និងផលិតផលនៃភូមិសិប្បកម្មក្នុង តំបន់ជនបទ កំពុងប្រព្រឹត្តទៅកាន់តែខ្លាំងក្លា។ តាមនោះ ទាញយកសក្តានុពលអតិបរមានៃសេដ្ឋកិច្ចជនបទនៅលើផ្លាតហ្វមឌីជីថល ផ្លាស់ប្តូរសេដ្ឋកិច្ចជនបទឱ្យអភិវឌ្ឍន៍តាមទិសដៅ "សេដ្ឋកិច្ចឌីជីថល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ