ថែរក្សានិងពង្រីករបរតម្បាញ Zeng ប្រពៃណីនៅស្រុក A Luoi

(VOVWORLD) - តម្បាញ Zeng (តម្បាញចរបាប់) ជារបរប្រពៃណីតាំងពីយូរលង់ណាស់ មកហើយ ព្រមទាំងជាមោទនភាពរបស់ជនរួមជាតិ Ta Oi នៅស្រុកព្រៃភ្នំ A Luoi ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។ ផលិតផលតម្បាញ Zeng នីមួយៗ បង្កប់នូវតម្លៃជាច្រើនគឺជាឧបករណ៍ប្រដាប់ប្រដារផង និងជាស្នាដៃ សិល្បៈពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Ta Oi ផង។ រហូតមកដល់សព្វថ្ងៃនេះ របរតម្បាញ Zeng នៅតែត្រូវបានជនរួមជាតិ Ta Oi ថែរក្សា ច្នៃប្រឌិត និងផ្សព្វផ្សាយទៅកាន់ទីផ្សារទាំងជាតិនិងអន្តរជាតិទៀតផង។
ថែរក្សានិងពង្រីករបរតម្បាញ Zeng ប្រពៃណីនៅស្រុក A Luoi - ảnh 1ស្ត្រីជនជាតិ Ta Oi កំពុងប្រមូលអារម្មណ៍ត្បាញចរបាប់ Zeng (រូបថត៖ VOV5) 

  ដើម្បីថែរក្សានិងអភិវឌ្ឍរបរតម្បាញ Zeng ប្រពៃណីរបស់ជីដូនជីតា ចាប់ពី ឆ្នាំ២០១២មក នៅស្រុក A Luoi បានបង្កើតសហករណ៍តម្បាញចរបាប់ជាច្រើន ដែលជួយបង្កើតការងារធ្វើ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ សហ ករណ៍ជាអាស័យដ្ឋានទទួលការបញ្ជាទិញរបស់អ្នករចនាម៉ូដ មានការទទួលខុស ត្រូវរចនាម៉ូដតាមតម្រូវការរបស់អតិថិជន ណែនាំសមាជិកធ្វើផលិតកម្ម ត្រួត ពិនិត្យគុណភាពផលិតផលនិងបញ្ជូនទៅដៃគូ។ ស្ត្រីជនជាតិ Ta Oi ដែលមាន ស្ថានភាពរស់នៅលំបាកត្រូវបានផ្ដល់អាទិភាពចូលរួមសហករណ៍។

        អាស្រ័យដោយមានបាតដៃដ៏ប៉ិនប្រសពនិងភាពច្នៃប្រឌិតរបស់ស្ត្រីជនជាតិ Ta Oi ផលិតផលដ៏សម្បូរបែបត្រូវបានជ្រៀតចូលទីផ្សារដូចជា៖ ខ្សែក្រវ៉ាត់ កាបូប អាវបុរស អាវស្រី អាវផាយចរបាប់ មួកនិងស្បែកជើង ជាដើម។ ជាពិសេស ក្នុង យុគសល័យបច្ចេកវិទ្យាព័ត៌មាននាបច្ចុប្បន្ន ស្ត្រីជនជាតិ Ta Oi ជាច្រើនមានការ ឧស្សាហ៍ព្យាយាមរៀនសូត្ររបៀបធ្វើក្បូរក្បាច់រចនាទំនើបៗ លើអ៊ីនធឺណិត ហើយគួបផ្សំនឹងក្បូរក្បាច់រចនាប្រពៃណីដើម្បីបង្កើតឡើងផលិតផលតម្បាញដ៏វិសេសវិសាល។ ផលិតផលតម្បាញ Zeng នៅ A Luoi ទទួលបានការនិយមចូល ចិត្តយ៉ាងខ្លាំងដោយសារមានគុណភាពល្អៗនិងលក្ខណៈច្នៃប្រឌិតខ្ពស់។ អ្នកស្រី Le Thi Ly នៅទីរួមស្រុក A Luoi បានចែករំលែកថា៖

        “ផលិតផលមួយចំនួនដូចជា ខ្សែក្រវ៉ាត់ ស្បែកជើងចង្ក្រែក និងដង្កៀបសៀកសក់គឺខ្ញុំ រៀនសូត្រពីអ៊ីនធឺណិតដើម្បីធ្វើ។ ក្បូរក្បាច់រចនាក៏ខុសប្លែកជាងមុន ដោយសារ ខ្ញុំចង់ឲ្យមានលក្ខណៈទំនើប ក៏ប៉ុន្តែនៅតែរក្សាលក្ខណៈប្រពៃណីដដែល។ មិត្តវ័យ ក្មេងជាច្រើនមានគោលបំណងចង់រៀនការត្បាញ។ រូបខ្ញុំផ្ទាល់ក៏មានបំណង ប្រកបរបរតម្បាញ Zeng នេះដែរ”។

        លោកស្រី Minh Hanh អ្នករចនាម៉ូដដ៏ល្បីល្បាញរបស់វៀតណាម បានរក ឃើញផលិតផលចរបាប់ Zeng គឺជាវត្ថុធាតុដើមដ៏ថ្លៃថ្លាដើម្បីច្នៃប្រឌិតឡើង ផលិតផលម៉ូដលំដាប់ខ្ពស់។ ហេតុដូច្នេះ នៅពេលទៅបង្ហាញម៉ូដនៅឯបរទេស លោកស្រីតែងតែឆ្លៀតឱកាសដើម្បីឧទ្ទេសនាមផលិតផល Zeng ទៅកាន់ពិភព លោក។ ក្នុងព្រឹត្តិការណ៍ម៉ូដជាច្រើន សម្លៀកបំពាក់តម្បាញ Zeng ត្រូវបានស្លៀក ពាក់និងបង្ហាញដោយស្ត្រីជនជាតិ Ta Oi ផ្ទាល់ខ្លួន ដែលនាំមកជូនទស្សនិកជន នូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផលប្រពៃណីនេះ។ អ្នករចនាម៉ូដ Minh Hanh បានសំណេះសំណាលថា៖

        “នៅពេលដែលយើងចង់អភិវឌ្ឍរបរតម្បាញប្រពៃណីណាមួយ យើងត្រូវ តែមានគោលនយោបាយ។ ចំពោះយើងខ្ញុំ ក្នុងតួនាទីជាអ្នករចនាម៉ូដ ត្រឹមតែធ្វើ បានការងារតែមួយគត់នោះគឺ បំផុសជំនឿជឿជាក់និងបន្ធូរស្រាលការកង្វល់ របស់អ្នកត្បាញប្រពៃណីនាបច្ចុប្បន្ន។ ចំពោះតម្បាញ Zeng ជាពិសេសគឺ Zeng A Luoi ឥឡូវនេះមហាជនបានដឹងថា Zeng ជាអ្វីហើយ។ ប៉ុន្តែដើម្បីប្រើប្រាស់ Zeng យ៉ាងណា គឺយើងត្រូវការមានពេលវេលាបន្ថែមទៀត”។

        ដោយមានគោលជំហរស្ដារឡើងវិញនិងអភិវឌ្ឍរបរប្រពៃណី ក្នុងនោះ របរ តម្បាញ Zeng A Luoi ជារបរមួយក្នុងចំណោមមុខរបរប្រពៃណីដ៏វិសេសវិសាល ដែលត្រូវបានអាជ្ញាធរតំបន់យកចិត្តទុកដាក់។ នៅក្នុងក្របខ័ណ្ឌ Festival របរ ប្រពៃណី Hue ម្ដងៗ ផលិតផលតម្បាញ Zeng ជានិច្ចកាលត្រូវបានតាំងបង្ហាញ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ លោក Nguyen Manh Hung ប្រធានគណៈ កម្មាធិការប្រជាជនស្រុក A Luoi បានឲ្យដឹងថា៖

        “របរតម្បាញ Zeng ជារបរប្រពៃណីរបស់ជនរួមជាតិ Ta Oi ដែលត្រូវបាន ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ ព្រមទាំងត្រូវបានការពារម៉ាកយីហោ ដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញាផងដែរ។ នាពេលកន្លងទៅ អាជ្ញាធរស្រុកបាន រៀបចំថ្នាក់បង្រៀនរបរតម្បាញ Zeng សម្រាប់ជំនាន់វ័យក្មេង បង្កើតសហករណ៍ ដើម្បីផលិតក្រណាត់ Zeng ស្វែងរកទីផ្សារសម្រាប់ផលិតផល ក៏ដូចជារៀបចំ ការប្រឡងរចនាផលិតផល Zeng សំដៅឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ ផងដែរ”។

        អាស្រ័យដោយភាពប៉ិនប្រសពនិងច្នៃប្រឌិតរបស់ស្ត្រីជនជាតិ Ta Oi របរតម្បាញ Zeng នឹងបន្តរីកចម្រើន ហើយផលិតផល Zeng នឹងត្រូវបានស្គាល់ ដល់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ