នាំរបរតម្បាញក្លាយទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅភូមិ Kep ខេត្ត Gia Lai

(VOVWORLD) - មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីក្រុង Pleiku ភូមិ Kep ឃុំ Ia Ly ខេត្ត Gia Lai ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។ មិនត្រឹមតែដោយសារទេសភាពព្រៃភ្នំដ៏សុខសាន្តប៉ុណ្ណោះទេ ថែមទាំងដោយសាររបរតម្បាញចរបាប់ប្រពៃណីរបស់ជនជាតិ Jarai នៅទីនេះកំពុងត្រូវបានរស់ឡើងវិញ និងបង្កប់នូវដង្ហើមថ្មីនៃទេសចរណ៍សហគមន៍ទៀតផង។

នាំរបរតម្បាញក្លាយទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅភូមិ Kep ខេត្ត Gia Lai - ảnh 1ក្រុមសហការណ៍តម្បាញចរបាប់នៅភូមិ Kep បង្រៀនពីការត្បាញដល់កុមារនៅក្នុងភូមិ។ (រូបថត៖ Hoang Qui/VOV)

នៅក្នុងផ្ទះឈើផុតពីដីដ៏តូចមួយនៃភូមិ Kep សិប្បការិនី Rơ Châm Monh ដែលមានអាយុជាង ៧០ឆ្នាំ នៅតែអង្គុយជាប់កីតម្បាញ។ សក់ឡើងស្កូវអស់ហើយ ប៉ុន្តែបាតដៃរបស់លោកស្រីនៅតែអាចធ្វើចលនាបានយ៉ាងរហ័សរហួន។ អ្នកស្រី Rơ Châm Suynh សមាជិកាម្នាក់នៃក្រុមសហការតម្បាញចរបាប់ភូមិ Kep បាននិយាយថា៖

“របរតម្បាញនេះត្រូវបានម្តាយខ្ញុំបង្រៀនឲ្យ។ ខ្ញុំចេះធ្វើកាបូប ខោ អាវ ក្រៅពីនោះមុខរបរតម្បាញឥឡូវនេះក៏បម្រើភ្ញៀវទេសចរមកទស្សនាផងដែរ។ ហេតុដូច្នេះ អាចរក្សាបាននូវរបរប្រពៃណី និងមានចំណូលបន្ថែមដើម្បីលើកស្ទួយជីវភាពរស់នៅ”។

នាំរបរតម្បាញក្លាយទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅភូមិ Kep ខេត្ត Gia Lai - ảnh 2អ្នកស្រី H'Uyen Nie ស្លៀកសំលៀកបំពាក់ប្រពៃណីជនជាតិ Jarai។

ក្រណាត់ចរបាប់ត្បាញដោយដៃ ត្រូវបានភ្ញៀវទេសចរនិយមចូលចិត្ត ប៉ុន្តែដើម្បីនាំផលិតផលកាន់តែខិតមកជិតទីផ្សារ អ្នកស្រី H'Uyen Nie អាយុ ៣៨ ឆ្នាំ ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតក្រុមសហការតម្បាញចរបាប់ភូមិ Kep បានរកឃើញរបៀបធ្វើច្នៃប្រឌិតមួយនោះគឺ ប្រែក្លាយក្រណាត់ចរបាប់ប្រពៃណីទៅជាវត្ថុអនុស្សាវរីយ៍តូចៗដែលមានតម្លៃសមរម្យ សម្រាប់ភ្ញៀវទេសចរ។ យោងតាមអ្នកស្រី H'Uyen ដើម្បីឱ្យរបរតម្បាញមិនត្រឹមតែរស់រានមានជីវិតប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ចាំបាច់ត្រូវផ្លាស់ប្តូរវិធីអភិក្រមនឹងទីផ្សារ។

"យើងអភិវឌ្ឍន៍ផលិតផលទៅជាវត្ថុអនុស្សាវរីយ៍។ ឧទាហរណ៍ ក្រណាត់មួយផ្ទាំងអាចដេរជាកាបូប ឬវត្ថុអនុស្សាវរីយជាច្រើនមុខ តាមនោះឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ នៅពេលដែលអតិថិជនមក សាកត្បាញ ពួកគេអាចទិញផលិតផលក្នុងតម្លៃសមរម្យនឹងថវិការបស់ពួកគេ"។

នាំរបរតម្បាញក្លាយទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅភូមិ Kep ខេត្ត Gia Lai - ảnh 3កន្សែងជាមួយនឹងការក្បូរក្បាច់រចនាដ៏ប្រណិត។

ក្រុមតម្បាញចរបាប់ផ្សាភ្ជាប់នឹងទេសចរណ៍សហគមន៍នៅភូមិ Kep ត្រូវបានបង្កើតឡើងកាលពី៦ឆ្នាំមុន (ឆ្នាំ២០១៩) ដែលមានសមាជិក ១៥នាក់។ ក្រោយរយៈពេលជាង ៥ ឆ្នាំ ចំនួនសមាជិកបានកើនឡើងទ្វេដង។ ក្រុមសហការ មានបទប្បញ្ញត្តិឆ្លាស់គ្នាណែនាំភ្ញៀវទេសចរដើម្បីឱ្យមនុស្សគ្រប់គ្នាសុទ្ធតែធ្វើការនិងទទួលបានចំណូល។ អ្នកស្រី H'Uyen Nie បានចែករំលែកថា៖

“ក្នុងគំរូទេសចរណ៍សហគមន៍ យើងឆ្លាស់គ្នាធ្វើការ។ យើងបង្កើតលក្ខខណ្ឌសម្រាប់សិប្បករទាំងអស់នៅក្នុងភូមិ ដោយផ្តល់អាទិភាពដល់សិប្បការិនីក្រីក្រ ព្រោះនៅពេលដែលពួកគេចូលរួមដោយផ្ទាល់ក្នុងគំរូទេសចរណ៍សហគមន៍ ពួកគេនឹងទទួលបានប្រាក់កម្រៃដោយផ្ទាល់។ អាស្រ័យហេតុនោះ សិប្បការិនីនឹងមានស្មារតី និងការជក់ចិត្តដើម្បីបន្តថែរក្សាអត្តសញ្ញាណវប្បធម៌របស់ខ្លួន”។

ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ភូមិទេសចរណ៍សហគមន៍ Ia Ly បានទទួលភ្ញៀវទេសចរពី ៤.០០០ ទៅ ៥.០០០ នាក់ក្នុងមួយឆ្នាំ។ ថ្វីត្បិតតែចំនួននេះមិនសូវច្រើនក៏ដោយ ក៏វាជាសញ្ញាវិជ្ជមានដែលបង្ហាញពីទិសដៅត្រឹមត្រូវក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ប្រការនោះបានធ្វើឱ្យសិប្បការិនី Rơ Châm Monh ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏នៅតែខិតខំធ្វើការតម្បាញ។

«ខ្ញុំសង្ឃឹមថា យុវជនជំនាន់ក្រោយនឹងរក្សាមុខរបរតម្បាញរបស់ដូនតា ទោះជាលំបាក ប៉ុន្តែសូមខិតខំព្យាយាមធ្វើ ព្រោះនៅពេលត្បាញ យើងអាចថែរក្សាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតមួយផង ហើយទទួលបានចំណូលបន្ថែមនៅពេលអតិថិជនទិញក្រណាត់ផង»។

នាំរបរតម្បាញក្លាយទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅភូមិ Kep ខេត្ត Gia Lai - ảnh 4ភ្ញៀវទេសចរមកភូមិ Kep និងសាកត្បាញចរបាប់។

យោងតាមលោក Nguyen Tien Dung ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ia Ly គំរូទេសចរណ៍សហគមន៍ដោយផ្សាភ្ជាប់នឹងរបរតម្បាញចរបាប់នៅភូមិ Kep កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយនៅមូលដ្ឋាន។ គំរូនេះដំណើរការប្រកបដោយប្រសិទ្ធភាពហើយរីកសាយភាយស្មារតីខ្លួនទីពឹងខ្លួននៅក្នុងសហគមន៍។

"ការធ្វើទេសចរណ៍សហគមន៍ បានបង្កើតការងារជូនប្រជាជន។ នៅពេលដែលភ្ញៀវបរទេសមានតម្រូវការ យើងរៀបចំដំណើរកម្សាន្ត ឬលក់ផលិតផលតម្បាញចរបាប់ ទាំងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ទាំងអភិរក្សវប្បធម៌"។

អ្នកភូមិ Kep ក៏បានតភ្ជាប់ជាមួយក្រុមហ៊ុនទេសចរណ៍ ព្រមទាំងរកវិធីពង្រីកកន្លែងប្រជុំជីវភាពរួម ដើម្បីឱ្យប្រជាពលរដ្ឋមានកន្លែងបង្រៀនរបរ ស្វាគមន៍ភ្ញៀវ និងតាំងបង្ហាញផលិតផល។ ព្រោះសម្រាប់ពួកគេ ផ្ទាំងចរបាប់នីមួយៗគឺជា “សារវប្បធម៌” ដែលត្រូវការផ្សព្វផ្សាយដោយបេះដូង និងបញ្ញារបស់អ្នកប្រកបរបរ តាមនោះបើកទិសដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍ដោយផ្សាភ្ជាប់នឹងការអភិរក្សវប្បធម៌នៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ