បងប្អូនជនរួមជាតិ Mong នៅខេត្ត Yen Bai ការពារ និងថែរក្សាព្រៃឈើ

(VOVWORLD) - ឃុំ Na Hau ស្ថិតនៅតំបន់ស្នូលនៃមណ្ឌលអភិរក្សធម្មជាតិ Na Hau ស្រុក Van Yen ខេត្ត Yen Bai។ នេះគឺជាកន្លែងតាំងទីលំនៅដ៏យូរអង្វែងរបស់បងប្អូនជនរួមជាតិ Mong។ ថ្វីត្បិតតែជីវភាពរស់នៅជួបប្រទះការលំបាកជាច្រើនក៏ដោយ ប៉ុន្តែប្រជាជនច្រើនជំនាន់នៅទីនេះ នៅតែរួមគ្នាការពារតំបន់ព្រៃ ដូច្នេះហើយ ព្រៃធម្មជាតិជាច្រើននៅទីនេះត្រូវបានអភិរក្សដដែល។
បងប្អូនជនរួមជាតិ Mong នៅខេត្ត Yen Bai ការពារ និងថែរក្សាព្រៃឈើ - ảnh 1បងប្អូនជនរួមជាតិ Mong នៅខេត្ត Yen Bai ការពារ និងថែរក្សាព្រៃឈើ

មណ្ឌលអភិរក្សធម្មជាតិ Na Hau មានផ្ទៃដីធម្មជាតិសរុបជាង ១៦ ពាន់ហិកតា ស្ថិត នៅក្នុងភូមិសាស្ត្រឃុំចំនួន ៤ គឺ Na Hau, Dai Son, Mo Vang និង Phong Du Thuong ស្រុក Van Yen ខេត្ត Yen Bai។ កន្លែងនេះ មានប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ធម្មជាតិដ៏សម្បូរបែប រួមជាមួយនឹងអំបូរសត្វ រុក្ខជាតិថ្លៃ និងកម្រជាច្រើន។ ដោយស្ថិតក្នុងតំបន់ស្នូលនៃមណ្ឌលអភិរក្ស ជាមួយព្រៃឈើអភិរក្សធម្មជាតិជាង ៤ ៥០០ ហិកតា ឃុំ Na Hau មានគ្រួសារជនរួមជាតិ Mong ជាង ៤៦០ គ្រួ។ ដើម្បីការពារព្រៃធម្មជាតិ តាំងពីយូរណាស់មកហើយ បងប្អូនជនរួមជាតិបានដាក់ចេញបទប្បញ្ញត្តិស្ដីពីកិច្ចការពារ ហើយត្រូវបានសហគមន៍គោរព។ ក្នុងនោះមានការប្រតិបត្តិជំនឿសែនព្រៃ។ នាបច្ចុប្បន្ន សម្មភាពនេះបានក្លាយទៅជាពិធីបុណ្យតេតព្រៃ Na Hau ក្នុងឱកាសដើមនិទាឃរដូវប្រចាំឆ្នាំជាមួយនឹងពិធីដ៏វិសេសវិសាលជាច្រើនដូចជា ពិធីថ្វាយគ្រឿងដង្វាយព្រៃអារក្ស បួងសួងដល់ព្រៃអារក្សប្រទានពរឲ្យ បួងសួងសុំរដូវអំណោយផល។ លោក Sung A Xa ប្រជាពលរដ្ឋម្នាក់ នៅភូមិ Ban Tat ឃុំ Na Hau បានឲ្យដឹងថា៖ “តាមទំនៀមទំលាប់របស់ជនជាតិ Mong តាំងពីអតីតកាល គឺមានទំនៀមទម្លាប់សែនព្រៃអារក្សហើយ។ ជារៀងរាល់ឆ្នាំ គ្រូសែននឹងធ្វើវេទមន្តដាក់នៅចំកណ្ដាលព្រៃឈើ ដើម្បីការពារប្រភពទឹក។ ប្រសិនបើនរណាម្នាក់មានចេតនារំលោភបំពាន កាប់បំផ្លាញ់ព្រៃឈើ កាប់ដើមឈើធំៗ អ្នកនោះនឹងកើងជំងឺឈឺថ្កាត់ផងដែរ”។

ពីទំនៀមទំលាប់ ជំនឿគោរព ការពារព្រៃឈើ ចាត់ទុកព្រៃឈើជាផ្ទះរួមរបស់សហគមន៍ នៅគ្រប់ភូមិស្រុករបស់ Nà Hẩu ក៏មានព្រៃឈើហាមឃាត់ ព្រៃឈើសក្តិសដ្ឋ។ តំបន់ព្រៃឈើនេះស្ថិតនៅទីតាំងដ៏ស្រស់ស្អាតបំផុតរបស់ភូមិមានដើមឈើចំណាស់ កម្រច្រើនប្រភេទ។ ដោយបទប្បញ្ញត្តិ "អភ័យឯកសិទ្ធិ" ព្រៃឈើតែងតែត្រូវបានការពារយ៉ាងល្អ ហើយព្រៃឈើទាំងនោះបានក្លាយទៅជាមណ្ឌលអភិរក្សធម្មជាតិ។ លោក Sung A Chua ពលរដ្ឋម្នាក់នៅឃុំ Na Hau បានឲ្យដឹងថា៖ “តាមរយៈពិធីសែនព្រៃ ជីដូន ជីតា ពុកម៉ែបានប្រៀនប្រដៅដល់ប្អូនៗឲ្យថែរក្សា ការពារព្រៃឈើឲ្យបានល្អ ហើយមិនកាប់បំផ្លាញ់ព្រៃឈើ សំដៅទប់ស្កាត់សំណឹក និងបាក់ស្រុតដី។ តាមនោះ ដើម្បីប្រែក្លាយព្រៃឈើទៅជាមណ្ឌលអេកូឡូស៊ីរបស់ឃុំទាំងទាំងបច្ចុប្បន្ន និងអនាគតផងដែរ”។

ដើម្បីរួមជាមួយបងប្អូនអ្នកភូមិការពារព្រៃឈើ អង្គភាពការពារព្រៃឈើ Van Yen គណៈគ្រប់គ្រងមណ្ឌលអភិរក្សធម្មជាតិ Na Hau បានសហការជាមួយអាជ្ញាធរឃុំ ចុះកិច្ចសន្យាគ្រប់គ្រង និងការពារព្រៃធម្មជាតិអភិរក្សជាង ៣ ៧០០ ហិកតា ជូនប្រជាពលរដ្ឋសហគមន៍តាមបណ្ដាភូមិក្នុងភូមិសាស្ត្រ។ ឃុំក៏បានបង្កើតក្រុមការពារទទួលបន្ទុកបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ។ ទន្ទឹមនឹងនោះ បង្កើនការឃោសនា អប់រំដល់ប្រជាជន រៀបចំឱ្យប្រជាជនចុះកិច្ចសន្យាការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ធ្វើចំណាត់ការយ៉ាងតឹងរ៉ឹងចំពោះសកម្មភាពរំលោភបំពាន។ លោក Vu Minh Phuc ប្រធានអង្គភាពការពារព្រៃឈើ Van Yen ខេត្ត Yen Bai បានឲ្យដឹងថា៖ “យើងខ្ញុំកំណត់ថា សហគមន៍ប្រជាជនចូលរួមគ្រប់គ្រង ការពារព្រៃឈើ គឺជាភ្នែក ច្រមុះជួយកងកម្លាំងការពារព្រៃឈើរកឃើញ ធ្វើចំណាត់ការលើករណីរំលោភបំពានឲ្យទាន់ពេលវេលា។ ដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងនាពេលខាងមុខ យើងខ្ញុំបន្តសន្ទនាជាមួយសហគមន៍ ផ្ទៀងស្តាប់មតិយោបល់ពីមូលដ្ឋាន ហើយតាមនោះកសាងកម្មវិធី ផែនការសមស្រប ដើម្បីការពារតំបន់ព្រៃឈើដៃលមានស្រាប់ឱ្យកាន់តែប្រសើរឡើង ក៏ដូចជាទប់ស្កាត់សកម្មភាពរំលោភបំពានជាអតិបរមាផងដែរ”។

បងប្អូនជនរួមជាតិ Mong នៅខេត្ត Yen Bai ការពារ និងថែរក្សាព្រៃឈើ - ảnh 2បងប្អូនជនរួមជាតិ Mong នៅខេត្ត Yen Bai ការពារ និងថែរក្សាព្រៃឈើ

ការគោរព និងថែរក្សាព្រៃឈើដោយអស់ពីដួងចិត្តរបស់ពលរដ្ឋនៅមូលដ្ឋាន រួមជាមួយការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច តំបន់ព្រៃឈើអភិរក្សធម្មជាតិ ក្នុងតំបន់ស្នូលនៃមណ្ឌលអភិរក្សធម្មជាតិ Na Hau ខៀវស្រងាត់តាមរយៈពេលវេលា។ តាមនោះ ព្រៃឈើបានជួយការពារប្រជាពលរដ្ឋ ហើយជីវភាពរស់នៅត្រូវបានលើកកម្ពស់ដោយអាស្រ័យលើផលប្រយោជន៍ដែលព្រៃឈើនាំមក។ ជាពិសេស ព្រៃឈើធម្មជាតិខៀវស្រងាត់បានប្រែក្លាយ Na Hau ឲ្យក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ