ភូមិត្បាញសំណាញ់ Thom Rom ក្នុងរដូវទឹកឡើង
(VOVWORLD) - ប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលរដូវទឹកឡើងមកដល់តំបន់ដីសណ្តទន្លេ Cuu Long ភូមិត្បាញសំណាញ់ Thom Rom ទីក្រុង Can Tho កាន់តែអ៊ូអរមមា ញឹក។ ប្រជាជនរាប់សិបគ្រួសារនៅទីនេះត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីមានឧបករណ៍នេសាទគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ។
ភូមិត្បាញសំណាញ់នេសាទ Thom Rom មានភាពមមាញឹកក្នុងរដូវទឹកឡើង។
(រូបថត៖ Tan Phong/VOV) |
ភូមិប្រកបរបរតម្បាញសំណាញ់ Thom Rom ស្ថិតនៅលើផ្លូវជាតិលេខ ៩១ ក្នុងសង្កាត់ Thoi Long ក្រុង Can Tho។ ភូមិរបរនេះត្រូវបានបង្កើតឡើងជាង ៤០ ឆ្នាំមុន នៅពេលដែលប្រជាពលរដ្ឋមួយក្រុមនៅភូមិភាគកណ្ដាលបានធ្វើចំណាកស្រុកមករស់នៅទីនេះ។ គ្រួសារនៅក្នុងភូមិ ផលិតពេញមួយឆ្នាំ ប៉ុន្តែរយៈពេលជាប់រវល់បំផុតក្នុងរដូវអាជីវកម្មនោះ គឺនៅរដូវទឹកឡើងចាប់ពីខែ ៧ ដល់ខែ ១០ តាមប្រតិទិនចន្ទគតិ។ លោកស្រី Dinh Thi Dieu Hien ភូមិ Tan Loi ២ សង្កាត់ Thoi Long បាននិយាយថា៖
“ពីមុន ភូមិតម្បាញសំណាញ់មានមនុស្សតែពីរបីរយនាក់ប៉ុណ្ណោះ... ជាបណ្ដើរៗ មានមនុស្សកាន់តែច្រើន បានមករស់នៅ រហូតដល់ជាង ១០០០ នាក់។ មូលដ្ឋានបានបង្កើតលក្ខខណ្ឌសម្រាប់គ្រួសារក្រីក្រ កុមារអនាថា និង ជនចាស់ជរាដើម្បីចូលរួមផលិតសំណាញ់”។
អាស្រ័យលើតម្រូវការ កម្មករនៅទីនេះ បានផលិតនូវផលិតផលដែលប្រើ ប្រាស់បានយូរ និងមានការរចនាខុសៗគ្នា។ សំណាញ់ដែលផលិតនៅទីនេះមាន កិត្យានុភាពខ្ពស់នៅលើទីផ្សារ ដែលទទួលបានការពេញចិត្តពីប្រជាជនក្នុងតំបន់ ដោយសារតែមានគុណភាពខ្ពស់ ការរចនាដ៏ស្រស់ស្អាត រឹងមាំ និងប្រើប្រាស់បានយូរ... សំណាញ់ Thom Rom អាចទប់ទល់នឹងបរិស្ថានទឹកប្រៃ ទឹកភ្លាវ ដែលធានាបាននូវការប្រើប្រាស់បានយូរ និងមានប្រសិទ្ធភាពក្នុងការនេសាទ។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះក៏កាន់តែប្រសើរឡើង អាស្រ័យដោយប្រកបរបរផលិតឧបករណ៍នេសាទ ដោយប្រាក់ចំណូលជាមធ្យមរបស់កម្មករជំនាញម្នាក់គឺចាប់ពី ២០ ម៉ឺនដុង (៨ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃឡើងទៅ។ គ្រួសារជំនាញជាច្រើនទទួលសម្ភារៈពីសិប្បកម្ម ដើម្បីកែច្នៃនៅផ្ទះ ដែលនាំមកនូវប្រាក់ចំណូលល្អ។ ភូមិរបរ Thom Rom បានរួមចំណែកយ៉ាងធំធេងដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។ អ្នកស្រី Nguyen Thi Phuong ដែលប្រកបរបរតម្បាញសំណាញ់នៅ Thom Rom បានចែករំលែកថា៖
“ការត្បាញសំណាញ់មួយឈុតអាចរកចំណូលបានពី ១៥ម៉ឺន - ១៦ម៉ឺនដុង (៦ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។ ប្រាក់ចំណូលនេះគឺគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រួសារ”។
បច្ចុប្បន្ន គ្រួសារនៅទីនេះមិនត្រឹមតែធ្វើអាជីវកម្មសំណាញ់នេសាទប៉ុណ្ណោះទេ ថែមទាំងផលិតឧបករណ៍នេសាទជាច្រើនទៀតផង។ (រូបថត៖ Tan Phong/VOV) |
មិនត្រឹមតែនាំមកនូវប្រាក់ចំណូលដល់ប្រជាជននៅភូមិ Thom Rom ប៉ុណ្ណោះទេ របរតម្បាញសំណាញ់ក៏នាំមកនូវរបរចិញ្ចឹមជីវិតដល់ប្រជាជននៅតំបន់ជុំវិញទៀតផង។ មានចម្ងាយជាង ១០ គីឡូម៉ែត្រពីភូមិត្បាញសំណាញ់ Thom Rom ប៉ុន្តែជារៀងរាល់ថ្ងៃលោក Tran Van Chau (ឃុំ Co Do ទីក្រុង Can Tho) ក៏ទៅកាន់មូលដ្ឋានផលិតកម្មអាជីវកម្ម នៅក្នុងភូមិដើម្បីទទួលសម្ភារៈមកចែកចាយដល់ប្រជាជននៅក្នុងភូមិ សម្រាប់កែច្នៃរកប្រាក់ចំណូលបន្ថែម។ លោកបាននិយាយថា គ្រួសាររបស់លោកបានប្រកបររបរនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដែលលោកទទួលសម្ភារៈសម្រាប់ត្បាញសំណាញ់នេសាទ ហើយចែកចាយទៅឲ្យប្រជាជនជិត ៣០ គ្រួសារនៅក្នុងភូមិសម្រាប់ត្បាញ។ របរតម្បាញសំណាញ់ Thom Rom មិនត្រឹមតែនាំមកនូវប្រាក់ចំណូលដល់គ្រួសារនីមួយៗប៉ុណ្ណោះទេ ថែមទាំងទាក់ទាញកម្លាំងពលករទំនេរ ដែលជួយពួកគេលើកស្ទួយជីវភាពរស់នៅទៀតផង៖
“ជារៀងរាល់ថ្ងៃ ខ្ញុំដឹកជញ្ជូនសម្ភារៈមកឲ្យកម្មករត្បាញសំណាញ់ ហើយក៏ប្រមូលទំនិញដើម្បីដឹកទៅឱ្យហាងលក់ផងដែរ។ ប្រាក់ចំណូលមានចាប់ពី ២០ ដល់ ៣០ ម៉ឺនដុង (៨-១២ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ”។
ដើម្បីបង្កើតផលិតផលនេសាទដែលមានគុណភាព ប្រជាជននៅទីនេះត្រូវអនុវត្តន៍ជំហានជាច្រើនដោយប្រុងប្រយ័ត្ន ប៉ិនប្រសប់ និងអត់ធ្មត់។ (រូបថត៖ Tan Phong/VOV) |
ផលិតផលឧបករណ៍នេសាទនៃភូមិរបរ Thom Rom មិនត្រឹមតែត្រូវបានប្រើប្រាស់នៅក្នុងទីក្រុង Can Tho ប៉ុណ្ណោះទេ ថែមទាំងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមខេត្តនានាទូទាំងប្រទេសទៀតផង។ ជាពិសេស គ្រួសារផលិតកម្មជាច្រើនបានចាប់ផ្តើមទទួលបានការបញ្ជាទិញពីអាជីវកម្មនៅក្នុងប្រទេសជិតខាង ហើយនាំចេញទៅកាន់ប្រទេសជាច្រើន។ លោក Nguyen Thanh Nhanh ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Thoi Long បានឲ្យដឹងថា ភូមិរបរនេះបានបង្កើតការងារសម្រាប់កម្លាំងពលករទំនេរ ដែលធានាជីវភាពរស់នៅសម្រាប់មនុស្សជាង ១៥០០ នាក់។ នេះក៏ត្រូវបានចាត់ទុកថា ជាគំរូកាត់បន្ថយភាពក្រីក្រដ៏មានប្រសិទ្ធភាពនៃមូលដ្ឋានផងដែរ៖
“សង្កាត់ Thoi Long បានកសាងផែនការមួយដើម្បីបន្តចម្លងគំរូនេះ ដោយកៀរគរមូលដ្ឋានផលិតកម្មអាជីវកម្មឱ្យចូលរួមក្នុងការបង្កើតសហករណ៍ ដើម្បីបង្កើតលក្ខខណ្ឌដោះស្រាយកម្លាំងពលកម្មទំនេរ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយអំពីភូមិសិប្បកម្មប្រពៃណី”។
រួមជាមួយនឹងការជួយឧបត្ថម្ភប្រជាជនឱ្យកែលម្អគុណភាព និងធ្វើពិពិធកម្មផលិតផល; ផ្សព្វផ្សាយផលិតផលនៅលើវេទិកាអនឡាញបន្ថែមទៀត ដើម្បីខិតមកជិតអតិថិជនកាន់តែច្រើន បច្ចុប្បន្ន សង្កាត់ Thoi Long បានរៀបចំដំណើរកំសាន្តនៅភូមិសិប្បកម្មសម្រាប់ភ្ញៀវទេសចរស្វែងយល់ និងទទួលបានបទពិសោធន៍ពីសកម្មភាពផលិតកម្ម... តាមនោះបង្កើតប្រភពចំណូលថ្មីផង ហើយផ្សព្វផ្សាយម៉ាកយីហោដល់ភ្ញៀវទេសចរផង៕