ភូមិរបរធ្វើឧបករណ៍នេសាទប្រពៃណី Hung Hoc នៅខេត្ត Quang Ninh

(VOVWORLD) - ធ្លាប់មានដំណាក់កាលមួយដែលផលិតផលដូចជាទូកល្អីឬទ្រូ អង្រុត នៃភូមិធ្វើឧបករណ៍នេសាទ Hung Hoc នៅសង្កាត់ Nam Hoa ទីរួមស្រុក Quang Yen ខេត្ត Quang Ninh ត្រូវបានអ្នកនេសាទនៅតំបន់ជុំវិញរកទិញ យ៉ាងច្រើនណាស់។ នាសព្វថ្ងៃ ទោះបីជារបរធ្វើឧបករណ៍នេសាទនេះកំពុង ប្រឈមនឹងហានិភ័យសាបសូន្យទៅក៏ដោយ ប៉ុន្តែគ្រួសារជាច្រើននៅភូមិ Hung Hoc នៅតែកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីថែរក្សា មុខរបរប្រពៃណីនេះ។
ភូមិរបរធ្វើឧបករណ៍នេសាទប្រពៃណី Hung Hoc នៅខេត្ត Quang Ninh - ảnh 1 ភូមិរបរធ្វើឧបករណ៍នេសាទ Hung Hoc មានអាយុកាលជាង៤០០ឆ្នាំ។

ភូមិធ្វើឧបករណ៍នេសាទ Hung Hoc មានអាយុកាលរាប់រយឆ្នាំជាមួយ នឹងផលិតផលដ៏ល្បីល្បាញដែលបានធ្វើពីឬស្សី ពកពីព្រៃចាស់ Vang Danh និង Hoanh Bo ខេត្ត Quang Ninh។ លោកស្រី Dang Thi Tham នៅសង្កាត់ Nam Hoa បានឲ្យដឹងថា គ្រួសារគាត់បានប្រកបរបរធ្វើឧបករណ៍នេសាទ អស់ ៣ជំនាន់មកហើយ។ ការធ្វើទូកឫស្សីគឺលំបាកបំផុត ហើយគុណភាព ផ្អែកជាច្រើនទៅលើលក្ខណៈអាកាសធាតុ។ លោកស្រី Tham បានពន្យល់ថា៖

“ត្រូវការឆ្លងកាត់ដំណាក់កាលច្រើនណាស់ដូចជាជ្រើសរើសឫស្សី បិតបន្ទោះឫស្សី បង្កើតរូបសណ្ឋានទូក លាបថ្នាំ ហើយហាលឲ្យស្ងួត។ កាលពីមុននេះ ប្រជាកសិករតែងតែទិញទូកល្អីដើម្បីទៅប្រមូលផល ប៉ុន្តែ នាសព្វថ្ងៃនេះ មានផ្លូវថ្នល់ងាយស្រួលហើយ ដូច្នេះបានជាទូកគ្រាន់តែលក់ ឲ្យអ្នកនេសាទតែប៉ុណ្ណោះ។ ប៉ុន្តែ ការលំបាកមួយទៀតគឺ នាចុងឆ្នាំ មាន ឫស្សីចាស់ទើបគេទិញទូក ចំណែកឯនាដើមឆ្នាំមានភ្លៀងធ្លាក់ជាច្រើន ហើយមានតែឫស្សីខ្ចីប៉ុណ្ណោះ អញ្ចឹងបានជាគ្មានអ្នកណាទៅទិញទូក នោះឡើយ”។

លោក Vu Van Hung បានប្រកបរបរធ្វើឧបករណ៍នេសាទអស់រយៈ ពេល៣០ឆ្នាំមកហើយ។ ការធ្វើទ្រូនិងអង្រុត ទោះបីមិនទាមទារឲ្យមាន វត្ថុធាតុដើមជាច្រើននោះទេ ប៉ុន្តែចំណាយពេលវេលាច្រើន ហើយលក់បាន ថោកណាស់ ហេតុដូច្នេះមិនបានចំណេញច្រើនទេ។ ប៉ុន្តែ ដោយមានការ ប្ដេជ្ញាចិត្តរក្សារបរប្រពៃណី គ្រួសារលោក Hung បានអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាសំដៅលើកកំពស់ភាពជាប់លាប់របស់ផលិតផល។ លោក Hung បានចែករំលែកថា ទោះបីជាប្រាក់ចំណូលមិនច្រើនទេ ប៉ុន្តែលោកនឹងខិតខំ ប្រឹងប្រែងរក្សារបរប្រពៃណីរបស់គ្រួសារ។

“មុននេះ អ្នកប្រកបរបរនេះមានច្រើនណាស់ ប៉ុន្តែនាសព្វថ្ងៃ ជំនាន់វ័យក្មេងទៅធ្វើកម្មករទាំងអស់ហើយ។ សល់តែជនចាស់ជរាដែល គ្មានការងារទើបប្រកបរបរនេះឯង។ ខ្ញុំនៅតែរក្សារបរនេះដោយសារវា ជារបរប្រពៃណីរបស់គ្រួសារ ប៉ុន្តែដើម្បីធានាប្រាក់ចំណូល មានតែខ្ញុំ ធ្វើប៉ុណ្ណោះ ចំណែកឯប្រពន្ធទៅធ្វើកម្មករវិញ”។

ភូមិរបរធ្វើឧបករណ៍នេសាទប្រពៃណី Hung Hoc នៅខេត្ត Quang Ninh - ảnh 2 ភ្ញៀវទេសចរមកទស្សនាភូមិ។

ថ្វីត្បិតតែមានការផ្សាភ្ជាប់នឹងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ ទន្លេ Bach Dang និងតំបន់ឆ្នេរសមុទ្រ Quang Ninh ក្នុងអំឡុងពេលរាប់រយ ឆ្នាំក៏ដោយ ប៉ុន្តែរហូតដល់សព្វថ្ងៃនេះ ភូមិធ្វើឧបករណ៍នេសាទ Hung Hoc កំពុងប្រឈមនឹងហានិភ័យសាបសូន្យទៅ។ កាលពីឆ្នាំ២០១១ មាន ប្រជាជនចំនួន២៤៥គ្រួសារចូលរួមផលិតឧបករណ៍នេសាទ ប៉ុន្តែនាបច្ចុប្បន្ន នេះ ត្រឹមសល់៦៥ គ្រួសារតែប៉ុណ្ណោះ។

ដើម្បីដោះស្រាយការលំបាកដោយម្ចាស់ការនិងបើកទិសដៅអភិវឌ្ឍថ្មី សម្រាប់ភូមិរបរនេះ សិប្បករមួយចំនួនបានច្នៃប្រឌិតធ្វើឡើងវត្ថុអនុស្សាវរីយ៍ ដោយមានរូបរៀងស្អាតៗហើយបង្កប់នូវអត្តសញ្ញាណនៃភូមិរបរ ដើម្បីលក់ ឲ្យភ្ញៀវទេសចរ។ យោងតាមលោក Le Minh Cuong អនុប្រធានការិយា ល័យវប្បធម៌ ព័ត៌មានទីរួមស្រុក Quang Yen បានឲ្យដឹងថាការអភិរក្សតម្លៃ នៃភូមិរបរប្រពៃណី Hung Hoc ក៏ត្រូវបានអាជ្ញាធរតំបន់ដាក់បញ្ចូលក្នុង គម្រោងអភិរក្សនិងអភិវឌ្ឍភូមិរបរប្រពៃណីដំណាក់កាលឆ្នាំ២០២១-២០២៥ រួចហើយ។ លោក Cuong បានឲ្យដឹងថែមទៀតថា៖

“យើងខ្ញុំបានសម្រេចចិត្តប្រែក្លាយផលិតផលខ្លះៗនៃភូមិរបរទៅជាវត្ថុអនុស្សាវរីយ៍ដើម្បីលក់ឲ្យភ្ញៀវទេសចរ ព្រមទាំងដាក់បញ្ចូលក្នុងកម្មវិធី “ភូមិ មួយផលិតផលមួយ” នៅតំបន់ផងដែរ។ ទន្ទឹមនឹងនេះ យើងខ្ញុំបង្កើត គម្រោងអភិវឌ្ឍផលិតផលនៃភូមិរបរ ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ផលិតផលបម្រើភ្ញៀវទេសចរ កែលម្អទេសភាពនៅភូមិរបរដើម្បីទទួលភ្ញៀវ មកទស្សនា។ ពីមូលដ្ឋាននោះ បន្តទាក់ទាញ អំពាវនាវឲ្យសហគ្រាសបោះ ទុនអភិវឌ្ឍផលិតផលថ្មីៗនៃភូមិរបរនោះ”។

ការរក្សាភូមិរបរធ្វើឧបករណ៍នេសាទ Hung Hoc មិនត្រឹមតែជាការ ទទួលខុសត្រូវរបស់អ្នកភូមិប៉ុណ្ណោះទេ ថែមទាំងរបស់អាជ្ញាធរតំបន់ ទៀតផង។ រួមជាមួយដំណោះស្រាយនិងទិសដៅរបស់អាជ្ញាធរ បណ្ដា សិប្បករនៅភូមិរបរនេះកំពុងខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីលើក កំពស់សមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ ហើយផ្លាស់ប្ដូរថ្មីវិធី ផលិតកម្មក្នុងបំណងចង់អភិរក្សនិងពង្រីករាល់តម្លៃដែលជីដូនជីតាបន្សល់ ទុកមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ