រក្សាការពារកោះថ្មនៅកណ្ដាលលំហសមុទ្រ

(VOVWORLD) - នៅក្នុងតំបន់ប្រជុំកោះ Truong Sa កោះ Da Thi គឺជាបង្គោលដ៏រឹងមាំនៅកណ្តាលមហាសមុទ្រ។ នៅកន្លែងខ្សែជួរមុខនោះ យុទ្ធជនកងទ័ពជើងទឹកវៀតណាម នៅតែឈរជើងទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាការពារយ៉ាងរឹងមាំនូវអធិប តេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ។ ជីវភាពនិងភារកិច្ចនៅទីនេះបានជួយហាត់ពត់លត់ដំឫទ្ធានុភាព ឆន្ទៈ និងជំនឿដែកថែបរបស់យុទ្ធជននៅលើកោះ។

រក្សាការពារកោះថ្មនៅកណ្ដាលលំហសមុទ្រ - ảnh 1យុទ្ធជនកងទ័ពជើងទឹកកំពុងបំពេញភារកិច្ចការពារផ្ទៃមេឃនិងលំហសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ។ (រូបថត៖ daibieunhandan)

លោកអនុនាវីឯកបំរុង Mai Vu Thanh Nguyen មេបញ្ជាការកោះ Da Thi បានឧទ្ទេសនាមអំពីកោះដែលលោកកំពុងធ្វើការដោយមោទនភាពថា៖

"កោះ Da Thi ត្រូវបានបង្កើតឡើងនាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៨៨។ ក្រោយរយៈពេល ៣៦ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ កោះទទួលបានកិត្តិនាមជាអង្គភាពប្តេជ្ញាឈ្នះក្នុងឆ្នាំ ២០១៥, ២០១៦ និង ២០១៧ ទទួលបានកិត្តិនាមអង្គភាពជឿនលឿនក្នុងឆ្នាំ ២០២២ និង ២០២៤។ ភារកិច្ចចម្បងរបស់យើងគឺត្រៀមប្រយុទ្ធ ហ្វឹកហ្វឺនការប្រយុទ្ធ រក្សាការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រ ហើយដើរតួនាទីជាប៉ុស្តិ៍ខ្សែជួរមុខដើម្បីការពារនិងអះអាងនូវអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិ"។

រក្សាការពារកោះថ្មនៅកណ្ដាលលំហសមុទ្រ - ảnh 2យុទ្ធជនកំពុងយាមនៅផ្ទះវប្បធម៌ពហុបំណងនៅលើកោះ Da Thi។ (រូបថត៖ kinhtedothi)

លោកវរនាវីយ៍ត្រី Nguyen Manh Tuan ស្នងការនយោបាយនៃកោះ Da Thi មកពីខេត្ត Hung Yen បានមកធ្វើការនៅលើកោះអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ នៅពេលដែលទទួលក្រុមការងារពីដីគោក មកទស្សនា សាកសួរសុខទុក្ខនៅកោះលោកតែងតែទទួលបានអារម្មណ៍អំពីមនោសញ្ចេតនាដ៏ស្អិតរមួតរវាងខ្សែជួរមុខនិងខ្សែខាងក្រោយ។

“កម្មាភិបាល យុទ្ធជននៅលើកោះ Da Thi មានកិត្តិយស និងសេចក្ដីរីករាយដោយបានទទួលស្វាគមន៍ ក្រុមការងារមកសួរសុខទុក្ខនិងលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជននៅលើកោះ Da Thi។ នេះគឺជាមនោសញ្ចេតនាដ៏ជិតស្និទ្ធ និងស្អិតរមួតរវាងកងទ័ពនិងប្រជាជន ក៏ដូចជានាំមកនូវភាពកក់ក្តៅនៃដីគោកដល់កម្មាភិបាល យុទ្ធជននៅលើប្រជុំកោះ Truong Sa និយាយរួម និងកោះ Da Thi និយាយដោយឡែក។ កម្មាភិបាលនិងយុទ្ធជននៅកោះ Da Thi ប្តេជ្ញាចិត្តការពារដែនសមុទ្រ ដែនអាកាសទាំងយប់ទាំងថ្ងៃ ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រនិងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ”។

នៅលើកោះ Da Thi ភារកិច្ចត្រៀមប្រយុទ្ធ ការហ្វឹកហ្វឺន និងយាមប្រចាំការ ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់។ លោក Vo Van Bo នៅទីក្រុង Can Tho ក្នុងលើកដំបូងមកទស្សនាកោះ បានចែករំលែកថា៖

“ពេលខ្ញុំមកកោះ Da Thi ខ្ញុំឃើញថាជុំវិញសុទ្ធតែជាមេឃនិងសមុទ្រ។ ខ្ញុំក៏ឃើញកម្មាភិបាល យុទ្ធជនទ័ពជើងទឹក នៅខ្សែជួរមុខនៃមាតុភូមិ មានភាពអង់អាចក្លាហាន ដោយរស់នៅកណ្ដាលមហាសមុទ្រដ៏ធំល្វឹងល្វើយនេះ ប៉ុន្តែតាមរយៈទំនាក់ទំនង ការសាកសួរសុខទុក្ខ ខ្ញុំបានយល់ឃើញថា ពួកគេជានិច្ចកាលបង្ហាញពីឆន្ទៈប្តេជ្ញាចិត្ត ក្នុងការការពារខ្សែជួរមុខរបស់មាតុភូមិ”។

រក្សាការពារកោះថ្មនៅកណ្ដាលលំហសមុទ្រ - ảnh 3យុទ្ធជននៅលើកោះ Da Thi កំពុងថែទាំចំការបន្លែ។ (រូបថត៖ baokhanhhoa)

កម្មាភិបាលនិងយុទ្ធជននៅលើកោះ Da Thi ក៏ពូកែខាងផលិតកម្មនិងភស្តុភារកម្ម ដើម្បីកែលម្អអាហារប្រចាំថ្ងៃផងដែរ។ វរនាវីយ៍ត្រី Nguyen Manh Tuan បានឲ្យដឹងថា៖

“ចាប់តាំងពីថ្ងៃដំបូងនៅលើកោះ មេបញ្ជាការកោះ ក៏ដូចជាផ្នែកនានាបានកំណត់ថា នេះគឺជាប្រភពអាហារដ៏សំខាន់ដើម្បីបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់កម្មាភិបាលនិងយុទ្ធជន។ នៅលើកោះ មានសួនច្បារចំនួន ៣ ដែលមានទំហំ ៤៤ ម៉ែត្រការ៉េ  ២៤ ម៉ែត្រការ៉េ និង ១០ ម៉ែត្រការ៉េ។ ផ្នែកនានាត្រូវបានចាត់ចែងឱ្យស្រោចស្រពទឹក ថែទាំសួនច្បារជារៀងរាល់ថ្ងៃ ដើម្បីធានាថាអាហាររបស់យុទ្ធជនមានបន្លែបៃតងជានិច្ច”។ 

ទោះបីជាជីវភាពខាងសម្ភារៈនៅតែមានការលំបាកក៏ដោយ ប៉ុន្តែស្មារតីជានិច្ចកាលពោរពេញដោយជំនឿជាក់ សំឡេងសំណើច និងមនោសញ្ចេតនា។ ពេលរសៀលគឺជាពេលវេលាសម្រាប់ហាត់កីឡាជាច្រើនប្រភេទដូចជា៖ វាយកូនបាល់លើតុ រត់ ឬហាត់ប្រាណ។ ពេលយប់គឺជាពេលវេលាសម្រាក អានសៀវភៅ និងច្រៀងលេងជាមួយគ្នា។

រក្សាការពារកោះថ្មនៅកណ្ដាលលំហសមុទ្រ - ảnh 4លោកស្រី Cao Minh Truc ប្រធានក្រុមហ៊ុនច្បាប់ BD ប្រគល់អំណោយដល់កម្មាភិបាលនិងយុទ្ធជននៅលើកោះ Da Thi។ (រូបថត៖ Lan Phuong/VOV)

ជារៀងរាល់ឆ្នាំ តែងតែមានក្រុមការងារពីដីគោក ធ្វើទស្សនកិច្ចនៅកោះ Da Thi។ ដំណើរទស្សនកិច្ចទាំងនោះ ក៏នាំមកនូវអំណោយ ក៏ដូចជានាំមកនូវមនោសញ្ចេតនាពីដីគោកដល់យុទ្ធជននៅខ្សែជួរមុខផងដែរ។ លោកស្រី Cao Minh Truc ប្រធានក្រុមហ៊ុនច្បាប់ BD បានសម្តែងថា៖

“ឈានជើងមកលើកោះ គឺជាក្តីសុបិនរបស់ខ្ញុំតាំងពីយូរមកហើយ។ ខ្ញុំជឿថា នរណាម្នាក់ដែលធ្លាប់មកទីនេះ សុទ្ធតែចង់រួមចំណែកធ្វើឱ្យ Truong Sa រឹងមាំជារៀងរហូត។ ខ្ញុំមានក្ដីសុបិនជាយូរមកហើយថា បានមកដល់ Truong Sa។ ខ្ញុំគិតថា អ្នករាល់គ្នាដែលធ្លាប់មកទីនេះ ក៏ចង់ធ្វើឱ្យ Truong Sa កាន់តែរឹងមាំជាងមុន”។

ទោះបីជា Truong Sa នៅឆ្ងាយក៏ដោយ ប៉ុន្តែនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនវៀតណាម កន្លែងនោះមិនដែលនៅឆ្ងាយឡើយ។ ប្រជាជនវៀតណាមនៅខ្សែខាងក្រោយ ជានិច្ចកាលឆ្ពោះទៅ Truong Sa ឆ្ពោះទៅកោះ Da Thi ដោយជំនឿនិងសេចក្តីស្រឡាញ់ទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ