សហគ្រាសរីកចម្រើន ប្រទេសជាតិមានវិបុលភាព
បច្ចុប្បន្ននេះ វៀតណាមមានសហគ្រាសដែលកំពុងប្រតិបត្តិការជិត ១,១ លានអង្គភាព ដែលរួមចំណែកជាង ៦០% នៃផលិតផលក្នុងស្រុកសរុប ប្រហែល ៥៥% នៃចំណូលថវិការដ្ឋសរុប និងបង្កើតការងារសម្រាប់ពលករប្រហែល ១៧,៦ លាននាក់។
សហគ្រាសឯកជនកំពុងចូលរួមកាន់តែច្រើនឡើងនៅក្នុងគម្រោងដឹកជញ្ជូនទ្រង់ទ្រាយធំ ចាប់ពីផ្លូវហាយវេ អាកាសយានដ្ឋានរហូតដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ សាជីវកម្ម Hoa Phat កំពុងវិនិយោគជាង ១០ ទ្រីលានដុងនៅក្នុងរោងចក្រផលិតផ្លូវដែក និងដែកថែបពិសេស នៅ Dung Quat ដោយមានគោលដៅបង្ហាញមុខផលិតផលផ្លូវដែកល្បឿនលឿនដំបូងគេរបស់ខ្លួននៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៧។
បច្ចេកវិទ្យាស្នូលក៏កំពុងឃើញវឌ្ឍនភាពស្រដៀងគ្នានេះដែរ។ កាលពីដើមឆ្នាំនេះ FPT បានប្រកាសពីការបង្កើតរោងចក្រសាកល្បង និងវេចខ្ចប់បន្ទះឈីបស៊ឺមីកុងឌុចទ័រទំនើបនៅខេត្តបាក់និញព្រមទាំងបន្តពង្រីករោងចក្រ AI លើហេដ្ឋារចនាសម្ព័ន្ធ NVIDIA។ Viettel បានរចនាបន្ទះឈីប 5G DFE ផ្ទាល់ខ្លួន និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឧបករណ៍ 5G។ ជំហានទាំងនេះបង្ហាញថា សហគ្រាសវៀតណាមកំពុងស្វែងរកវិធីចូលរួមកាន់តែស៊ីជម្រៅទៅក្នុងដំណាក់កាលដែលមានតម្លៃបន្ថែមខ្ពស់នៃខ្សែសង្វាក់បច្ចេកវិទ្យា។
ការពិតខាងលើបង្ហាញថា សហគ្រាសកំពុងផ្លាស់ប្តូរពីស្ថានភាពនៃការសម្របខ្លួនដើម្បី រស់រានមានជីវិត ទៅជាសេចក្តីប្រាថ្នាសម្រាប់ការរីកចម្រើន។ លោក Pham Trung Kien អគ្គនាយកក្រុមហ៊ុន ភាគហ៊ុនសម្ភារៈការិយាល័យ Hong Ha បានចែករំលែកថា៖ “សហគ្រិនវៀតណាមកំពុងបង្ហាញពីសេចក្តីប្រាថ្នាដ៏ធំធេងនោះគឺសេចក្តីប្រាថ្នាចង់ក្លាយជាអ្នកមាន និងសេចក្តីប្រាថ្នាចង់ចូលរួមចំណែក។ ទីពីរ សហគ្រិនមានមោទនភាពយ៉ាងខ្លាំងពេលដែលបក្ស និងរដ្ឋបានកំណត់ថា ពួកគេជាកម្លាំងជួរមុខនៅលើសមរភូមិសេដ្ឋកិច្ច”។
ចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋ
ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋបានចេញផ្សាយប្រព័ន្ធសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីត្រួសត្រាយផ្លូវ បង្កើតច្រករបៀងផ្នែកច្បាប់សម្រាប់សកម្មភាពផលិតកម្ម អាជីវកម្ម កម្លាំងពលកម្ម ដើម្បីឱ្យសហគ្រាស សហគ្រិន និងពលករមានឱកាសអភិវឌ្ឍន៍។ សេចក្តីសម្រេចចិត្តលេខ ៦៨ ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ បញ្ជាក់ថា សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចជាតិ ជាកម្លាំងនាំមុខគេក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ សេចក្តីសម្រេចចិត្តលេខ ៧៩ ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ បន្តបញ្ជាក់អំពីតួនាទីនាំមុខគេនៃសេដ្ឋកិច្ចរដ្ឋ ដោយទាមទារឱ្យមានការអភិវឌ្ឍសហគ្រាសរដ្ឋ ដែលមានសមត្ថភាពដឹកនាំ និងត្រួសត្រាយផ្លូវនៅក្នុងវិស័យនិងឧស្សាហកម្មយុទ្ធសាស្ត្រសំខាន់ៗ។ សេចក្តីសម្រេចចិត្តលេខ ១០ ចុះថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ បានកំណត់វិស័យសេដ្ឋកិច្ចដោយមានការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសមាសធាតុដ៏សំខាន់ដែលមិនអាចកាត់ផ្ដាច់ចេញ និងដើរតួនាទីជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ និងការធ្វើសមាហរណកម្មអន្តរជាតិ។
រដ្ឋាភិបាលក៏បានលុបចោលលក្ខខណ្ឌអាជីវកម្ម និងអាជ្ញាប័ណ្ណរាប់ពាន់ដែលមិនចាំបាច់ ក្នុងស្មារតីស្ថាបនាការអភិវឌ្ឍ និងការបម្រើ ដោយយកជំនឿជាក់របស់សហគ្រាសធ្វើជារង្វាស់នៃប្រសិទ្ធភាពរដ្ឋបាលសាធារណៈ។ គិតត្រឹមចុងខែកញ្ញា ឆ្នាំនេះ ពេលវេលាសម្រាប់ដោះស្រាយនីតិវិធីរដ្ឋបាលបានថយចុះ ៥៣% ខណៈដែលថ្លៃដើមសម្រាប់ការប្រតិបត្តិបានថយចុះប្រហែល ៥៥% (សន្សំបានស្មើនឹង ២៣ ទ្រីលានដុងក្នុងមួយឆ្នាំ) រួមជាមួយនឹងគោលនយោបាយលើកលែង កាត់បន្ថយ ពន្យាពេលបង់ពន្ធថ្លៃសេវារហូតដល់ ២៤៥ ទ្រីលានដុង។ ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយសហគ្រិនឆ្នើមដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ១២ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានមានប្រសាសន៍ថា៖ “រដ្ឋត្រូវតែដោះស្រាយយ៉ាងហ្មត់ចត់នូវបញ្ហា និងចំណុចខ្វះខាតទាំងអស់នៅក្នុងការទទួលខុសត្រូវរបស់ខ្លួន ខណៈដែលសហគ្រាសត្រូវតែច្នៃប្រឌិត និងឈានឡើងដោយម្ចាស់ការ។ ទំនុកចិត្តត្រូវតែពូនជ្រុំ ពីភាគីទាំងសង្ខាង។ រដ្ឋការពារសិទ្ធិស្របច្បាប់ និងអនុវត្តន៍ការសន្យាយ៉ាងត្រឹមត្រូវ ចំណែកឯសហគ្រាសវិនិយោគរយៈពេលវែង គោរពច្បាប់ ចែករំលែកការទទួលខុសត្រូវជាមួយពលករ និង សហគមន៍”។
ប្រទេសជាតិដ៏ខ្លាំងមាំមួនគឺជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសដើម្បីបោះជំហានទៅឆ្ងាយ។ សហគ្រាសរឹងមាំ នឹងរួមចំណែកដល់ការពូនជ្រុំកម្លាំងពលំជាតិ។ ឆ្នាំ២០៤៥ ដែលជាខួបលើកទី១០០ នៃការបង្កើតប្រទេសជាតិ មិនត្រឹមតែជាពេលវេលាជាក់លាក់មួយប៉ុណ្ណោះទេ។ នោះគឺជាកាលកំណត់ដែលវៀតណាមបានដាក់ចេញសម្រាប់ដំណើរឆ្ពោះទៅរកការក្លាយជាប្រទេសអភិវឌ្ឍន៍ ខ្លាំងមាំមួននិងវិបុលភាព។ នៅក្នុងដំណើរនោះ គឺមិនអាចខ្វះតួនាទីរបស់សហគ្រាសនិងសហគ្រិនបានឡើយ៕
