សារមួយក្នុងចំណោមសារពោរពេញដោយលក្ខណៈបញ្ចុះបញ្ចូលរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានផ្ញើទៅកាន់អាណិកជន គឺការគោរពចំពោះភាពចម្រុះនៃវិធីសាស្រ្តចូលរួមចំណែក។

អនាគតរួម

ក្នុងក្របខ័ណ្ឌនៃកម្មវិធីវប្បធម៌និងសិល្បៈ "វៀតណាម៖ ដំណើរនៃមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" ដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក ការជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមជាង ១.៣០០ នាក់ បានក្លាយជាការជួបជុំដ៏ធំបំផុតនៃសហគមន៍ ជនវៀតណាម របស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ។ ជំនួបទាំងនេះ កាន់តែមានសារៈសំខាន់ថែមទៀត ដោយសារនៅក្នុងខែសីហា ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ២៣ ស្តីពីកិច្ចការជនវៀតណាមនៅក្រៅប្រទេស ដែលជាការវិវឌ្ឍថ្មីមួយនៅក្នុងការត្រិះរិះរបស់បក្ស ដោយទទួលស្គាល់ជនជាតិវៀតណាមនៅក្រៅប្រទេសមិនត្រឹមតែជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធនធានយុទ្ធសាស្ត្រដ៏សំខាន់មួយដែលរួមចំណែកដល់ការបង្កើនកម្លាំងជាតិ ទាំង មូល។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមបានសង្កត់ធ្ងន់ថា បុព្វហេតុនៃការអភិវឌ្ឍរបស់ប្រទេសជាតិនៅក្នុងយុគសម័យថ្មីត្រូវតែភ្ជាប់ធនធានសម្ភារៈជាមួយនឹងធនធានបញ្ញា។ កម្លាំងរបស់ប្រជាជនជាង ១០០ លាននាក់ក្នុងត្រូវតែភ្ជាប់ជាមួយនឹងកម្លាំងរបស់ជនជាតិវៀតណាមនៅក្រៅប្រទេសចំនួន ៦.៥ លាននាក់។

“យើងទាំងអស់គ្នា សុទ្ធតែមានបំណងចង់ឲ្យកូនចៅរបស់យើងទទួលមរតកនូវតម្លៃល្អៗប្រសើរ ដែលសន្តិភាពនាំមកជូន។ យើងត្រូវបិទបញ្ចប់អតីតកាលមួយអន្លើសិន ហើយរួមគ្នាដើម្បីស្ថាបនាអនាគតប្រទេសជាតិ ដែលក៏ជាអនាគតរបស់កូនចៅយើងផងដែរ។ នេះមិនត្រឹមតែជាបំណងប្រាថ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវរបស់មនុស្សជំនាន់របស់យើង ចំពោះមនុស្សជំនាន់ក្រោយផងដែរ។ ប្រទេសវៀតណាមដ៏រឹងមាំ និងរុងរឿងមិនមែនគ្រាន់តែជាបំណងប្រាថ្នារបស់អ្នកដែលរស់នៅក្នុងប្រទេសនោះទេ។ នោះក៏ជាបំណងប្រាថ្នារួមរបស់ប្រជាជាតិវៀតណាមទាំងមូល។ ជនជាតិវៀតណាមដែលទទួលបានជោគជ័យគ្រប់រូបនៅសហរដ្ឋអាមេរិកអាចចូលរួមចំណែកធ្វើឱ្យរូបភាពរបស់ប្រទេសវៀតណាមកាន់តែត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។ សហគ្រិនគ្រប់រូបអាចបើកទ្វារនៃកិច្ចសហប្រតិបត្តិការមួយផ្សេងទៀត។ អ្នកវិទ្យាសាស្ត្រគ្រប់រូបអាចកសាងស្ពានចំណេះដឹងមួយផ្សេងទៀត។ សិស្សានុសិស្សគ្រប់រូបអាចបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រទេសជាតិតែងតែស្វាគមន៍និងកោតសរសើរចំពោះការចូលរួមចំណែកទាំងអស់ មិនថាដោយផ្ទាល់ឬពីចម្ងាយ ពីជនរួមជាតិរបស់យើង។ រួមគ្នាដើម្បីកសាងមាតុភូមិរបស់យើង គឺជាស្មារតីនៃសាមគ្គីភាពជាតិនិងភាតរភាព”។

បំណងប្រាថ្នាចង់ចូលរួមចំណែកដល់មាតុភូមិ

ប្រទេសជាតិកំពុងស្ថិតនៅចំពោះមុខសម័យកាលប្រវត្តិសាស្ត្រមួយ ដើម្បីទម្លុះឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ នៅក្នុងដំណើរនេះ ចំណេះដឹង បច្ចេកវិទ្យា និងស្មារតីនៃការច្នៃប្រឌិត គឺជាធនធានដ៏សំខាន់។

ដោយក្រឡេកមើលពីផ្ទាំងរូបភាពក្នុងជំនួបជាមួយអាណិកជនវៀតណាមនៅទីក្រុងអូតាវ៉ា (កាណាដា) និងញូវយ៉ក (សហរដ្ឋអាមេរិក) គឺជាបញ្ជីឈ្មោះរួមមានអ្នកជំនាញវ័យក្មេង អ្នកវិទ្យាសាស្ត្រវ័យក្មេង និងបញ្ញវន្តអាណិកជនដែលធ្វើការក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ ដូច ជា បញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដុកទ័រ ៦G ថាមពលនុយក្លេអ៊ែរ សម្ភារៈថ្មី សន្តិសុខ និងសុវត្ថិភាពទិន្នន័យ សម្ភារៈប្រកបដោយចីរភាព បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងពាណិជ្ជកម្មអេឡិចត្រូនិក...។ លោក សី ក្វី វិស្វករជាន់ខ្ពស់នៃសាជីវកម្មថាមពលនុយ ក្លេអ៊ែរ Holtec (កាណាដា) បានចែករំលែកថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមក្នុងជំនួបរវាងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ជាមួយអ្នកវិទ្យាសាស្ត្រនិងបញ្ញវន្តកាណាដា ជាពិសេសបានចែករំលែកចំណេះដឹងនិងបទពិសោធន៍ ក្នុងវិស័យនុយក្លេអ៊ែរ។ ជាមួយនឹងតម្រូវការថាមពលកើនឡើង ឧស្សាហកម្មថាមពលនុយក្លេអ៊ែរនិងរ៉េអាក់ទ័រ នុយក្លេអ៊ែរខ្នាតតូចកំពុងទទួលបានការវិនិយោគយ៉ាងខ្លាំងនៅក្នុងប្រទេសកាណាដា។ ក្នុងនាមជាមនុស្សម្នាក់ដែលចូលរួមដោយផ្ទាល់ក្នុងការរចនា និងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរប្រភេទថ្មីនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នឹងមានឱកាសចូលរួមចំណែកក្នុងការតភ្ជាប់បច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍន៍វិស័យនេះនាពេលអនាគតរបស់វៀតណាម”។

លោកបណ្ឌិត ផាម វៀតហា នាយកបច្ចេកទេសនៃក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ Fansipan (កាណាដា) បានសម្តែងថា៖ “ទាក់ទងនឹងវិស័យអាកាសចរណ៍អាវកាស ជាពិសេសយន្តហោះគ្មានមនុស្សបើក ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វៀតណាមអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងវិស័យនេះ ចាប់ពីការរចនាផ្នែករឹង និងការបញ្ជាហោះហើរ រហូតដល់កម្មវិធីគ្រប់គ្រង យន្តហោះគ្មានមនុស្សបើក”។

ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ សហគមន៍វៀតណាមនៅក្រៅប្រទេស ជាពិសេសក្រុមអ្នកជំនាញនិងអ្នកប្រាជ្ញ គឺមានសារៈសំខាន់ណាស់។

ភាពសុខដុមរមនារវាងការត្រិះរិះជាយុទ្ធសាស្ត្ររបស់បក្ស តាមរយៈសេចក្តីសម្រេចចិត្តលេខ ២៣ និងការយកចិត្តទុកដាក់អស់ពីចិត្តពីថ្នើមរបស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស កំពុងបង្កើតសន្ទុះថ្មីមួយ។ នៅពេលដែលទំនុកចិត្តត្រូវបានពង្រឹងដោយយន្តការដែលមានតម្លាភាព ហើយសេចក្តីស្នេហាជាតិត្រូវបានចិញ្ចឹមបីបាច់ដោយលំហរច្នៃប្រឌិតដោយសេរី ប្រជាជនវៀតណាមរាប់លាននាក់នៅជុំវិញពិភពលោក នឹងចូលរួមដៃគ្នា ភ្ជាប់បណ្តាញសកល និងកសាងអនាគតដ៏សម្បូររុងរឿងសម្រាប់ប្រជាជាតិវៀតណាម៕