នាថ្ងៃទី៣១ ខែកក្កដា (ម៉ោងក្នុងស្រុក) ក្រុមប្រឹក្សាសន្តិភាព (Board of Peace) បានប្រកាសផែនទីបង្ហាញផ្លូវចំនួន ១៥ចំណុច សម្រាប់អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ហាម៉ាសបានទទួលយកផែនការរំសាយអាវុធដ៏ទូលំទូលាយ ដែលបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះ និងការកសាងឡើងវិញតំបន់ដីនេះ។ ឯកសារនេះបញ្ជាក់ថា គ្រប់ភាគីទាំងអស់នឹងប្តេជ្ញាអនុវត្តផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក និងសេចក្តីសម្រេចលេខ ២៨០៣ (២០២៥) របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងពេញលេញ។
យោងតាមផែនការនេះ កងកម្លាំងស្ថេរភាពអន្តរជាតិ (ISF) នឹងត្រូវបានដាក់ពង្រាយជាបណ្តោះអាសន្នដើម្បីគាំទ្រសន្តិសុខ បណ្តុះបណ្តាលកងកម្លាំងប៉ូលីសប៉ាឡេស្ទីន ត្រួតពិនិត្យការចែកចាយជំនួយមនុស្សធម៌ និងសម្របសម្រួលដំណើរការផ្លាស់ប្តូរ។ កងទ័ពអ៊ីស្រាអែលនឹងដកខ្លួនចេញពីតំបន់ហ្គាហ្សាតាមដំណាក់កាលនីមួយៗ ដែលភ្ជាប់ទៅនឹងវឌ្ឍនភាពដំណោះស្រាយ និងការដែល គណៈកម្មាធិការជាតិគ្រប់គ្រងហ្គាហ្សា (NCAG) ទទួលសិទ្ធិគ្រប់គ្រង។ ក្រុមប្រឹក្សាសន្តិភាពក៏នឹងសម្របសម្រួលជាមួយ NCAG និងដៃគូអន្តរជាតិ ដើម្បីអនុវត្តន៍កម្មវិធីសម្រាប់ការកសាងឡើងវិញ ការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅហ្គាហ្សា បន្ទាប់ពីជម្លោះបានបញ្ចប់។ ឯកសារនេះក៏មានគោលបំណង ដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើរការនយោបាយរយៈពេលវែងឆ្ពោះទៅរកស្វ័យភាពរបស់ប្រជាជនប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋពីរ៕
