កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ថ្លែងក្នុងជំនួបជាមួយលោក John Goyer អនុប្រធានសភាពាណិជ្ជកម្មអាមេរិក (USCC) អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Nguyen Minh Hang បានអះអាងថា វៀតណាមឱ្យតម្លៃ និងមានបំណងចង់នាំ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកឲ្យបន្តរីកចម្រើនយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព តុល្យភាព និងចីរភាព។ លោកស្រីអនុរដ្ឋមន្ត្រីបានស្នើឱ្យ USCC បន្តពង្រីកតួនាទីក្នុងការតភ្ជាប់ និងជំរុញសហគ្រាសអាមេរិកឱ្យបង្កើនការវិនិយោគ ធ្វើអាជីវកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទាក់ទងនឹងឆ្នាំ APEC ២០២៧ លោកស្រីអនុរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ការចូលរួមយ៉ាងទូលំទូលាយរបស់សហគមន៍សហគ្រាសអាមេរិកនៅក្នុងសកម្មភាពនានានៃឆ្នាំ APEC ២០២៧ ជាពិសេសសប្តាហ៍កំពូល APEC កិច្ចប្រជុំកំពូលធុរកិច្ច APEC និងកិច្ចប្រជុំរដ្ឋមន្ត្រីឯកទេសផងដែរ។
ចំណែកលោក John Goyer បានបញ្ជាក់ថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយវៀតណាម ដោយពង្រីកបណ្តាញសហគ្រាស និងអ្នកជំនាញអន្តរជាតិរបស់ខ្លួន ដើម្បីរួមចំណែកយ៉ាងជាក់ស្តែងដល់ភាពជោគជ័យរួមនៃឆ្នាំ APEC ២០២៧។ លោកក៏បានសម្តែងទំនុកចិត្តផងដែរថា ប្រទេសទាំងពីរនឹងសម្រេចការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការក្នុងពេលឆាប់ៗនេះ តាមនោះរួមចំណែកដល់ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-សហរដ្ឋអាមេរិកដែលមានតុល្យភាព ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
