នៅក្នុងកិច្ចប្រជុំនោះ តំណាងមកពី​ប្រទេសសមាជិកក្រុម​ប្រឹក្សាសន្តិសុខជាច្រើនបានយល់ស្របថា ទោះបីជា IS បានបាត់បង់ទឹកដីដែល​ខ្លួន​កាន់​កាប់ភាគច្រើនក៏ដោយ អង្គការនេះ និងសាខារបស់ខ្លួននៅតែបន្តប្រតិបត្តិការនៅតាម​ចំណុចក្តៅៗមួយចំនួន ដោយឆ្លៀតយកអស្ថិរភាព ចន្លោះប្រហោងនៃអភិបាលកិច្ច និងការលំបាកខាងសេដ្ឋកិច្ចសង្គម ដើម្បីចាក់ឫស ជ្រើសរើស និងអនុវត្តការវាយប្រហារ។ ការដែលពួក​ជ្រុលនិយម​ប្រើប្រាស់វេទិកាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម ឧបករណ៍អ៊ិនគូឌ និងថ្មីៗនេះគឺបញ្ញាសិប្បនិម្មិត​ កំពុងបង្កបញ្ហាប្រឈមកាន់តែខ្លាំងឡើង ចំពោះការរកឃើញ ការបង្ការ និងកម្ទេចបណ្តាញភេរវករ។

នៅក្នុងបរិបទនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យបន្តពង្រឹងកិ​ច្ចស​ហ​ប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ការគ្រប់គ្រងលំហូរហិរញ្ញវត្ថុខុសច្បាប់ និងការទប់ស្កាត់ការគំរាមកំហែងនៃអំពើភេរវកម្មដោយកេងប្រវ័ញ្ចបច្ចេកវិទ្យាទំនើប៕​