ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ធ្វើជាសហប្រធានសម័យប្រជុំលើកទីពីរ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស នារសៀលថ្ងៃទី១៣ ខែតុលា នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិន បានទទួលជួបជាមួយលេខាធិការបក្សខេត្តសានស៊ី លោក ចាវ យីដេ។ ក្នុងជំនួបនេះ លោក ចាវ យីដេ លេខាបក្សខេត្តសានស៊ី បានអះអាងថា ខេត្តសានស៊ី ឲ្យតម្លៃនិងត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយតំបន់នានារបស់វៀត ណាម ដោយរួមចំណែកដល់ការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានអត្ថន័យយុទ្ធសាស្ត្រ នៅកម្រិតខ្ពស់ជាង។
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានស្នើឲ្យខេត្តសានស៊ី និងតំបន់នានារបស់វៀត ណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ភស្តុភារកម្ម ជាពិសេសផ្លូវដែក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ និងទេសចរណ៍ដែលមានគុណភាពខ្ពស់៕
